FBI ​ស្វែង​រក​​ឯកសារ​​ពាក់ព័ន្ធ​នឹង​អាវុធ​នុយ​ក្លេអ៊ែរ​​ក្នុង​​អំឡុង​ពេល​​ឆែកឆេរ​​ផ្ទះ​លោក ដូណាល់ ត្រាំ

U.S. Attorney General Merrick Garland speaks about the FBI’s search warrant served at former President Donald Trump’s Mar-a-Lago estate in Florida during a statement at the U.S. Justice Department in Washington, U.S., August 11, 2022. REUTERS/Leah Millis

សារព័ត៌មាន Reuters រាយការណ៍​នៅថ្ងៃសុក្រ ទី១២ ខែសីហានេះថា FBI បានស្វែង​រកឯកសារ​ពាក់ព័ន្ធនឹង​អាវុធនុយក្លេអ៊ែរ នៅពេល​ឆ្មក់ចូលឆែកឆេរ​ផ្ទះ​របស់​អតីត​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងរដ្ឋផ្លរីដា នៅសប្តាហ៍នេះ។

ប្រភពដដែលបន្តថា មិនមាន​ភាពច្បាស់លាស់ថា តើគេ​បានរកឃើញឯកសារ​អំពីនុយក្លេអ៊ែរ នៅលំនៅដ្ឋាន Mar-a-Lago របស់លោកនៅ Palm Beach ឬយ៉ាងណានោះទេ។ Reuters ​មិន​អាច​​សុំការបញ្ជាក់អំពីរបាយការណ៍នេះឡើយ​។

កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានស្នើសុំចៅក្រម​ឱ្យចេញដីកាជាសាធារណៈដែលអនុញ្ញាតឱ្យ FBI ចូលឆែកឆេរលំនៅដ្ឋាន Mar-a-Lago របស់លោក ដូណាល់ ត្រាំ ខណៈលោក ត្រាំ ចាត់ទុកទង្វើនោះថា ជាការសងសឹក​ផ្នែកនយោបាយ។

ការស៊ើបអង្កេតនេះ ធ្វើឡើងដើម្បីស្វែងរកថា តើលោក ដូណាល់ ត្រាំ បានយក​ឯកសារ​ដោយ​ខុសច្បាប់​ពី​សេតវិមាន​នៅពេល​ចប់អាណត្តិ​កាលពី​ខែមករា ឆ្នាំ២០២១ឬយ៉ាងណា? ដែល​ក្រសួងយុត្តិធម៌​ចាត់ទុកថា ឯកសារមួយចំនួន​ជាឯកសារសម្ងា​ត់​។

លោក មឺរិក ហ្គាឡែន (Merrick Garland) ជា​អគ្គមេធាវី និងជាមន្ត្រីអនុវត្តច្បាប់កំពូលម្នាក់​របស់អាមេរិក​ បានប្រាប់​សន្និសីទសារព័ត៌មានថា លោក​បាន​អនុម័ត​ដោយ​ផ្ទាល់ចំពោះការឆែកឆេរនេះ។

ប្រភព​ដែល​ដឹងពីបញ្ហា​នេះ​ ​បាន​និយាយ​ថា FBI បាន​រឹបអូសយក​​ប្រអប់​ប្រហែល១០កេស ពី​លំនៅដ្ឋាន​របស់​លោក ដូណាល់ ត្រាំ ក្នុងអំឡុង​ពេល​ឆែកឆេរ។

លោក ដូណាល់ ត្រាំ មិននៅក្នុងរដ្ឋផ្លរីដាទេ នៅពេលឆែកឆេរ។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីល្បាត​ផ្លូវល្បឿនលឿនក្នុង​រដ្ឋអូហៃយ៉ូ បាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ មាន​បុរស​ប្រដាប់អាវុធម្នាក់​ដែល​ត្រូវបានគេ​សង្ស័យថា បាន​ព្យាយាម​ចូលក្នុងអគារ FBI នៅទីក្រុងស៊ីស៊ីនណាទី (Cincinnati) ដែល​ក្រោយ​មក​ត្រូវបាន​បាញ់​សម្លាប់​ក្នុងអំឡុង​ពេលប៉ះទង្គិចគ្នា​ជាមួយ​កម្លាំង​សមត្ថកិច្ច​។

លោក មឺរិក ហ្គាឡែន (Merrick Garland) បានថ្កោលទោស​ការគំរាមកំហែង និងការវាយប្រហារ​ប្រឆាំងនឹង FBI និងក្រសួងយុត្តិធម៌។

លោកបាននិយាយថា៖ «ខ្ញុំនឹង​មិ​នឈរ​នៅស្ងៀមឡើយ នៅពេលដែល​មាន​ការវាយប្រ​ហារ​ដោយ​អយុត្តិធម៌»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ