ឃាត់​ខ្លួន​មន្រ្ដី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់ធំ​ចំនួន​១១​នាក់​ករណី​ចាប់​ខ្លួន​អនុភូមិ​ម្នាក់​បណ្តាល​ឱ្យ​ស្លាប់

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ហង្ស ថុល ក្នុងកិច្ចប្រជុំនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប្រចាំខែកក្កដា និងដាក់ទិសដៅសម្រាប់ខែសីហា កាលពីឆ្នាំ២០២១។ (ហ្វេសប៊ុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ)

មេបញ្ជាការកងរាជ​អាវុធហត្ថខេត្តកំពង់ធំបានឱ្យដឹងថា  មន្ត្រីរបស់ខ្លួនចំនួន១១នាក់ត្រូវបានឃាត់ខ្លួនទុកនៅបន្ទាយជាបណ្តោះអាសន្នដើម្បីស៊ើបអង្កេតបន្ត​ ពាក់ព័ន្ធករណីបង្ក្រាបទីតាំងល្បែងស៊ីសងតាមអនឡាញមួយកន្លែងដែលបណ្ដាលឱ្យអនុប្រធានភូមិ​ម្នាក់​ស្លាប់។

ការឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថខេត្តជាង១០នាក់នេះ ក្រោយអនុប្រធានភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ លោក សួង ឌ័ន ត្រូវបានក្រុមគ្រួសារអះអាងថា ​បានស្លាប់ដោយសារថប់ដង្ហើមក្នុងពេលបញ្ជូនគាត់ទៅបញ្ជាការដ្ឋានខេត្ត ក្រោយមន្ត្រីកងរាជអាវុធហត្ថស្រុក​បានចាប់ខ្លួន និងសង្កត់កលោក។

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ លោក ហង្ស ថុល ប្រាប់វីអូឌីថា មកទល់ពេលនេះកម្លាំងបញ្ជាការដ្ឋានខេត្តបានឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថចំនួន ១១នាក់រួចមកហើយ ដែលពួកគេត្រូវបានឃាត់ឱ្យនៅក្នុងបន្ទាយជាបណ្តោះអាសន្នសិន ដោយរង់ចាំឱ្យកម្លាំងអធិការកិច្ចលើផ្ទៃប្រទេស​ស្រាវជ្រាវបន្ត។

លោកថា៖ «អាកម្លាំងដែលចេញទៅធ្វើការហ្នឹងហី!ឥឡូវ ឃាត់នៅហ្នឹងអត់ឱ្យទៅណានោះទេ ឱ្យនៅក្នុងបន្ទាយឯណោះ។ ១១នាក់ឯណោះអ្នកដែលធ្វើនោះ អត់ដាក់គុកទេ តែឱ្យគាត់នៅបន្ទាយសិន។ វិធានការ ឥឡូវនេះគឺថាអធិការកិច្ចគេធ្វើការសិន។ បើកាលណាធ្វើហើយ ស្រាវជ្រាវទៅឃើញមានទោស អាហ្នឹងគេដាក់គុកទៅ ប៉ុន្តែការស្រាវជ្រាវ វាមិនប្រាកដថា សុទ្ធតែដូចកាសែតចុះនោះទេ ពួកអ្នកចុះនោះចុះតាមតែគ្នាទេ»។

ទាក់ទិន​ករណីនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី មានប្រសាសន៍ថា កម្លាំងបញ្ជាការដ្ឋានខេត្តកំពង់ធំ ចាប់ជនសង្ស័យ៤នាក់ដាក់ក្នុងរថយន្ត ហើយបន្ទាប់មកឃើញជនសង្ស័យម្នាក់ឈ្មោះ សួង ឌ័ន មានអាការៈមិនស្រួល ក៏បានបញ្ជូនជនសង្ស័យរូបនោះទៅមន្ទីរពេទ្យ តែពេលទៅដល់ក៏បានស្លាប់បាត់បង់ជីវិតតែម្ដង។

លោកថា ៖« មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំបានរាយការណ៍មកថា ពាក់ពន័្ធនឹងជនសង្ស័យ៤រូប កំពុងតែប្រព្រឹត្តល្បែងស៊ីសងតាមអនឡាញ ពេលដែលកំពុងតែដឹកជនសង្ស័យមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ក៏មានជនសង្ស័យម្នាក់ គាត់ថាគាត់មិនស្រួលខ្លួន កងរាជអាវុធហត្ថក៏បានជួយសម្រួលដង្ហើម​ហើយ ក៏ប៉ុន្ដែបុគ្គលនោះ ទៅដល់មន្ទីរពេទ្យគឺស្លាប់តែម្ដង»។

លោក បន្ដថា៖ « ប៉ុន្ដែនៅថ្ងៃទី៧[ខែសីហា]នេះ ក៏យើងទទួលបានព័ត៌មានបង្ហោះហ្វេសប៊ុកមួយ ប្រហែលជាកូនរបស់គាត់ ថាឪពុករបស់គាត់ត្រូវកងរាជអាវុធហត្ថសង្កត់កបណ្ដាលឱ្យស្លាប់»។ 

ជាមួយគ្នានេះ លោក អេង ហ៊ី ឱ្យដឹងថា ក្រោយពីទទួលបានករណីនេះ លោក សៅ សុខា មេបញ្ជាការលើកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាឱ្យ​ស៊ើបអង្កេតដោយបង្កើតឱ្យមានក្រុមការងារចំពោះកិច្ចមួយរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសដើម្បី​ស្រាវជ្រាវលើព័ត៌មាននេះ។

អ្នកនាំពាក្យដដែលអះអាងថា ការស៊ើបអង្កេតលើករណីនេះ ដោយឱ្យមេបញ្ជាការខេត្តកំពង់ធំឃាត់ខ្លួនបុគ្គលពាក់ព័ន្ធដែលចុះទៅបង្រ្កាបករណីនេះទាំងអស់ឱ្យនៅ​បន្ទាយសិន ដើម្បី​ស្រាវជ្រាវបន្ថែមទៀត។

លោកថា ៖ «​ ពេលទៅធ្វើប្រតិបត្តិការនោះ គឺសុំឱ្យមេបញ្ជាការខេត្តកំពង់ធំនោះ គឺធ្វើការឃាត់បុគ្គលទាំងនោះនៅបន្ទាយទាំងអស់ ដើម្បីយើងធ្វើការរក្សាភស្តុតាងជាមួយនឹងសាក្សី ដែលនេះជាជំហានដំបូងទៅតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា»។​

ទោះបីជាយ៉ាងនេះក្តី កញ្ញា ឌិន នារតី ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា នៅពេលឪពុករបស់គាត់ គឺលោក សួង ឌ័ន ត្រឡប់មកពីប្រជុំម៉ោង៥ល្ងាច បានចូលហាងកាហ្វេមួយដែលមានហ្គេមឡូតូអនឡាញដែលមានចុះអាជ្ញាបណ្ណត្រឹមត្រូវ។ ប៉ុន្ដែក្រោយមក ក៏មានក្រុមប៉េអឹមមកពីខាងស្រុកបារាយណ៍ពីររថយន្តចុះមកដេញចាប់ឪពុករបស់នាង ​នឹងបញ្ចូនទៅបញ្ជាការដ្ឋានខេត្តកំពង់ធំ។

កញ្ញា ឱ្យដឹងទៀតថា ប៉េអឹមដេញចាប់ឪពុករបស់នាងជិត១០០ម៉ែត្រ ហើយសង្កត់កទៅខាងក្រោយ ធ្វើឱ្យឪពុករបស់គាត់ពិបាកដកដង្ហើម។  ​ កញ្ញា បន្ថែមថា អំឡុងពេលនៅក្នុងរថយន្តបញ្ជូនទៅ​ខេត្ត ឪពុករបស់នាងក៏បានសុំមន្ត្រីកងរាជអាវុធហត្ថឱ្យដោះខ្នោះដៃដោយសារថប់ដង្ហើម ប៉ុន្ដែប៉េអឹមមិនព្រមដោយថា ​គាត់យកលេស ហើយឪពុករបស់ខ្លួនក៏បានដាច់ខ្យល់នៅក្នុងរថយន្តសមត្ថកិច្ចតែម្តង។

កញ្ញាថា ៖«មានឡានប៉េអឹមពីរឡានចុះមកក៏ដេញ ប្រផាប់ប្រភីង អ៊ីចឹងហា​ ហើយក៏គាត់រត់ រត់ប្រហែលជា៨០ ម៉ែត្រ បន្ទាប់មកគេចាប់ ចាប់គាត់ហើយក្រៀកកន្លែងកគាត់ទៅខាងក្រោយ ធ្វើឱ្យគាត់លក្ខណស្លាក់ខ្យល់ គាត់ពិបាកដកដង្ហើម ហើយជិះក្នុងឡានក៏គាត់សុំអង្វរគេដែរ ថាដោះខ្នោះខ្ញុំទៅ ខ្ញុំពិបាកដកដង្ហើមណាស់។ ដល់ពេលទៅក៏ខាងក្រុមប៉េអឹមថាពុកខ្ញុំយកលេស អត់ដោះខ្នោះអត់យកទៅពេទ្យ។ អ៊ីចឹង រហូតធ្វើឱ្យគាត់ដាច់ខ្យល់នៅពាក់កណ្ដាលផ្លូវនៅផ្លូវ១០២»។

កញ្ញា បន្ដថា មន្ត្រីកងរាជអាវុធហត្ថ ក៏បានយកឪពុករបស់នាងទៅពេទ្យ​ ស្រុកបារាយណ៍ ប៉ុន្ដែពេទ្យមិនបានធ្វើកោសល្យវិច័យឡើយ ដោយ​សារគាត់បានដាច់ខ្យល់ទៅហើយ។ កញ្ញបន្ដទៀតថា ប៉ូលិសបានធ្វើកំណត់ហេតុថា ឪពុករបស់នាងស្លាប់ដោយសារគាំងបេះដូង ប៉ុន្ដែ​ កញ្ញា មិនជឿថា ឪពុករបស់នាងស្លាប់ដោយគាំងបេះដូង ដូចការអះអាងនោះឡើយ។ 

កញ្ញា ឌិន នារតី លើកឡើងថា​៖«ជាក់ស្ដែង ខ្ញុំថាមិនមែនដោយជំងឺទេ ដោយសារជនដៃដល់ហ្នឹងបង ដល់ថ្នាក់ធ្វើក្រៀកកគាត់ដល់ថ្នាក់ហ្នឹងពេក»។

មកដល់ពេលនេះ កូនស្រីអនុប្រធានភូមិរូងរូបនេះ ក៏មិនទាន់ដឹងថា មានមូលហេតុអ្វីបានជាប៉េអឹមមកចា​ប់ឪពុកខ្លួនឡើយ ​ ​ ប៉ុន្ដែកញ្ញាស្នើឱ្យជួយរកយុត្តិធម៌ជូនឪពុកនាងក្នុងករណីនេះ។​ 

អ្នកសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកំពង់ធំ លោក ស៊ឹមខុនបញ្ញារ៉ា ប្រាប់វីអូឌីនៅរសៀលថ្ងៃអង្គារនេះថា លោកទើបទទួលបានដំណឹងពីករណីនេះ។ ដូច្នេះលោកពុំទាន់អាចផ្ដល់ព័ត៌មានជាក់លាក់បានឡើយ ប៉ុន្ដែយ៉ាងណា ​អង្គការ​លីកាដូប្រចាំខេត្តមួយនេះ កំពុង​ស៊ើបអង្កេតលើករណីនេះបន្ថែមទៀតផងដែរ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ