រដ្ឋាភិបាល​កាត់ឆ្វៀល​ផ្ទៃសមុទ្រ​៦០០​ហិកតា​ឱ្យ​ក្រុមហ៊ុន​ឯកជន​សម្រាប់​គម្រោង​កំពង់ផែ​ខេត្តកំពត

សកម្មភាពចាក់បំពេញដីនៅសមុទ្រក្នុងខេត្តកំពត ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

​រាជរដ្ឋាភិបាល​បាន​សម្រេចកាត់ផ្ទៃដីសមុទ្រទំហំ៦០០ហិកតាក្នុងខេត្ត​កំពត ​ឱ្យទៅ​ក្រុមហ៊ុន​ឯកជនមួយ​ដើម្បី​អភិវឌ្ឍកំពង់ផែ​ថ្មីមួយក្នុងតម្លៃទុនវិនិយោគប្រមាណ​១,៧ពាន់​លាន​ដុល្លារ។

យោងតាមអនុក្រឹត្យមួយរបស់រាជរដ្ឋាភិបាល ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៦ ខែមេសា និងបានចេញផ្សាយជាសាធារណៈក្នុងសប្ដាហ៍នេះ បានឱ្យដឹងថា ផ្ទៃដីសមុទ្រទំហំ៦០០ហិកតា ស្ថិតក្នុងសង្កាត់​ព្រែកត្នោត ក្រុង​បូកគោ ត្រូវបានធ្វើអនុបយោគឱ្យក្រុមហ៊ុន «កំពត ឡូជីស្ទិក អេន ផត (Kampot Logistics and Port)» ដែលត្រូវបានបង្កើតឡើងកាលពីខែមីនា ឆ្នាំមុន។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែ​នេះ កាលពីខែឧសភាកន្លងទៅ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ក៏បានបញ្ជាក់​ថា ការវិនិយោគកំពង់ផែក្នុងទំហំទឹកប្រាក់ចំនួន១,៧ពាន់លានដុល្លារនេះ​ ​រួមមានទាំងមជ្ឈមណ្ឌលភស្តុភារ និងតំបន់សេដ្ឋកិច្ចពិសេសមួយផងដែរ ដើម្បីជួយបំពេញបន្ថែមទៅលើកំពង់ផែដែលមានស្រាប់ ដូចជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។

ជាមួយគ្នានេះ លោកបន្តថា​ ក្នុងករណីរាជរដ្ឋាភិបាលអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ កំពង់ផែនេះនឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់លើកដាក់ ផ្ទេរ ទំនិញចេញ-ចូល ទៅកាន់ទីផ្សារអន្តរជាតិ។ លោកបន្តថា គម្រោងនេះនឹងនាំមកនូវភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ដល់ពាណិជ្ជករ និងអ្នកវិនិយោគ នៅក្នុងការនាំចេញផលិតផលកសិកម្ម ឧស្សាហកម្ម និងនេសាទ ទៅលក់នៅទីផ្សារនៅក្នុងតំបន់ និងពិភពលោកផងដែរ។

យោងតាមរដ្ឋមន្ត្រីក្រសួងសាធារណការដដែល គម្រោងវិនិយោគកំពង់ផែដែលមានជម្រៅទឹកប្រមាណ១៥ម៉ែត្រមួយនេះ ចែកចេញជា៣ដំណាក់កាល។ ​ក្នុងនោះ ដំណាក់កាលទី១ គឺចាយទុនប្រមាណ២០០លានដុល្លារអាមេរិក គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៥​ខាងមុខ ខណៈដំណាក់កាលបន្ទាប់នឹងត្រូវប្រើប្រាស់ដើមទុនវិនិយោគសរុបប្រមាណ១ ៥០០លានដុល្លារអាមេរិក។

លោកបន្តថា៖ «ក្រុមហ៊ុនគឺទទួលបានផ្ទៃ​ដី​ទំហំ​ធំ៦០០ហិកតា ដូច្នេះ​ហើយពួកគេ​អាច​ប្រែ​ក្លាយ​ទីតាំងនេះជា​តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មបាន»។

ទាក់ទិន​ករណីនេះ ​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា រូបលោកមិនមានព័ត៌មានលម្អិតអំពីគម្រោងនេះទេ។

ទោះជាយ៉ាងណា ទាក់ទងនឹងសំណួរអំពីដំណើរការលទ្ធកម្មនៃគម្រោង ​ថាតើអ្នកអភិវឌ្ឍន៍អាចនឹងមានទំនាក់ទំនងស្និទ្ធស្នាលជាមួយមន្ត្រីបក្សកាន់អំណាច ឬយ៉ាងណានោះ ប្រធាន​អង្គភាព​អ្នកនាំពាក្យរូបនេះថា៖ «នេះ​ជា​គោលការណ៍។ ដូច្នេះ​ហើយ វា​មិន​ផ្អែក​លើ​ទំនាក់​ទំនង​នោះទេ។ វា​អាស្រ័យ​លើ​គុណភាពនិង​សមត្ថភាព​របស់​ភាគី​ដែល​ទទួល​បាន​លទ្ធកម្មនិង​សិទ្ធិ​ក្នុង​ការ​អភិវឌ្ឍ»។

លោក​បន្ថែម​ថា ការអភិវឌ្ឍតែងតែ​មាន​ការ​ដោះ​ដូរ ហើយគម្រោង​អភិវឌ្ឍន៍​នឹង​ផ្ដល់ជា​ចំណូល​ពន្ធ​ជូន​រដ្ឋ ខណៈ​ការ​ផ្ទេរ​ដី​គឺមិនត្រូវបានផ្ដល់​ជូន​អ្នក​អភិវឌ្ឍន៍ដោយទទេៗឡើយ។

វីអូឌី មិនអាចសុំការធ្វើអត្ថាធិប្បាយពីអភិបាលក្រុងបូកគោ លោកស្រី ងិន ផលរ័ត្ន និងអ្នកនាំពាក្យសាលាខេត្តកំពត លោក អ៊ឹង ឆាយ បានទេ ទាក់ទងនឹងករណីនេះ។ ចំណែកនាយករដ្ឋបាលសាលាខេត្ត លោក ឃុត ឧសភា បានប្រាប់ឱ្យអ្នកសារព័ត៌មានបង្វែរសំណួរទៅកាន់ក្រសួងដែនដីវិញ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ 600 Hectares of Sea Privatized for Kampot Port Project

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ