ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កោះប្រជុំ​បន្ទាន់​អំពី​ការ​ប្រយុទ្ធគ្នា​នៅ​តំបន់​ហ្គាហ្សា

ប្រជាជនប៉ាឡេស្ទីនប្រមូលផ្ដុំគ្នាលើគំនរបាក់បែកនៅកន្លែងកើតហេតុនៃការវាយប្រហាររបស់អ៊ីស្រាអែល នៅ Rafah ភាគខាងត្បូង Gaza Strip ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២។ (REUTERS/Ibraheem Abu Mustafa)

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានកោះប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីស្ថានភាពនៅតំបន់ហ្គាហ្សា ដោយមានសមាជិកជាច្រើនបានលើកឡើងពីក្ដីបារម្ភ ចំពេលមានបទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងក្រុមជីហាតអ៊ីស្លាមដែលជាក្រុមប្រដាប់អាវុធប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល រយៈពេល៣ថ្ងៃ នៅលើទឹកដីប៉ាឡេស្ទីន។

នេះបើយោងតាមការចេញផ្សាយរបស់បណ្ដាញសារព័ត៌មាន Al Jazeera នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ។

ថ្លែងតាមរយៈវីដេអូនៅពេលចាប់ផ្ដើមកិច្ចប្រជុំ ឧបការីមជ្ឈិមបូព៌ារបស់អង្គការសហប្រជាជាតិ លោក ថរ វេនណេសឡែន (Tor Wennesland) បានព្រមានថា៖ «បទឈប់បាញ់នេះមានភាពផុយស្រួយ។ ការចាប់ផ្តើមឡើងវិញនៃអរិភាពនឹងបង្កឱ្យមានផលវិបាកដ៏អាក្រក់សម្រាប់ប៉ាឡេស្ទីន និងអ៊ីស្រាអែល ហើយធ្វើឱ្យដំណើរការនយោបាយណាមួយលើបញ្ហាសំខាន់ៗមានភាពមិនប្រាកដប្រជា»។

ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក វ៉ាស៊ីលី នេបេនហ្សៃ (Vassily Nebenzia) បានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះលទ្ធភាពដែលអាចកើតឡើងវិញនៃជម្លោះ ដែល​​នាំឱ្យមានការប្រឈមមុខគ្នាផ្នែកយោធា និងធ្វើឱ្យស្ថានការណ៍មនុស្សធម៌កាន់តែអាក្រក់ទៅនៅតំបន់ហ្គាហ្សា។

យ៉ាងហោចណាស់ មានពលរដ្ឋប៉ាឡេស្ទីនចំនួន៤៤នាក់ ដែលជិតពាក់កណ្ដាលជាជនស៊ីវិល រួមទាំងកុមារចំនួន១៥នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ទៅលើទីតាំងក្រុមជីហាតអ៊ីស្លាម នៅតំបន់ហ្គាហ្សា កាលពីថ្ងៃសុក្រ។ យោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា បានឱ្យដឹងថា មនុស្សរាប់រយនាក់នៅក្នុងតំបន់នេះបានរងរបួស។

ជាការឆ្លើយតប ក្រុមប្រដាប់អាវុធបានបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់ ប៉ុន្តែភាគច្រើនត្រូវបានស្ទាក់ចាប់ឬបាញ់បំផ្ទុះ។ សេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែល បាននិយាយថា មនុស្ស៣នាក់បានរងរបួសដោយសារអំបែងគ្រាប់ និង៣១នាក់ផ្សេងទៀតបានរងរបួសស្រាល។

បទឈប់បាញ់ដែលមានប្រទេសអេហ្ស៊ីបជាអ្នកសម្របសម្រួល បានចូលជាធរមាននៅយប់ថ្ងៃអាទិត្យ ប៉ុន្តែភាគីទាំងពីររក្សាសិទ្ធិក្នុងការឆ្លើយតប ប្រសិនបើភាគីណាមួយរំលោភបំពានលើបទឈប់បាញ់នេះ។

លោក Wennesland បាននិយាយថា ការវាយតម្លៃរបស់អង្គការសហប្រជាជាតិលើអំពើហិង្សាកំពុងដំណើរការ ដោយកត់សម្គាល់ថា ប្រហែល២០ភាគរយនៃគ្រាប់រ៉ុក្កែតប្រមាណ១ ១០០គ្រាប់ ដែលបាញ់ដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីន បានធ្លាក់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

ការប្រយុទ្ធគ្នាកាន់តែមានសភាពខ្លាំងក្លាចាប់តាំងពីសង្គ្រាមរយៈពេល១១ថ្ងៃកាលពីឆ្នាំមុន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់២៥០នាក់។

នៅមុនកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំអង្គការសហប្រជាជាតិ លោក ហ្គីឡាដ អឺដាន (Gilad Erdan) បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទម្លាក់ការទទួលខុសត្រូវទាំងស្រុងទៅលើក្រុមជីហាតអ៊ីស្លាម។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកមានប្រសាសន៍ថា៖ «ត្រូវតែមានលទ្ធផលតែមួយគត់ ដើម្បីថ្កោលទោសក្រុមជីហាតអ៊ីស្លាមចំពោះឧក្រិដ្ឋកម្មសង្រ្គាមទ្វេដង ខណៈទម្លាក់ការទទួលខុសត្រូវទាំងស្រុងចំពោះការសម្លាប់ពលរដ្ឋប៉ាឡេស្ទីនស្លូតត្រង់ទៅលើក្រុមភេរវកម្មជ្រុលនិយម»។

លោកបន្តថា៖ «ពួកគេបានបាញ់រ៉ុក្កែតទៅលើជនស៊ីវិលអ៊ីស្រាអែល ដោយប្រើប្រាស់ពលរដ្ឋហ្គាហ្សាធ្វើជាខែលការពារ។ នេះ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទ្វេ​ដង»។

លោកស្រី លីនដា ថូម៉ាស ហ្រ្គីនហ្វៀល (Linda Thomas-Greenfield) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បានគាំទ្រសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារពលរដ្ឋរបស់ខ្លួនពីការគំរាមកំហែងរបស់ភេរវករ។

លោកស្រីបន្តថា៖ «ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ គួរតែបដិសេធរួមគ្នាដោយឥតលក្ខខណ្ឌចំពោះអំពើភេរវកម្ម​របស់ក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន ដែលបានធ្វើឱ្យជីវិតជនស៊ីវិលទាំងសងខាងប្រឈមនឹងហានិភ័យ»។

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន លោក រីយ៉ាដ មែនសួ (Riyad Mansour) បានថ្កោលទោសការឈ្លានពានមិនសមហេតុផលរបស់អ៊ីស្រាអែល។

លោកបានថ្លែងថា៖ «ក្នុងនាមជាអាជ្ញាធរកំពូលដែលទទួលខុសត្រូវចំពោះការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ តើ​អ្នក​ត្រៀម​ខ្លួន​ហើយឬនៅ​ក្នុងការ​និយាយ​ថា​ឆ្អែតឆ្អន់ហើយ? តើយើងត្រូវកប់សពរបស់ក្មេងៗប៉ុន្មាន​នាក់ទៀត ទាល់តែមាននរណាម្នាក់និយាយថាឆ្អែតឆ្អន់ហើយ?»

ការពិគ្រោះយោបល់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានធ្វើឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។

ប្រភព​ពីមន្រ្តីការទូត​ជាច្រើន​បាន​ប្រាប់​ទីភ្នាក់ងារសារ​ព័ត៌មាន AFP ថាមិនមានការរំពឹងទុកចំពោះ​សេចក្តីថ្លែងការណ៍​ណាមួយ​ឡើយ ​បន្ទាប់ពី​កិច្ចប្រជុំ​បិទទ្វារ ដែល​នឹង​ធ្វើឡើង​បន្ទាប់ពី​ការ​ជជែកគ្នាដោយបើកចំហ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ