តារា​ចម្រៀង​លេចធ្លោ​ម្នាក់​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ស្រលាញ់​ព្រៃឈើ​និង​បញ្ឈប់​ការ​ដាក់​អន្ទាក់​សត្វព្រៃ ក្រោយ​ព្រៃ​ភ្នំតាម៉ៅ​ត្រូវ​បាន​បំផ្លាញ​

តារាចម្រៀងកម្ពុជាអ្នកនាង មាស សុខសោភា ចូលរួមក្នុងយុទ្ធនាការអន្ទាក់សូន្យ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នៅខេត្តកំពង់ធំ។ (រូបភាព៖ ក្រសួងបរិស្ថាន)

តារាចម្រៀង​ល្បីឈ្មោះ​នៅក​ម្ពុជា​អ្នកនាង មាស សុខសោភា បង្ហាញពីឆន្ទៈ​ស្រលាញ់​បរិស្ថាន និងអំពាវនាវ​ដល់អ្នកគាំទ្រឱ្យចូលរួមស្រលាញ់ការពារបរិស្ថាន ព្រៃឈើ និងបញ្ឈប់ការដាក់អន្ទាក់សត្វព្រៃ។

ការអំពាវនាវនេះ ក្នុងពេល​​តារាចម្រៀង​រូបនេះ​បាន​ចូលរួម​ក្នុង យុទ្ធនាការអន្ទាក់សូន្យ ដែល​ដឹកនាំ​ធ្វើ​សន្និសីទសារព័ត៌មាន​ដោយ​ ក្រសួងបរិស្ថាន នៅ​មន្ទីរបរិស្ថាន​ខេត្តកំពង់ធំ កាលពីថ្ងៃ១១ ខែសីហា ឆ្នាំ២០២២។

ក្នុងសន្និសីទនោះ អ្នកនាង​បានអំពាវនាវដល់ប្រជាពលរដ្ឋនិងអ្នកគាំទ្រឱ្យចូលរួម យុទ្ធនាការអន្ទាក់សូន្យ ហើយសំណូមពរឱ្យ​បញ្ឈប់ការដាក់អន្ទាក់សត្វព្រៃ សត្វក្នុងទឹក​ និងសត្វបក្សី ជាពិសេសសត្វ​ដែលជិតផុតពូជ ដើម្បីថែរក្សាជា​ប្រយោជន៍សម្រាប់ប្រទេសជាតិ​និងសហគមន៍។

តារាចម្រៀងរូបនេះ តែងតែសកម្មក្នុងការចូលរួមកម្មវិធី និងយុទ្ធនាការនានាទាក់ទងនឹងបរិស្ថានក៏ដូចជា ព្រៃឈើ។ ក្រៅតែពីការអំពាវនាវនេះ​ អ្នកនាងក៏បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួន​ពីផលប្រយោជន៍បរិស្ថាន​ធម្មជាតិ និងការចូលរួមការពារព្រៃឈើផងដែរ។

អ្នកនាង សុខសោភា បានលើកសារថា៖ «បរិស្ថាន​គឺជាជីវិតធម្មជាតិ ជាដង្ហើម ដើមឈើគ្រប់ដើម​ជាប្រយោជន៌ដល់ផែនដី ចូលរួមថែរក្សា ការពារ ថែព្រឹក្សព្រៃ​ឱ្យ​ពិភពលោកនេះ​ថ្មីល្អ​ជាងមុន​»។​

លោក ហេង គីមហុង សមាគមបណ្តាញយុវជនកម្ពុជា បានឱ្យដឹងថា ក្នុងនាមលោក​ជាអ្នកធ្វើការក្នុងវិស័យបរិស្ថាននេះ លោកសប្បាយចិត្ត​ដោយឃើញ​មាន​ការ​ចូលរួម​ពីអ្នកសិល្បៈទៅលើការងារបរិស្ថាន ហើយលោក​ក៏កោតសសើរ​ចំពោះការចូលរួមលើកិច្ចការពារធនធានធម្មជាតិពី​តារាចម្រៀងអ្នកនាង មាស សុខសោភា ខណៈបុគ្គលល្បីឈ្មោះ​តែងតែមានអ្នកស្គាល់ និងតាមដានសកម្មភាពប្រចាំថ្ងៃជាច្រើន ដូច្នេះ ការរួមចំណែកនេះ​ជាកត្តាសំខាន់​ដែលជំរុញ​ឱ្យមាន​ការចូលរួមពី​សាធារណជនកាន់តែប្រសើរឡើង។

លោក ហេង គីមហុង ថ្លែងថា៖ «នេះ​គឺជាការ​ល្អ​ដែលមាន​អ្នកសិល្បៈ អ្នកមាន​ឥទ្ធិពល​ ​រួមចំណែក​ចូលរួមលើ​កិ​ច្ចការពារបរិស្ថានធម្មជាតិ​​ក៏ដូចជា​ ការងារសង្គម ផ្តល់ជាគំរូភាព​​នៃការផ្សព្វផ្សាយ និងលើកទឹកចិត្តដល់អ្នកសិល្បៈដទៃទៀតឱ្យ​មានការចូលរួមផ្ទាល់ក្នុងការងារបរិស្ថាននេះ។

លោក បន្តថា៖ «ទន្ទឹមនឹង​នេះ​ ខ្ញុំក៏លើក​ទឹកចិត្តឱ្យអ្នកផ្សេងទៀតដែរ កាន់តែសកម្មជាងនេះ ជាពិសេស ផ្តល់តួនាទីជាគំរូភាព​ក្នុងការផ្សព្វផ្សាយ ការ​លើក​ទឹកចិត្ត ហើយជាពិសេសគឺ ការចូលរួមសកម្មភាពផ្ទាល់​នៅក្នុងកិច្ចការពារធនធានធម្មជាតិនេះ ពីព្រោះ​ពួកគាត់ជា​បុគ្គល ដែល​អាចមាន​ឥទ្ធិពលទៅលើ​យុវជនផ្សេងៗ​ឱ្យចូលរួមចំណែកលើកិច្ចការទាំងអស់នេះ»។

គេសង្កេតឃើញថា ការអំពាវនាវ​របស់របស់តារាចំរៀងលេចធ្លោ មាស​ សុខសោភា នេះ ក្រោយពីព្រៃ​ដែល​ជា​ជ​ម្រក​សត្វព្រៃនៅភ្នំតាម៉ៅ ត្រូវបាន​ក្រុមហ៊ុន​ឯកជន​ដែលទទួល​បានសិទ្ធិវិនិយោគ​ពីរដ្ឋាភិបាលឈូសឆាយអស់ជាច្រើន​រយហិកតា​ក្នុងរយៈពេលដ៏ខ្លី រហូតដល់មានបញ្ជា​របស់លោកនាយករដ្ឋមន្រ្តី ហ៊ុ​ន សែន ឱ្យបញ្ឈប់ការឈូសឆាយ និងដាំដើមឈើឡើងវិញ ទើប​សកម្មភាពឈូសឆាយត្រូវបានបញ្ចប់។ ទោះជាយ៉ាងណា បទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ធ្លាក់​ម​កក្រោយពីមហាជនបាន​សម្តែងការមិនពេញចិត្ត ចំពោះការបំផ្លិចបំផ្លាញព្រៃឈើនៅភ្នំតាម៉ៅ និងទាមទារ​ឱ្យរដ្ឋាភិបាល​ថែរក្សាព្រៃនេះឱ្យបាន គង់វង្ស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ