ប្អូនស្រី​លោក គីម ជុងអ៊ុន ព្រ​មាន​តបត​កូរ៉េ​ខាងត្បូង​ដោយ​ចោទ​ថា ​ប្រទេស​នេះ​ជា​អ្នក​ចម្លង​ជំងឺ​កូវីដ-១៩​ទៅ​ឱ្យ​កូរ៉េ​ខាង​ជើង​

Kim Yo Jong, sister of North Korea’s leader Kim Jong Un attends wreath laying ceremony at Ho Chi Minh Mausoleum in Hanoi, Vietnam March 2, 2019. REUTERS/Jorge Silva/Pool

ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង​បាន​ចោទ​ប្រកាន់​កូរ៉េខាងត្បូង​ថា បាន​បង្ក​ឱ្យ​មាន​ការ​ឆ្លងរាលដាល​ជំងឺកូវីដ-១៩​នៅក្នុង​ប្រទេស​របស់​ខ្លួន ហើយ​បាន​ព្រមាន​តបត ខណៈ​ទីក្រុង​ព្យុងយ៉ាង​បាន​ប្រកាស​ពី​ជ័យជំនះ​លើ​ជំងឺកូវីដ-១៩។ នេះ​បើតាម​ការផ្សាយ​របស់ ​សារព័ត៌មាន CNA នៅថ្ងៃ​ព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២។

ទោះជាយ៉ាងណា ទីក្រុង​សេអ៊ូល​ បាន​ច្រានចោល​ចំពោះ​ការ​ចោទប្រកាន់​នោះ​។

គួរ​បញ្ជាក់​ថា ទោះបីជា​​មាន​ការ​ហាមប្រាម​ពី​កូរ៉េខាងជើង​តាំងពី​ឆ្នាំ២០២១ក៏ដោយ អស់​រយៈពេល​ជា​ច្រើ​ន​ឆ្នាំ សកម្មជន​កូរ៉េខាងត្បូង​ បាន​បង្ហោះ​ប៉េងប៉ោង​ដែល​មាន​ខិតប័ណ្ណ​ឃោសនា និង​ប្រាក់​ដុល្លារ​អាមេរិក​នៅ​តាមព្រំដែន ដែល​ទីក្រុងព្យុងយ៉ាង បាន​តវ៉ាប្រឆាំង​នឹង​សកម្មភាព​នោះ​ជា​យូរ​មក​ហើយ​។

ទីភ្នាក់ងារ​សារ​ព័ត៌មាន​កូរ៉េខាងជើង (KCNA) បានរាយការណ៍​ថា ប្អូន​ស្រី​របស់​លោក គីម ជុងអ៊ុន ឈ្មោះ គីម យ៉ូជុង (Kim Yo Jong) បានចោទប្រកាន់ថា ដោយសារ​តែ​សកម្មភាពបង្ហោះ​ប៉េងប៉ោង​ពីទឹកដីកូរ៉េខាងត្បូង​ចូលទៅ​ក្នុង​ប្រទេសកូរ៉េខាងជើង​នោះ​ហើយ ទើប​បណ្តាល​ឱ្យ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​ មាន​ការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩។ អ្នកស្រី​និយាយថា សកម្មភាព​ទាំងនោះ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​។

អ្នកស្រីថា ប្រទេស​ជាច្រើន រួមទាំង អង្គការ​សុខភាព​ពិភពលោក​បាន​ទទួល​ស្គាល់​គ្រោះថ្នាក់​នៃ​ការ​ឆ្លងរាល​ដាល​នៃជំងឺកូវីដ-១៩ តាម​រយៈ​ការ​ប៉ះពាល់​វត្ថុ​ដែល​មាន​មេរោគ។ ប៉ុន្តែអ្នកស្រីថា ជា​ការគួរ​ឱ្យបារម្ភ​ខ្លាំងណាស់​ដែល​កូរ៉េខាងត្បូង​កំពុងផ្ញើលុយ ខិតបណ្ណ និង​របស់នានាដែ​ល​មិនស្អាត​ចូលក្នុង​តំបន់​របស់​យើង​។

លោកស្រី​ គីម យ៉ូជុង បានព្រមាន​ថា៖ «ទី​ក្រុងព្យុងយ៉ាង​កំពុង​ពិចារណា​ក្នុងការ​តបត​យ៉ាងចាស់ដៃ។ ប្រសិន​បើ នៅតែ​បង្ហោះ​ប៉េងប៉ោង​យើងនឹង​ឆ្លើយតប​ដោយ​មិន​ត្រឹម​តែ​លុប​បំបាត់វីរុស​ប៉ុណ្ណោះទេ​ ថែម​ទាំង​កម្ទេច​អាជ្ញាធរ​កូរ៉េខាងត្បូង​ផងដែរ»។​

កាលពីខែមុ​ន ទីក្រុង​សេអ៊ូល​ បាននិយាយថា «មិន​មាន​ករណីឆ្លងជំងឺកូវីដ-១៩ តាមរយៈ​ប្រៃសណីយ៍​ឬសម្ភារៈទេ»។ ការ​អត្ថាធិប្បាយ​របស់​អ្នកស្រី គីម យ៉ូជុង ធ្វើឡើង​ចំពេល​ដែល​បងប្រុស​របស់អ្នកស្រី​គឺ លោក គីម ជុងអ៊ុន បានប្រកាស «​ជ័យ​ជំនះដ៏​ត្រចះ​ត្រចង់» ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹ​ងជំងឺ​កូវីដ-១៩
បន្ទាប់ពី​មន្ត្រីបានរាយការណ៍​ថា មិនមាន​ករណី​ឆ្លងថ្មីអស់រយៈ​ពេល​ជិត​ពីរសប្តាហ៍។

អ្នក​ជំនាញ​បាននិយាយថា ប្រទេស​កូរ៉េខាងជើង​មាន​ប្រព័ន្ធ​សុខាភិបាល​ខ្សោយ​បំផុតនៅ​លើ​ពិ​ភពលោក។ នៅ​តាម​មន្ទីរពេទ្យ​បំពាក់​ដោយ​ឧបករណ៍​ដែល​មិនមាន​គុណភាព មាន​បន្ទប់​សង្គ្រោះបន្ទាន់​តិចតួច​ និង​មិនមាន​ថ្នាំព្យាបាល ឬវ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩នោះទេ។

អ្នកស្រី គីម យ៉ូជុង (Kim Yo Jong) បាននិយាយថា សូម្បីតែ​លោក គីម ជុងអ៊ុន ក៏ឆ្លង​ជំងឺកូវីដ-១៩ដែរ។

អ្នកស្រី បញ្ជាក់ថា៖ «លោក គីម ជុងអ៊ុន ក្តៅខ្លួនខ្លាំង​ក្នុងអំឡុង​ពេល​ធ្វើចត្តាឡីស័ក ប៉ុន្តែ​គាត់​មិនអាច​សម្រាក​ទេ ដោយ​សារ​គាត់​គិតពី​ប្រជាជន​ដែល​គាត់​ទទួល​ខុស​ត្រូវ​»​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ