ពលរដ្ឋ​​មាន​​​ជម្លោះ​ដីធ្លី​​នៅ​​​ជាប់បឹង​តាមោក​​ស្នើ​​តុលាការ​​​ទម្លាក់​ចោល​បទ​ចោទ​លើ​ពួក​គេ​៧នាក់

ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោក​ជិត១០០នាក់ តំណាងពលរដ្ឋ២៥០គ្រួសារ រស់នៅភូមិសំរោងត្បូង សង្កាត់សំរោងត្បូង បាននាំគ្នា​ប្រមូលផ្តុំ​ឈរ​លើក​បដា និង​រូបថត​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា នៅក្នុងសហគមន៍​របស់ពួកគេ​ ដើម្បីទាមទារទៅអាជ្ញាធរ​ខណ្ឌព្រែកព្នៅ ចេញបណ្ណកម្មសិទ្ធិ និងធ្វើ​សៀវភៅស្នាក់នៅជូនពួកគាត់ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

តំណាង​ពលរដ្ឋមាន​ជម្លោះដីធ្លីនៅ​ជាប់​បឹងតាមោក ស្ថិតក្នុង​សង្កាត់​សំរោង​ត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បាន​ស្នើតុលាការ​ឱ្យ​ទម្លាក់​ចោល​បទ​ប្រកាន់លើ​ពួកគេ​៧នាក់។

កាលពីថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ២០២២ តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ទុង រតនា បានកោះហៅ​តំណាង​ពលរដ្ឋ​ចំនួន​ ៧នាក់​ឱ្យចូលទៅ​បំភ្លឺចំពោះ​តុលាការ​ ក្នុងខែសីហានេះ​ ជាបន្តបន្ទាប់ ក្រោមបទ​ចោទ «រារាំង ញុះញង់ និង​បង្កើត​សកម្មភាព​អនាធិបតេយ្យតាម​ដង​ផ្លូវសាធារណៈ» ទៅ​តាម​​បណ្ដឹងរបស់លោក មាស សម្បូរ ប្រធាន​​សន្តិ​សុខ​ខណ្ឌ​ព្រែក​ព្នៅ ក្រោយ​ពលរដ្ឋទាំងនេះ​នាំគ្នាដើរ​តវ៉ា​ដីធ្លី។

តំណាងពលរដ្ឋម្នាក់​អ្នកស្រី ខេន សាអយ ប្រាប់ វីអូឌី ថា សាលា​ដំបូងរាជធានីភ្នំពេញ​បានសាកសួរ​លើតំណាងពលរដ្ឋទាំង ៧នាក់ នោះ​អស់ហើយ ដោយតំណាង ២នាក់​ ចូលឆ្លើយបំភ្លឺចុងក្រោយ​​នៅថ្ងៃព្រហស្សតិ៍នេះ ប៉ុន្តែមិនមាន​ការចាប់ខ្លួនតំណាង​ពលរដ្ឋណា​មួយឡើយ។

អ្នកស្រី ខេន សាអយ ដែលចូលបំភ្លឺ​ចំពោះមុខ​តុលាការនៅថ្ងៃនេះ​បានឱ្យដឹងថា តុលាការ​សួរអ្នកស្រីជុំវិញ​ការចូលទៅរស់នៅ​ក្នុងតំបន់បឹងតាមោក និង​ការដើរតវ៉ាដីធ្លី​កន្លងមក​ដែលពាក់ព័ន្ធជាមួយ​បទចោទ។

តំណាងពលរដ្ឋរូបនេះ អះអាងថា អ្នកស្រីបានប្រាប់ទៅតុលាការថា ពួកគាត់​២៥០គ្រួសារ​បានទៅរស់នៅជាប់តំបន់បឹងតាមោក​តាំងពីឆ្នាំ១៩៩០ ដោយកាល​ពីដើមឡើយ​ធ្វើស្រែប្រាំង និងបច្ចប្បន្នដាំឈូក ចិញ្ចឹមត្រីលើផ្ទៃបឹង និងប្រកបរបរលក់ដូរជាប់ចិញ្ចើមផ្លូវ​លេខ១៥១។

អ្នកស្រីបន្តថា ក្នុងជំនួប​ជាមួយតុលាការនោះ គឺអ្នកស្រីបាន​ស្នើទៅតុលាការទម្លាក់ចោល​បទចោទលើតំណាងពលរដ្ឋទាំងអស់ ដោយថា ពួកគាត់​មិនបាន​ធ្វើខុស​ដូចការចោទ​ប្រកាន់របស់អាជ្ញាធរ​ឡើយ។

អ្នកស្រី បន្ថែមថា៖ «ខ្ញុំបាន​ឆ្លើយ​ទៅកាន់​តុលាការថា ពួកខ្ញុំអត់​បាន​បិទផ្លូវ ឬបង្ក​បញ្ហាដូច​ការចោទប្រកាន់​ដែល​ថា ពួកខ្ញុំ​ញុះញង់​នោះទេ។ ពួកខ្ញុំ​គ្រាន់​តែដើរ​តាម​ផ្លូវ​សុំឱ្យ​អាជ្ញាធរ​ដោះស្រាយ​ដីធ្លីបាន​រស់នៅនឹង​កន្លែង និង​ចេញ​បណ្ណសិទ្ធិ​ជូនពួក​ខ្ញុំ​តែប៉ុណ្ណោះ។ ខ្ញុំ​សូម​បដិសេធ​ទាំងអស់​ចំពោះការ​ចោទ​ប្រកាន់​មកលើ​ពួកខ្ញុំ និង​ស្នើឱ្យ​ទម្លាក់​ចោល​ការចោទ​ប្រកាន់​លើពួកខ្ញុំ និងដោះស្រាយ​ឱ្យពួកខ្ញុំបាន​អភិវឌ្ឍនៅនឹង​កន្លែង»

តំណាង​ពលរដ្ឋ​ដែលជាប់បណ្តឹងនៅតុលាការម្នាក់ទៀត​ អ្នក​ស្រី ប្រាក់ សុភា និយាយថា ប្រជាពលរដ្ឋនៅតែ​រក្សាជំហរទាមទារ​ការអភិវឌ្ឍនៅនឹង​កន្លែង និងសុំ​បណ្ណកម្មសិទ្ធិ ដោយមិន​ព្រមដោះដូរទៅ​កន្លែងផ្សេងឡើយ ទោះមានការគំរាមកំហែង និងជាប់បណ្តឹង​នៅតុលាការក៏ដោយ។

តំណាងពលរដ្ឋរូបនេះ បន្តថា វាជារឿងអយុត្តិធម៌មួយ​ដែលរដ្ឋាភិបាល​អនុញ្ញាតឱ្យ​ក្រុមហ៊ុនឯកជន និងអ្នកមាន​លុយមាន​អំណាច មានសិទ្ធិ​ទទួលបានដីធ្លី​នៅបឹងតាមោក ខណៈពួកគាត់ ២៥០គ្រួសាររស់នៅ និងអាស្រ័យផល​នៅជាប់បឹងធម្មជាតិមួយនេះជាង ៣០ឆ្នាំ ត្រូវបណ្តេញចេញ​ទៅកន្លែងផ្សេងទៅវិញ។

ម្យ៉ាងទៀតអ្នកស្រីថា អ្នកភូមិមិន​ព្រមដោះដូរទៅ​កន្លែងផ្សេង ដោយសារ​បារម្ភពីជីវភាពគ្រួសារធ្លាក់ចុះ​ដោយសារការបាត់បង់មុខរបរ។

អ្នកស្រីបន្ថែមថា៖ «មន្ត្រីមាន​លុយមាន​អំណាចអាចនៅលើផ្ទៃបឹងតាមោក ដែលជា​កេរដំណែល​ដូ​នតា​បាន។ ចុះហេតុអី​ពួកខ្ញុំ​ជា​ប្រជាពលរដ្ឋ​ដែល​ម្ចាស់ទឹកដី​ដែរ ហេតុអីពួកខ្ញុំ​មិនអាច​រស់នៅ​ជាប់បឹង ឬជាប់ផ្លូវបឹងតាមោក​ហ្នឹងបាន។ តើការ​អភិវឌ្ឍហ្នឹង​វាស្មើភាព​គ្នាអត់ ហើយ​សមដែរ​អត់អភិវឌ្ឍ​កន្លែងណា ប្រជាពលរដ្ឋ​ស្រក់​ទឹ​កភ្នែក​កន្លែងហ្នឹង។ ខ្ញុំស្អប់ការ​អភិវឌ្ឍ ខ្ញុំឈឺចាប់​នឹង​ការអភិវឌ្ឍណាស់»

វីអូឌី មិនអាចសុំការបញ្ជាក់​ពី អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ​នៅថ្ងៃព្រហស្សតិ៍នេះ។

ចំណែកដើម​បណ្តឹង​ដែលជា​ប្រធានសន្តិសុខ​ខណ្ឌព្រែកព្នៅលោក មាស សម្បូ មានប្រសាសន៍ថា លោក​ប្តឹង​តំណាង​ពលរដ្ឋ​ទាំងនោះ ​ដោយសារ​ពួក​គេ​បាន​នាំគ្នា​តវ៉ា រារាំង និង​ជេរប្រមាថ​មន្ត្រីរាជការ​ពេលចុះអនុវត្តការងារ​ និងបាន​តវ៉ាបិទផ្លូវសាធារណៈជាដើម។

លោកបន្ថែមថា៖ «ខ្ញុំប្តឹង​ពួកគាត់​ទាំងហ្នឹង ដោយសារតែ​ពេលយើង​ចុះទៅ​អនុវត្តការងារតាមច្បាប់ បែរជា​ពួកគាត់នាំគ្នារារាំង មិនត្រឹម​តែប៉ុណ្ណោះទេ បានជេរ​ប្រមាថ​កាតទាន​មកលើពួកខ្ញុំយ៉ាងចាស់ដៃថែមទៀត។ ក្នុងនោះ​ យើងមាន​ភស្ភតាង​ក្នុងដៃគ្រប់គ្រាន់​ដែល​ពួកគាត់បាន​ប្រព្រឹត្តមកលើពួកយើងខ្ញុំ រហូត​ដល់មាន​ការបិទផ្លូវជាដើម។ ខ្ញុំជាមន្ត្រីអនុវត្តច្បាប់ ខ្ញុំធ្វើអ្វីទៅតាមច្បាប់ ដល់ពេលពួកគាត់មកជេរប្រមាថ​អ៊ីចឹង ខ្ញុំមិន​អាចទទួលបានទេ។ អ៊ីចឹង​ខ្ញុំមាន​តែអនុវត្តទៅតាមនីតិវិធីច្បាប់​តែប៉ុណ្ណឹង»

អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ប្រាប់ វីអូឌី កាលពីថ្ងៃទី៣ ខែសីហានេះថា រដ្ឋបាលរាជធានីភ្នំពេញ​នឹងពិភាក្សា​ជាមួយប្រជាពលរដ្ឋ​និងអាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ចប់រឿងនេះ ប៉ុន្តែ​មិនអាច​​ឱ្យអភិវឌ្ឍនៅនឹងកន្លែងបាននោះទេ។ លោកថា ពលរដ្ឋទាំងនោះ​បានរស់នៅលើ​ចំណីផ្លូវលេខ១៥១ ដោយខុស​ច្បាប់ ដែលផ្លូវនេះ រដ្ឋាភិបាលគ្រោង​ពង្រីក៥០ម៉ែត្រ។

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច​ និងសិទ្ធិមនុស្ស នៅ មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត មាន​ប្រសាសន៍​ថា អាជ្ញាធរ​តែងតែ​ប្រើប្រាស់​កម្លាំង និង​​ប្រព័ន្ធ​តុលា​ការ ដើម្បី​បង្ក្រាប និង​គំរាម​កំហែង​ពលរដ្ឋដើម្បី​បំបាក់ស្មារតី​ពលរដ្ឋ​ហ៊ានតវ៉ាដីធ្លីរបស់ខ្លួន។

លោកបន្ត​ថា ទង្វើ​របស់​អាជ្ញាធរនេះ គឺមិន​អាចដោះស្រាយ​បញ្ហា​​ចប់​បាន​ឡើយ ហើយទង្វើនេះ បាន​រំលោភ​សិទ្ធិពលរដ្ឋ​ធ្ងន់ធ្ងរក្នុង​ការទទួលបានដីធ្លី និង​សិទ្ធិលំនៅឋាន​ដែលធានា​ដោយច្បាប់ជាតិ និងអន្តរជាតិ។

លោកបន្ថែមថា៖ «សិទិ្ធមាន​ដីធ្លី និង​សិទ្ធិ​មាន​លំនៅឋាន​​សមរម្យ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន [រំលោភ]​ យ៉ាង​ធ្ងន់​ធ្ងរ​ ដោយ​​កម្លាំង​អាជ្ញាធរ និង​ប្រព័ន្ធ​តុលាការ។ យើងដឹងហើយថា ពលរដ្ឋ​​ទាម​ទារ​​ឱ្យ​មាន​ដំណោះស្រាយ​​ឱ្យបានសមរម្យ​សម្រាប់ពួកគាត់ អាហ្នឹង​ជា​សិទ្ធិ​ដែលមាន​ចែង​​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​​ពិសេសដទៃទៀត ក៏ដូចជា បទដ្ឋានគតិយុត្ត​ដែល​ប្រទេសយើង​បានផ្តល់សច្ចាប័ន»

ប្រធានគម្រោង​សិទ្ធិ​លំនៅ​ឋាន និង​ស្រាវ​ជ្រាវ នៃ​​អង្គការ​សមាគម​ធាង​ត្នោត​ លោក ស៊ាង មួយឡៃ មាន​ប្រសាសន៍​ថា ករណី​រដ្ឋាភិបាលកាត់ដី​ផ្ទៃបឹងតាមោក រាប់ពាន់ហិកតា​ទៅឱ្យក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ និង​អ្នកមានលុយមានអំណាច បង្កឱ្យ​មាន​ភាពអយុត្តិធម៌សង្គម។

លោកបន្តថា ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ និងអ្នកមានលុយ​មានអំណាច មានសិទ្ធិទទួល​បានដីបឹង​មក​ធ្វើជា​កម្ម​សិទ្ធិ ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋក្រីក្រ​ដែល​រស់នៅ​​និងអាស្រ័យផលនៅជាប់បឹងនោះ​រាប់​ឆ្នាំ បែរ​​​ជាមិន​​ទទួល​​បាន​​កម្ម​សិទ្ធិ​លើដីរបស់ខ្លួន និងរងការបណ្តេញចេញ​ពីលំនៅឋាន​ទាំង​បង្ខំយ៉ាង​អយុត្តិធម៌​ថែមទៀត។

បឹងតាមោក ឬ​បឹងកប់ស្រូវ មានផ្ទៃដីសរុប៣ ២៣៩​​ហិកតា ជា​អាង​ស្ដុកទឹកកខ្វក់ និងរំដោះទឹក​ចេញពីរាជធានី​​ភ្នំពេញ ហើយ​បឹ​ងមួយនេះ ​​ត្រូវ​​បាន​​រដ្ឋាភិបាល​​ចេញអនុក្រឹត្យ​ ​កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​​​កំណត់​យក​បឹង​ធម្មជាតិ​មួយ​​នេះ​​ជា​សម្បតិ្តសាធារណៈ​របស់រដ្ឋ។

បើយោងតាម​អនុក្រឹត្យរបស់រដ្ឋាភិបាល​ដែលបានចេញជា​បន្តបន្ទាប់​ចាប់តាំងពីឆ្នាំ២០១៨ ដល់ចុង​ខែធ្នូ​ឆ្នាំ​២០២១ ផ្ទៃបឹងតាមោក សរុប​ជាង ២ ០០០​ហិកតា​ហើយត្រូវបាន​រដ្ឋាភិបាល​កាត់ឬដោះដូរ​ទៅ​​ឱ្យស្ថា​ប័ន​​​រដ្ឋ ​ក្រុមហ៊ុន​​ឯកជន និង​បុគ្គលមាន​​លុយមានអំណាចសម្រាប់​​សាង​សង់​អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេង​ៗ ព្រម​​ទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ