បទយកការណ៍៖ ពលរដ្ឋ​នៅ​ឃុំដារ​ក្នុង​ខេត្តត្បូងឃ្មុំ ស្នើ​អាជ្ញាធរ​ស្ថាបនា​ផ្លូវ​មួយខែ្ស ព្រោះ​ពិបាក​ធ្វើ​ដំណើរ​ខ្លាំង​នៅ​រដូវវស្សា

ពលរដ្ឋម្នាក់ដឹកអីវ៉ាន់លើផ្លូវដែលពលរដ្ឋអះអាងថាពិបាកធ្វើដំណើរក្នុងរដូវវស្សា ស្ថិតនៅភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

ផ្លូវដីក្រហមមួយខ្សែមានប្រវែងជិត២០គីឡួម៉ែត្រ ស្ថិតនៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានជង្ហុកធំៗ ទឹកដក់លើផ្លូវ ​មានភក់ជ្រាំ និងរអិលខ្លាំងផង ដោយបញ្ហានេះបង្កផលលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតំបន់នោះ ពិសេសក្នុងរដូវវស្សា។

អ្នកភូមិដែលមានផ្ទះនៅតាមបណ្ដោយផ្លូវមួយនេះត្អូញត្អែរថា នៅពេលរដូវវស្សាចូលមកដល់ ពួកគេពិបាកធ្វើដំណើរ ហើយសិស្សានុសិស្សត្រូវខកខានទៅសាលា និងបង្កផលប៉ះពាល់ដល់ការប្រកបមុខរបរផ្សេងៗរបស់ពលរដ្ឋ ជាដើម។

ពលរដ្ឋរស់នៅភូមិដារ ខេត្តត្បូងឃ្មុំ លោក ផាត សុភ័ស វ័យ២៥ឆ្នាំ បានប្រាប់ថា ​លោកមានកូនអាយុ៦ឆ្នាំម្នាក់ កំពុងសិក្សានៅថ្នាក់បឋម ហើយលោកតែងតែឌុបកូនយកទៅសាលារៀនដោយឆ្លងកាត់ផ្លូវមួយខ្សែនេះ ប៉ុន្តែលោកថា នៅពេលរដូវភ្លៀងចូលមកដល់ កូនរបស់លោកបានខកខានទៅសាលា ដោយសារតែផ្លូវរអិលខ្លាំងពិបាកធ្វើដំណើរ។

លោក ផាត សុភ័ស និយាយថា៖ «ថ្ងៃណាទៅ ខកទៅ! ថ្ងៃណាភ្លៀងរាងតិចទៅ ជួនវាមកទៅ! ភ្លៀងខ្លាំងជូន[កូន]មកអត់កើត ផ្លូវវាពិបាក ពិបាកជិះ[ម៉ូតូ និងកង់]»។

លោក ផាត សុភ័ស ជាពលរដ្ឋរស់នៅក្នុងភូមិដារ រយៈពេល៧ឆ្នាំមកហើយនោះ បានបន្តថា ផ្លូវនេះខូចជិត១០ឆ្នាំមកហើយ ដោយលោកមិនទាន់ឃើញអាជ្ញាធរមកជួសជុលនៅឡើយទេ។

លោក ផាត សុភ័ស ថា ៖«ឮតែគេថាធ្វើផ្លូវៗ! [មិន] ដឹងថ្ងៃណាគេមកធ្វើផង យូរឆ្នាំហើយ»។

យ៉ាងណាក្ដី បុរសវ័យ២៥ឆ្នាំរូបនេះបានស្នើទៅកាន់អាជ្ញាធរស្ថាបនាផ្លូវជនបទមួយខ្សែនេះឱ្យបានលឿន ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរប្រចាំថ្ងៃរបស់ពលរដ្ឋ។

លោកស្នើថា៖ «ចង់ឱ្យគេធ្វើផ្លូវហ្នឹងឱ្យស្អាត​ ស្រណុកជិះទៅធ្វើការ ធ្វើអី»។

ផ្លូវ​ជនបទដែលខូចនេះមានទទឹងជិត១០ម៉ែត្រ មានចម្ងាយពីទីរួមខេត្តត្បូងឃ្មុំប្រមាណ៥០គីឡូម៉ែត្រ​ និងមានពលរដ្ឋធ្វើដំណើរទៅមកជាហូរហែ។ ចំណែកនៅសងខាងផ្លូវវិញ មានចម្ការអ្នកស្រុកដាំដំណាំជាច្រើនប្រភេទ រួមមាន ដំឡូង ម្រេច កៅស៊ូ ចេក ម្នាស់ ជាដើម ហើយមានផ្ទះអ្នកភូមិ លក់ដូរភេសជ្ជៈ ចំណីអាហារ គ្រឿងទេសផ្សេងៗផងដែរ។

ស្ថានភាពផ្លូវដែលពលរដ្ឋអះអាងថាពិបាកធ្វើដំណើរក្នុងរដូវវស្សា ស្ថិតនៅភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។
ស្ថានភាពផ្លូវដែលពលរដ្ឋអះអាងថាពិបាកធ្វើដំណើរក្នុងរដូវវស្សា ស្ថិតនៅភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

កំពុងអង្គុយលក់ចេកចៀននៅមុខផ្ទះ អ្នកស្រី សែន សម្ផស្ស វ័យ៦៥ឆ្នាំ ជាពលរដ្ឋរស់នៅភូមិដារ បានលើកឡើងថា នាពេលកន្លងមក ដោយសារតែស្ថានភាពផ្លូវពិបាកធ្វើដំណើរ អ្នកភូមិក៏បានប្រមូលថវិកាដើម្បីទិញដីចាក់លុបជង្ហុកធំៗដែលមាននៅលើផ្លូវ ប្រមាណ២០ឡាន រួចមកហើយ ដោយក្នុងមួយឡានត្រូវចំណាយថវិកា ៧០ ០០០រៀល។

អ្នកស្រី សែន សម្ផស្ស ថា៖ «ប្រជាជននឹកឃើញពិបាកពេកទៅ ខ្លះអត់ឱ្យចេញ[លុយ] ខ្លះអត់ចេញមួយរៀលទេ ខ្លះគេមានចិត្ត គេមកហុចលុយឱ្យខ្ញុំអ៊ីចឹងទៅ»។

ស្លៀកក្រមា អត់ពាក់អាវ ពលរដ្ឋមួយរូបទៀត លោក ទុន ធី វ័យ៧៥ឆ្នាំ និយាយថា បើនៅរដូវ​ប្រាំង ផ្លូវនេះមិនសូវបង្កផលលំបាកដល់អ្នកដំណើរនោះទេ តែលោកថា បើរដូវវស្សាចូលមកដល់វិញ គឺអ្នកដំណើរមិនអាចឆ្លងកាត់បានទេ ព្រោះមានភក់ច្រើន និងរអិលខ្លាំង។

លោក ទុន ធី បន្ថែមថា៖ «អ៊ុំអាណិតតែកូនសិស្សទេ ខែភ្លៀង អត់ដល់សាលារៀន ត្រលប់ទៅវិញ។ វាសុទ្ធតែភក់ ទៅម៉េចរួច! ចូលសាលាម៉េចបាន! ​ត្រលប់ទៅវិញ។ ឱ្យតែខែភ្លៀង តិចក៏៣ [ទៅ] ៤នាក់ដែរ ត្រលប់ទៅវិញ»

បុរសវ័យចំណាស់រូបនេះចាត់ទុកថា ផ្លូវមួយខ្សែនេះមានសារៈសំខាន់ខ្លាំងចំពោះប្រជាពលរដ្ឋនៅតំបន់នោះ។

លោក ទុន ធី៖ «ផ្លូវនេះគឺផ្លូវសេដ្ឋកិច្ច តាំងពីដំឡូង តាំងពីម្រេច តាំងពីប៉ុន្មានភូមិ [ដឹក] តាមផ្លូវតែមួយហ្នឹង»។

ទិន្នន័យសៀវភៅសារពើភណ្ឌផ្លូវជនបទខេត្តត្បូងឃ្មុំ បោះពុម្ពលើកទី២ ក្នុងឆ្នាំ២០២០ បានឱ្យដឹងថា ផ្លូវជនបទនៅក្នុងខេត្តត្បូងឃ្មុំមានប្រវែងសរុប ជាង២ពាន់គីឡូមេត្រ (២ ៤៥៨,០១២គីឡូម៉ែត្រ) ក្នុងនោះបានបែងចែកផ្លូវជា៨ប្រភេទ រួមមាន ក្រួសក្រហម បេតុង កៅស៊ូ១ជាន់ កៅស៊ូ២ជាន់ ដីស ល្បាយកម្ទេចថ្មភ្នំ ល្បាយក្រួសអាចម៍ផ្កាយ និងខ្សាច់ភ្នំ។

មេឃុំដារ លោក ម៉ៅ ចយ បានទទួលស្គាល់ថា នៅមូលដា្ឋនរបស់លោកពិតជាមានផ្លូវមួយខ្សែ​ប្រវែងជិត២០គីឡូម៉ែត្រពិបាកធ្វើដំណើរពិតមែន ហើយថាលោកក៏បានដាក់សំណើទៅកាន់ថ្នាក់ខេត្តរួចហើយដែរ ក្នុងអំឡុងខែមេសាកន្លងទៅ ដោយថា នៅថ្នាក់ឃុំមិនមានកញ្ចប់ថវិកាគ្រប់គ្រាន់ដើម្បីស្ថាបនានោះទេ។

លោក ម៉ៅ ចយ ថ្លែងថា៖ «អាជ្ញាធរអត់មានលទ្ធភាពធ្វើទេ ព្រោះផ្លូវនេះជាផ្លូវមួយខ្នាតធំ ទាល់ខាងក្រសួងទើបគេមានថវិកាសម្រាប់ធ្វើ។ បើថា ឱ្យឃុំធ្វើ ឃុំមានតែលុយមូលនិធិឃុំ ធ្វើតែផ្លូវតូចៗ ភ្ជាប់ពីភូមិមួយទៅភូមិមួយ បានតែផ្លូវលំតូចៗ»។

ទោះជាយ៉ាងណា លោក ម៉ៅ ចយ បន្ថែមថា មន្រ្តីជំនាញបានមកសិក្សាវាស់វែងផ្លូវនេះដើម្បីជួសជុលរួចរាល់ហើយដែរ តែលោកមិនទាន់អាចបញ្ជាក់ច្បាស់លាស់ពីពេលវេលាដែលត្រូវចុះអនុវត្តគម្រោងសាងសង់នេះនៅឡើយទេ។

បើតាមមេឃុំដាររូបនេះបានឱ្យដឹងថា ផ្លូវដែលបង្កការរំខានឬផលប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនេះ មានប្រវែងសរុប១៨គីឡូម៉ែត្រ និងទទឹងផ្លូវ៨ម៉ែត្រ ដោយតភ្ជាប់ពីផ្លូវជាតិលេខ៧ ទៅភូមិស្ពាន ស្ថិតនៅឃុំដារ ឆ្លងកាត់ភូមិស្រែជ្រាំ ភូមិមែកពុក ភូមិកងកេង ភូមិដារ ហើយមានផ្ទះប្រជាពលរដ្ឋរាប់រយគ្រូសារកំពុងរស់នៅ។

ស្ថានភាពផ្លូវដែលពលរដ្ឋអះអាងថាពិបាកធ្វើដំណើរក្នុងរដូវវស្សា ស្ថិតនៅភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។
ស្ថានភាពផ្លូវដែលពលរដ្ឋអះអាងថាពិបាកធ្វើដំណើរក្នុងរដូវវស្សា ស្ថិតនៅភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ថ្លែងថា ករណីដែលផ្លូវមួយចំនួននៅទីជនបទពិបាកធ្វើដំណើរក្នុងឃុំដារ ស្រុកមេមត់ គឺពិតជាបានបង្កការខាតបង់ដល់សេដ្ឋកិច្ចជាតិ រាំងស្ទះដល់ការដឹកជញ្ជូនផលិតផលកសិកម្ម ការដោះដូរទំនិញផ្សេងៗ ឬការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធបញ្ហានេះ លោកជំរុញឱ្យអាជ្ញាធរគួរជួសជុលផ្លូវដែលពលរដ្ឋលើកឡើងនេះ ​ដោយថាជាភារកិច្ចនិងការទទួលខុសត្រូវរបស់រដ្ឋាភិបាល។

លោក យង់ គិមអេង៖ «ភារកិច្ចអាជ្ញាធរគួរសម្រួលរឿងអស់ហ្នឹងដែរ ព្រោះរដ្ឋយកពន្ធពីប្រជាពលរដ្ឋ ក៏ត្រូវជួយសម្រួលផ្លូវ ជួយសម្រួលអីឱ្យបានស្រួល ដើម្បីគាត់អាចធ្វើដំណើរប្រកបរបររកស៊ីបានងាយឆាប់រហ័ស»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្នុងឆ្នាំ២០១៩ កន្លងទៅ បានថ្លែងថា រដ្ឋាភិបាលបានកំណត់យកការកសាងផ្លូវជាចំណុចអាទិភាពមួយរបស់រដ្ឋាភិបាលដើម្បីអភិវឌ្ឍប្រទេស ដោយលោកលើកឡើងជាពាក្យស្លោកថា «មានផ្លូវគឺមានសង្ឃឹម»

លោកថ្លែងយ៉ាងដូច្នេះថា៖ «អាទិភាពបួនដែលខ្ញុំបានប្រកាសតាំងពីឆ្នាំ១៩៨៧ ដែលមានរយៈពេលមកដល់ពេលនេះ គឺមានរយៈពេល៣២ឆ្នាំ គឺនៅតែត្រឹមត្រូវ គឺខ្ញុំបានលើកថា អាទិភាពវិនិយោគនៅពេលនោះប្រើពាក្យ៤ គឺទឹក ផ្លូវ ភ្លើង មនុស្ស! ឥលូវយើងដូរមុំមកជាមនុស្សទៅជាទី១។ អ៊ីចឹងរកលុយធ្វើផ្លូវ រកលុយធ្វើប្រឡាយទឹក រកលុយតភ្ជាប់អគ្គិសនី»។   

ត្រលប់មកអ្នកដំណើរម្នាក់ដែលតែងតែធ្វើដំណើរស្ទើរតែរាល់ថ្ងៃ ដើម្បីទៅចម្ការរបស់គាត់នៅ​ជាប់បណ្ដោយផ្លូវដែលខូចស្ថិតនៅឃុំដារឯណោះវិញ អ្នកស្រី អ៊ី ចាន់ធី ​ប្រាប់ថា អ្នកស្រីធ្លាប់បានឮអាជ្ញាធរសន្យាជួសជុលផ្លូវនេះជាច្រើនដងមក តែក្រោយមក​ស្ថានភាពផ្លូវនៅដដែល។

យ៉ាងណា ស្ត្រីវ័យ៥៥ឆ្នាំរូបនេះបានស្នើទៅអាជ្ញាធរឱ្យស្ថាបនាផ្លូវនេះឱ្យបានឆាប់ ដើម្បីបានជួយសម្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋដែលត្រូវការប្រើប្រាស់ផ្លូវនេះជាចាំបាច់។

អ្នកស្រី អ៊ី ចាន់ធី និយាយថា៖ «ថ្នាក់លើគេធ្វើម៉េចឱ្យប្រជាជនស្រួល ចាក់កៅស៊ូក៏ដោយ ចាក់អីក៏ដោយ ឱ្យតែស្រួលស្រណុក។ យើងដើរគ្រប់តែគ្នាទៅ មិនដើរតែខ្ញុំទេ ដើរគ្រប់តែគ្នា អ្នកចូលផ្លូវហ្នឹង។ ឧស្សាហ៍ឮគេដែរ គេថាយូរមកហើយថាឱ្យតែជាប់ឆ្នោត គេធ្វើហើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ