រដ្ឋាភិបាល​ថា​ប្រេងឆៅ​ដែល​គេ​លួច​ចេញ​ពី​កម្ពុជា​ត្រូវ​បាន​បញ្ជូន​មក​ដល់​ប្រទេសថៃ​វិញហើយ

រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្តិធារ៉ា ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងរ៉ែ និងថាមពល» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០២២។ (ហ៊ី ឆាយ)

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល​ បានអះអាងថា ប្រេងឆៅ [ប្រេងកាត] ដែល​គេលួចដឹកចេញពីកម្ពុជាកាលពីពាក់កណ្ដាលឆ្នាំមុន ត្រូវបានគេបញ្ជូនត្រលប់មកដល់ប្រទេសថៃវិញហើយ ខណៈកម្ពុជាកំពុង​តស៊ូមតិតាមផ្លូវច្បាប់ជាមួយភាគីពាក់ព័ន្ធបន្ថែមទៀត ដើម្បីយកប្រេងទាំងនោះមកចែកប្រយោជន៍គ្នាតាមកិច្ចព្រមព្រៀង។

ការអះអាងនេះ ក្រោយភាគីម្ចាស់កប៉ាល់ MT Strovolos ផ្ទុកប្រេងកម្ពុជាជិត៣០ម៉ឺនប៉ារែល ឬស្មើជាង៤០លានលីត្រនេះ ហើយបើគិតជាទឹកប្រាក់មានតម្លៃប្រមាណ២០លានដុល្លារអាមេរិក ត្រូវបានរដ្ឋាភិបាលកម្ពុជាចោទថាលួចដឹកគេចចេញពីដែនសមុទ្រកម្ពុជាទៅកាន់ប្រទេសថៃ រួចបន្តទៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសបង់ក្លាដេស កាលពីពាក់កណ្ដាលឆ្នាំមុននោះ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងរ៉ែ និងថាមពល» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃអង្គារនេះ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្តិធារ៉ា បានថ្លែងថា ប្រេងឆៅ​កម្ពុជាជិត៣០ម៉ឺនបារ៉ែលត្រូវបានគេដឹកយកមករក្សាទុកនៅក្នុងប្រទេសថៃ។ ជាមួយគ្នានេះ លោកថា មន្ត្រីជំនាញរបស់ក្រសួងរ៉ែកំពុងធ្វើការតាមនីតិវិធីច្បាប់ក្នុងការទាមទារយកប្រេងនោះមកចែកជាប្រយោជន៍គ្នា អាចនៅដំណាច់ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។

លោកថ្លែងថា៖ «ក្រៅពីវិធានការច្បាប់ដែលយើងបានអនុវត្តកន្លងមក យើងបានចរចាឡើងវិញអំពីការបែងចែកផលប្រយោជន៍ [ប្រេងជិត៣០ម៉ឺនបារ៉ែលនោះ] ត្រូវបានបែងចែកឱ្យម្ចាស់បំណុល [ក្រុមហ៊ុន KrisEnergy] ខ្លះ ត្រូវបែងចែកឱ្យម្ចាស់កប៉ាល់ខ្លះ ដើម្បីទូទាត់ថ្លៃកប៉ាល់ដែលគេបានជួល ហើយសល់ប៉ុន្មានមកឱ្យយើង។ ការចរចានេះជាការតស៊ូវែងឆ្ងាយ ដើម្បីធ្វើយ៉ាងណាឱ្យយើងទទួលបានផលប្រយោជន៍ច្រើន»។

លោកបន្ថែមថា៖ «លទ្ធផលនៃការចរចានេះ យើងនឹងរាយការណ៍ជូនសម្ដេចតេជោ ដើម្បីស្នើសុំការឯកភាព ប៉ុន្តែយើងទាមទារបានជារួម គឺ៧០ភាគរយនៃប្រេងទាំងអស់ ហើយ២៦ភាគរយសម្រាប់ទូទាត់ទៅឱ្យថ្លៃកប៉ាល់ និង៤ភាគរយសម្រាប់ម្ចាស់បំណុលក្រុមហ៊ុន KrisEnergy ដែលក្ស័យធនទៅហើយនោះ»។

ទោះជាយ៉ាងណា លោក ម៉េង សក្តិធារ៉ា អះអាងថា ករណីលួចដឹកប្រេងឆៅចេញពីដែនសមុទ្រកម្ពុជាទៅក្រៅប្រទេសនោះ មិនជាប់ពាក់ព័ន្ធឬមិនមានការគប់គិតជាមួយមន្ត្រីរដ្ឋាភិបាលណាមួយនោះឡើយ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ថ្លែងថា ការលើកឡើងរបស់មន្ត្រីក្រសួងរ៉ែ និងថាមពល ថាមិនមានមន្ត្រីរដ្ឋាភិបាលរូបណាជាប់ពាក់ព័ន្ធឬការគប់គិតគ្នាលួចនាំប្រេងទៅក្រៅប្រទេសនោះ ទំនងជាសាធារណជនមិនជឿនោះទេ ដោយសារកម្ពុជាធ្លាប់រងការរិះគន់ជុំវិញរឿងបក្ខពួក និងអំពើពុករលួយ ជាដើម។

ចំណែកវិធានការរបស់រដ្ឋាភិបាលដែលធ្វើការងារតាមនីតិវិធីច្បាប់ក្នុងការទាមទារយកប្រេងឆៅមកវិញនោះ ជារឿងល្អ ដើម្បីស្ដារមុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិ និងជាគំរូល្អ កុំឱ្យអ្នកវិនិយោគផ្សេងៗទៀតដែលមករកស៊ីនៅ​កម្ពុជាប្រព្រឹត្តអំពើល្មើសច្បាប់បែបនេះបន្តទៀត ។

លោកមានប្រសាសន៍ថា៖ «បើសិនជាយើងមិនបានទាមទារ យើងមិនបានធ្វើឱ្យហ្មត់ចត់ទេ អាចធ្វើឱ្យប្រជាពលរដ្ឋគេអស់ទំនុកចិត្ត ហើយទី២ អាចធ្វើឱ្យក្រុមហ៊ុនរកស៊ី គេអាចធ្វើតាមអំពើចិត្តបន្តទៀត ឬអ្នកដែលមានឱកាសប៉ុនប៉ងលួច ចេះតែលួចតទៅទៀត ព្រោះគ្មានទោស ចេះតែមានអ្នកលួចហើយ។ ប៉ុន្តែបើកាលណាមានទោស យើងអាចទាមទារ យើងអាចបង្អាក់សកម្មភាពនោះបាន កុំឱ្យកើតឡើង ហើយយើងយកវាត្រលប់មកវិញបាន វាផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជាយើង ហើយវាជាមុខមាត់កម្ពុជាលើឆាកអន្តរជាតិដែរ»។

កាល​ពី​​ខែ​មិថុនា ឆ្នាំ​២០២១ កន្លង​ទៅ​នេះ ក្រុមហ៊ុន គ្រីស អែនណឺជី (KrisEnergy) ដែល​មាន​ទីតាំងនៅ​ប្រទេស​​​សិង្ហបុរី បាន​ប្រកាសពីការ​ក្ស័យធនរបស់ខ្លួនដោយសារជាប់បំណុល និងថាប្រេងដែលបូមបាន​​​នៅប្លុកអេ(A) ក្នុងដែនសមុទ្រកម្ពុជា​ មានចំនួនតិចតួច មិនគ្រប់គ្រាន់ដូចការរំពឹងទុក។

នៅខែមិថុនាដដែលនោះ ប្រេងឆៅជិត៣០ម៉ឺនបារ៉ែលនោះក៏បាត់ដំណឹងពីកម្ពុជា។ ក្រោយមក នៅខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានប្រកាសថា​ខ្លួនបានរឹបអូស​នាវាដឹកប្រេងមួយគ្រឿងឈ្មោះ MT Strovolos ​ដែលមានផ្ទុកប្រេងឆៅជិត៣០ម៉ឺនបារ៉ែល និងមាននាវិកនៅលើកប៉ាល់នោះជាង១០នាក់ផងដែរ។

កាលពីថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្ដីប្រកាសព័ត៌មានមួយជុំវិញបច្ចុប្បន្នភាព​នាវា MT Strovolos និងក្រុមនាវិកដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីដែលរដ្ឋាភិបាលចោទថាបានលួចប្រេងឆៅរបស់កម្ពុជា។

ក្រសួងរ៉ែ អះអាងថា ប្រេងឆៅទាំងអស់នោះគឺជាទ្រព្យសម្បត្តិរបស់​កម្ពុជាគ្រប់ពេលវេលាទាំងអស់ ហើយការលួចឬការរំលោភបំពានកម្មសិទ្ធិលើប្រេងឆៅដោយម្ចាស់នាវា អ្នកគ្រប់គ្រង និងក្រុមនាវិកនៃនាវា MT Strovolos និងបក្ខពួករបស់គេ គឺជាបទល្មើសក្រោមច្បាប់កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ