មនុស្ស​យ៉ាង​ហោចណាស់​៨នាក់​ស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង

ទិដ្ឋភាពនៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បង្ហាញឱ្យឃើញពីទឹកទន្លេ Han ហូរព្រៀបដោយសារតែភ្លៀងធ្លាក់ខ្លាំង។ (Reuters/ Kyodo)

អាជ្ញាធរបាននិយាយនៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងហោចណាស់៨នាក់បានស្លាប់នៅក្នុងនិងជុំវិញទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង ត្រឹមតែរយៈពេលមួយយប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានផ្ដាច់ចរន្តអគ្គិសនី បណ្ដាលឱ្យបាក់ដី និងលិចផ្លូវថ្នល់និងផ្លូវក្រោមដី។ នេះបើយោងតាមការចេញផ្សាយរបស់បណ្ដាញសារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ។

យោងតាមរដ្ឋបាលឧតុនិយមកូរ៉េ (KMA) បានឱ្យដឹងថា ផ្នែកភាគខាងត្បូងនៃទីក្រុងសេអ៊ូលត្រូវបានភ្លៀងជន់លិចកម្ពស់១០០មីលីម៉ែត្រ ក្នុងមួយម៉ោង កាលពីល្ងាចថ្ងៃចន្ទ ដោយផ្នែកខ្លះនៃទីក្រុងមានកម្ពស់ទឹកភ្លៀងរហូតដល់១៤១,៥មីលីម៉ែត្រ ដែលជាជំនន់ទឹកភ្លៀងខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងប្រទេសកូរ៉េ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។

លីម ណាយ៊ុង (Lim Na-kyung) អាយុ៣១ឆ្នាំ ជាបុគ្គលិកការិយាល័យបានរៀបរាប់ពីភាពភ័យខ្លាចរបស់នាង នៅល្ងាចថ្ងៃចន្ទ ដោយនិយាយថាស្ថានភាពនេះបានរំឭកនាងអំពីឈុតមួយក្នុងខ្សែភាពយន្តរឿង «កប៉ាល់ទីតានិក» ឆ្នាំ១៩៩៧។

ទិន្នន័យ​បាន​បង្ហាញ​ថា ​អគារយ៉ាងហោចណាស់​ចំនួន៧៦៥ខ្នងត្រូវ​បាន​បំផ្លាញ ខណៈ​ផ្លូវ​ល្បឿនលឿននិង​ផ្លូវថ្នល់​ចំនួន៥២ខ្សែត្រូវ​បាន​បិទ។ មានជនរងគ្រោះប្រហែល៣៩១នាក់នៅតាមតំបន់ធំៗក្នុងទីក្រុងសេអ៊ូល ដែលភាគច្រើនត្រូវស្នាក់នៅតាមសាលារៀនក្នុងតំបន់ និងកន្លែងហាត់ប្រាណ ខណៈ៣៩៩នាក់ផ្សេងទៀតត្រូវបានជម្លៀសជាបណ្តោះអាសន្នទៅកាន់មជ្ឈមណ្ឌលសហគមន៍ និងសាលារៀន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ