ជនសង្ស័យ​ដែល​សម្លាប់​បុរស​មូស្លីម​ចំនួន​៤នាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​រដ្ឋញូមិចស៊ីកូ (New Mexico)

អភិបាលក្រុង Albuquerque លោក Tim Keller ថ្លែងនៅវិហារអ៊ីស្លាមមួយក្នុងក្រុង New Mexico ដើម្បីរំលឹកដល់បុរសមូស្លីមបួននាក់ដែលត្រូវបានបាញ់សម្លាប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២។ (REUTERS/Andrew Hay)

នគរបាលរដ្ឋ New Mexico កាលពីថ្ងៃអង្គារ បានចាប់ខ្លួនបុរសម្នាក់ដែលជាជនសង្ស័យបឋមក្នុងការបាញ់សម្លាប់បុរសមូស្លីមចំនួន៤នាក់ នៅទីក្រុង Albuquerque ចាប់តាំងពីខែវិច្ឆិកា ដែលជាការលបបាញ់ប្រហារជាបន្តបន្ទាប់ ដែលបានធ្វើឱ្យសហគមន៍អ៊ីស្លាមនៅទីក្រុងនេះមានការភ័យខ្លាច។ នេះបើយោងតាមការចេញផ្សាយរបស់បណ្ដាញសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ។

ប្រភពដដែលបន្តថា នគរបាលទទួលបានតម្រុយពីសាធារណជនក្នុងការជួយអ្នកស៊ើបអង្កេតស្វែងរករថយន្តដែលពួកគេជឿថាត្រូវបានប្រើប្រាស់ក្នុងករណីឃាតកម្មយ៉ាងហោចណាស់មួយករណី និងនាំទៅរកការតាមចាប់ខ្លួនជនសង្ស័យដែលមានឈ្មោះថា ម៉ូហាម៉ាត់ ស៊ីអ៊ីដ (Muhammad Syed) អាយុ៥១ឆ្នាំ ជាអ្នករស់នៅទីក្រុង Albuquerque ។

លោក Syed ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទមនុស្សឃាតចំនួនពីរករណី។ ជនរងគ្រោះទីមួយឈ្មោះ អាហ្វថាប ហ៊ូសៀន (Aftab Hussein) អាយុ៤១ឆ្នាំ ត្រូវបានសម្លាប់នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ និងទីពីរឈ្មោះ ម៉ូហាម៉េត អាហ្វហ្សាអាល់ ហ៊ូសាអ៊ីន (Muhammed Afzaal Hussain) អាយុ២៧ឆ្នាំ ត្រូវបានសម្លាប់នៅថ្ងៃទី១ ខែសីហា។ 

ទោះយ៉ាងណា​ លោក Syed ត្រូវបានចាត់ទុកថាជាជនសង្ស័យក្នុងឃាតកម្មទាំង៤ករណី។ នេះបើតាមស្នងការនគរបាលក្រុង Albuquerque លោក ហារ៉ូល មេឌីណា (Harold Medina) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន។

ជនរងគ្រោះចុងក្រោយឈ្មោះ ណេយីម ហ៊ូសាអ៊ីន (Nayeem Hussain) អាយុ២៥ឆ្នាំ ជាអ្នកបើករថយន្តដឹកទំនិញ ដែលបានទទួលសញ្ជាតិអាមេរិកនៅថ្ងៃទី៨ ខែកក្កដា ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ ប៉ុន្មានម៉ោងបន្ទាប់ពីបានចូលរួមក្នុងការបញ្ចុះសពបុរស២នាក់ដែលម្នាក់ត្រូវបានសម្លាប់កាលពីខែកក្កដា និងម្នាក់ទៀតនៅខែសីហា ហើយទាំងពីរនាក់នេះជាជនជាតិប៉ាគីស្ថាន។

ជនរងគ្រោះដំបូងគេមានឈ្មោះថា ម៉ូហាម៉ាត់ អាម៉ាឌី (Mohammad Ahmadi) អាយុ៦២ឆ្នាំ មានដើមកំណើតនៅអាហ្វហ្គានីស្ថាន ត្រូវបានសម្លាប់កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលកំពុងជក់បារីនៅខាងក្រៅហាងលក់គ្រឿងទេស និងហាងកាហ្វេដែលគាត់បានបើកជាមួយបងប្រុសរបស់គាត់ នៅភាគអាគ្នេយ៍នៃទីក្រុង Albuquerque។

នគរបាលបាននិយាយថា ឃាតកម្មទាំងពីរករណីដែលឈ្មោះ Syed ត្រូវបានចោទប្រកាន់ដំបូង ដោយផ្អែកលើសំបកគ្រាប់កាំភ្លើងដែលបានរកឃើញនៅកន្លែងកើតហេតុនៃឃាតកម្មទាំងពីរករណី។

យោងតាមនគរបាល ក្រុមអ្នកស៊ើបអង្កេតបានឆែកឆេរផ្ទះរបស់ឈ្មោះ Syed នៅភាគអាគ្នេយ៍នៃទីក្រុង Albuquerque កាលពីថ្ងៃចន្ទ ខណៈគាត់បើករថយន្តចេញពីផ្ទះ ហើយអ្នកស៊ើបអង្កេតមានការសង្ស័យចំពោះរថយន្តរបស់គាត់។​

នគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រៅពីការដកហូតអាវុធមួយចំនួនពីផ្ទះរបស់ជនសង្ស័យ អ្នកស៊ើបអង្កេតបានរកឃើញភស្តុតាងដែលបង្ហាញថា ជនល្មើសស្គាល់ជនរងគ្រោះ និងមានជម្លោះបុគ្គលដែលឈានដល់ការបាញ់ប្រហារ។

អាជ្ញាធរទីក្រុង Albuquerque និងអាជ្ញាធររដ្ឋ New Mexico បានធ្វើការដើម្បីឱ្យនគរបាលទៅឃ្លាំមើលបន្ថែមនៅតាមវិហារអ៊ីស្លាមក្នុងអំឡុងពេលពិធីសាសនា ខណៈការស៊ើបអង្កេតត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Albuquerque ដែលមានពលរដ្ឋម៉ូស្លីមរហូតដល់៥ ០០០នាក់ក្នុងចំណោមប្រជាជនសរុប ៥៦៥ ០០០នាក់។

ការលប​បាញ់​ប្រហារ​ទៅលើបុរសជន​ជាតិ​ប៉ាគីស្ថាន ឬ​អាហ្វហ្គានីស្ថាន​ បាន​ធ្វើ​ឱ្យ​សហគមន៍​មូស្លីម​នៅទីក្រុង Albuquerque មានការភ័យ​ខ្លាច។ ក្រុមគ្រួសារនានាបានលាក់ខ្លួននៅក្នុងផ្ទះរបស់ពួកគេ ហើយនិស្សិតប៉ាគីស្ថានមួយចំនួននៅសាកលវិទ្យាល័យ New Mexico បានចាកចេញពីទីក្រុងដោយភ័យខ្លាច។

អ៊ីមធីអាស ហ៊ូសាអ៊ីន (Imtiaz Hussain) ដែលប្អូនប្រុសរបស់គាត់ធ្វើការជានាយកផែនការទីក្រុង ហើយត្រូវបានសម្លាប់កាលពីថ្ងៃទី១ ខែសីហា បាននិយាយថា ព័ត៌មានអំពីការចាប់ខ្លួនជនសង្ស័យបានធ្វើឱ្យសហគមន៍មូស្លីមមានភាពកក់ក្តៅឡើងវិញ។

លោកបន្តថា៖ «កូនៗរបស់ខ្ញុំសួរខ្ញុំថា “តើយើងអាចអង្គុយនៅរានហាលរបស់យើងបានទេឥលូវនេះ?”។ ខ្ញុំឆ្លើយ​ថា “បាន”។ ហើយ​គេសួរទៀតថា “តើ​យើង​អាច​ចេញ​ទៅ​លេង​នៅខាងក្រៅបានទេឥលូនេះ​?”។ ខ្ញុំឆ្លើយថា “បាន”»។

ជនរងគ្រោះចុងក្រោយបង្អស់ទាំង៣នាក់បានចូលរួមពិធីសាសនានៅមជ្ឈមណ្ឌលអ៊ីស្លាម ក្នុងរដ្ឋ New Mexico ដែលជាវិហារអ៊ីស្លាមដ៏ធំបំផុតក្នុងទីក្រុង Albuquerque។ ពួកគេត្រូវបានបាញ់ប្រហារនៅជិត Central Avenue នៅភាគអាគ្នេយ៍ទីក្រុង Albuquerque ។

អភិបាលក្រុង Albuquerque លោក ធីម ខេលឡឺ (Tim Keller) បានថ្លែងអំណរគុណចំពោះការអនុវត្តច្បាប់របស់អាជ្ញាធរក្នុងតំបន់ រដ្ឋ និងសហព័ន្ធចំពោះករណីនេះ។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងសង្ឃឹមថា វិធានការទាន់ពេលវេលានឹងនាំមកនូវសុវត្ថិភាពបន្ថែមទៀតសម្រាប់មនុស្សជាច្រើនដែលកំពុងមានការភ័យខ្លាចពីការបាញ់ប្រហារនេះ»។

​ជន​រង​គ្រោះដែល​ត្រូវ​បានបាញ់​សម្លាប់ ​គឺពាក់ព័ន្ធនឹងឧក្រិដ្ឋប្រឆាំងវណ្ណៈ។

លោក អ៊ីមធីអាស ហ៊ូសាអ៊ីន (Imtiaz Hussain) បាននិយាយថា៖ «ឃាតកមានចិត្តដែលពោរពេញដោយការរើសអើងជាតិសាសន៍»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ