អាមេរិក​​ពិចារណា​​ចំណាត់​ការ​ពន្ធគយ​​ដា​ក់​​លើ​​ចិន​ឡើង​វិញ ដើម្បី​​ឆ្លើយ​តប​នឹង​ករណី​តៃវ៉ាន់

លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ (ហ្វេសប៊ុក៖ President Joe Biden)

យោង​តាម​ប្រភព​មួយចំនួន​បាន​បង្ហើប​ឱ្យដឹង​ថា មន្រ្តី​របស់​រដ្ឋបាល​ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងពិនិត្យ និង​ពិចារណា​នូវ​ចំណាត់ការ​ពន្ធគយ​របស់​ខ្លួន​ដែល​អនុវត្ត​​លើ​ប្រទេស​​ចិ​ន​ឡើងវិញ ដើម្បី​ឆ្លើយតបទៅនឹង​សមយុទ្ធ​យោធា​របស់​ប្រទេស​កុម្មុយនិស្តមួយ​​នេះ​ដែល​ធ្វើឡើង​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​។ នេះបើ​តាម​ការ​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌​មាន Reuters

គួរបញ្ជាក់ថា ក្រុមការងារ​របស់លោក ចូ បៃដិន អស់រយៈ​ពេល​ជាច្រើន​ខែ​មក​នេះ បាន​ព្យាយាម​ដោះស្រាយ​ក្នុងការ​ស្វែង​រក​មធ្យោបាយ​​នានា​ដើម្បី​សម្រួល​ដល់​ពន្ធនាំ​ចូល​របស់​ចិន និង​កាត់បន្ថយ​អតិផរណា​ដែល​កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង​ផងដែរ។

មធ្យោបាយ​ដែល​ត្រូវបាន​លើកឡើង​ទាំងនេះ​រួមមាន ការលុប​បំបាត់​ពន្ធគយ​មួយ​ចំនួន ការ​ចាប់ផ្តើម​ពិនិត្យ​លើ​វិស័យ​ស​ក្តានុពល​សម្រាប់​អនុវត្តការ​ដាក់ពន្ធគយ​បន្ថែម​ [ដែ​ល​អាច​នឹង​ធ្វើឱ្យ​​តម្លៃ​នៃការ​​នាំ​ចូល និង​ផលិតផល​​របស់​ចិន​​ឡើង​ថ្លៃ​​សម្រាប់​​ក្រុមហ៊ុន​​អាមេរិក] និង​ការ​ពង្រីក​បញ្ជីនៃការ​លើកលែង​ពន្ធ​ដើម្បី​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​អាមេរិក​ដែល​ទទួលការ​ផ្គត់ផ្គង់ពី​ប្រទេស​ចិន​ជាដើម​។

ទោះជាយ៉ាងណា ការឆ្លើយតប​របស់ចិន​ចំពោះដំណើរ​ទស្សនកិច្ចរបស់​ប្រធាន​​​រដ្ឋសភា​​​សហរដ្ឋ​អាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ទៅកាន់​កោះតៃវ៉ាន់​ ដែល​ធ្វើឡើងកាលពី​ពេលថ្មីៗនេះ​បានធ្វើឱ្យមន្រ្តីនានា​របស់លោក ចូ បៃដិន ចាំបាច់ត្រូវតែពិចារណា​ឡើងវិញទាក់ទិន​នឹង​ករណីនេះ ខណៈ​ទាំង​លោកប្រធានាធិបតីផ្ទាល់ ក៏នៅ​មិនទាន់មាន​ការសម្រេចចិត្ត​ណាមួយលើបញ្ហានេះឡើយ។ នេះបើតាម​ការបញ្ជាក់ឱ្យដឹង​ពី​សេតវិមាន។

ទាក់ទិននឹងករណី​នេះ អ្នកនាំពាក្យសេតវិមាន អ្នកស្រី Saloni Sharma បានឱ្យដឹងថា លោក​​ប្រធានាធិបតី​​មិ​នទាន់​មាន​ការស​ម្រេច​ចិត្ត​ណាមួយ​នៅ​ឡើយ​ទេ ទាំងមុន និងក្រោយ​ព្រឹត្តិការណ៍​ដែលកើតឡើង​នៅច្រក​សមុទ្រតៃវ៉ាន់។ ការប្រែប្រួល​ថ្មីណាមួយ​មិនទាន់​ត្រូវបាន​ធ្វើឡើង​ឡើយ ខណៈ​ចំណាត់ការ​ដែល​ត្រូវអនុវត្តក៏​កំពុង​តែស្ថិត​នៅក្នុង​ការពិភាក្សា​ផងដែរ។

អ្នកស្រី​ បន្តថា៖ «អ្នក​ដែលអាច​ធ្វើការសម្រេចចិត្តបា​នគឺ មានតែ​លោកប្រធានាធិបតី​តែម្នា​ក់​ប៉ុណ្ណោះ ខណៈ​រាល់ការសម្រេច​ចិត្ត​របស់លោក​គឺ នឹង​ត្រូវ​ផ្អែកលើ​អ្វីដែលជា​ផលប្រយោជន៍​របស់​យើង​»។

សម្រាប់សំណួរថា តើហេតុអ្វីបាន​ជាការសម្រេចចិត្តនេះ​ត្រូវការចំណាយពេលយូរ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អាមេរិកលោកស្រី Gina Raimondo បានអះអាងថា វាទាក់ទង​នឹងស្ថានភាព​ភូមិសាស្ត្រនយោបាយ​ដ៏ស្មុគស្មាញ។

ថ្លែងក្នុង​បទសម្ភាសន៍ជាមួយ​សារព័ត៌មាន Bloomberg លោកស្រីថា បន្ទាប់ពីដំណើរ​ទស្សនកិច្ចរបស់​លោកស្រី ណានស៊ី ផេឡូស៊ី ទៅកាន់​កោះតៃវ៉ាន់ ស្ថានភាព​ហាក់មាន​ភាពស្មុគស្មាញ ដូច្នេះហើយ​ លោកប្រធានាធិបតី ត្រូវ​តែគិតគូ​ឱ្យបាន​ល្អិតល្អន់ ដោយរូប​លោក​ចង់ធ្វើ​ឱ្យប្រាកដថា រាល់ការ​សម្រេចចិត្ត​របស់លោក​គឺនឹង​មិនបង្កជា​ផលប៉ះពាល់ដល់​ពលរដ្ឋអាមេរិកឡើយ។

គួរបញ្ជាក់ថា ប្រធាន​​​រដ្ឋសភា​​​សហរដ្ឋ​អាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី បានធ្វើដំណើរទៅ​កាន់​កោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍មុន។

​ករណីនេះ​បាន​បង្កឱ្យមានជា​​ការខឹងសម្បា​យ៉ាងខ្លាំងពីសំណាក់​ប្រទេសចិន ដែលធ្វើឱ្យប្រទេសមួយនេះ​ឈានដល់​ការឆ្លើយតបតាមរយៈ​ការធ្វើ​សម​យុទ្ធយោធា​​​ដែល​ក្នុងនោះរួមមាន ទាំងការដាក់​ពង្រាយយន្តហោះចម្បាំង​ ការបាញ់មីស៊ីលផ្លោងនៅលើដែនទឹក និងដែនអាកាស ជុំវិញ​កោះតៃវ៉ាន់ផងដែរ។

ទាក់ទិននឹងករណីនេះ សហរដ្ឋអាមេរិក​ក៏ធ្លាប់បាន​ជំរុញប្រទេសចិន កុំឱ្យមានប្រតិកម្មខ្លាំង​លើសលប់​ចំពោះដំណើរ​ទស្សនកិច្ចមួយនេះ ដោយថា វាអាច​នឹងធ្វើឱ្យ​ស្ថានការណ៍​កាន់តែ​តានតឹង​បន្ថែ​ម​ទៀត៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ