សហរដ្ឋ​អាមេរិក​ប្រគល់​សម្បត្តិ​វប្បធម៌​ចំនួន​៣០រូប​មក​កម្ពុជា​វិញ

សម្បត្តិវប្បធម៌ដែលសហរដ្ឋអាមេរិកប្រគល់មកកម្ពុជាជាម្ចាស់ដើមវិញ។ (ហ្វេសប៊ុក៖ U.S. Embassy Phnom Penh, Cambodia)

សហរដ្ឋអាមេរិកបានប្រគល់​សម្បត្តិវប្បធម៌ចំនួន៣០រូប ដោយក្នុងនោះមានរូបចម្លាក់មួយជារចនាប័ទ្មសតវត្សរ៍ទី១០ មកកាន់កម្ពុជាវិញ កាលពីព្រឹកថ្ងៃទី៩ ខែសីហា​។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា កាលពីម្សិលមិញ​ ឱ្យដឹងថា លោក Lee Satterfield ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអប់រំនិងវប្បធម៌ ចូលរួមជាមួយ​លោក កែវ ជា ឯកអគ្គរាជទូតកម្ពុជាប្រចាំ​នៅសហរដ្ឋអាមេរិក និងមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមរិកជាច្រើនរូបទៀត បានចូលរួមក្នុងការប្រារព្ធពិធីមាតុភូមិនិវត្តន៍នៃសម្បត្តិវប្បធម៌ជាតិកម្ពុជា។​ ក្នុងនោះ សហរដ្ឋអាមេរិកបានប្រគល់មកវិញនូវសម្បត្តិវប្បធម៌ចំនួន៣០រូប ដែលក្នុង​នោះ​រួមមានរូបចម្លាក់មួយជារចនាប័ទ្មសតវត្សរ៍ទី១០។

សហរដ្ឋអាមេរិកបានលើកឡើងថា ពិធី​នេះបានបញ្ជាក់ពីសារៈសំខាន់​នៃកិច្ចសហប្រតិបត្តិការលើបេតិកភណ្ឌវប្បធម៌ ផ្អែកតាមកិច្ចព្រមព្រៀងស្តីពីសម្បត្តិវប្បធម៌រវាងប្រទេសទាំងពីរ ដែលជាកិច្ចព្រមព្រៀងមានតែមួយគត់រវាងសហរដ្ឋអាមេរិក និងរដ្ឋមួយជាសមាជិកសមាគមអាស៊ាន។

អាមេរិកបន្តថា អស់រយៈពេលជាង២០ឆ្នាំមក​នេះ សហរដ្ឋអាមេរិកបានធ្វើការងារការពារ អភិរក្ស និងគោរព​ដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប​របស់ប្រទេសកម្ពុជា ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយនិងដៃគូខាងកម្ពុជា និងអាមេរិក។

ចាប់តាំងពីឆ្នាំ២០០១មក សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង៥លានដុល្លារសម្រាប់ការងារអភិរក្សវប្បធម៌នៅកម្ពុជា ដោយរួមមានទឹកប្រាក់ចំនួនជាង៣,៥លានដុល្លារ ដែលត្រូវបានផ្ដល់មកតាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ដើម្បីជួសជុលនិងអភិរក្សប្រសាទភ្នំបាខែង ដែលត្រូវបានកសាងឡើង​នៅសតវត្សរ៍ទី៩ ក្នុងខេត្តសៀមរាប។

កាលពីថ្ងៃទី១៦​ ខែកក្កដា ឆ្នាំ២០២១ រដ្ឋាភិបាល​សហរដ្ឋអាមេរិកសម្រេច​បញ្ជូន​វត្ថុបុរាណ «រូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក» ដែល​រឹបអូបពី​ការកាន់កាប់​ខុសច្បាប់​នៅទីក្រុង​ញូយ៉ក ប្រគល់​មកកម្ពុជា ដែលជា​ប្រទេសម្ចាស់​ដើម​វិញផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ