កម្មករ​រោងចក្រ​ជាង​២០០នាក់​នៅ​កំពង់ស្ពឺ​សុខចិត្ត​ទទួល​សំណង​មិន​គ្រប់​ចំនួន​ក្រោយ​ថៅកែ​រត់ចោល​

រោងចក្រផលិតកាបូបគ្រប់ប្រភេទ យែវ សឹង (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

កម្មករ-កម្មការិនី​ជាង​២០០នាក់ បម្រើ​ការងារនៅរោងចក្រផលិត​កាបូបគ្រប់ប្រភេទ យែវ សឹង (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិញរ សង្កាត់កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ព្រមទទួលយកសំណង​ទាំងមិនគ្រប់ចំនួន ក្រោយថៅកែបិទទ្វារ​រោងចក្រ រត់ចោលកម្មករ ដោយមិនបើកប្រាក់ឈ្នួល​ជូនពួកគេ។

កម្មករផ្នែកដេរលោក ម៉ៅ សាណេត ប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា កម្មករបានផ្ទុះការតវ៉ារយៈ២ថ្ងៃ ក្រោយអវត្តមានថៅកែ និងអ្នកគ្រប់គ្រងពីរោងចក្រ ដោយមិនបាន​បើកប្រាក់ឈ្នួលជូនកម្មករ។ លោកថា ក្រោយកម្មករផ្ទុះការតវ៉ាគឺ អាជ្ញាធរពាក់ព័ន្ធ និងម្ចាស់ទីតាំងរោងចក្រ បានចេញ​មក​សម្របសម្រួល ដោយម្ចាស់ទីតាំង​រោងចក្រនេះ ចេញមុខដោះស្រាយ​សំណងជូនកម្មករជំនួស​ថៅកែដែលបានចោលកម្មករ។

កម្មកររូបនេះឱ្យដឹងថា រោងចក្រ យែវ សឹង​ មានកម្មករជាង២០០នាក់ ក្រោយថៅកែរត់ចោល បានជំពាក់ប្រាក់ឈ្នូលកម្មករជាង ៧ម៉ឺនដុល្លារ។ លោកថា ក្រោយមាន​ការសម្របសម្រួលដោះស្រាយពី មន្ទីរការងារខេត្តកំពង់ស្ពឺ គឺម្ចាស់ទីតាំងបានចេញដោះស្រាយសំណង​តម្លៃ​ជាសរុបត្រឹមតែ ៦៥ភាគរយប៉ុណ្ណោះ។

លោក ម៉ៅ សាណេត បន្តថា ក្រុមកម្មករ​ព្រមទទួលយកការដោះស្រាយសំណងនេះទាំងអស់គ្នា ដើម្បីបញ្ចប់វិវាទដោយសារ​ពួកគេមិនចង់ខាតពេលយូរ និង​មិន​​សង្ឃឹមលើ​​ការដោះស្រាយ​របស់អាជ្ញាធរពាក់ព័ន្ធថា នឹងបានសំណងគ្រប់ចំនួន និងត្រឹមត្រូវតាមច្បាប់ ខណៈកម្មកររោងចក្រនេះ​ប្រមាណ ៨០ភាគរយ​ត្រូវការ​លុយបង់សងធនាគរ និងប្រញាប់​រកការងារថ្មីធ្វើបន្តទៀត។

លោក ម៉ៅ សាណេត បន្ថែមថា៖ «គេ [អាជ្ញាធរ​និង​ម្ចាស់ទីតាំង​] ថា បើ​យើង​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ វា​ត្រូវប្រើ​រយៈពេលយូរ​បាន​គេ​ដោះស្រាយ​ចេញ។ អុីចឹង​ កម្មករ​សម្រេចគ្នា​ ព្រមទទួលយកសំណងពី​ម្ចាស់ទីតាំងត្រឹម ៦៥ភាគរយនេះទៅ កុំឱ្យវា​អត់បានសោះ ណាមួយ​ ក្រុមកម្មករ​ក៏ដល់ថ្ងៃ​ដែល​ធនាគារគេទារលុយដែរ ព្រោះកម្មករ​នៅនេះជាង​ ៨០ភារយហើយ​ ដែលជំពាក់ធនាគារ»

ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ លោក ចឹក បូរិន សុំមិនបកស្រាយច្រើនទេដោយលោកថា ករណីវិវាទការងារនៅរោចក្រ យែវ សឹង បានដោះស្រាយចប់ហើយកាលពីម្សិលមិញនេះ ដោយ​ក្រុមកម្មករ​ព្រមទទួលសំណង​តាមកិច្ចព្រមព្រៀង​ដែលម្ចាស់ទីតាំង​ព្រមដោះស្រាយ​ជូនដើម្បី​បញ្ចប់​ជម្លោះ​។

លោក ចឹក បូរិន បន្ថែមថា៖ «យើង​បាន​សម្រប​សម្រួល​ដោះស្រាយច​ប់​កាលពីមិ្សលមិញហើយ ម្ចាស់អាគារ​ គាត់យល់ព្រម​ដោះស្រាយ​សំណង​ជូនកម្មករ​ទាំងអស់​ តាមកិច្ចព្រមព្រៀង​ជាមួយកម្មករ ហើយកម្មករ​បើកលុយយក​អស់​ហើយ កាលពីម្សិលមិញ»

ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា លោក ព្រុំ ប៊ុនថន ដែលធ្វើការងារលើកកម្ពស់សិទ្ធិកម្មករ​ មានប្រសាសន៍​ថា ករណីថៅកែបិទទ្វារ​រោងចក្រ​ រត់ចោលកម្មករ ដោយមិនបើកប្រាក់ឈ្នូល និងទូទាត់អត្ថប្រយោជន៍ផ្សេងៗ​ជូនកម្មករនេះ វាមិនមែនទើបតែកើតឡើង​លើកទីមួយ​នោះទេ​នៅកម្ពុជា។

លោកថា ក្រុមថៅកែ ឬនិយោជក​តែងតែប្រើប្រាស់រូបភាពបែបនេះ ដើម្បីគេចវេសពី​ការទទួលខុសត្រូវ​លើការទូទាត់អត្ថប្រយោជន៍ផ្សេងៗ​ជូន​កម្មករ ហើយបញ្ហា​នេះ មិនត្រូវបាន​ក្រសួងការងារ និងអាជ្ញាធរ​ពាក់ព័ន្ធ​ស្វែងរកចាប់ខ្លួនថៅកែ ឱ្យមក​ទទួលខុសត្រូវ​លើការដោះស្រាយ​សំណងជូនកម្មករ​ទៅតាមផ្លូវច្បាប់​ឡើយ ដែលបញ្ហានេះ​បានធ្វើឱ្យកម្មករ​ខាតបង់ផលប្រយោជន៍ជាច្រើន និងបន្តរងទុក្ខលំបាក។

លោក ព្រុំ ប៊ុនថន បន្ថែមថា៖ «ករណី​ថៅកែ​រ​ត់ចោលកម្មករនេះ​ វាមិនមែនជារឿងថ្មីនោះទេ វាបាន​កើតឡើងយូរមកហើយ ដោយសារ​ក្រសួងការងារនិង​អាជ្ញាធរពាក់ព័ន្ធហ្នឹង​ ខ្វះយន្តការនៃការទប់ស្កាត់កុំឱ្យរឿង​នេះបន្តកើតឡើង​ដដែលៗទេ។ អ៊ីចឹង ខ្ញុំថា ឥលូវនេះ​ក្រសួងគួរតែ [មាន] យន្តការ​ទប់ស្កាត់ ពេល​​ដែល​អ្នកវិនិយោគ​មកវិនិយោគ​នៅស្រុកយើង។ យើងត្រូវឱ្យ​អ្នកវិនិយោគទុន​ទាំងនោះ​ មានលុយ​តម្កល់​​នៅ​​ធនាគារជាតិ។ ឧទាហរណ៍ថា រោងចក្រ​មួយ​មានក​ម្មករ២០០នាក់។ អ៊ីចឹង យើងត្រូវ​ឱ្យអ្នក​វិនិយោគ​តម្កល់​លុយ​សម្រាប់​ទូទាត់​អត្ថប្រយោជន៍​ជូនកម្មករ​ក្នុងចំនួនហ្នឹងដែរ​ ដើម្បី​ពេលថៅកែ​រត់​ចោល​ យើង​យកលុយហ្នឹង​មកទូទាត់ជូនកម្មករ ប៉ុន្តែកន្លែង​យើងមិនបាន​ធ្វើអ៊ីចឹង​ទេ»

ទាក់ទងនឹង​រឿងថៅកែរត់ចោល​កម្មករនេះដែរ កម្មករ កម្មការិនីជាង ៣០០នាក់ បម្រើការងារនៅរោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ​ដែលមានទីតាំងនៅ​សង្កាត់ចោម​ចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏បាន​នាំគ្នាតវ៉ា និង​ដេកយាម​មុខរោងចក្រ ជាង៤ខែមកហើយ ក្រោយពីថៅកែរោងចក្រ​បិទទ្វាររត់ចោលកម្មករ ដោយមិនបានបើកប្រាក់ឈ្នូល និង​ទូទាត់​អត្ថប្រយោជន៍​ផ្សេងៗ​ជូនកម្មករ​រហូតដល់​ពេលនេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ