កូដករ​ណាហ្គាវើលដ៍៣នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្រោយ​រង​ហិង្សា​ពី​សមត្ថកិច្ច​ពេល​តវ៉ា​នៅក្បែរ​ក្រុមហ៊ុន​

កូដករណាហ្គាវើលដ៍រងរបួសខណៈពេលពេលកំពុងធ្វើការតវ៉ា ក្នុងនោះសមត្ថកិច្ចព្យាយាមរារាំងកូដករមិនឱ្យដើរទៅដល់ក្រុមហ៊ុនណាហ្គាវើលដ៍​ ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ រូបភាពលោក ហ៊ាន រង្សី

កូដករណាហ្គាវើលដ៍អះអាងថា ស្ត្រីជាកូដករ ៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្រោយរងអំពើហិង្សារបស់សមត្ថកិច្ចដែលបានវាយ ទាត់ ធាក់ ពួកគេក្នុងអំឡុងពេលនៃការតវ៉ានៅក្បែរក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ។

ករណីហិង្សានេះកើតឡើងប្រមាណ ៤ ម៉ោងប៉ុណ្ណោះ ក្រោយជំនួបរវាងសហជីពណាហ្គាវើលដ៍ សមាគម សហភាព ព្រមទាំងសហព័ន្ធសហជីព ជាមួយមន្ត្រីក្រសួងការងារក្នុងន័យស្នើជួបរដ្ឋមន្រ្តីក្រសួងការងារដោយផ្ទាល់ ដើម្បីស្វែងរកដោះស្រាយវិវាទការងារដែលបានអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំ នៅព្រឹកថ្ងៃទី១១ ខែសីហានេះ។

កូដករណាហ្គាវើលដ៍ កញ្ញា កោះ សុខរ៉ា ថ្លែងប្រាប់វីអូឌីនៅរសៀលថ្ងៃទី១១ ខែសីហា នេះថា អាជ្ញាធរបានវាយ ទាត់ ធាក់ បោចសក់គាត់ និងកូដករផ្សេងទៀត ខណៈកូដករជាស្ត្រី ៣ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវអាជ្ញាធរខណ្ឌ និងប្រជាការពារសណ្តាប់ធ្នាប់ប្រើហិង្សានៅកន្លែងតវ៉ាក្បែរកាស៊ីណូណាហ្គាវើលដ៍។ ក្រៅពីនោះ កញ្ញាថា កូដករផ្សេងទៀតសុទ្ធតែរងរបួស គ្រាន់តែមួយចំនួនធ្ងន់ធ្ងរ និងមួយចំនួនស្រាលជាង។

សមាជិកសហជីពក្រុមហ៊ុនណាហ្គាវើលដ៍រូបនេះបន្តថា គាត់មិនទាន់ដឹងថាកូដករទាំង ៣រូប មានស្ថានភាពយ៉ាងណានៅឡើយ ដោយសារពួកគាត់នៅឯមន្ទីរពេទ្យ ប៉ុន្តែគាត់គ្រាន់តែដឹងថា​កូដករឈ្មោះ ស្រីនិច្ច បែកខ្ទង់ច្រមុះ ឈ្មោះចរិយា មានរបួសឈាមហូរលើដងផ្លូវ។

បើតាមកូដកររូបនេះ អាជ្ញាធរដែលមានតួនាទីខ្ពស់បានឈរបញ្ជាឱ្យសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋាន និងស៊ីវិល ប្រមាណ ២០០នាក់ ព័ទ្ធជុំវិញ និងប្រើប្រាស់ហិង្សាលើកូដករដែលឈរនៅជិតរនាំងឃាំងមិនឱ្យពួកគាត់ទៅជិតក្រុមហ៊ុនណាហ្គា។

កញ្ញាថា៖ «វាសាហាវលើសលប់ វាសាហាវជាងសត្វទៅទៀត! សូម្បីតែសត្វនៅភ្នំតាម៉ៅ គេមានយុតិ្តធម៌ តែពួកខ្ញុំអន់ជាងសត្វទៀត គ្មានយុត្តិធម៌សោះ។ [ដើមចមដែលសមត្ថកិច្ចប្រើហិង្សាលើកូដករ?] ពេលគេបើកបារ៉ាស់ ពួកយើងដើរទៅ! ដល់ពេលដើរទៅ ពួកវាមករារាំងពួកយើងមិនឱ្យទៅមុខទៀត។ ដល់ពេលរារាំងមិនឱ្យទៅមុខទៀតធម្មតាវាមានទៅ[វា]មានមកចឹងពួកយើងទៅប៉ះបារ៉ាស់ ពួកវាទាត់ធាក់ៗ! ពួកយើងក៏ស្រែកឡូឡា វាអូសយកទៅវាយយកៗហ្មង។ [អ្នកវាយមានឯកសណ្ឋានជាអ្វី?] ពាក់ឯកសណ្ឋានជាអាជ្ញាធរកងកម្លាំងរាជធានីភ្នំពេញ»។

ចំពោះករណីហិង្សានៅពេលនេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបដិសេធធ្វើអត្ថាធិប្បាយ ដោយលោកអះអាងថាលោកកំពុងមមាញឹកធ្វើសេចក្តីប្រកាស ព័ត៌មានពាក់ព័ន្ធវិវាទការងាររបស់ក្រុមហ៊ុនណាហ្គាវើលដ៍នេះដែរ។

លោកថា៖ «បងកំពុងធ្វើប្រកាសព័ត៌មានរឿងណាហ្គាហ្នឹង! ចាំប្រកាសព័ត៌មានហើយ ចាំអូនចេញ[ផ្សាយ] តាមការប្រកាសព័ត៌មានរបស់បង ព្រោះ[ឥលូវ]បងកំពុងធ្វើដែរ»។

ទាក់ទិនវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះដែរ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធលោក វន់ ពៅ ដែលបានចូលរួមឃ្លាំមើលការដាក់ញត្តិរបស់ កូដករណាហ្គាវើលដ៍នៅក្រសួងការងារកាលពីព្រឹកមិញ  លោកបានថ្លែងនៅមុខក្រសួង ការងារថាក្រសួងការងារបានរុញករណីវិវាទការងាររបស់ក្រុមហ៊ុនណាហ្គានេះទៅតាមនីតិវិធី របស់តុលាការ ដោយថានីតិវិធីលើសំណុំរឿងនេះបានហួសពីដៃរបស់ក្រសួងហើយ។ លោកចាត់ទុកចំណាត់ការនេះថាជាការដោះដៃយករួចខ្លួនរបស់ក្រសួងការងារ។

យ៉ាងណា មន្ត្រីសហជីពរូបនេះចង់ឃើញសាធារណជនមានភាពផុសផុលក្នុងការ ចូលរួមជំរុញឱ្យករណីវិវាទការងារនៅណាហ្គាវើលដ៍ទទួលបានលទ្ធផលដូចករណីភ្នំតាម៉ៅដែរ។

លោកថា៖ «ក្រសួងរុញយើងទៅប្តឹងតុលាការទៅដោះស្រាយតាមនីតិវិធីតុលាការវិញ! ចឹងអាហ្នឹងហើយវាជាចំណុចមួយដែលខ្ញុំគិតថាជីវភាពរបស់កម្មកររកមួយថ្ងៃសម្រាប់មួយថ្ងៃហើយឱ្យទៅតតាំងក្តីជាមួយនាយកក្រុមហ៊ុនណាហ្គា ដែលមានប្រាក់ចំណូលរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំហើយតើទៅរួចអត់? ហើយបងប្អូនជនរួមជាតិទាំងអស់មើលទៅថាតើប្រព័ន្ធតុលាការស្រុកខ្មែរវាយ៉ាងម៉េច! បងប្អូនអាចវិភាគខ្លួនឯងហើយ។[…] រឿងរ៉ាវភ្នំតាម៉ៅគឺរឿងរ៉ាវប៉ុនភ្នំ គេអាចដោះស្រាយបាន! ចុះរឿងរ៉ាវនៅណាហ្គាវើលដ៍ រឿងអីដោះមិនបាន?»។

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍បានកើតឡើង​ជាង១ឆ្នាំមកហើយក្រោយពេល​ក្រុមហ៊ុននេះបានបញ្ឈប់បុគ្គលិកចំនួន១៣២៩នាក់ក្នុងចំណោមបុគ្គលិកសរុបជាង៨០០០នាក់ពីការងារក្រោមហេតុផលថាជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩។ យ៉ាងណា បុគ្គលិកដែលចេញធ្វើកូដកម្មប្រមាណ៧ខែមកនេះ អះអាងថា ការបញ្ឈប់នោះដោយសារថៅកែមានចេតនារំលាយសហជីពការពារសិទ្ធិកម្មករ​ឱ្យអស់ពីក្រុមហ៊ុនកាស៊ីណូនៅកណ្ដាលរាជធានីភ្នំពេញមួយនេះ មិនមែនដោយសារក្រុមហ៊ុន ជួបវិបត្តិហិរញ្ញវត្ថុនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ