សមត្ថកិច្ច​ថា កំពុង​បន្ត​ស៊ើប​អង្កេត​ករណី​មន្រ្តី​កង​រាជ​អាវុធហត្ថខេត្ត​កំពង់ធំ ១១នាក់ ពាក់ព័ន្ធ​រឿង​សង្កត់ក​អនុភូមិ​ម្នាក់​ស្លាប់​

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ហង្ស ថុល ក្នុងកិច្ចប្រជុំនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប្រចាំខែកក្កដា និងដាក់ទិសដៅសម្រាប់ខែសីហា កាលពីឆ្នាំ២០២១។ (ហ្វេសប៊ុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ)

សមត្ថកិច្ចថា កំពុង​បន្ត​ស៊ើប​អង្កេត​នៅឡើយ​ ទៅលើ​ករណី​កង​រាជអាវុធ​ហត្ថ​ខេត្តកំពង់ធំ​ចំនួន ១១នាក់​ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពីពេលថ្មីៗ​នេះ​ពាក់ព័ន្ធនឹង​រឿង​សង្កត់ក​ អនុភូមិម្នាក់​រហូតដល់​ស្លាប់​ក្នុង​ពេល​ចុះបង្រ្កាប​ល្បែង​ឡូតូមួយ​កន្លែង​។

អ្នកនាំពាក្យ​របស់​កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានប្រាប់ឱ្យ វីអូឌី ឱ្យ​ដឹងនៅ​រសៀលថ្ងៃព្រហស្បតិ៍នេះថា ករណីស៊ើបអង្កេត​ទៅលើ​មន្ត្រីកងរាជ​អាវុធហត្ថ​ខេត្តកំពង់ធំ ជុំវិញករណីចាប់ខ្លួនអនុភូមិម្នាក់​បណ្ដាលឱ្យស្លាប់​ នៅពុំទាន់អាចបញ្ជាក់ជា​លទ្ធផលនៅឡើយទេ គិតត្រឹ​ម​រសៀលថ្ងៃនេះ។

លោកបញ្ជាក់ថា មកទល់ពេល​នេះ ក្រុមការងារ​ចំពោះកិច្ចរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស កំពុងធ្វើការ​ស៊ើបអង្កេត និងស្រាវជ្រាវនៅឡើយ ហើយលោកថា ប្រសិន​បើបាន​លទ្ធផលយ៉ាងណា​នោះកងរាជអាវុធហត្ថលើផ្ទៃប្រទេស​នឹង​ជម្រាប​ជូនជាព័ត៌មាន។

លោក អេង ហ៊ី មានប្រសាសន៍ថា៖ «កំពុង​តែស៊ើបអង្កេត និងស្រាវជ្រាវ ហើយ​សួររក​ឃើញអ្វី? អ្នកណា​និយាយ​កើត​ បើកំពុង​តែស៊ើប។ ចាំហើយ​សិន​ណា! រង់ចាំ​សិន​ទៅ ចាំ​ខ្ញុំប្រកាសព័ត៌មាន ហើយចាំ​ប្រាប់​តាមក្រោយ​»។

វីអូឌី មិនអាច​​សុំការ​ឆ្លើយតប​បន្ថែ​ម​ពី ​មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ហង្ស ថុល បានទេ នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែលោក ហង្ស ថុល បាន​ឱ្យ វីអូឌី ដឹង​កាលពីថ្ងៃទី០៩ ខែសីហា ថា មន្ត្រីរបស់ខ្លួនចំនួន​ ១១នាក់​ត្រូវបាន​ឃាត់ខ្លួន​ទុកនៅ​ប​ន្ទាយ​ជាបណ្តោះអាសន្នដើម្បី​ស៊ើបអង្កេតបន្ត​ ពាក់ព័ន្ធ​ករណី​បង្ក្រាប​ទីតាំងល្បែង​ស៊ីសង​តាមអនឡាញមួយ​កន្លែងដែល​បណ្ដាល​ឱ្យអនុប្រធានភូមិ​ម្នាក់​ស្លាប់។

ការឃាត់ខ្លួន​មន្ត្រីកងរាជអាវុធហត្ថខេត្តទាំង១១នាក់នេះ ក្រោយអនុប្រធានភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ លោក សួង ឌ័ន ត្រូវ​បាន​ក្រុម​គ្រួសារ​អះអាងថា ​បានស្លាប់​ដោយសារ​ថប់ដង្ហើម​ក្នុងពេល​បញ្ជូនគាត់ទៅ​បញ្ជាការដ្ឋានខេត្ត ក្រោយ​មន្ត្រីកងរាជអាវុធហត្ថស្រុក​​បានចាប់ខ្លួន និងសង្កត់ក​លោក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ