យុវជន​មួយចំនួន​នៅ​តែ​រង​ការរឹតត្បិត​សេរីភាព​ក្នុង​ការ​ទាមទារ​រឿង​អយុត្តិធម៌​សង្គម

ក្រុមយុវជន និងអង្គការសង្គមស៊ីវិល បានធ្វើកិច្ចពិភាក្សានៅក្នុងវេទិកាយុវជនថ្នាក់ជាតិ នៅថ្ងៃពុធ ទី១០ ឆ្នាំ២០២២។

សង្គមស៊ីវិល និងក្រុមយុវជនមួយចំនួនមកពីបណ្ដា​រាជធានី-ខេត្ត បានលើកឡើងប្រហាក់ប្រហែលគ្នាថា អាជ្ញាធរមួយចំនួននៅតែបន្តគំរាមកំហែងនិងរឹតត្បិតសេរីភាពបញ្ចេញមតិរបស់យុវជន ពិសេសនៅពេលពួកគាត់ចេញតវ៉ាទាមទាររឿងអយុត្តិធម៌សង្គម។

ក្នុងវេទិកាយុវជនថ្នាក់ជាតិ ឆ្នាំ២០២២ នៅថ្ងៃពុធ ទី១០ ខែសីហានេះ នាយក​ប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានថ្លែងថា យុវជនដែលមានអាយុចន្លោះពី១៥ឆ្នាំដល់៣០ឆ្នាំ មានចំនួនជាង៦០ភាគរយ ក្នុងចំណោមប្រជាជនសរុបជិត១៦លាននាក់នៅកម្ពុជា។

លោកបញ្ជាក់ថា តាមលទ្ធផលស្រាវជ្រាវមួយចំនួន ដូចជា ការស្ទង់មតិស្តីពីសុចរិតភាពរបស់យុវជន ការសិក្សាស៊ីជម្រៅស្តីពីភាពជាអ្នកដឹកនាំរបស់ស្ត្រី និងយុវជនរបស់អង្គការតម្លាភាពកម្ពុជា និងការស្ទង់មតិស្តីពីយុវជនដោយអង្គការ BBC Media Action បានបង្ហាញថា ចំណេះដឹង ការចាប់អារម្មណ៍ ការចូលរួមរបស់យុវជនទាក់ទង​កិច្ចការសង្គម ដូចជា រឿងដីធ្លី បរិស្ថាន ការពារធនធានធម្មជាតិ និងនយោបាយរបស់ប្រទេសជាតិ នៅមានកម្រិតនៅឡើយ ។

លោកបន្ថែមថា ឧបសគ្គដែលយុវជនជួបប្រទេសនោះ រួមមាន កង្វះការយល់ដឹងអំពីសិទ្ធិ និងយន្តការនៃការចូលរួម កង្វះពេលវេលាដោយសារកត្តាជីវភាព កង្វះទំនុកចិត្តក្នុងការចូលរួម ការព្រួយបារម្ភពីសុវត្ថិភាព កង្វះការគាំទ្រពីសំណាក់គ្រួសារ និងរងការគំរាមកំហែងឬការរារាំងពីក្រុមអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាដើម។

ករណីនេះ លោកថា បើយុវជននៅតែបន្តជួបឧបសគ្គបែបនេះ នឹងធ្វើឱ្យនាវាកម្ពុជាដើរទៅមុខមានភាពយឺតយ៉ាវក្នុងការអភិវឌ្ឍសង្គមជាតិ ។

លោកមានប្រសាសន៍ថា៖ «ការចូលរួមរបស់យុវជនអាចជួយជំរុញឱ្យកម្ពុជាអភិវឌ្ឍទៅលឿន​ជាងបច្ចុប្បន្ន ទាំងវិស័យសេដ្ឋកិច្ច វិស័យសុខាភិបាល វិស័យអប់រំ ហើយជាពិសេសនៅក្នុងការរុញល្បឿនកម្ពុជាឱ្យគោរពនូវនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ។ អ៊ីចឹងការចូលរួមរបស់ពួកគាត់នឹងជំរុញល្បឿនកម្ពុជាឱ្យទៅរកចំណុចមួយល្អ វិជ្ជមានសម្រាប់សង្គម។ បើសិនជាយើងហាមគាត់មិនឱ្យចូលរួម ខ្ញុំគិតថាល្បឿននៃការអភិវឌ្ឍ​ជាតិរបស់យើង យឺតមែនទែន»។

យុវជន រិន ធា មកពីខេត្តបាត់ដំបង ដែលចូលរួមក្នុងវេទិកាយុវជនថ្នាក់ជាតិឆ្នាំ២០២២ នៅថ្ងៃពុធនេះ ឱ្យដឹងថា ការចូលរួមកម្មវិធីនេះ ដើម្បីចង់ចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមដែលគាត់ជួបប្រទះនៅក្នុងសហគមន៍របស់គាត់ទៅកាន់យុវជនផ្សេងៗទៀត និងសិក្សាយកបទពិសោធន៍ថ្មីៗ សម្រាប់យកទៅចែករំលែកបន្តជូន​យុវជនក្នុងមូលដ្ឋានពួកគាត់ថែមទៀតផង។

យុវជនរូបនោះបញ្ជាក់ថា នៅក្នុងសហគមន៍របស់គាត់ដែលជួបឧបសគ្គ ដោយសារតែអាជ្ញាធរមួយចំនួនមិនសហការ​ល្អជាមួយប្រជាពលរដ្ឋក្នុងការទប់ស្កាត់បទល្មើសជាដើម។

លោកបញ្ជាក់ដូច្នេះថា៖ «ខ្ញុំធ្វើការសហគមន៍ទាក់ទងនឹងបទល្មើសនេសាទច្រើនដែរ ប៉ុន្តែការសហការជាមួយអាជ្ញាធរ ដូចថាគាត់នៅមានកម្រិត មិនសូវយកចិត្តទុកដាក់ ហើយយើងនិយាយទាក់ទងនឹងការអភិរក្សការពារធនធានហ្នឹងហើយ យើងសំណូមពរគាត់ខ្លាំង ចេះតែតឿនគាត់ថាថ្មើរណាគាត់ទៅបង្ក្រាបបទល្មើស ឬហៅជនល្មើសមកធ្វើកិច្ចសន្យា។ ដល់ពេលយើងតឿនគាត់ខ្លាំងពេក គាត់ថាយើងបក្សប្រឆាំង រករឿងគាត់។ អ៊ីចឹងការងារយើងធ្វើទៅ វាពិបាក»។

យុវតី អ៊ុក សុវណ្ណដាណេ ដែលអះអាងថាជាយុវជនរបស់អង្គការតម្លាភាពកម្ពុជានៅរាជធានីភ្នំពេញ និយាយថា គាត់និងក្រុមយុវជនមួយចំនួនទៀតតែងតែរួមគ្នាតស៊ូមតិរិះគន់ចំណុចខ្វះខាតរបស់អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមិនបានបំពេញតួនាទីនិងកាតព្វកិច្ចដោះស្រាយបញ្ហាប្រឈមនានាដូចជា បញ្ហាដីធ្លី បរិស្ថាន និងធនធានធម្មជាតិ ជូនពលរដ្ឋដែលរងគ្រោះឱ្យមានតម្លាភាពនោះទេ។

យុវតីរូបនោះបញ្ជាក់ថា នៅពេលក្រុមយុវជនចេញតស៊ូមតិបែបអហិង្សា ក៏រងការគំរាមកំហែង ការរឹតត្បិតសេរីភាពពីសំណាក់អាជ្ញាធរពាក់ព័ន្ធមួយចំនួនផងដែរ។ ទោះជាបែបនេះក្តី យុវតីរូបនោះអះអាងថា គាត់មិនបារម្ភពីសុវត្ថិភាព​ទេ ហើយនៅតែចេញតស៊ូមតិទាមទារឱ្យមានយុត្តិធម៌ក្នុងសង្គម ដើម្បីលុបបំបាត់អំពើពុករលួយក្នុងប្រទេសកម្ពុជា។

យុវតីរូបនោះអះអាងថា៖ «បើសម្រាប់ខ្ញុំ ខ្ញុំមានតែខិតខំបន្ថែមទៀត ហើយចូលរួមការអភិវឌ្ឍ​និងការសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីអភិវឌ្ឍ ក៏ដូចជាការចូលរួមការងារសង្គម និងធ្វើបញ្ហាផ្សេងៗ មិនថាបញ្ហាបរិស្ថាន ឬក៏បញ្ហាសេវាអ្វីផ្សេងៗទាក់ទងជាមួយ ឬក៏ទាក់ទងនឹងការលុបបំបាត់អំពើពុករលួយនៅតាមភូមិឃុំទាំងអស់។ យើងជាយុវជន យើងមានសិទ្ធិបញ្ចេញមតិ។ សម្រាប់ខ្ញុំ ខ្ញុំអត់មានការភ័យខ្លាចទាក់ទងនឹងការនិយាយអីដែលជាបញ្ហាពិតជាក់ស្តែងក្នុងសង្គមទេ»។

អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍន៍យុវជន និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា លោក ជីវ រដ្ឋា មានប្រសាសន៍ថា យុវជននៅកម្ពុជាមានចំនួន ២ភាគ៣ នៃកម្លាំងយុវជនសរុប៦០ភាគរយ។ លោកបន្តថា កន្លងមក ពិតជាមានយុវជនខ្លះជួបបញ្ហាប្រឈមប្រាកដមែន ដោយសារពួកគាត់មិនទាន់មានចំណេះដឹងគ្រប់គ្រាន់ និងមិនមានឱកាសចូលរួមក្នុងការងារសង្គមបានច្រើននៅឡើយ ។

ទោះជាបែបនេះក្តី លោកលើកទឹកចិត្តដល់យុវជនទាំងអស់ដែលមានបំណងចង់ចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិជាមួយរដ្ឋាភិបាល ត្រូវពង្រឹងសមត្ថភាពនិងចំណេះដឹងឱ្យបានទូលំទូលាយ ទើបទទួលបានផលវិជ្ជមានខ្ពស់។

លោកមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថាយុវជនអាចនឹងចូលរួមច្រើនក្នុងការកសាងគោលនយោបាយទៅតាមអ្វីដែលគាត់មើលឃើញ ដូចខ្ញុំជម្រាបថា បើសិនជាគាត់អត់ធ្វើ គាត់អត់និយាយចេញទេ គាត់ធ្វើមិនបានតែម្តង។ អ៊ីចឹងទាល់តែគាត់ចូលរួមរៀនផង អនុវត្តផង ស្ម័គ្រចិត្តផង ដើម្បីឱ្យមើលឃើញ ទើបថ្ងៃក្រោយគាត់អាចតវ៉ាបាន គាត់អាចបញ្ចេញសំឡេងបាន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ