ជនជាតិចិន៤រូប ដែលក្នុងនោះ ៣រូបមានមុខរបរជាអ្នកគ្រប់គ្រងក្នុងកាស៊ីណូមួយកន្លែង ត្រូវបានតុលាការចោទប្រកាន់ពីបទឃាតកម្ម ទាក់ទងករណីបាញ់សម្លាប់បុរស២នាក់ជាជនជាតិចិនដូចគ្នា នៅក្រុងព្រះសីហនុ កាលពីចុងខែកក្កដាកន្លងទៅ។
អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ លោក លី ចាន់ដារ៉ា បានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញថា ប្រធានផ្នែកគ្រប់គ្រងទីតាំងកាស៊ីណូ «តុងហ្វាង ប៉ាលីរិន (Tong Fang Palirin)» ទាំង៣នាក់នោះ ត្រូវបានចោទប្រកាន់ពីបទ «សមគំនិតក្នុងករណីឃាតកម្ម និងលាក់បាំងភស្តុតាង» ខណៈដែលជនសង្ស័យមួយរូបទៀតត្រូវបានចោទប្រកាន់ពីបទ «មនុស្សឃាត និងកាន់កាប់អាវុធខុសច្បាប់»។
លោកបន្តថា ពួកគេបច្ចុប្បន្នត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ករណីបាញ់ប្រហារពីសំណាក់ជនជាតិចិនដូចគ្នានេះ បានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែកក្កដា ក្នុងសង្កាត់លេខ២ ដោយក្នុងនោះបណ្ដាលឱ្យជនជាតិចិន២នាក់បានស្លាប់បាត់បង់ជីវិត។
យោងតាមអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានបញ្ជាក់ថា ការបាញ់ប្រហារបណ្ដាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតនេះ គឺអាចកើតឡើងដោយសារតែបញ្ហាជម្លោះរឿងបំណុល។
ទាក់ទិនករណីនេះ លោកបន្ថែមថា អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានប្រកាសថា នឹងមិនអត់ឱនចំពោះរាល់បទល្មើសដែលកើតឡើងនៅកាស៊ីណូក្នុងខេត្តព្រះសីហនុឡើយ។
លោកបន្តថា៖ «បន្ទាប់ពីមានករណីបាញ់ប្រហារនានាកើតឡើង គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានដាក់វិធានការយ៉ាងតឹងរ៉ឹងលើកាស៊ីណូ និងទីតាំងអាជីវកម្មទាំងឡាយ ដើម្បីទប់ស្កាត់ការបាញ់ប្រហារ ការបង្ខាំង ការប្រើប្រាស់គ្រឿងញៀន និងបទល្មើសផ្សេងៗទៀត។ អាជ្ញាធរខេត្តក៏នឹងបិទអាជីវកម្ម និងស្នើរាជរដ្ឋាភិបាលចេញគោលការណ៍ដកអាជ្ញាបណ្ណពីអាជីវកម្មទាំងឡាយណានៅខេត្តព្រះសីហនុដែលមានបទល្មើសកើតឡើងផងដែរ»។
យោងតាមលោក លី ចាន់ដារ៉ា ជនជាប់ចោទជាជនជាតិចិនទាំង៤នាក់ខាងលើនេះ រួមមាន ឈ្មោះ Ding PingPing ភេទស្រី អាយុ៣៥ឆ្នាំ មានមុខរបរជាអ្នកគ្រប់គ្រងកាស៊ីណូ, ឈ្មោះ Xu WeiWei ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកគ្រប់គ្រងកាមេរ៉ាសុវត្ថិភាពនៅកាស៊ីណូ, ឈ្មោះ Du Jian Bo ភេទប្រុស អាយុ៤២ឆ្នាំ ជាអ្នកគ្រប់គ្រងសន្តិសុខប្រចាំកាស៊ីណូ និងចុងក្រោយ ឈ្មោះ Zheng Yingfei អាយុ៣៧ឆ្នាំ ដែលជាជនដៃដល់៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Briefs: Governor Talks Tough After Casino Killings, Love Party Appoints New Leaders












