តុលាការចោទប្រកាន់លោក សុន ឆ័យ ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ»តាមបណ្ដឹងបក្សកាន់អំណាចនិងគ.ជ.ប

លោក សុន ឆ័យ

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ»តាមបណ្ដឹងគណបក្សប្រជាជនកម្ពុជា និងតាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ក្នុងដីកា ២ ដាច់ដោយឡែកពីគ្នា ចេញដោយតំណាងអយ្យការអមសាលាដំបូរាជធានីភ្នំពេញលោក ប្លង់ សុផល  ចុះថ្ងៃថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២២ ឱ្យដឹងថា តុលាការមានភស្តុតាង និងពិរុទ្ធភាពគ្រប់គ្រាន់លើលោក សុន ឆ័យ ទើបតំណាងអយ្យការសម្រេចចោទប្រកាន់លោកពី«បរិហារកេរ្តិ៍ជាសាធារណៈ»នោះ។

ចំណែកដីកាមួយទៀតដែលចេញដោយតំណាងអយ្យការលោក ប្លង់ សុផលចុះថ្ងៃទី៩ ខែសីហា ដែលប្ដឹងដោយគណបក្សប្រជាជនកម្ពុជានោះ ក៏ត្រូវបានចោទប្រកាន់លើលោក សុន ឆ័យ ពីបទ« បរិហារកេរ្តិ៍ជាសាធារណៈ» ដែរ។

គណបក្សប្រជាជនកម្ពុជា តាមរយៈមេធាវី លោក គី តិច បានដាក់ពាក្យបណ្ដឹង​ទៅកាន់តុលាការ​ ប្រ​​ឆាំង​នឹង​លោក សុន ឆ័យ ដោយ​ចោទពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ»។ ក្នុងពាក្យបណ្ដឹងនោះ លោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា​ផង​ បានទាមទារសំណងជំងឺចិត្តពីលោក សុន ឆ័យ ចំនួន១លាន​ដុល្លារអាមេរិក។

បណ្តឹងព្រហ្មទណ្ឌប្រឆាំងលោក សុន ឆ័យ ពីសំណាក់គណបក្សប្រជាជនកម្ពុជានេះ ធ្វើឡើងមុនមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី គ.ជ.ប បាន​ប្តឹងក្នុងបទចោទដូចគ្នានេះដែរ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ ជុំវិញបណ្តឹងរបស់ គ.ជ.ប នេះ លោក សុន ឆ័យ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញរួចហើយ កាលពីថ្ងៃទី១២ ខែកក្កដា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ