FBI ឆែកឆេរលំនៅដ្ឋានលោក ដូណាល់ ត្រាំ នៅ Mar-a-Lago រដ្ឋ Florida

រូបថតឯកសារ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump គ្រវីដៃពេលគាត់មកដល់អាកាសយានដ្ឋានអន្តរជាតិ Palm Beach ក្នុងទីក្រុង West Palm Beach រដ្ឋ Florida សហរដ្ឋអាមេរិក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ (REUTERS/Carlos Barria/File Photo)

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃចន្ទ (ទី៨ ខែសីហា) ថាលំនៅដ្ឋានរបស់លោកនៅ Mar-A-Lago ក្នុងរដ្ឋ Florida ត្រូវបានឆែកឆេរដោយភ្នាក់ងារ FBI ដែលលោកហៅទង្វើនោះថា «ជាការប្រព្រឹត្តខុសរបស់ព្រះរាជអាជ្ញា»។ នេះបើយោងតាមការចេញផ្សាយរបស់បណ្ដាញសារព័ត៌មាន CNA នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ។

FBI បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការឆែកឆេរនេះឡើយ ឬថាតើការឆែកឆេរនេះធ្វើឡើងដើម្បីអ្វីឡើយ ហើយលោក Trump ក៏មិនបានបង្ហាញពីមូលហេតុដែលភ្នាក់ងារសហព័ន្ធទៅឆែកឆេរផ្ទះរបស់គាត់ដែរ ដែលបន្ថែមសម្ពាធផ្លូវច្បាប់លើអតីតប្រធានាធិបតីអាមេរិករូបនេះ។

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់សហរដ្ឋអាមេរិកបានដកស្រង់ប្រភពនានាដែលដឹងពីការស៊ើបអង្កេតនោះ ដោយនិយាយថា ភ្នាក់ងារ FBI កំពុងធ្វើការស៊ើបអង្កេតដោយមានការអនុញ្ញាតពីតុលាការ ពាក់ព័ន្ធនឹងការគ្រប់គ្រងឯកសារសម្ងាត់ដោយខុសច្បាប់ ដែលលោក Trump បានយកទៅ Mar-a-Lago។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Truth Social លោក Trump បាននិយាយថា ផ្ទះដ៏ស្រស់ស្អាតរបស់គាត់ Mar-A-Lago នៅ Palm Beach រដ្ឋ Florida បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ ឆែកឆេរ និងកាន់កាប់ដោយភ្នាក់ងារ FBI មួយក្រុមធំ។

រូបភាពថតពីលើអាកាសនៃ Mar-a-Lago បានបង្ហាញរថយន្តនគរបាលនៅខាងក្រៅ។ អ្នកគាំទ្រអតីតប្រធានាធិបតីអាមេរិករូបនេះក៏បានប្រមូលផ្ដុំគ្នានៅខាងក្រៅ ដោយគ្រវីបដាដែលមានឈ្មោះលោក Trump ឬទង់ជាតិអាមេរិកដែលមានរូបគាត់។

យោងតាមបណ្តាញសារព័ត៌មាន The New York Times លោក Trump បាននិយាយថា៖ «វាគឺជាការប្រព្រឹត្តខុសរបស់ព្រះរាជអាជ្ញា ជាការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ និងជាការវាយប្រហារដោយអ្នកប្រជាធិបតេយ្យឆ្វេងនិយមជ្រុល ដែលមិនចង់ឱ្យខ្ញុំឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ២០២៤»។

លោក Trump បន្តថា៖ «ការបំពារបំពានបែបនេះមានតែនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ប៉ុណ្ណោះ។ គួរឱ្យក្រៀមក្រំ! បច្ចុប្បន្ននេះ អាមេរិកកំពុងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍។ ពួកគេថែមទាំងបានរំលោភបំពានលើសុវត្ថិភាពរបស់ខ្ញុំទៀតផង»។

មន្ត្រីជាន់ខ្ពស់មកពីគណបក្សសាធារណរដ្ឋមួយចំនួនក៏បានរិះគន់តាមបណ្តាញផ្សព្វផ្សាយសង្គមចំពោះការឆែកឆេរនោះ និងចោទប្រកាន់ក្រសួងយុត្តិធម៌ថាធ្វើទង្វើហួសហេតុ។

បណ្ណសារជាតិបាននិយាយកាលពីខែកុម្ភៈថា ខ្លួនបានយកមកវិញនូវឯកសារចំនួន១៥កេសពីលំនៅដ្ឋានរបស់លោក Trump នៅរដ្ឋ Florida ដែលបណ្តាញសារព័ត៌មាន Washington Post បានរាយការណ៍ថា លោកបានយកទៅជាមួយនូវឯកសារសម្ងាត់នៅពេលដែលលោកចាកចេញពីទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីចាញ់ការបោះឆ្នោត។

យោងតាមច្បាប់ នៅពេលចប់អាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវប្រគល់មកវិញនូវឯកសារដែលរាប់បញ្ចូលទាំងការឆ្លើយឆ្លងរបស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប៉ុន្តែលោកបានយកទៅលំនៅដ្ឋាន Mar-a-Lago របស់លោក។

បណ្ណសារបានស្នើសុំក្រសួងយុត្តិធម៌ឱ្យស៊ើបអង្កេតចំពោះរដ្ឋបាលលោក Trump។

បុគ្គលិកសេតវិមានក៏បានប្រទះឃើញជារឿយៗនូវក្រដាសដែលធ្វើឱ្យស្ទះបង្គន់ ដែលធ្វើឱ្យពួកគេជឿថា លោក Trump កំពុងព្យាយាមកម្ទេចឯកសារមួយចំនួន នេះបើយោងតាមបណ្តាញសារព័ត៌មាន The New York Times។

លោក Trump ក៏កំពុងត្រូវបានស៊ើបអង្កេតអំពីការព្យាយាមផ្លាស់ប្តូរលទ្ធផលបោះឆ្នោតឆ្នាំ២០២០ នៅរដ្ឋ Georgia ខណៈអាជីវកម្មរបស់លោកក៏កំពុងត្រូវបានស៊ើបអង្កេតនៅទីក្រុងញូវយ៉ក នៅក្នុងករណីចំនួនពីរដាច់ដោយឡែកពីគ្នា មួយគឺសំណុំរឿងរដ្ឋប្បវេណី និងមួយទៀតសំណុំរឿងព្រហ្មទណ្ឌ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ