សង្គម​ស៊ីវិល​បន្ដ​ជំរុញ​មហាជន​ចូលរួម​រក​ដំណោះស្រាយ​ចំពោះ​ព្រៃមេត្តា​ធម្មជាតិ​ នៅ​ខេត្ត​កំពង់ស្ពឺ

ពលរដ្ឋសហគមន៍ចុះជួបជុំគ្នា ក្នុងថ្ងៃដែលអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ចុះពិនិត្យមើលទីតាំងដីសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ដែលពលរដ្ឋអះអាងថារងការកាប់បំផ្លាញនិងឈូសឆាយពីសំណាក់ក្រុមទាហានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋមួយចំនួន ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រុមអង្គការ​​សង្គមស៊ីវិល​ បន្ដ​ជំរុញ​មហាជន​​ចូលរួម​សង្រ្គោះ​តំបន់​ព្រៃមេត្តា​ធម្មជាតិ​ ដែល​កំពុង​រង​ការឈូសឆាយ​ស្ទើរតែ​ទាំងស្រុង​។ ការ​ជំរុញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​​រដ្ឋាភិបាល​សម្រេច​បញ្ឈប់​ការឈូសឆាយ​ព្រៃ​ភ្នំតាម៉ៅ​ទាំងអស់ ដើម្បី​រក្សា​ដី​ព្រៃធម្មជាតិ​មួយ​នេះ​ ដោយសារ​​មាន​ការ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​មហាជន​។

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង ​បង្ហាញការ​សោកស្ដាយ​យ៉ាងខ្លាំង​ចំពោះព្រៃមេត្តាធម្មជាតិ ដែលកំពុង​រងការឈូសឆាយអស់ស្ទើរតែទាំងស្រុង ដោយក្រុមទាហានដែលនៅទីនោះ។ មួយវិញទៀត លោកថា សត្វព្រៃ​ដែលនៅសល់​តិចតួច​នឹងបាត់បង់​ទាំងអស់ ប្រសិនបើគ្មាន​ការជួយសង្គ្រោះទាន់ពេលវេលា​ទេនោះ។

ពាក់ព័ន្ធរឿងនេះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ថា ភ្លាមៗ​នេះ លោកមិនអាចសម្រេចថា​ ដោះស្រាយយ៉ាងណា​នៅឡើយទេ។ លោក​ថា ក្រោយ​ចុះពិនិត្យផ្ទាល់ លោកនឹង​ជួបប្រជុំជាមួយ​អាជ្ញាធរពាក់ព័ន្ធ​ដើម្បីកំណត់ទីតាំងដី​សហគមន៍​ឱ្យបាន​ច្បាស់លាស់ និងសិក្សា​ពី​ទំហំនៃ​ផលប៉ះពាល់​សិន។

យ៉ាងណា លោក ហេង គឹមហុង រំពឹងថា ការចូលរួមពីអភិបាលខេត្ត​ និងសកម្មភាព​ជំរុញពីមហាជននឹងធ្វើឱ្យមាន​ដំណោះស្រាយយ៉ាង​មានប្រសិទ្ធភាព។ ប៉ុន្ដែ​យ៉ាងណា លោក ក៏នៅតែបន្ដជំរុញ​ឱ្យមហាជនយកចិត្តទុកដាក់ចំពោះព្រៃមេត្តាធម្មជាតិ រហូតដល់មានដំណោះស្រាយ​ជាលិខិតផ្លូវការ​លេចជារូបរាងឡើង ទើប​បញ្ឈប់ការតស៊ូមតិចំពោះបញ្ហានេះ។

លោក ហេង គឹមហុង ថា៖ «ពួកយើង​នៅតែ​បន្ដជំរុញ​ឱ្យមាន​ការលើកឡើង​ពី​បញ្ហា​ទាំងអស់ហ្នឹង ជាពិសេស​រហូត​ដល់មាន​ឯកសារ​ជាផ្លូវការ​ច្បាស់លាស់ មិនមែន​គ្រាន់តែជា​ការសន្មត់ ឬជា​ការលើកឡើង​ដោយ​សម្ដីចឹង​»។

ទន្ទឹមនេះ លោកថា លោកកំពុងតែប្រមូលកូនឈើ និងសហការជាមួយ​សង្គមស៊ីវិលផ្សេងទៀត​ ទៅធ្វើពិធីដាំកូនឈើ​នៅទីនោះឡើងវិញ និងទាមទារ​ឱ្យបញ្ឈ​ប់​ការឈូសឆាយ​តំបន់នេះ ហើយ​អ្នកកាប់បំផ្លាញ​ព្រៃ​ត្រូវតែចូលរួមដាំដើមឈើ​ជាការទទួលខុសត្រូវ។

បន្ថែមពីនេះ លោកជំរុញឱ្យប្រជាពលរដ្ឋចូលរួម​ឈ្វេងយល់ពីព្រៃមេត្តាធម្មជាតិ​ ដែលកំពុងរងការឈូសឆាយនេះ ហើយឱ្យមាន​ការចូលរួម​ការពារពី​សាធារណជន​​ដូចករណីភ្នំតាម៉ៅ និង​នាំគ្នាថែរក្សាធនធានធម្មជាតិនេះ​ទុកសម្រាប់ក្មេងជំនាន់ក្រោយ ​កុំឱ្យបុគ្គលណាមួយ​​យកធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។

មន្ត្រីជាន់ខ្ពស់នៃសមាគមបណ្តាញយុវជនកម្ពុជារូបនេះ លើកឡើងថា៖​ «ខ្ញុំសំណូមពរ​ឱ្យប្រជាពលរដ្ឋ​ទាំងអស់ មេត្តាឈ្វេងយល់​ពីព្រៃមេត្តា​ធម្មជាតិ ហើយ​ចូលរួមការពារព្រៃមេត្តាធម្មជាតិ ដូចការពារព្រៃភ្នំតាម៉ៅ និងព្រៃផ្សេងទៀត ពីព្រោះអីគឺ ជាធនធានរបស់យើង​ទាំងអស់គ្នា​ដែល​ត្រូវចូលរួម​ការពារ​ដើម្បី​មនុស្សជំនាន់​ក្រោយ​»។​

ចំណែកឯ សកម្មជនចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា ​ក៏បានបង្ហាញការ​សោកស្តាយចំពោះសកម្មភាព​ឈូសឆាយព្រៃ និងការប៉ះពាល់សត្វព្រៃ​ នៅតំបន់​ព្រៃមេត្តាធម្មជាតិនេះ។ មួយវិញទៀត តំបន់ព្រៃមេត្ដាធម្មជាតិនេះ​ ក៏ជាជម្រកសត្វព្រៃ​មួយកន្លែងដែល​មានព្រះសង្ឃ​និងសហគមន៍​មូលដ្ឋានអភិរក្ស​ជាយូរ​មកហើយ។

បើទោះជា​មិនទាន់បង្ហាញពីសកម្មភាព​ជាក់លាក់ណាមួយ​ក្នុងការសង្គ្រោះព្រៃមេត្តាធម្មជាតិនេះក៏ដោយ ប៉ុន្ដែ កញ្ញា លើកឡើងថា ដំណោះស្រាយ​ក្នុងករណីនេះ​ ត្រូវមានការចូលរួមពី​មហាជនយ៉ាង​សកម្ម ​ដូចករណីការឈូសឆាយព្រៃ​នៅតំបន់ភ្នំតាម៉ៅ​ដែរ។

សកម្មជនបរិស្ថានរូបនេះ ថា៖ «យើង​គួរតែ​ចាប់ផ្ដើម​ចូលរួមនៅក្នុង​ការការពារ ចូលរួមក្នុង​ការសង្គ្រោះមេត្ដាធម្មជាតិ ឱ្យដូចសង្គ្រោះ​ភ្នំតាម៉ៅ ព្រោះរឿង​ធនធានធម្មជាតិ រឿងបរិស្ថាន ជារឿងរបស់យើងទាំងអស់ មិនមែនជារឿង​តែសហគមន៍មូលដ្ឋាន​នោះទេ»។

ករណីនេះដែរ កញ្ញា ក៏ស្នើរដល់រដ្ឋាភិបាល​ ពិចារណាបញ្ឈប់ការឈូសឆាយព្រៃនេះ ហើយប្ដូរមក​ជារួមគ្នា​ក្នុងការថែរក្សា​ព្រៃមេត្ដាធម្មជាតិ​ទាំងអស់គ្នាវិញ។

លោក ហ៊ុន វណ្ណៈ​ សមាជិកក្រុមខ្មែរថាវរៈ ឱ្យដឹងថា ក្រុមរបស់លោក​​កំពុងតែចាំមើល​ចំណាត់ការរបស់​អភិបាលខេត្តសិន មុននឹង​ចាប់ផ្ដើម​ធ្វើការតស៊ូមតិ​ចំពោះ​បញ្ហា​នេះ។ យ៉ាងណាក៏ដោយ លោកថា បញ្ហានេះ ត្រូវមាន​ការផ្សព្វផ្សាយ​អំពីការឈូសឆាយ​ដែល​ប៉ះពាល់ព្រៃឈើ​យ៉ាងធ្ងន់ធ្ងរនៅ​តំបន់នេះ​ឱ្យបាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​បានដឹង។

សមាជិកក្រុមខ្មែរថាវរៈ រូបនេះបន្ដថា ការជួយព្រៃសហគមន៍នេះ លុះត្រាតែ​ប្រជាសហគមន៍ខ្លួនឯង​ផ្ទាល់ត្រូវតែរឹងមាំ​ ដែលអាច​ជួយខ្លួនឯង​បានជាមុនសិន។ ក្នុងន័យនេះ លោកថា ការជួយសង្រ្គោះ​ព្រៃមេត្តាធម្មជាតិនេះ ត្រូវការអ្នកនៅទីនោះ​ផ្ទាល់មានឆន្ទៈពិតប្រាកដ​ គិតពីប្រយោជន៍​សហគមន៍រួម។

ទាក់ទិនទៅនឹងរកណីនេះ លោក ហ៊ុន វណ្ណៈ លើកឡើងថា តំបន់ភ្នំតាម៉ៅ មានទំហំផល​ប្រយោជន៍​ធំធេង ប៉ុន្ដែនៅតែ​អាចស្វែង​រកដំណោះស្រាយ​បាន ដោយសារ​ការចូលរួមយ៉ាង​សកម្មពីមហាជន ដូច្នេះ ព្រៃមេត្ដាធម្មជាតិ​ក៏នៅតែអាច​សង្គ្រោះបានដូចគ្នា បើសិនជា​សាធារណជននៅតែ​បន្ដចូលរួមការពារ។

លោក ហ៊ុន វណ្ណៈ ថា ៖ «ភ្នំតាម៉ៅ​ ដែល​មានទំហំជាង​ពីរពាន់ហិតា​ ទំហំនៃ​ផលប្រយោជន៍ដែល​អ្នកមានអំណាច​ គាត់អាច​ទាញយក​បានហ្នឹង គឺ​មាន​តម្លៃធំធេង​មែនទែន បើយើង​គិតតម្លៃធនធាន​ដែលគេយកហ្នឹង ហើយ​មកដល់ពេលនេះ មានដំណោះស្រាយ​ដោយសារ​ការចូលរួម​ពី​ប្រជាពលរដ្ឋ»។

ការលើកឡើងពីការសង្គ្រោះ​ព្រៃមេត្តាធម្មជាតិនេះ ធ្វើឡើងក្រោយ​ពីមានការប្រតិកម្មយ៉ាងខ្លាំង​ពីមហាជនយ៉ាងច្រើន​ចំពោះការឈូសឆាយព្រៃតំបន់​ភ្នំតាម៉ៅ ហើយលោក នាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសម្រេច​លុបចោលគម្រោងអភិវឌ្ឍន៍ និង​ដោះដូរដីតំបន់ភ្នំតាម៉ៅ​ទាំងអស់ ដើម្បីរក្សាដីព្រៃធម្មជាតិ​មួយនេះ​ឱ្យនៅ​ដដែល។ ជាមួយគ្នានេះ លោក​ក៏បានបញ្ជាទៅក្រុមហ៊ុន​ ដែលឈូស​ឆាយព្រៃភ្នំតាម៉ៅទាំងអស់ត្រូវដាំកូនឈើ​ឡើងវិញ។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ២០២១ រដ្ឋាភិបាល​​បានចេញអនុក្រឹត្យមួយ កាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រក​សត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រ ភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែក​ទៅ​ឱ្យ​គ្រួសារកងទ័ព​នៃបញ្ជាការដ្ឋានរថក្រោះកងទ័ព​ជើងគោក និងពលរដ្ឋ​ចំនួន​​៤១គ្រួសារ សម្រាប់ធ្វើលំនៅឋាន និងបង្កបង្កើនផល។

ក្រោយ​ទទួលបាន​ដីសម្បទានសង្គម​កិច្ច​នេះ ក្រុម​ទាហាន​បាន​​ដាក់​គ្រឿងចក្រឈូស​ឆាយ និង​ប្រើកម្លាំង​កម្មករ​​ឱ្យ​ចូល​ទៅកាប់​រុករានព្រៃឈើ​នៅ​តំបន់នោះ ប៉ុន្តែត្រូវ​បានអ្នកភូមិរាប់រយនាក់​​នៅឃុំត្រពាំង​ជោរ​ តវ៉ា​ប្រឆាំង ដោយពួកគេអះអាង​ថា ព្រៃឈើតំបន់នោះ​ជាព្រៃសហគមន៍ឧត្ដមស្រែពស់ ឬព្រៃមេត្តាធម្មជាតិ ដែលពួក​គេ​​​បាន​ការ​ពារ​ជាង​​២០​ឆ្នាំមកហើយ។

គេសង្កេតឃើញថា បន្ទាប់ពីរដ្ឋាភិបាល​បានបញ្ឈប់ភ្លាមៗ​នូវសកម្មភាពឈូសឆាយព្រៃភ្នំតាម៉ៅនេះ ក្រុមអ្នកស្រលាញ់បរិស្ថាន និងពលរដ្ឋ បានបង្ហាញ​នូវការ​សាទរ​​ចំពោះការសម្រេចនេះ។ ទន្ទឹមនេះ ពួកគេក៏សម្ដែងនូវ​ការសោកស្ដាយ​យ៉ាងខ្លាំងផងដែរ ចំពោះការបាត់បង់​ព្រៃឈើជិត​៦០០ហិកតា​ នៅភ្នំតាម៉ៅ​​ក្នុងរយៈពេល​ដ៏ខ្លីនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ