អ្នកច្បាប់​និង​មេធាវី​១៧​រូប​ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​អម​គណៈ​កម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយលោក វីទីត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា តាមប្រព័ន្ធវីដេអូ ថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២២។ (ហ្វេសប៊ុក៖ Cambodian Human Rights Committee)

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឱ្យដឹងថា មានអ្នកច្បាប់និងមេធាវីចំនួន១៧រូបដែលត្រូវបាន​ព្រះមហាក្សត្រខ្មែរត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈ​​ទៅជាទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។​

ព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ បាន​ត្រាស់បង្គាប់តែងតាំងនិងផ្តល់ឋានៈជាទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចំនួន១៧រូប មានឋានៈស្មើអគ្គនាយក ដោយពុំទទួលប្រាក់ដំណាច់មុខការងារ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផង លោក ជិន ម៉ាលីន មានប្រសាសន៍ប្រាប់វីអូឌីបន្ថែមតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃពុធនេះថា មន្ត្រី១៧រូបនេះដែល​ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គឺជាអ្នកច្បាប់ និងជាមេធាវី​។

លោក ជិន ម៉ាលីន បានឱ្យដឹងថា ​នេះជាការតែងតាំងទីប្រឹក្សាលើកដំបូងសម្រាប់គណៈកម្មការសិទ្ធិមនុស្ស ប៉ុន្តែពួកគេមិនធ្វើការពេញម៉ោងទេ ត្បិតទីប្រឹក្សាមិនមែនជាមន្រ្តីក្របខណ្ឌរដ្ឋនោះឡើយ។

លោកបានបន្តថា ទីប្រឹក្សាដែលបានតែងតាំងនេះ គឺមិនទទួលប្រាក់ដំណាច់ការងារ តែជាសណ្ដានចិត្តជួយនិងចូលរួមដល់ការងាររដ្ឋាភិបាលក្នុងការលើកស្ទួយផ្នែកសិទ្ធិមនុស្ស ហើយមានតួនាទីផ្តោតលើជំនួយផ្នែកច្បាប់ ពិគ្រោះយោបល់ផ្នែកច្បាប់ ដល់ជនដែលងាយរងគ្រោះ និងការរំលោភបំពានផ្នែកសិទ្ធិមនុស្ស ដែលពុំមានលទ្ធភាពរកមេធាវីលើការការពារក្តីក្នុងសវនាការ។

លោក ជិន ម៉ាលីន បន្តថា៖ «ការងារពួកគេ គឺធ្វើការផ្តោតលើជំនួយផ្នែកច្បាប់ក្នុងការផ្តល់ប្រឹក្សាផ្នែកច្បាប់ដល់ជនដែលងាយរងគ្រោះ ដូចជា ស្ត្រី ឬមួយក៏ជនក្រីក្រដែលពុំមានលទ្ធភាព ក្នុងការឡើងក្ដី ការពារក្ដីក្នុងសវនាការ ដល់ជនដែលងាយរងគ្រោះ ដែលពុំមានលទ្ធភាពរកមេធាវី។ អ៊ីចឹងការងាររបស់ពួកគេ គឺមិនមែនអចិន្ត្រៃយ៍ដូចមន្ត្រីក្របខណ្ឌនៅទីស្តីការគណៈរដ្ឋមន្រ្តីនោះទេ ហើយការងាររបស់ពួកគេក៏មិនទទួលនូវប្រាក់ដំណាច់ ប្រាក់ខែ ប្រាក់បៀវត្សអីពីរដ្ឋដែរ ជាការងារដែលស្ម័គ្រចិត្ត»។

អ្នកនាំពាក្យរូបនេះ​បញ្ជាក់ទៀតថា គណៈកម្មការសិទ្ធិមនុស្សមានក្រុមមេធាវីស្ម័គ្រចិត្តចំនួន៤០នាក់ ដែលធ្វើការផ្តល់ជំនួយផ្នែកច្បាប់​ដល់ជនងាយរងគ្រោះ ហើយផ្តល់នូវឋានៈតួនាទីដល់ពួកគេ១៧រូបនេះ ជាការលើកទឹកចិត្តដល់ស្នាដៃរបស់ក្រុមមេធាវីស្ម័គ្រចិត្តទាំងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ