សង្គមស៊ីវិលនិងសហជីព លើកឡើងថា សាលារាជធានីភ្នំពេញកំពុងគាំទ្រឱ្យអាជ្ញាធរប្រើប្រាស់អំពើហិង្សាលើកូដករណាហ្គាវើលដ៍ ទើបព្រមានចាត់វិធានការលើកូដករជាស្ត្រីរងគ្រោះ ដែលត្រូវបានអាជ្ញាធរប្រើប្រាស់អំពើហិង្សាបណ្ដាលឱ្យរបួសនោះ។
កូដករណាហ្គាវើលដ៍ជាស្ត្រី៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ក្រោយរងអំពើហិង្សារបស់សមត្ថកិច្ចដែលបានវាយ ទាត់ ធាក់ ពួកគេក្នុងអំឡុងពេលនៃការតវ៉ានៅក្បែរក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។
ក្រោយពីមានព្រឹត្តិការណ៍នេះ សាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែសីហា បានចេញ សេចក្ដីប្រកាសព័ត៌មានមួយ ដោយចាត់ទុកការធ្វើកូដកម្មរបស់កូដករក្រុមហ៊ុនណាហ្គាវើលដ៍ជារឿងខុសច្បាប់។
អាជ្ញាធររាជធានីភ្នំពេញថា ការធ្វើកូដកម្មរបស់បុគ្គលិកណាហ្គាវើលដ៍ ជាការរៀបចំដោយក្រុមមនុស្សមួយក្តាប់តូចដែលនៅពីក្រោយការរៀបចំឈុតឆាកសម្តែង ក្នុងន័យបង្កើតរូបភាពអវិជ្ជមាន បង្កការប៉ះពាល់ដល់មុខមាត់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ហើយក្រុមនេះបានបន្តធ្វើសកម្មភាពអាណាធិបតេយ្យយ៉ាងគគ្លើនជាដដែលៗ។
សេចក្ដីប្រកាសរបស់សាលារាជធានីភ្នំពេញលើកឡើងថា៖ «ជាក់ស្តែងនៅវេលាម៉ោង ១៥៖១៥នាទី ពួកគេបានរៀបចំបង្កើតឱ្យមានព្រឹត្តិការណ៍ផ្សេងៗដើម្បីទម្លាក់កំហុសមកលើអាជ្ញាធរអនុវត្តច្បាប់ (ថាបានប្រើអំពើហិង្សាលើបាតុករ)។ ក្រុមនេះក៏បានធ្វើសកម្មភាពញុះញង់ ដុតកម្តៅ បញ្ឆេះកំហឹង បន្តការជេរប្រមាថមកលើមន្រ្តីសាធារណៈ ហើយថែមទាំងជាន់កម្ទេចបំផ្លាញប៉ារាស ធ្វើឱ្យខូចខាតជិត២០ផ្ទាំង ហើយសមត្ថកិច្ចនៅតែបន្តស្រាក់ដៃគ្នាធ្វើជាប៉ារាសការពារដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ ប៉ុន្តែពួកគេបានប្រើហិង្សាថែមទៀតមកលើសមត្ថកិច្ច រហូតដល់មានការប៉ះទង្គិចគ្នាបន្តិចបន្តួច។ ដូចផែនការដែលបានគ្រោងទុក ក្រុមអគតិមួយក្តាប់តូចបានធ្វើការបង្ហោះ ចែកចាយនូវរូបភាពដែលបានចងក្រងទុកជាមុន ក្នុងន័យទម្លាក់កំហុសមកលើសមត្ថកិច្ច»។
សាលារាជធានីភ្នំពេញ អះអាងថា ចំពោះព្រឹត្តិការណ៍ប៉ះទង្គិចកាលពីម្សិលមិញនេះ អាជ្ញាធរមានសមត្ថកិច្ចនឹងចងក្រងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីនាំជនដៃដល់មកផ្តន្ទាទោសតាមច្បាប់នូវសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ប្រើអំពើហិង្សាមកលើអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជា ប្រមាថមកលើមន្រ្តីរាជការកំពុងបំពេញភារកិច្ច។
កូដករណាហ្គាវើលដ៍ ដែលត្រូវបានអាជ្ញាធរវាយឱ្យរងរបួសគឺ កញ្ញា សឹង ស្រីនិច បង្ហាញការសោកស្ដាយដោយចាត់ទុកការប្រកាសរបស់សាលារាជធានីភ្នំពេញថា ជាគំរាមកំហែងដើម្បីបំបាក់ស្មារតីកូដករ។ កញ្ញាថា ពួកគាត់មិនបានបំផ្លាញ និងប្រើប្រាស់អំពើហិង្សាទៅលើសមត្ថកិច្ចឡើយ ផ្ទុយទៅវិញ ក្រុមសមត្ថកិច្ចទេដែលបានប្រើប្រាស់អំពើហិង្សាលើពួកគាត់ជាស្ត្រីនោះ។
កញ្ញា សឹង ស្រីនិច ថា៖ «ប៉ូលីសហ្នឹង បានវាយបងស្រីម្នាក់ឡើងដេកនៅលើឥដ្ឋតែម្ដង វាយយកៗ ហើយធាក់ផង ហើយពេលខ្ញុំឃើញ ខ្ញុំក៏ទាញបងនោះមកវិញ។ ប៉ូលីសនឹងពុងដេកបងនោះ ហើយវាយ ខ្ញុំមិនហ៊ានវាយគាត់ទេ កុំឱ្យគេថា កូដករប្រើអំពើហិង្សាលើប៉ូលីស ប៉ុន្តែមានណាព័ត៌មានចេញមកលាបពណ៌សុទ្ធ ហើយថា កូដករវាយប៉ូលីសវិញ ហើយថា កូដករអ្នកធ្វើឱ្យខូចប៉ារាសទាំងអស់ ទាំងដែលខ្ញុំជាជនជារងគ្រោះ ម្សិលមិញបែកច្រមុះ ដែលពួកខាងប៉ូលីសវាយខ្ញុំ»។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បង្ហាញការសោកស្ដាយដែលសាលារាជធានីភ្នំពេញចោទប្រកាន់លើកូដករ។
កញ្ញាបន្តថា ករណីនេះនឹងធ្វើឱ្យប៉ះពាល់មុខមាត់រដ្ឋាភិបាលកម្ពុជាលើឆាកអន្តរជាតិកាន់តែខ្លាំង ដោយសារ អាជ្ញាធរតែងតែបញ្ជូនជនដៃដល់ឱ្យទៅប្រើប្រាស់អំពើហិង្សាលើប្រជាពលរដ្ឋនៅទីសាធារណៈ ដែលគ្រាន់តែធ្វើកូដកម្មដោយសន្តិវិធីទាមទារដំណោះស្រាយវិវាទការងារនោះ។
កញ្ញា ឈឹម ស៊ីថរ ចាត់ទុកការបញ្ជូនជនដៃដល់មកប្រើប្រាស់អំពើហិង្សាលើក្រុមកូដករដែលតវ៉ានេះ មិនមែនជាដំណោះស្រាយឡើយ។ កញ្ញាថា ដើមចមនៃការបន្តធ្វើកូដកម្មរបស់កម្មករនិយោជិតរាល់ថ្ងៃនេះ បណ្ដាលមកពីក្រុមហ៊ុនណាហ្គាវើលដ៍មិនគោរពច្បាប់ ហើយរដ្ឋាភិបាលគ្មានវិធានការដោះស្រាយ និងចាប់បង្ខំឲ្យក្រុមហ៊ុនអនុវត្តច្បាប់។
កញ្ញា ឈឹម ស៊ីថរ បន្តថា៖ «មានទាំងអ្នកដែលឯកសណ្ឋាន និងអ្នកមិនស្លៀកឯកសណ្ឋាន មកប្រើអំពើហិង្សាមកលើពលរដ្ឋនៅតាមទីសាធារណៈ អ៊ីចឹង ទីបំផុត គាត់បែរជាចោទប្រកាន់ ហើយគំរាមប្ដឹងជនរងគ្រោះទៅតុលាការទៀត។ អ៊ីចឹង ប្រទេសយើងអាម៉ាស់ណាស់ដោយសារសាលាក្រុងតែម្ដង ហើយ យើងសូមថ្កោលទោសចំពោះទង្វើអមនុស្សធម៌ ព្រៃផ្សៃរបស់អាជ្ញាធរទាំងអស់ហ្នឹង។ អ៊ីចឹង យើងចាំមើលទាំងអស់គ្នា សូមប្រជាពលរដ្ឋ និងសាធារណជនរងចាំមើលទាំងអស់គ្នាថា តើជនរងគ្រោះដែលត្រូវវាយបែកឈាម ស្រក់ឈាមទៅលើផ្លូវទីសាធារណៈនឹងត្រូវតុលាការចាត់វិធានការ ឬជនបង្កដែលប្រើអំពើហិង្សាលើស្ត្រីទន់ខ្សោយនឹងត្រូវតុលាការចាត់វិធានការ»។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា ការធ្វើកូដកម្មរបស់ក្រុមកូដករណាហ្គាវើលដ៍ ជាសិទ្ធិដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការងារ រួមទាំងច្បាប់អន្តរជាតិផងដែរ។ ករណីនេះ លោកស្រីថា អាជ្ញាធរគួរតែពិនិត្យមើលឡើងវិញ ចំពោះកាតព្វកិច្ចរបស់រដ្ឋាភិបាលក្នុងការធានាសិទ្ធិជួបជុំ និងសិទ្ធិធ្វើកូដកម្មរបស់កម្មករ។
មួយវិញទៀត ប្រសិនបើប្រជាពលរដ្ឋជួបជុំគ្នាដោយស្របច្បាប់ក្ដី និងមិនស្របច្បាប់ក្ដី អាជ្ញាធរមិនត្រូវប្រើអំពើហិង្សាលើប្រជាពលរដ្ឋដែរ ដោយសារ រដ្ឋាភិបាលខ្លួនឯងតែងប្រកាសប្រឆាំងនឹងការប្រើប្រាស់អំពើហិង្សាគ្រប់ទម្រង់លើស្ត្រី និងកុមារ។
លោកស្រី សង្កេតឃើញថា ការធ្វើកូដកម្មរបស់កូដករណាហ្គាវើលដ៍កន្លងមក តែងរងការរារាំង រឹតត្បិត និងរងអំពើហិង្សាពីសំណាក់អាជ្ញាធរ ប៉ុន្តែទោះបីមានករណីនេះកើតឡើងក៏ដោយ អាជ្ញាធរហាក់មិនបានណែនាំទៅក្រុមការងាររបស់ខ្លួនឱ្យបញ្ឈប់ ឬចាត់វិធានការលើជនដៃដល់ដែលបានប្រើអំហិង្សាលើស្ត្រីឡើយ។
ក្រៅពីមិនចាត់វិធានការហើយ លោកស្រីថា អាជ្ញាធរបែរជាព្យាយាមការពារខ្លួនឯង និងជនបង្កអំពើហិង្សាថា អ្វីដែលខ្លួនបានធ្វើជារឿងត្រឹមត្រូវទៅវិញ។
លោកស្រី ចក់ សុភាព ថា៖«នៅពេលដែលមានករណីហិង្សាកើតឡើង អាជ្ញាធរលោកគួរតែធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកជនដែលបង្កហិង្សាទៅលើកូដករ ទៅអ្នកដែលគាត់រងគ្រោះនោះទេ មិនមែនព្យាយាមដាក់បន្ទុកបន្ថែមទៅលើជនរងគ្រោះដែលគាត់បានរងនូវអំពើហិង្សាទេ។ បើអ៊ីចឹង យើងទៅជាជនរងគ្រោះ ហើយក្លាយជាជនរងគ្រោះបន្ថែមទៀត បានន័យថា ខ្លួនត្រូវបានរងអំពើហិង្សាពីសំណាក់អាជ្ញាធរហើយ អាជ្ញាធរប្ដឹងផ្ដល់ថែមទៀត។ អ៊ីចឹង យើងមើលទៅ យើងមិនបានចូលរួមក្នុងការលុបបំបាត់អំពើហិង្សាលើស្ត្រី ឬអំពើហិង្សាគ្រប់ទម្រង់ទៅលើប្រជាពលរដ្ឋ ប៉ុន្តែ នេះជាការគាំទ្រការប្រើហិង្សាពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចមកលើពលរដ្ឋវិញ»។
លោកស្រី ចក់ សុភាព ចាត់ទុកការប្រើប្រាស់អំពើហិង្សាពីសំណាក់អាជ្ញាធរទៅលើក្រុមកូដករជាស្ត្រីថា ធ្វើឡើងផ្ទុយពីឆន្ទៈរបស់រដ្ឋាភិបាលដែលប្រកាសប្រឆាំងនឹងការប្រើប្រាស់អំពើហិង្សាគ្រប់ទម្រង់និងឱ្យប្រជាពលរដ្ឋចូលរួមលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារផងដែរ។
វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ បានកើតឡើងជាងមួយឆ្នាំមកហើយ ក្រោយពេលក្រុមហ៊ុននេះ បានបញ្ឈប់បុគ្គលិកចំនួន១៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨០០០នាក់ ពីការងារក្រោមហេតុផលថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩។ យ៉ាងណា បុគ្គលិកដែលចេញធ្វើកូដកម្មប្រមាណ៧ខែមកនេះ អះអាងថា ការបញ្ឈប់នោះដោយសារថៅកែមានចេតនារំលាយ សហជីពការពារសិទ្ធិកម្មករឱ្យអស់ពីក្រុមហ៊ុនកាស៊ីណូនៅកណ្ដាលរាជធានីភ្នំពេញមួយនេះ មិនមែនដោយសារក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុនោះទេ។
ទាក់ទងនឹងការធ្វើទុក្ខបុកម្នេញរបស់សមត្ថកិច្ចលើកូដករណាហ្គាវើលដ៍នេះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីថ្ងៃទី៨ ខែសីហា បានស្នើទៅ រដ្ឋាភិបាលជប៉ុនឱ្យដាក់សម្ពាធលើអាជ្ញាធរកម្ពុជា ដែលបានប្រើប្រាស់រថយន្តក្រុង ជាជំនួយរបស់ ជប៉ុន យកទៅដឹកកូដករណាហ្គាវើលដ៍ ដែលធ្វើការតវ៉ាទាមទារដំណោះស្រាយវិវាទការងារនៅក្រុមហ៊ុនល្បែងមួយនេះ៕