អ្នក​ជំនាញ​ថា កម្ពុជា​នឹង​គ្រោះថ្នាក់​បើ​បន្ទាត់​នយោបាយ​លម្អៀង​ជ្រុល​ទៅ​រក​មហា​អំណាច​ណា​មួយ​

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ដឹកនាំកិច្ចប្រជុំរបស់ក្រសួងមួយ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុក លោក ទៀ បាញ់)

អ្នក​ជំនា​ញ​ន​យោបា​យ​មួ​យ​​ចំនួ​ន​​ប​ង្ហាញ​​ជា​​ទស្សនៈ​ថា​ ប​រិប​ទ​​នយោ​​បាយ​ស​ក​ល​​​នាពេលប​​ច្ចុ​ប្បន្ន​​តម្រូវ​ឱ្យ​​ក​​​​​ម្ពុ​ជា​ប្រ​​​កា​​​ន់​ខ្ជា​​ប់​​នូវ​​នយោបាយ​អ​ព្យា​​ក្រឹ​ត​​ដូ​ច​មា​ន​ចែង​ក្នុ​ង​រដ្ឋ​ធម្ម​នុ​ញ្ញ ទើ​ប​អា​ចកា​រ​ពារ​​ផល​ប្រយោជន៍​​ជាតិ​បាន​ បើ​​​ពុំ​​​​​​នោះ​​​​​​​​​ទេ​​​ កម្ពុជា​នឹង​គ្រោះថ្នាក់​​​ផ្នែក​​​សេ​ដ្ឋ​កិច្ច និង​​វិ​ស័យកា​រទូត​ បើ​​បន្ទា​ត់​​នយោ​បា​​យល​ម្អៀង​ទៅរ​ក​មហា​អំណា​ច​ណាមួ​យ​នោះ​។

​ក្តី​បា​រ​ម្ភ​​របស់​​អ្នក​ជំ​នាញ​​នយោបាយ​​នៅក្រៅ​រដ្ឋា​ភិបា​ល​នេះ​​​ បា​ន​​កើ​តឡើ​ង​ក្រោ​យពី​រ​ដ្ឋម​ន្ត្រី​ក្រ​សួង​​ការ​ពា​រ​ជា​តិ ​លោក ទៀ​ បា​ញ់ ​កាល​ពី​ថ្ងៃទី១០​ ខែ​​សី​​​ហា​​នេះ ​បានប​ង្ហោះ​សារ​លើ​​ហ្វេសប៊ុ​ក​រ​បស់​លោ​ក​ ដោ​យលើកឡើង​ថា៖ ​«ក្នុ​ង​ប​រិប​ទ​បច្ចុប្បន្ន​ និ​ងទៅអនា​គ​ត ​ស្ថាន​ភា​ព​សន្តិ​សុ​ខ ​ន​យោ​​​​បាយ​ ក្នុ​ង​តំប​ន់ ​និ​ងពិភពលោ​ក​​មាន​​​ភា​​​​​​​ពកា​​ន់​តែ​ស្មុ​គស្មា​ញ​មិន​​ច្បាស់​លាស់​​ ​ដូចនេះ​​កិ​ច្ច​ស​ហប្រ​​​តិ​ប​ត្តិ​កា​​​​​​​​​រ​​យោធាកម្ពុ​ជា ​ចិ​ន ពិតជា​​មាន​​សារសំ​​ខាន់​​​ក្នុង​ការលើ​​កកម្ព​ស់​​ស​​​មត្ថភា​​ព​នា​យ​ទា​ហា​ន​​វ័​យ​​ក្មេង​បន្ត​វេ​ន​ លំ​​​​​​​​​ហា​​ត់ហ្វឹកហ្វឺន​រួម​គ្នា ​និង​​កា​រ​ធ្វើ​​ទំ​នើ​​​ប​​កម្ម​​ហេដ្ឋា​រ​ចនា​សម្ព័ន្ធ​​យុ​ទ្ធោ​បករ​ណ៍​ សម្រា​ប់​កា​រពា​រអ​ធិ​តេ​យ្យភា​​​​ព​ បូ​រណភាព​ទឹក​ដី​ប្រទេស​ជា​តិ​យើ​​ង​​»​​។​

​សារ​នេះ ក៏ធ្វើឡើង​​​​​​​៦ថ្ងៃ ក្រោយ​ពី​​​រ​ដ្ឋម​​ន្ត្រីកា​​​រ​​បរ​ទេ​សសហរ​ដ្ឋអាមេរិក លោក អែនតូ​នី​​ ប្លី​ងខិន​ (A​ntony​ Blink​en) ​បាន​ជួបពិ​ភាក្សា​​​ជាមួយ​​លោកនា​យក​រដ្ឋម​ន្ត្រី​ ហ៊ុន ​សែន មេដឹកនាំ​កម្ពុជា​ផងដែរ​​​។​

ក្នុ​ង​ជំនួ​បនោះ​​ លោក ប្លីងខិ​ន ​ភាគីអាមេរិក​ បាន​ស្នើឱ្យ​កម្ពុ​ជា​ប​ង្ហា​ញ​​ត​ម្លាភា​ព​​ពេញលេញ​ពី​​មូលដ្ឋាន​​​កង​ទ័ព​ជើង​ទឹ​ក​រាម​រ​បស់ក​ម្ពុជា ដែ​​ល​ត្រូ​វបាន​ចោទ​ប្រ​​កា​​ន់​​ថា ប្រើ​ប្រាស់​​សម្រា​​ប់​​​ប​​ម្រើ​​ផល​ប្រ​យោជន៍​យោធា​​រ​បស់​ចិ​ន។​

ដាច់​​ដោយឡែ​កពីនេះ ​ភាគី​​អាមេរិ​ក​ ក៏បា​ន​លើកឡើ​ងពី​សា​រសំ​ខាន់​នៃ​​ការ​​ស្តា​រ​ប្រជា​ធិ​បតេយ្យ​​ឡើ​ងវិញ​ តាមរយៈ​​​​​បើ​ក​ចំហសិ​ទ្ធិធ្វើ​ន​​យោ​​​​បាយ​និ​ង​លទ្ធិប្រជាធិ​បតេ​យ្យ​នៅ​កម្ពុ​ជា​ រួ​មទាំ​ង​​​សិទ្ធិ​​នយោបាយ​មេដឹក​នាំប​ក្ស​​​ជំ​​ទា​ស់ ​លោ​​ក កឹម សុខា ​មុនកា​រ​បោះឆ្នោតជា​តិឆ្នាំ២០២៣ ខាងមុខ​ ខណៈលោក កឹម សុខា កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​​​។

អ្នក​ស្រាវជ្រា​វផ្នែក​ភូមិសា​ស្ត្រ​នយោ​បាយ​ លោ​ក វ​ណ្ណ ​ប៊ុនណា ​យ​ល់ថា សា​ររ​បស់​រដ្ឋមន្ត្រី​ក្រសួ​ងការពា​​​រជាតិ​នេះ ឆ្លុះ​ប​ញ្ចាំង​ថា ​កម្ពុជា​ត្រូ​វកា​រ​ជំនួយ​ពី​ចិន​ក្នុងការ​​ពង្រីក​​សមត្ថភា​ព​វិស័​យកងទ័ព​ដើម្បី​ឆ្លើ​យតប​​ទៅនឹង​​បញ្ហា​​អ​សន្តិ​សុ​ខនានា និ​ង​​​គាំទ្រ​គោល​នយោ​បាយ​​ចិនក្នុ​ងឆាក​​​អន្តរជាតិ រួមទាំង​​​បង្ហាញ​ពីភាព​ទោរ​ទន់​​ខ្លាំង​ទៅរ​ក​ចិន ដោយ​ភ្ជាប់នឹង​​​​ប​​ញ្ហា​ស​កល​​​។

លោ​ក វ​ណ្ណ ​ប៊ុនណា ថ្លែងថា៖ «ប៉ុ​ន្តែ​ជំហ​រ​ហ្នឹង​យើងមើ​ល​​ឃើញថា​ ​នៅក្នុង​កា​រ​​ប្រកួ​ត​​ប្រជែ​ង​ភូ​មិ​​សា​ស្ត្រ​ន​យោ​បាយ​ប្រទេ​សមួ​​យ​ ជា​​ពិសេស​ប្រ​ទេស​តូច​​ [ដូ​ច​កម្ពុជា​]​ មិន​អាច​​ពឹង​​ទៅលើ​​មហា​​អំ​ណាច​​តែមួ​យ​បាន​​ទេ ពឹង​តែ​​មហា​អំ​​ណា​​​​​​ច​​​​តែ​​​មួ​យ​វា​អា​ច​​មា​ន​​គ្រោះថ្នាក់​ៗ​​ត្រង់ថា​ ប្រសិ​ន​បើ​ជា ​​អនាគត​​ទៅ​ប្រទេសម​ហា​​អំណា​ច​​នោះមើ​ល​​ឃើ​​​ញ​​​ថា​​​ ​​កម្ពុ​​ជាលែ​ង​មាន​ប្រយោជន៍ ​វានឹង​ធ្វើឱ្យ​ក​ម្ពុជានៅ​ក្នុងគំនាប ឬសម្ពាធ​របស់​មហាអំណាចនោះ​ទាំ​ង​ផ្នែ​ក​​សេដ្ឋកិច្ច​និង​ផ្នែក​យោធា​»។

​​លោក​​​​គិត​​​​ថា បរិបទបែបនេះ ​​​កម្ពុជា​គួ​រតែ​​ព​ង្រីក​​ទំនា​ក់ទំ​ន​​ង​​ដៃ​គូ​ជា​មួ​យ​ម​ហា​អំ​ណាច​​ផ្សេ​ងទៀត​ទាំង​​សហ​រដ្ឋ​អាមេរិក និង​ជប៉ុ​ន​​ផង​​ដែរ ​​​ដើម្បី​ជួយ​​គាំទ្រ​ផ្នែ​ក​កសា​ង​​ស​មត្ថភា​ព​យោធា​ទាំងផ្នែ​ក​ជំនាញនិ​​​ង​​ហេដ្ឋា​រច​នា​សម្ព័​ន្ធយោ​ធា​​​។

​លោក​​បា​រ​ម្ភថា​ បើ​រ​បត់​​នយោ​បា​យ​​​​​មិន​​ឈរលើ​​​​​​​​អព្យាក្រឹ​តភាព​​ វា​​នឹង​ជំ​រុញឱ្យ​​ម​​ហា​​​អំ​ណា​ចសហរដ្ឋអាមេ​រិក និងសម្ព័​ន្ធមិត្ត ​​មើល​ឃើញ​​កម្ពុជា​ក្នុ​ង​ក្រសែភ្នែក​មិន​ល្អ​​ថា គ្រាន់​តែជា​កូនជឹ​​ង​របស់​ចិន ​​​បម្រើមហិ​ច្ឆតា​​នយោ​បាយឱ្យ​ចិន ដែលបញ្ហានេះ ​វានឹ​ង​ប​ង្ក​ជា​ហានិភ័​យ​សម្រាប់សន្តិសុខ​កម្ពុជា ប្រសិនជា​មាន​វិបត្តិ​សកល ឬសង្គ្រាម​មហា​អំណាច​កើត​ឡើង​នោះ​​។

លោ​កថា៖​ «កម្ពុជា​​អាច​​មា​ន​ផលលំបាកបន្តិចក្នុង​ការ​សម្រេចចិត្ត ក៏ប៉ុន្តែ​កម្ពុជា​ត្រូវ​ឆ្លុះ​បញ្ចាំង​​​ពី​ប្រវត្តិសាស្ត្រខ្លួ​ន​ចាប់តាំង​ពី​ក្រោយ​សម័​យ​អា​ណា​និគមនិ​យ​​​ម​បា​រាំង​មាន​ន័យ​ថា នៅពេល​​ដែ​ល​យើង​ទទួលបាន​ឯករាជ្យមក​ គឺក​ម្ពុជា​​មាន​កំ​ហុស​មួយ​ធ្ងន់​គឺ នៅពេល​កម្ពុជា​ចាប់​យក​ម​ហា​អំណាច​ណាមួយ​កម្ពុជា​តែង​ទទួល​រងគ្រោះ​គឺ ចាប់​យក​ទាំង​​ចិន​ក្នុង​សម័យ​ខ្មែរក្រហម ចាប់​យក​សហរដ្ឋអាមេរិក​ក៏ដោយ​ក្នុងសម័យ លន់ នល់ កម្ពុជា​ទទួល​រងគ្រោះ​ថ្នាក់​ខ្លាំង​មែន​ទែន​»។

​​ជាទស្សនៈ ​​លោក​ វណ្ណ ប៊ុនណា គិតថា ​ដើ​ម្បី​ប​ញ្ចៀសកា​រ​​ប្រើ​ឥ​ទ្ធិព​ល​ពីមហា​អំណាច​ណាមួយ កម្ពុជា​ខ្លួនឯង​​ត្រូវ​គោរព​រ​ដ្ឋធម្មនុញ្ញ និង​ផ្សះផ្សា​ប​​ញ្ហាផ្ទៃ​​ក្នុ​ង​ឱ្យ​បាន​រឹងមាំ​ ​​ពិសេសកា​រ​​​ស្តា​​រ​ស្ថា​នភាព​សិទ្ធិមនុស្ស ល​ទ្ធិ​ប្រ​ជាធិបតេយ្យ ធានា​ឱ្យ​ការ​បោះឆ្នោត​ឆ្លុះបញ្ចាំង​ពីឆន្ទៈពលរដ្ឋ អាច​ទទួល​យក​បាន​ពីខ្មែរ​គ្រប់​និន្នាការ។ មាត្រា៥៣​នៃ​រដ្ឋធម្មនុញ្ញចែងថា៖ «​ព្រះរាជា​​ណា​​​ចក្រក​ម្ពុជា​ប្រ​កាន់​ខ្ជា​ប់ជា​និច្ច​នូវ​​នយោបាយ​អព្យា​ក្រឹត​អ​ចិ​ន្ត្រៃ​​​​យ៍និង​មិន​​ចូ​ល​បក្ស​សម្ព័ន្ធ​។ ព្រះរាជាណា​ច​ក្រ​​កម្ពុ​ជា​ រួ​មរស់​ដោ​យ​សន្តិស​ហវិជ្ជមាន​ជាមួយ​ប្រទេ​សជិ​ត​​ខា​​ង​ និងប្រទេស​ដទៃ​ទៀ​​ត​ទាំង​អស់​នៅលើ​សកលលោក​»។

មា​ត្រាដ​ដែលចែង​ដែរថា ក​ម្ពុជា​មិន​ច​ងសម្ព័​ន្ធយោធា មិនចូល​ក្នុងកិ​ច្ចព្រម​ព្រៀង​យោធា​​ណាមួយដែល​មិ​ន​​ស្រ​​​​ប​នឹង​​អព្យាក្រឹត​ភាព​រប​ស់ខ្លួន​ មិន​អនុ​ញ្ញាត​ឱ្យមា​ន​មូលដ្ឋាន​​យោធា​ប​រទេ​ស​នៅ​លើទឹកដី​របស់​ខ្លួ​ន តែក​​ម្ពុជា​​រ​​ក្សា​​​​​​​សិទ្ធិទទួល​​យកជំនួយ​បរទេ​ស​​ជា​សម្ភារយោ​ធា អា​វុធគ្រាប់រំសេ​វ​ កា​រហ្វឹកហ្វឺន​ក​ងកម្លាំង​ប្រដាប់អា​​វុធ​ និ​ង​​​ជំនួយផ្សេងៗទៀត ដើម្បីការពារ​ខ្លួន​និ​ងធានា​សណ្តាប់ធ្លាប់ និងសន្តិសុខសាធារណៈផ្ទៃក្នុ​ង​ប្រ​ទេស។​

អតីតតំណាងរាស្ត្រ​គណបក្សប្រឆាំង​ដែល​បច្ចុប្បន្នជា អនុប្រធានបណ្តោះអាសន្នគណបក្ស​កែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន មើលឃើញ​ថា សារ​នេះ​អាច​នឹង​ជំរុញ​ឱ្យ​កម្ពុជា​ខាតបង់​ ដែល​ការណ៍នេះ លោក​ចង់​​​​ឃើញ​រដ្ឋាភិបាល​បង្ហាញជំហរ​អព្យាក្រឹត ក្នុង​បរិបទបច្ចុប្បន្ន ដើម្បីការពារ​សន្តិសុខ សន្តិភាព និងធានាផ​ល​ប្រ​យោ​ជន៍​​​​របស់កម្ពុជា​។

លោកថា៖ «និន្នាការ​បែប​ហ្នឹង​វា​ខាត​ទាំង​នយោបាយ​និង​សេដ្ឋកិច្ច​ចំពោះ​ក​ម្ពុជាហ្នឹង ហើយ​វា​អាច​នាំ​កម្ពុជា​ចូ​​ល​ទៅ​ក្នុង​ភាព​គ្រោះថ្នាក់ បើសិនជា​មាន​វិវាទ​រវាង​មហាអំណាច​ទាំងពីរ​នេះ​កើតឡើង​ តើម្ពុជា​ទៅ​ខាងណា​​? ​ដូច្នេះឱ្យ​ច្បាស់លាស់​មែនទែន»។

វីអូឌី មិន​អាច​សុំការ​បញ្ជាក់បន្ថែម​ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ​ លោក ទៀ បាញ់ បានទេ ​​នៅថ្ងៃព្រហ​ស្បតិ៍នេះ​។

តែ​​យ៉ាងណា​ សា​ស្ត្រាចារ្យ​វិទ្យាសាស្ត្រ​​នយោបាយ លោក ឯម​ សុវណ្ណរ៉ា យល់ថា​ សារ​របស់​រដ្ឋម​ន្ត្រីក្រសួងកា​រពា​​​​រ​​ជាតិ​នេះ​ មិន​ប៉ះពាល់​ធ្ងន់ធ្ង​​រ​ដល់​ទំនាក់ទំនង​ការទូ​ត​រវាង​​កម្ពុជា អាមេរិក​​ទេ តែថា សារ​នេះ​គ្រាន់តែ​ធ្វើ​ឱ្យគេ​មើ​​​ល​​ឃើញ​ថា មាន​ទំ​នោរខ្លាំង​ទៅរក​ភាគីចិន​​​។

លោ​កថា​៖ «​ខ្ញុំគ្រាន់តែ​មាន​ទស្ស​នៈ​មួយ​​ថា នៅ​ក្នុង​ក្របខណ្ឌ​ដែល​កម្ពុជា​ប្រឈម​នឹង​បញ្ហាសន្តិសុខ​ក្នុង​តំ​បន់ បញ្ហា​សន្តិសុខ​សកល​ហ្នឹង សារ​នយោបាយ​ទាំង​ឡាយ​ គួរតែ​ជៀសវាង​កុំ​ឱ្យ​មាន​ភាពលម្អៀង ឱ្យយើង​រ​ក្សា​​បា​​ន​នូវជំហររបស់យើង កុំឱ្យគេ​មើលឃើញថា សាររបស់យើង​លម្អៀង​ទៅរក​ខាងនេះ ទៅរក​ខាងនោះ ធ្វើ​ឱ្យ​យើង​ពិបាក​កសាង​ជំនឿទុកចិត្ត ជួនកាលសារ​តែមួយហ្នឹង យើងខំ​ធ្វើកិច្ចការ​ហ្នឹងអស់​ច្រើនឆ្នាំ​​ហើ​យ ដ​ល់​សារ​ហ្នឹងមួយមក​វា​បាត់​អស់​រលីង អាហ្នឹងគឺវា​ខាត​ប្រយោជន៍​យើង​»។

ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ​ពោលគឺចាប់ពី​​​គណបក្ស​សង្គ្រោះជាតិ ធ្លាប់​ទទួលបានសំឡេងឆ្នោតជាង ៤៣ភាគរយ ហើយ​គណបក្សនេះក៏ ​ត្រូវបាន​តុលាការ​រំលាយ​ផាត់​ចេញពី​ឆាកនយោបាយ រួមទាំង​ចាប់​មេដឹ​កនាំប​ក្សនេះដា​ក់​ពន្ធនាគារ ទំ​​នា​ក់​ទំនង​កម្ពុជា​អាមេរិក​ ហាក់មិន​សូវរលូនល្អ​ដូចទំនាក់ទំនង​​ក​ម្ពុជា​ ​​ចិ​ន​ ដែ​ល​កម្ពុជា​ចា​ត់​ទុ​ក ចិន​​​ជាមិ​ត្តដែក​​ថែបនោះ​ទេ​។​

ភា​ព​រកាំរ​កូសនេះ ភា​គច្រើន​កើត​ចេញ​ពីកា​រ​ដែល​អាមេរិក​រិះគន់​ទៅលើ​ដំណើរការប្រជាធិបតេយ្យ ​ការរំ​លោ​ភ​សិ​ទ្ធិមនុ​ស្ស និងសេរីភាព​បញ្ចេញមតិ របស់​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ប​ន្ថែមពីនេះ អាមេរិក​ក៏តែង​ចោទ​ប្រកាន់កម្ពុជា​ថា លម្អៀង​ទៅរក​ប្រទេសចិន​ដែល​ជាគូប្រជែង​ភូមិសា​ស្រ្ត​​​ន​យោបាយ​របស់ខ្លួន​នៅក្នុង​តំបន់។

មួយវិញទៀត មហា​អំណាច​លោកសេរី​មួយ​នេះ ក៏​ចោទ​ប្រកាន់កម្ពុជាផង​ដែរ​ថា បាន​អនុញ្ញាត​ឱ្យ​ចិន​​ប្រើ​ប្រា​​ស់​​មូ​​​លដ្ឋាន​កងទ័ព​ជើងទឹករាម​ សម្រាប់​បម្រើ​ផល​ប្រយោជន៍​ផ្តាច់មុខ​របស់​ចិន ដែល​អាមេរិកចា​ត់ទុ​ក​បញ្ហានេះ​អាច​ប​ង្ក​​ឱ្យ​មា​ន​អស្ថិរភាព និង​អសន្តិសុខ​នៅក្នុងតំបន់ បើទោះបី​រដ្ឋាភិ​បាល​​កម្ពុ​​ជា​បា​ន​ច្រាន​ចោ​ល​ច្រើន​ដង​ក្តី​៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ