គណបក្ស​ភ្លើង​ទៀន​ស្នើ​ឱ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​លោក​ ​សុន​ ​ឆ័យ

អនុប្រធាន​គណបក្សភ្លើងទៀន លោក សុន ឆ័យ ផ្ដល់បទសម្ភាន៍ក្រោយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបណ្ដឹងរបស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានប្ដឹងរូបលោកពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ជុះវិញការរិះគន់រឿងភាពមិនប្រក្រតីនៃការបោះឆ្នោត។ (ហ៊ាន រង្សី)

មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ស្នើឱ្យ​ទម្លាក់បទចោទប្រកាន់លើលោក សុន ឆ័យ ដោយថា ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីធ្វើទុក្ខបុកម្នេញលើគូប្រកួតនយោបាយបែបនេះ វាជាការគំរាមហែងផ្នែកនយោបាយ ដែលប៉ះពាល់ដំណើរកាបោះឆ្នោតនៅពេលខាងមុខនេះ។

ការស្នើនេះ ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ចេញដីកាមួយ ដោយចោទប្រកាន់អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ»តាមបណ្ដឹងគណបក្សប្រជាជនកម្ពុជា និងតាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រាប់វីអូឌីនៅថ្ងៃសៅរ៍នេះថា គ.ជ.ប គួរតែយកមតិយោបល់ដែលគណបក្សនយោបាយក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលរិះគន់នោះ ទៅធ្វើការកែលម្អ ជាជាងប្រើប្រព័ន្ធតុលាការ ដើម្បីប្ដឹងគូប្រកួតនយោបាយ។

ចំពោះគណបក្សប្រជាជនកម្ពុជាក៏គួរតែពិនិត្យមើលឡើងវិញដែរ  ដោយសារ គណបក្សភ្លើងទៀនបានចូលរួមការបោះឆ្នោតដោយឱ្យមានបក្សចម្រុះ តាមបែបប្រជាធិបតេយ្យហើយ បែរជាងាយមកប្ដឹងបក្សក្រៅរដ្ឋាភិបាលមួយនេះ ដោយគ្រាន់តែរិះគន់  ខណៈរឿងដែលលោក សុន ឆ័យ និយាយនោះ វាជារឿងពិត ហើយសង្គមស៊ីវិល និងអន្តរជាតិក៏បានមើលឃើញស្របគ្នាដែរ។

លោកថា ការចោទប្រកាន់លើអនុប្រធានគណបក្សភ្លើងទៀនតាមបណ្ដឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សកាន់អំណាចនេះ នឹងធ្វើឱ្យសហគមន៍ជាតិ ព្រមអន្តរជាតិថ្កោលទោសបន្ថែមទៀតលើរដ្ឋាភិបាលកម្ពុជា។ ករណីនេះ លោកថា នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខនេះ។

មន្ត្រីជាន់ខ្ពស់បក្សក្រៅរដ្ឋាភិបាលដដែលនេះ ស្នើឱ្យតុលាការទម្លាក់ការចោទប្រកាន់លើអនុប្រធានគណបក្សភ្លើងទៀនវិញ ដោយចាត់ទុកការចោទនេះថា ជាការគំរាមកំហែងផ្នែកនយោបាយ ដែលធ្វើប៉ះពាក់ដំណើរការបោះឆ្នោត និងបំបាក់ស្មារតីពលរដ្ឋមិនឱ្យរិះគន់ផងដែរ។

លោកថា៖«អាហ្នឹងជាការគំរាមកំហែងមួយ ហើយមិនអាចធានាបានការបោះឆ្នោតដែលប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ទេ។ អ៊ីចឹងហើយសូមឱ្យ គ.ជ.ប ពិចារណាឡើងវិញទៅ រឿងប្រើប្រាស់ប្រព័ន្ធតុលាការហ្នឹង។ កាលណាយើងថា ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ហ្នឹង គ្រាន់តែចាប់ផ្ដើមយើងគំរាមកំហែងគួរប្រកួតហើយហ្នឹង មិនមានការទប់ស្កាត់ផងហ្នឹង។ អ៊ីចឹងកន្លែងណាដែលថា ប្រកួតប្រជែងដោយស្មើភាពគ្នានោះ គឺវាអត់។ អ៊ីចឹងលទ្ធផលចុងក្រោយតែងគេលើកឡើង និងថ្កោលទោស វាមិនអាចជៀសផុតទេ ព្រោះយើងមិនអាចទប់ស្កាត់ភាពអសកម្មបាននោះ»។  

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន  មានប្រសាសន៍ថា បើមិនមានការចោទប្រកាន់ និងជេរប្រមាថគណបក្សប្រជាជនកម្ពុជានោះ លោកថា ក៏មិនមានការប្ដឹងផ្ដល់ទៅតុលាការដែរ ។ លោកច្រានចោលចំពោះការចោទថា គណបក្សប្រជាជនកម្ពុជាយកប្រព័ន្ធតុលាការមកគាបសង្កត់ និងបិទសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ។

លោកថា៖«គណបក្សដទៃគេមិនទទួលពាក្យបណ្ដឹងណា ពីព្រោះគេមានក្រមសីលធម៌ត្រឹមត្រូវ ប៉ុន្តែលោក សុន ឆ័យ អាងខ្លួនឯងទៅនៅបរទេស អាងសិទ្ធិសេរីភាព មិនយល់សិទ្ធិសេរីភាពរបស់គេផង។ ឥឡូវនេះ វាហួសពេលហើយ រឿងអំពាវនាវរឿងយ៉ាងម៉េច វាអត់ផ្លូវទេ ពីព្រោះអាហ្នឹង វាហួសពេលហើយ ពីព្រោះសំណុំរឿងវាធ្លាក់ដល់ដៃតុលាការ រហូតដល់តុលាការធ្វើការចោទប្រកាន់តាមផ្លូវច្បាប់រួចហើយ។ គេមានសុំនេះណា ដូច គ.ជ.ប គេមានសុំឱ្យសាមីខ្លួនដែលប្រមាថគេ ចោទគេគ្មានមូលដ្ឋានសុំទោសជាសាធារណៈយើងមិនព្រម យើងឈ្ងុយ  អាងតែជេរគេបាន ​ដល់គេលេងតាមផ្លូវច្បាប់ថា គេគាបសង្កត់។ បើកុំប្រមាថគេ ក៏អត់មានសំណុំរឿងឡើងដល់តុលាការទេ។ អាហ្នឹងទុកឱ្យតុលាការគេដោះស្រាយទៅ»។

លោក សុខ ឥសាន បន្តថា បើសិនជា លោក សុន ឆ័យមិនបានចោទប្រកាន់លើគណៈកម្មាធិការរៀបចំការបោះឆ្នោត ទាំងគ្មានមូលដ្ឋានច្បាស់លាស់ទេ ក៏គ្មានពាក្យបណ្ដឹងទៅតុលាការដែរ ខណៈច្បាប់ក៏បានបើកសិទ្ធិឱ្យគូភាគីប្ដឹងដែរ ប្រសិនបើមើលឃើញថា មានករណីលួចសន្លឹកឆ្នោត  និងមានភាពមិនប្រក្រតីផ្សេងទៀតនោះ។

គណបក្សប្រជាជនកម្ពុជា តាមរយៈមេធាវី លោក គី តិច បានដាក់ពាក្យប្តឹងទៅកាន់តុលាការ​ ប្រ​​ឆាំង​នឹង​លោក សុន ឆ័យ ដោយ​ចោទពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ»។ ក្នុងពាក្យបណ្ដឹងនោះ លោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា​ផង​ បានទាមទារសំណងជំងឺចិត្តពីលោក សុន ឆ័យ ចំនួន១លាន​ដុល្លារអាមេរិក។

បណ្តឹងព្រហ្មទណ្ឌប្រឆាំងលោក សុន ឆ័យ ពីសំណាក់គណបក្សប្រជាជនកម្ពុជានេះ ធ្វើឡើងមុនមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី គ.ជ.ប បាន​ប្តឹងក្នុងបទចោទដូចគ្នានេះដែរ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ ជុំវិញបណ្តឹងរបស់ គ.ជ.ប នេះ លោក សុន ឆ័យ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញរួចហើយ កាលពីថ្ងៃទី១២ ខែកក្កដា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ