អតីត​ប្រធានា​ធិបតី​​ស្រីលង្កា ​លោក Rajapaksa ទៅ​ដល់​​ប្រទេស​​ថៃ​ហើយ ​ដើម្បី​​​ស្នាក់​​​នៅ​​បណ្តោះ​​អាសន្ន

លោកប្រធានាធិបតីស្រីលង្កា ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa)។ (ហ្វេសប៊ុក៖ Gotabaya Rajapaksa)

អតីត​ប្រធានា​ធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បាន​ទៅ​ដ​ល់​ប្រទេសថៃ​ហើយ កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ខណៈ​លោក​កំពុង​ស្វែងរក​ប្រទេស​ទីពីរ នៅ​អាស៊ីអាគ្នេយ៍​ដើម្បី​ជ្រកកោន​បណ្តោះ​អាសន្ន បន្ទាប់ពី​លោក​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ស្រីលង្កា កាល​ពីខែ​មុន ចំ​ពេលមាន​ការតវ៉ា​ដ៏ធំ​។ ​នេះបើ​តាម​ការផ្សាយ​របស់​ សារព័ត៌មានReuters

ប្រភព​ដដែលបន្ត​ថា លោក Rajapaksa បានទៅ​ដល់​អាកាសយានដ្ឋានដុនមឿង (Don Muang) ទីក្រុង​បាងកក តាម​ជើងហោះ​ហើរ​ពិសេស​ពី​ប្រទេស​សិង្ហបុរី បន្ទាប់ពី​អាជ្ញាធរ​អន្តោប្រវេសន៍​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែង​ការណ៍មួយ កាលពី​ថ្ងៃព្រហស្បតិ៍ថា លោក​បាន​ចាកចេញ​ពី​ប្រទេស​សិង្ហបុរី។

លោក Rajapaksa ត្រូវបានគេ​រំពឹង​ថា នឹង​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​ប្រទេសថៃ​ បន្ទាប់ពី​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ស្រីលង្កា ទៅកាន់​ប្រទេសសិង្ហបុរី កាលពីថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ២០២២។ លោក​បាន​លាលែង​ពី​តំណែងភ្លាមៗ​ បន្ទាប់ពី​មាន​ភាព​ចលាចល​ចំពោះ​វិបត្តិសេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​ដែល​មិន​ធ្លាប់មាន​ពីមុន​មក​ ក្នុងរយៈពេល​ប្រាំពីរ​ទសវត្សរ៍ចុងក្រោយ​នេះ ក្រោម​ការគ្រប់គ្រង​របស់លោក និង​ប៉ុន្មានថ្ងៃបន្ទាប់​ពី​បាតុកររាប់ពាន់​នាក់​បាន​សម្រុក​ចូលលំនៅដ្ឋាន និង​ការិយាល័យ​ប្រធានាធិបតី។

អាជ្ញាធរថៃ បាន​និយាយ​ថា លោក Rajapaksa មិនមាន​បំណង​សុំសិទ្ធិជ្រកកោន​ផ្នែកនយោបាយទេ លោកគ្រាន់​តែ​ស្នាក់នៅ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) បាន​ប្រាប់​ អ្នកកាសែត កាលពីថ្ងៃពុធថា «នេះ​គឺជា​បញ្ហា​ម​នុស្សធម៌ ហើយ​យើង​ព្រមព្រៀង​ជាមួយគ្នា​ថា ការ​ស្នាក់នៅនេះ​គឺ បណ្តោះ​អាសន្នប៉ុណ្ណោះ»។

លោក លោក ប្រាយុទ្ធ ចាន់អូចា បន្តថា៖ «លោក Rajapaksa មិន​អាច​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ណាមួយ​ឡើយ ខណៈ​លោក​​នៅក្នុង​ប្រទេសថៃ​»។

រដ្ឋមន្ត្រីការបរទេសថៃ លោក ដុន ប្រាមុតវីណៃ (Don Pramudwinai) បាននិយាយថា រដ្ឋាភិបាល​ស្រីលង្កា​បាន​ជួយ​ស​ម្រួល​ចំពោះ​ការ​ធ្វើដំណើរ​របស់​លោក Rajapaksa មក​កាន់​ប្រទេសថៃ ដោយបន្ថែម​ថា លិខិតឆ្លងដែន​ការទូត​របស់លោក​នឹង​អនុញ្ញាត​ឱ្យលោកស្នាក់នៅ​ក្នុង​ប្រទេសថៃ​ រយៈពេល​៩០ថ្ងៃ។

លោក Rajapaksa មិន​បាន​​បង្ហាញ​ខ្លួន​​ជា​សាធារណៈ ​ឬមិនបាន​​ធ្វើអត្ថាធិប្បាយ​​អ្វីឡើយ​ ចាប់​តាំង​ពី​លោក​​ចាកចេញ​ពី​​ប្រទេស​ស្រីលង្កា។ សារព័ត៌មាន Reuters មិនអាច​ទាក់ទង​លោក​ដើម្បីសុំ​ការអត្ថាធិប្បាយ​បន្ថែមឡើយ។

គួរបញ្ជាក់ថា ប្រទេសស្រីលង្កា ក្នុងរយៈ​ពេលចុងក្រោយនេះ បានទទួល​រងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត​មួយ​ ដែល​មិនធ្លាប់កើតមានពីមុនមក ខណៈ​ទុន​បម្រុង​អន្តរជាតិរបស់ប្រទេស​ក៏ស្ថិត​ក្នុងកម្រិតទាបបំផុត​ផងដែរ ដែលបាន​បង្កឱ្យប្រទេស​មួយនេះ​ជួបប្រទះ​បញ្ហាកង្វះថវិកាធ្ងន់ធ្ង​រ​សម្រាប់ការ​នាំ​ចូលអាហារ ឱសថ និងប្រេងឥន្ធនៈ ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ