ប្រមុខ អ.ស.ប អំពាវនាវ​​ឱ្យ​​បង្កើត​​តំបន់​​គ្មាន​យោធា​ជាបន្ទាន់​ នៅទីតាំង​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុង​ប្រទេស​អ៊ុយក្រែន

FILE PHOTO: A view shows the Zaporizhzhia Nuclear Power Plant in the course of Ukraine-Russia conflict outside the Russian-controlled city of Enerhodar in the Zaporizhzhia region, Ukraine August 4, 2022. REUTERS/Alexander Ermochenko//File Photo

រុស្ស៊ី និងអ៊ុយក្រែន បានចោទ​ប្រកាន់គ្នាទៅវិញទៅមក ពីការបាញ់ផ្លោង​ដាក់រោងចក្រ​ថាមពលនុយក្លេអ៊ែរដ៏ធំបំផុត​នៅអឺរ៉ុប ដោយ​ធ្វើឱ្យ​មាន​ការភ័យខ្លាច​ចំពោះគ្រោះមហន្តរាយ ខណៈ​ដែល​ប្រមុខអង្គការសហប្រជាជាតិ​បាននិយាយថា គួរតែ​បង្កើត​តំបន់គ្មានយោធា ហើយ អ៊ុយក្រែន ទាមទារ​ឱ្យកងទ័ពរុស្ស៊ី ដកថយ​ពីរោងចក្រ​ថាមពេលនុយក្លេអ៊ែរនោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានReuters នៅថ្ងៃទី១២ ខែសីហា នេះ។

ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរ Energoatom របស់អ៊ុយក្រែន បាននិយាយថា រោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីហ្សីយ៉ា (Zaporizhzhia)នៅក្នុងប្រទេស​អ៊ុយក្រែន ត្រូវបានវាយប្រហារចំនួនប្រាំដង កាលពីថ្ងៃព្រហស្បតិ៍ រួមទាំងនៅជិតកន្លែងដែលផ្ទុក​សារធាតុវិទ្យុសកម្ម។ យោងតាម​ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី ក្រុមមន្ត្រីរបស់រុស្ស៊ីបាននិយាយថា អ៊ុយក្រែន​ បានបាញ់ផ្លោងទៅលើ​រោងចក្រនេះពីរដង។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នា​កាលពីថ្ងៃព្រហស្បតិ៍​ ដើម្បីពិភាក្សាអំពីស្ថានភាពនេះ ហើយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក អាន់តូនីញ៉ូ ហ្គូតធឺរ៉េស (Antonio Guterres) បានអំពាវនាវឱ្យ​ភាគីទាំងសងខាងបញ្ឈប់ការប្រយុទ្ធគ្នានៅជិតរោងចក្រ។

លោក Guterres បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «រោងចក្រនេះ​មិនត្រូវប្រើជា​ផ្នែកនៃប្រតិបត្តិការយោធា​ណាមួយឡើយ តែត្រូវ​មានកិច្ចព្រមព្រៀង​ជាបន្ទាន់​ក្នុងការបង្កើតតំបន់គ្មានយោធា ដើម្បីធានាសុវត្ថិភាពនៃរោងចក្រ​ថាមពលនុយក្លេអ៊ែរនេះ»។

រុស្សី បានដណ្តើមកាន់កាប់ទីក្រុង​ ដែលមានរោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីហ្សីយ៉ា (Zaporizhzhia) កាលពីខែមីនា បន្ទាប់ពី​បានឈ្លានពាន​អ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ រោងចក្រនេះ​មានទីតាំងស្ថិតនៅជិតតំបន់ប្រយុទ្ធជួរមុខ ត្រូវបានកាន់កាប់ដោយទាហានរុស្ស៊ី និងដំណើរ​ការដោយកម្មករ​អ៊ុយក្រែន។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក បានគាំទ្រចំពោះការអំពាវនាវឱ្យបង្កើតតំបន់គ្មានយោធា និងបាន​ជំរុញឱ្យ​ទីភ្នាក់ងារ​ថាមពលបរមាណូអន្តរជាតិ (IAEA) ទៅពិនិត្យមើលទីតាំង​រោងចក្រនេះ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក វ៉ាស៊ីលី នេបេនហ្សៃ (VassilyNebenzia) បាននិយាយថា៖ «ពិភពលោក​កំពុងស្ថិតនៅ​មាត់ជ្រោះ​នៃមហន្តរាយនុយក្លេអ៊ែរ ប្រៀបដូច​នឹងរោងចក្រថាមពលនុយក្លេអ៊ែរឆើណូប៊ីល(Chernobyl)»។

លោក​បន្ថែមថា៖ «មន្ត្រី IAEA គួរតែទៅ​មើល​រោងចក្រនេះ​ឱ្យ​បាន​ឆាប់​ក្នុងអំឡុង​ខែ​នេះ»។

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានទាមទារ​ឱ្យ រុស្ស៊ី ប្រគល់រោងចក្រនេះ​មកឱ្យ អ៊ុយក្រែន គ្រប់គ្រង​វិញ។

លោកប្រធានាធិបតីអ៊ុយក្រែន​ បានថ្លែងសុន្ទរកតាមវីដេអូថា៖ «មានតែ​ការដក​កងទ័ពរុស្ស៊ី ចេញទាំងស្រុង​និង​ប្រគល់​រោងចក្រ​មកឱ្យ អ៊ុយក្រែន គ្រប់គ្រងវិញប៉ុណ្ណោះ ទើបអាចធានា​បាននូវសន្តិសុខ​នុយក្លេអ៊ែរ​សម្រាប់អឺរ៉ុបទាំងមូល»។

ប្រទេសបារាំងបានគាំទ្រចំពោះការទាមទាររបស់លោក Zelenskiy ហើយបាននិយាយថា ការកាន់កាប់​របស់ រុស្ស៊ី លើទីតាំងរោងចក្រនេះ ធ្វើឱ្យពិ​ភព​លោក​មានគ្រោះថ្នាក់។

ក្រសួងការបរទេសបារាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «វត្តមាន និង​សកម្មភាព​របស់​កងទ័ពរុស្ស៊ី នៅជិត​រោងចក្របង្កើន​ហានិភ័យ​នៃ​មហន្តរាយ»

នៅថ្ងៃសុក្រនេះ អគ្គសេនាធិការអ៊ុយក្រែន បានរាយការណ៍ពីការបាញ់ផ្លោង និងការវាយ​ប្រហារតាមអាកាសយ៉ាងគំហុកដោយ​កងទ័ពរុស្ស៊ីទៅលើទីក្រុង និង​មូលដ្ឋានយោធា ជាពិសេសនៅ​ភាគខាងកើត​អ៊ុយក្រែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ