តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ ប្តឹង​ជំទាស់​ការ​សម្រេច​របស់​តុលាការ​ខេត្តកោះកុង​ឱ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ

ប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីជាង៧០០នាក់ បានប្រមូលផ្តុំនៅមុខសាលាខេត្តកោះកុងទាមទារដំណោះស្រាយករណីវិវាទដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

តំណាង​ពលរដ្ឋម្នាក់​ដែល​កំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ជាមួយ​ឧ​កញ៉ា ហេង ហ៊ុយ នៅ​ស្រុកស្រែអំបិល ខេត្តកោះកុង បាន​ប្តឹង​ជំទាស់​ការ​សម្រេច​របស់​សាលាដំបូងខេត្ត​នេះ។

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ សាលាដំបូងខេត្តកោះកុង បានប្រកាស​សាលក្រម​លើសំណុំរឿងរបស់​តំណាង​ពលរដ្ឋមានជម្លោះដីធ្លី អ្នកស្រី ដេត ហួរ ពាក់ព័ន្ធ​បទ​«បរិហារបង្កាច់​កេរ្តិ៍ និងបរិហារកេរិ៍្តជាសាធារណៈ» ទៅ​តាម​បណ្តឹងរបស់ឧកញ៉ា ហេង ហ៊ុយ ដោយ​សម្រេច​ឱ្យ​តំណាង​ពលរដ្ឋរូបនេះ ជាប់​ពន្ធនាគារ​​​១ឆ្នាំ និងពិន័យជា​ប្រាក់​ ២លានរៀល។

ក្នុងបណ្តឹងទៅ​សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ តាមរយៈ​មេធាវីការពារក្តី​បានលើក​ឡើងថា ការសម្រេច​របស់​សាលា​ដំបូងខេត្តកោះកុង លើសំណុំរឿង​របស់អ្នកស្រី ដេត ហួរ គឺមាន​ភាពអយុត្តិធម៌លើសលុប និង​មិនអាច​ទទួលបាន​ដោយស្ងាត់ស្ងៀមនោះឡើយ​។

បណ្តឹងប្រឆាំង​សាលក្រមនេះបន្តថា តុលាការខេត្តកោះកុង​ ធ្វើការសម្រេចក្តី និងពិចារណា​តែទៅលើ​អង្គហេតុដុំៗ​ និង​មួយផ្នែកៗ​ដោយមិនឈរ​លើមូលដ្ឋាន​អង្គហេតុទាំងមូល លម្អិត និងស៊ីជម្រៅ ព្រមទាំង​អង្គច្បាប់​ឱ្យបានពេញលេញ រឹងមាំ និងចុះសម្រុង​នោះឡើយ។

បណ្តឹងដដែល​នេះបន្ថែមថា អ្នកស្រី ដេត ហួរ ចង់ឱ្យសាលាឧទ្ទរណ៍ខេត្តព្រះសីហនុ ពិចារណាឡើង​វិញ​ជាអតិ្ថភាព និងជាចម្បងថា អ្នកស្រី​ជាជនរងគ្រោះ​ដោយសារការ​បាត់បង់ដីធ្លី ហើយអ្នកប្តឹងគាត់ គឺជា​គូបដិបក្ខក្នុងវិវាទដីធ្លី ហើយ​ការ​ដែល​ តុលាការខេត្តកោះកុង សម្រេចផ្តន្ទាទោសរូបគាត់​ឱ្យជាប់​ពន្ធនាគារ​រហូតដល់​១ឆ្នាំ​នោះ គឺជាការផ្តល់​យុត្តិធម៌ត្រួត និងជា​យុត្តិធម៌​លើស​តម្រូវការ និង​លើសភាព​ចាំបាច់ដល់គូបដិបក្ខ។ ផ្ទុយទៅវិញ អ្នកស្រី​បានក្លាយ​ជា​ជន​រងគ្រោះ​​ទ្វេដង ដូចគ្នា​ចំពោះការបាត់បង់ដីធ្លី ហើយត្រូវគេ​​ប្តឹងដាក់គុក​ថែមទៀត​។​

បើតាមបណ្តឹងនេះ តំណាងពលរដ្ឋ អ្នកស្រី ដេត ហួរ យល់ថា សាលក្រុមរបស់ តុលាការខេត្តកោះកុង ខ្វះតុល្យភាព និងសម្រេច​ដោយមិនបាន​ពិចារណា​តម្កល់​យកប្រយោជន៍​ច្បាប់ ប្រយោជន៍ការពិត និងប្រយោជន៍យុត្តិធម៌​ជាធំ​នោះទេ។

បណ្តឹងប្រឆាំង​សាលក្រមនេះបន្ថែមថា វិវាទដីធ្លី​រវាង​ប្រជាពលរដ្ឋ និងឧកញ៉ា ហេង ហ៊ុយ ជាដើមហេតុ​នៅក្នុងសំណុំរឿងនេះ គឺគ្មាន​ការពន្យល់​ បកស្រាយ និង​ដំណោះស្រាយ​ដែលគួរស្ងប់ចិត្ត​នោះឡើយ បើទោះបីជា ប្រជាពលរដ្ឋប្រឹងប្រែង​ជំរុញ និង​រកអន្តរាគមន៍ពី​ស្ថាប័នថ្នាក់ជាតិ​ញឹកញាប់ និង​សកម្ម​បែបណា​ក៏ដោយ​។

បណ្តឹងបន្តថា កង្វះការ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហាដីធ្លីឱ្យបានសកម្ម ទាន់ពេលវេលា និងមានប្រសិទ្ធភាព​នេះហើយ ទើប​ពលរដ្ឋ​សម្រេចចិត្ត​ធ្វើ​ការ​តស៊ូមតិ​តាមវិធី​ផ្ទាល់ខ្លួន​ ដើម្បីជំរុញឱ្យ​មានដំណោះស្រាយ​ដីធ្លីរបស់ពួកគេ។ ប៉ុន្តែ​សកម្មភាព​ដែលមិនផ្ទុក​ទៅដោយ​ចេតនា​ពិសពុល និង​ទុច្ចរិត​បែបនេះ បែរជា​មានការយល់ឃើញ​ដោយភ័ន្តច្រឡំ និងចោទពួកគាត់​ថា ធ្វើសកម្មភាព​ហួសព្រំដែនច្បាប់​ដែលឈានដល់​ការបំពានសិទ្ធិអ្នកដទៃទៅវិញ ដែលជាក់ស្តែង​គោលបំណង​ពិតប្រាកដ​របស់ប្រជាពលរដ្ឋឱ្យមានដំណោះស្រាយ​ដីធ្លីរបស់ពួកគាត់​ឱ្យបានឆាប់ប៉ុណ្ណោះ​។

អ្នក​ស្រី ដេត ហួរ តំណាងពលរដ្ឋសហគមន៍​១៩៧ នៅភូមិតានី ឃុំជីខលើ បានចាត់​ទុក​​ការ​សម្រេច​​​​របស់​តុលាការនេះថា ​ជា​រឿង​​​អយុត្តិធម៌​សម្រាប់អ្នកស្រី ខណៈ​​អ្នក​ស្រី​មិ​ន​បាន​​ប្រព្រឹត្ត​ដូច​ការ​​ចោទ​ប្រកាន់​​របស់លោក ហេង ហ៊ុយ នោះទេ។

តំណាងពលរដ្ឋរូបនេះបន្ត​ថា លោក ហេង ហ៊ុយ ដែល​ជា​​ម្ចាស់​ក្រុមហ៊ុន​ «ហេង ហ៊ុយ អាគ្រី​​ខាល់ឈ័​រ​គ្រុប» បាន​គប់​គិត​​គ្នាជាមួយ​​អាជ្ញាធរ ​ក្លែង​ឯកសារ​រំលោភ​យក​ដីធ្លី​របស់ប្រជាពលរដ្ឋចំនួន១៩៧គ្រួសារ នៅភូមិតានី ឃុំជីខលើ ​ស្រុកស្រែអំបិល ខេត្តកោះកុង តាំងពីឆ្នាំ២០០៧ និង​​បានប្តឹងតំណាងពលរដ្ឋ​ទៅតុលាការ​យ៉ាងអយុត្តិធម៌ថែមទៀត ក្រោយ​ពួកគាត់នាំគ្នា​តវ៉ា​និង​ប្តឹងករណីនេះ​​ទៅ​​ក្រសួងមហាផ្ទៃ​ឱ្យជួយដោះស្រាយ។

អ្នកស្រី ដេត ហួរ បន្ថែមថា៖ «ខ្ញុំឈឺចាប់​​ជាទី​បំផុត​​ដែល​តុលាការ​គាត់​ជឿទៅ​តាម​លោក ហេង ហ៊ុយ ខណៈ​ប្រជា​ពលរដ្ឋ​រាប់រយ​គ្រួសារ​បាន​បាត់បង់​ដី​ពិត​ប្រាកដ​ ដោយ​សារ​​លោក ហេង ហ៊ុយ រំលោភ​​យក​។ ពេល​​យើង​​បាត់​ប​ង់​​ដី ឬបាត់បង់​អ្វីមួយ​យ៉ាង​អយុត្តិធម៌ តើ​មិន​ឱ្យ​យើង​​តវ៉ា មិន​ឱ្យ​យើង​និយាយ​បាន​មែន​?​»

យ៉ាងណា លោកឧកញ៉ា ហេង ហ៊ុយ ធ្លាប់ប្រាប់ វីអូឌី កាលពីអំឡុងឆ្នាំ២០២១​ថា ក្រុមហ៊ុន​របស់លោក​មិន​បានរំលោភ​យកដីរបស់​ពលរដ្ឋនោះទេ។ លោកថា លោក​មានបណ្ណកម្មសិទ្ធិ​ត្រឹមត្រូវ​តាមច្បាប់លើដី​នោះ។

ចាប់តាំង​ពី​​ពា​ក់កណ្ដាល​​ឆ្នាំ២០១៩មក ពលរដ្ឋចំនួន១៩៧គ្រួសារ​ មក​ពី​ឃុំ​ជីខលើ និង​ជីខក្រោម បាន​ឡើង​​​មក​​តវ៉ា​​នៅ​រាជធានី​ភ្នំពេញ​ជាបន្តបន្ទាប់ ដើម្បី​រក​អន្តរាគមន៍​ពី​​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យជួយ​​​ដោះ​ស្រាយ​​វិវាទ​​​ដីធ្លី​​​របស់​​​ពួក​​​គាត់ ដោយ​ចោទ​ថា ក្រុមហ៊ុន​ ហេង​ ហ៊ុយ បានរំលោភ​យកដីធ្លី​ពួកគាត់​​តាំង​ពី​​ឆ្នាំ២០០៧។ ប៉ុន្តែករណីនេះ ត្រូវ​បាន​​ក្រសួង​រៀបចំ​ដែនដី​ បដិសេធ​​ដោះស្រាយ​​​​ឱ្យ​ពលរដ្ឋ​ទាំងនោះ​​ជា​បន្តបន្ទាប់ និង​ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធឱ្យ​​ចាត់វិធានការ​​ផ្លូវច្បាប់​ ចំពោះ​​អ្នកដែល​ក្រសួង​ថា បាន​ញុះញង់​ឱ្យ​ពលរដ្ឋ១៩៧គ្រួសារ​​​នោះ​​ឡើង​ម​ក​​តវ៉ា​ទៀតផង។

ពាក់ព័ន្ធជម្លោះដីធ្លីនេះ មានតំណាងពលរដ្ឋ៩នាក់ នៅសហគមន៍១៩៧ រួមមាន អ្នកស្រី អិប តឹង, អ្នកស្រី ដេត ហួរ, អ្នកស្រី កើត នៅ, អ្នកស្រី អ៊ិន ធូ, លោក គង់ មែន និង​តំណាងពលរដ្ឋផ្សេងទៀត កំពុង​ជាប់បណ្តឹង​នៅតុលាការ ក្រោមបទចោទ «បរិហារកេរ្តិ៍ និងញុះញង់​ឱ្យប្រព្រឹត្ត​អំពើបង្ក​ឱ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ទៅតាមបណ្ដឹងរបស់​លោក ហេង ហ៊ុយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ