ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សម្រេច​បិទ​សវនាការ​មុនកំណត់​ដោយសារ​ភាគី​ក្នុង​រឿងក្ដី កឹម សុខា ខ្វែង​គំនិត

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ក្នុងថ្ងៃមកចូលសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

នៅមិនទាន់ដល់ម៉ោងត្រូវបិទបញ្ចប់សវនាការនៅឡើយផង តុលាការត្រូវបង្ខំចិត្តបិទ​​ការជំនុំជម្រះ​​ភ្លាម​​ៗនៅមុនកាលកំណត់ ដោយសារបរិយាកាសនៅក្នុងបន្ទប់ជំនុំជម្រះកាន់តែមានសភាព​​តា​ន​តឹង​​ទៅ​​ៗ រ​វា​ងសហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ និងតំណាង​​អយ្យការ​​ ជុំវិញនីតិវិធីនៃ​​ការសួរ​​​ដេ​ញ​​​​​​ដោល និងការតាំងសំណួរ ដែលក្រុមមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា ចោទប្រកាន់ថា តំ​​ណា​ង​​​​អ​​យ្យ​​​ការមានអាកប្បកិរិយាឆ្គាំឆ្គង និងខ្វះសីលធម៌ក្នុងវិជ្ជាជីវៈ។

លោក កូយ សៅ ដែលជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដឹកនាំនីតិវិធីនៃសវនាការនេះ បាន​​សម្រេច​​ចិត្តភ្លាមៗបិទការជំនុំជម្រះ ក្នុងពេលដែលលោក ប្លង់ សុផល ជាព្រះរាជអាជ្ញារង កំពុងឈរ​​បក​​ស្រាយ​​ច្បាប់​​នៅឡើយ ដើ​ម្បី​​ឱ្យ​​ស​​ហ​មេធាវីការពារសិទ្ធិជនជាប់ចោទ និងអង្គសវនាការបានស្តាប់។

មុនដើរចេញពីកៅអី លោក កូយ សៅ បានលើកឡើងថា នីតិវិធីនេះមើលទៅដូចមិនទៅមុខសោះ ដូ​​ច្នេះ ​​​​តុលាការសម្រេចបិទការជំនុំជម្រះ ដើម្បីឱ្យគូភាគីក្នុងរឿងក្ដីបានបន្ធូរបន្ថយភាពតានតឹង និង​​បញ្ចៀស​​​​បាននូវ​​ការខ្វែងគំនិតគ្នាលើនីតិវិធីដែលកំពុងតែប្រទាញ​​ប្រទង់គ្នារកត្រូវ​​រៀងៗ​​ខ្លួន ទាក់ទង​​ប​ច្ចេ​ក​​ទេសនៃការប្រើប្រាស់ភាសាមួយចំនួននៅក្នុងផ្លូវច្បាប់។ លោក​​បន្ត​​ថា តុលាការនឹង​​បន្តស​​​វ​នា​​​ការជាធម្មតា​​ឡើ​​ង​​​​​វិញ នៅថ្ងៃពុធ ទី១៧ ខែសីហា សប្ដាហ៍ក្រោយទៀត។

លោកបន្តថា៖ «អ៊ីចឹងថ្ងៃនេះ ខ្ញុំគិតថាដូចមិនទៅមុខទេ។ តុលាការសុំបិទសវនាការត្រឹមនេះសិនចុះ ហើយបន្តនៅថ្ងៃពុធសប្ដាហ៍ក្រោយទៀត»។

ជាធម្មតា សវនាការសម្រាប់រឿងក្ដីលោក កឹម សុខា អំពីបទចោទ «សន្ទិដ្ឋិភាព ត្រូវរ៉ូវដោយ​​សម្ងាត់​​ជា​មួយរដ្ឋបរទេសឬភ្នាក់ងារបរទេស» នេះ តុលាការត្រូវបិទបញ្ចប់នៅម៉ោង១២ ឬអាចលើស​​ពីម៉ោ​ង​​​​​​១២ក៏មានដែរ ផ្អែកលើនីតិវិធីនៃការសួរដេញដោល។ ប៉ុន្តែសម្រាប់សវនាការជុំទី៥១ នៅថ្ងៃពុធ​​នេះវិញ តុលាការត្រូវបង្ខំចិត្តបិទសវនាការមុនពេលកំណត់កន្លះម៉ោង ដែលនេះជាការបិទ​​ដ៏កម្រ​​ពុំ​​ធ្លាប់​​​មាន​​សម្រាប់សវនាការដែលបានប្រើពេលដ៏យូរមួយនេះ។

គេសង្កេតឃើញថា ដើមចមដែលនាំឱ្យមានការប្រកែកគ្នាអំពីនីតិវិធីនេះ រហូតដល់តុលាការ​​ត្រូវ​​បិ​ទ​​​​​​បញ្ចប់​ភ្លាមៗ ទាំងនីតិវិធីកំពុងតែបន្តសួរដេញដោល និងបកស្រាយច្បាប់នៅឡើយនេះ នៅ​​បន្ទា​​​ប់​​​​​​​​ពីលោក កឹម សុខា ប្រតិកម្មនឹងការតាំងសំណួររបស់តំណាងអយ្យការ លោក ប្លង់ សុផល ដែល​​ព្យា​​យាមទាញភ្ជាប់ទៅនឹងសកម្មភាពរបស់លោក វន់ ពៅ ប្រធានសមាគមប្រជាធិប​​តេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ការតាំងសំណួរដែលលោក កឹម សុខា ចោទប្រកាន់តំណាងអយ្យការថាធ្វើឡើងរបៀបជា​បទ​​អ​ត្ថាធិ​​​ប្បា​​យ​​​ផងនេះ គឺសំដៅដល់សកម្មភាពរបស់បាតុករជាច្រើនរយនាក់ធ្វើបាតុកម្ម​​នៅមុខ​​អា​​គា​​រ​​​​ទី​​ស្តី​​កា​​រ​​គ​​ណៈរដ្ឋមន្រ្តី កាល​​ពីចុង​​ខែ​ធ្នូ ឆ្នាំ២០១៣ តវ៉ាដំឡើងប្រាក់ខែកម្មករ១៦០ដុល្លារ​​។ ជន​​​ជា​ប់​​​​​​​ចោទ បានជម្រាបអង្គជំនុំជម្រះថា បើគ្រាន់តែគេយកគោល​​​​​នយោ​​​បាយគណបក្ស​​សង្រ្គោះ​​ជា​តិ​​ទៅនិយាយ លោកចេះតែដើរចោទគេគ្រប់គ្នាបែបហ្នឹង?

មិនបង្អង់យូរ លោក ប្លង់ សុផល បានតបវិញភ្លាមថា បើអ្នកដែលនិយាយហើយមិនធ្វើសកម្មភាព គឺគ្មាននរណាចេះតែដើរចោទប្រកាន់ទេ តែបើនិយាយហើយមានសកម្មភាពដូចជនជាប់ចោទ ទើបគេ​​ចោទ​​ប្រកាន់។ ដូច្នេះហើយបានជាវាសនារបស់លោកត្រូវអង្គុយក្នុងរង្វង់ក្រចកសេះបែបនេះ។

ស្ថិតក្រោមហេតុផលនេះហើយ ទើបបង្ខំឱ្យលោក កឹម សុខា ប្រតិកម្មភ្លាមៗទៅនឹងសម្ដី​​​របស់​​តំ​​ណា​ង​​អយ្យការ ដោយហៅការអះអាងនេះថា វាជាសម្ដីដ៏អន់របស់លោកព្រះរាជអាជ្ញារងរូបនេះ ហើយបើទោះជាលោកជួបជាមួយ​​ថ្នាក់ដឹក​​នាំ​​​​កំពូល ក៏មិនមានអ្នកណាហ៊ាននិយាយ​​បែបនេះដែរ។ ម្យ៉ាង​​វិញទៀត លោកថា នេះគឺជាសម្ដីដែលជាការប្រមាថនិងអសីលធម៌សម្រាប់រូបលោក។

ស្ថិតក្នុងរង្វង់ក្រចកសេះ ម្តងអង្គុយ ម្តងឈរ លោក កឹម សុខា បន្ថែមថា ឋានៈរបស់លោកមិនសម​​នឹង​​និយាយជាមួយតំណាងអយ្យការផងទេ ហើយវាសនារបស់លោក និង​​​វាសនារបស់តំណាង​អយ្យ​​ការ ក៏មិនប្រាកដថាយ៉ាងណាដែរ ព្រោះ​​ជីវិតមនុស្សមិន​​ទៀងទេ។

លោកបន្តថា៖ «លោកអង្គុយនៅទីនេះ [តំណាងអយ្យការ] ហើយប្រើពាក្យថាជនជាប់​​ចោទមាន​​វា​​ស​នា វាដូចអាក្រក់ពេក ហើយលោកពាក់អាវ[អាវសម្រាប់តំណាងអយ្យការ] សូមប្រើ​​ភាសា​​ឱ្យ​​បាន​​សមរម្យបន្តិច»។

ស្របពេលមានការបកស្រាយពីលោក ប្លង់ សុផល ដើម្បីការពារនូវអ្វីដែលខ្លួនបាននិយាយ ចំ​​ណែ​​ក​​​អ្នកស្រី ម៉េង សុភារី សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ ឡើងជំទាស់ភ្លាមដែរ ដោយ​​ហៅ​​ការតាំងសំណួររបស់ព្រះរាជអាជ្ញារងរូបនេះថា កំពុងតែបំពានទៅលើកូនក្តីរបស់ខ្លួន រួមទាំង​​ច្បាប់​​ជាតិ និងអន្តរជាតិ ជាពិសេសអ្វីដែលតំណាងអយ្យការលើកឡើងនេះ វាគឺជាការសន្មតទុកជាមុននូវ​​អ្វី​ដែល​ខ្លួនចង់បាន។ អ្នកស្រីបន្ថែមថា អ្នកដែលមកទីនេះ គឺមិនប្រាកដជាអ្នកដែលត្រូវមាន​​ទោ​​ស​​​​​​​នោះ​​ឡើយ។

មិនខុសគ្នាទេ សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទម្នាក់ទៀត គឺលោកមេធាវី ផែង ហេង ជម្រា​​ប​​​​អង្គជំនុំជម្រះថា អ្វីដែលតំណាងអយ្យការព្យាយាមសួរដេញដោលពេញមួយព្រឹកនេះ លោក​​​ស​​ង្កេ​តឃើញថា គឺជាការអូសបន្លាយពេលវេលា វាមិនមែនជាច្បាប់ ហើយវាលើសពីនីតិវិធីទៅទៀត។

បើទោះបែបណា តំណាងអយ្យការ ទាំងលោក ប្លង់ សុផល និងលោក ឆាយ ហុង ឡើងការពារថា អ្វី​​​​ដែល​តំណាងអយ្យការតាំងសំណួរ រាល់ភស្តុតាងដែលមាននេះ វាមិនមែនជាការ​​អូសបន្លាយ​​ពេ​​ល​​​​​​វេលាទេ។ ប៉ុន្តែវាស្តែងឱ្យឃើញពីសកម្មភាពរបស់ជនជាប់ចោទស៊ីចង្វាក់គ្នាទៅនឹងសម្ដីដែល​​បា​​ន​និ​​យា​យ​​​នៅប្រទេសអូស្រ្តាលី ក្នុងកម្រិតបែបណា។ បន្ថែមពីលើនេះ ជនជាប់ចោទក៏អាច​​ប្រើ​​ប្រាស់​​​សិទ្ធិដែលមានបញ្ញត្តិនៅក្នុងច្បាប់ ត្រូវ​​​​ឆ្លើយឬមិនឆ្លើយបាន រាល់សំណួរដែល​​តាំងឡើង​​ដោ​​យ​​​តំណាងអយ្យការ។

ចំណែកមនុស្សដែលស្និទ្ធនឹងលោក កឹម សុខា គឺលោក ហ៊ុន កុសល បានប្រាប់ក្រុម​​អ្នកសារ​​ព័ត៌​​មា​ននៅខាងមុខបរិវេណតុលាការថា រាល់សំណួររបស់តំណាងអយ្យការ គឺជាការឆ្លុះបញ្ចាំង​​ឱ្យ​​ឃើញ​​ពីចេតនានយោបាយ ហើយសំណួរភាគច្រើនព្យាយាមធ្វើឱ្យសវនាការនេះមិនទៅមុខ។​​ មិន​​តែ​​ប៉ុណ្ណោះ ការតាំងសំណួរដែលបង្កប់ដោយការ​​សន្មតថាមានទោសទុកជាមុននេះ វាហាក់​​រំ​​លោភ​​ទៅ​នឹង​​តួនាទីរបស់ចៅក្រមថែម​ទៀត។​​ បើ​​តាម​​លោក ហ៊ុន កុសល លោកក៏ចង់ឃើញ​​ចំ​​ណា​​ត់​​ការអំពីភាពឆ្គាំឆ្គង​​របស់តំណាងអយ្យការនេះពីក្រសួង​​យុត្តិ​​ធម៌ដែរ។

លោកបន្តថា៖ «ខ្ញុំចង់សំណូមពរដល់ក្រសួងយុត្តិធម៌ សូមឱ្យពិចារណាអំពីបេក្ខភាពតំណាងអយ្យការពីការបង្ហាញអាប្បកិរិយាណាមួយដែលវាមិនសមស្រប ដូចដែលយើងឃើញអស់​​គ្នា មាន​​ចំណុច​​​ខ្លះគាត់ធ្វើការវិនិច្ឆយជំនួសតុលាការទៅទៀត។ ខ្ញុំស្តាប់ហើយ មានកន្លែងខ្លះ គាត់​​ធ្វើខ្លួនដូចជាចៅ​​​ក្រម​អ៊ីចឹង។ គាត់ធ្វើការសន្និដ្ឋាន​​ទោសរួចទៅហើយ។​​ អាហ្នឹងវាគឺជារឿងមិនត្រឹមត្រូ​​វទៅតាមនី​​តិ​​​វិធី​នៃការពិភាក្សាទេ»។

វីអូឌី មិនទាន់អាចស្នើសុំការបំភ្លឺជុំវិញរឿងនេះពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បាននៅឡើយទេ នៅថ្ងៃពុធនេះ។

បើទោះបែបណា តំណាងអយ្យការបានជម្រាបអង្គជំនុំជម្រះថា តួនាទីក្នុងនាមជាព្រះរាជអាជ្ញា មាន​​ភារកិច្ចរក្សាសណ្ដាប់ធ្នាប់សង្គម ហើយក៏ជាអ្នកកំណត់ទោសផងដែរ។

​​គេសង្កេតឃើញថា សម្រាប់សវនាការលើកទី៥១ នៅព្រឹកថ្ងៃពុធនេះ ទាំងមេធាវីកា​​រពារក្តី​​របស់​​​​រដ្ឋា​ភិបាល និងជាប្រធានគណៈមេធាវីផង លោក លី ចន្ទតុលា និងតំណាអយ្យការ បាន​​លើក​​ឡើងនូវ​​ឃ្លី​​បវីដេអូចាស់ៗមកដាក់បន្ទុកនិងចោទប្រកាន់លោក កឹម សុខា ឡើងវិញ។ នៅក្នុងអង្គសវនាការ លោក កឹម សុខា ព្យាយាមមិនឆ្លើយស្ទើរគ្រប់សំណួរ។ ម្តងអង្គុយឆ្លើយ ម្តងឈរឆ្លើយ លោក កឹម សុខា បានត្រឹមតបវិញថា បានឆ្លើយរួចអស់ហើយ លោកមិនឆ្លើយទៀតទេ។

ទំនងអត់ទ្រាំនឹងឥរិយាបថមិនបានរបស់ជនជាប់ចោទ លោក ឆាយ ហុង ដែលឈរ​​តាំងសំ​​ណួរ​​ដៃ​​ម្ខាង​​ច្រតតុ និងស្មាម្ខាងទៀតលយមកមុខបន្តិច និយាយដោយសម្ដីមួយៗ ដោយសួរលោក កឹម សុ​​ខា ថាតើជនជាប់ចោទអាចឆ្លើយដោយឈរបានដែរទេ។

យ៉ាងណា លោក កឹម សុខា ហៅការតាំងសំណួររបស់តំណាងអយ្យការថា លោកមិនឆ្លើយតប​​នូវ​​សំណួរបែបអត្ថាធិប្បាយនិងសន្មតទុកជាមុននេះទៀតទេ។ លើសពីនេះ លោកក៏នឹងមិន​​ឆ្លើយនូ​​វ​​សំណួរដែលព្យាយាមអូសបន្លាយពេលវេលាបែបនេះទៀតដែរ។

សម្រាប់លោក យី សុខសាន្ត មន្រ្តីសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលឃ្លាំមើល​​សវនា​​ការ​​ដោយផ្ទាល់​ ថ្លែងថា អ្វីដែលបានកើតឡើងនៅថ្ងៃនេះ ទំនងផ្ដើមចេញពីចរិត​​និស្ស័យរបស់​​តំ​​ណា​​ង​អ​​យ្យ​ការច្រើនជាង។ បើតាមអ្នកការពារសិទ្ធិមនុស្សរូបនេះ ដោយសារភាពឆ្គាំឆ្គងដោយឥរិយាបថ​ខ្លះ​​ៗ របស់​​ព្រះ​​រាជ​​អាជ្ញា​​រង បានធ្វើឱ្យបរិយាកាសនៅក្នុងអង្គសវនាការទាំងមូលហាក់មាន​​ភាព​​ខុស​​ប្រក្រតី ដែលបង្ខំចិត្តឱ្យតុលាការសម្រេចបិទការជំនុំជម្រះមុនកាលកំណត់។

លោកបន្តថា៖ «អានេះបើមើលទៅ វាជាអត្តចរិតបុគ្គល។ តាមពិត គាត់ប្រើភាសា គេហៅថាចរិតរបស់គាត់ គាត់ប្រើភាសាខ្លាំងៗអ៊ីចឹងហ្អា។ អ៊ីចឹងនៅពេលដែលគាត់មានអារម្មណ៍មិនល្អ គាត់ហាក់​​ដូច​ជា​​ក្រេវក្រោធ​​ខឹងទៅតាមអ្នកដែលនិយាយហ្នឹង ឧទាហរណ៍ថាម កហូបបាយ ដល់ពេល​​អ្នក​​ខ្លះ​​អត់​ចេះប្រើភាសា ថាមកស៊ីបាយ។ អាហ្នឹងហើយដែលធ្វើឱ្យដែលគេហៅថាក្និកក្នក់ចិត្តនោះណា»។

បើតាមលោក យី សុខសាន្ត សំណុំរឿងនេះ ក្រសួងយុត្តិធម៌គួរផ្តួចផ្តើមគំនិតដើម្បីបញ្ចប់ការបន្តនី​​វិ​​​​តិ​​​ធី​​តាមផ្លូវតុលាការទៅ ព្រោះករណីនេះ ត្រូវគេដឹងជាទូទៅហើយថា វាជា​​រឿងក្តី​​នយោ​​បាយ​​។ ការអំពាវនាវរបស់អង្គការមិនមែនរដ្ឋាភិបាលនៅពេលនេះ ដូចគ្នាទៅនឹងការ​ស្នើពីស​​ហភាព​​អឺ​​រ៉ុប និង​​មន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកដែរ ដែលចង់ឃើញលោក កឹម សុខា មានសេរីភាព ហើយលំហប្រជាធិបតេយ្យនៅកម្ពុជាត្រូវវិលទៅរកប្រក្រតីភាពឡើងវិញ ដូចនៅមុនឆ្នាំ​​២០១៧​​៕​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ