កម្មវិធី​ដកពិន្ទុ​បណ្ណបើកបរ​និង​បង់ប្រាក់ពិន័យ​ដោយ​ប្រព័ន្ធបច្ចេកវិទ្យា​នឹង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​នៅ​ដើម​ខែក្រោយ

​ប៉ូលិសចរាចរណ៍​ពីរ​នាក់​ឈរ​ចាំ​សម្រួល​ចរាចរណ៍​ដល់​ពលរដ្ឋ​ធ្វើដំណើរ​នៅ​ម្ដុំ​ស្ដា​តអូឡាំពិក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ​)

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងដាក់ឱ្យដំណើរការសាកល្បងកម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យ ចំពោះអ្នកល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ដោយឧបករណ៍បច្ចេកទេស នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ​២០២២ ស្ដីពីកម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យ ចំពោះអំពើល្មើសច្បាប់ ដោយប្រើប្រាស់ឧបករណ៍បច្ចេកទេស ឱ្យដឹងថា ការដាក់ដំណើរការនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កភាពងាយស្រួលក្នុងការបង់ប្រាក់ពិន័យ។

សេចក្ដីជូនដំណឹងដដែលលើកឡើងថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមា ក៏ដូចជាការបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ លើសពីនេះ ធានាតម្លាភាពក្នុងការពិន័យអន្តរការណ៍ចំពោះអំពើល្មើស​ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងដើម្បីកត់ត្រាព័ត៌មានរក្សាទុកក្នុងប្រព័ន្ធផងដែរ។

ប្រភពដដែលឱ្យដឹងថា៖ «កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះ នឹងដាក់ឱ្យដំណើរការអនុវត្តសាកល្បងនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២តទៅ ហើយនឹងដំណើរការអនុវត្តពេញលេញ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣»។

បើតាមសេចក្ដីជូនដំណឹងដដែល គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រកាសឱ្យអ្នកបើកបរយានយន្តគ្រប់រូបយកតាមខ្លួននូវបណ្ណបើកបរយានយន្តច្បាប់ដើម ដើម្បីផ្ដល់ជូនសមត្ថកិច្ចត្រួតពិនិត្យ និងអនុវត្តការដកពិន្ទុ ក្នុងករណីមានការប្រព្រឹត្តល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

មួយវិញទៀត គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បញ្ជាក់ថា ការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អាចបង់ប្រាក់នៅតាមបញ្ជរទ្រូម៉ាន់នី ឬភ្នាក់ងារទ្រូម៉ាន់នី ឬតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រុមហ៊ុនទ្រូម៉ាន់នី (TrueMoney Mobile App) បន្ថែមលើការបង់ប្រាក់ដោយផ្ទាល់នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ