បទយកការណ៍៖ កសិករ​ខេត្តត្បូងឃ្មុំ​មួយ​ចំនួន​ចាប់​ផ្ដើម​បោះ​បង់​ដំណាំ​ម្រេច​បណ្ដើរៗ​ដោយ​សារ​ម្រេច​ងាប់​ច្រើន​និង​មាន​តម្លៃ​​ថោក​​

ចម្ការម្រេចរបស់កសិករនៅក្នុងភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រឈមការងាប់ដើមជាបន្តបន្ទាប់កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។ (សារុំ ស្រីណាត)

កសិករដាំម្រេចមួយចំនួននៅ​ខេត្តត្បូងឃ្មុំ ​បានចាប់ផ្ដើមបោះបង់ដំណាំម្រេចជាបណ្ដើរៗ ដោយសារតម្លៃម្រេចចេះតែធ្លាក់ចុះជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងបញ្ហាម្រេចងាប់ដើមជាហូរហែ​ ខណៈកសិករមួយចំនួនទៀតនៅមិនទាន់ដឹងថានឹងត្រូវដាំអ្វីជំនួសនៅឡើយទេ។

កសិករមួយរូប ដែលប្រកបមុខរបរដាំម្រេចរយៈពេលប្រមាណ១៥ឆ្នាំមកហើយ រស់នៅក្នុងភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក អ៊ី ចន្ធី ​ បានប្រាប់វីអូឌីថា លោកមានចម្ការម្រេចចំនួនពីរកន្លែង ប៉ុន្តែលោកសម្រចចិត្តឈប់ថែទាំម្រេចដែលមានស្រាប់ឬឈប់ដាំន្ថែមនៅចម្ការចាស់របស់លោក ដែលមានម្រេចចំនួន៥ ០០០ជន្លង់។ លោកបញ្ជាក់ថា មូលហេតុឈប់ថែទាំនិងឈប់ដាំបន្តទៀត​ ដោយសារម្រេចងាប់អស់​ជាង ៤ ០០០ជន្លង់រួចមកហើយ ខណៈដំណាំម្រេចនៅលើចម្ការថ្មី​មាន ១ ០០០ជន្លង់ ប៉ុន្តែបានងាប់អស់ជាង១០០ជន្លង់កាលពីដើមឆ្នាំនេះ។​​

ចម្ការម្រេចរបស់លោក អ៊ី ចន្ធី ដែលជាកសិករដាំម្រេចនៅក្នុងភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបង្ហាញពីបញ្ហាម្រេចងាប់ដើមជាបន្តបន្ទាប់ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។ (សារុំ ស្រីណាត)

លោកថា៖«អត់ថែមទេ ចប់ហើយ ចប់ហ្មង់។ បើវាអត់មានទុនយើងតទៅមុខទៀត។ {….} ដកជន្លង់លក់អស់ហើយ ដាំធ្វើអីទៀត។ ដីហ្នឹងភ្ជូរហើយអីហើយដាក់ដាំវិញងាប់ ដាក់ដាំដុះបានពាក់កណ្ដាលងាប់ទៅវិញ។»

បុរសវ័យ៦១ឆ្នាំរូនេះ បានយកដីដែលឈប់ដាំម្រេចទៅដាំដំណាំហូបផ្លែផ្សេងទៀតដូចជា ក្រូចវល្លិ៍ឬផាសិន ម្នាស់ ត្របែក ទុរេន និងផ្លែឈើហូបផ្លែមួយចំនួនទៀត។ លោកបន្តថា ទិន្នផលផ្លែឈើហូបផ្លែទាំងនោះ គ្រួសារលោកក៏បានយកទៅលក់​តាមបណ្ដោយដងផ្លូវជាតិលេខ៧ដែលអាចជួយឱ្យលោក​រកចំណូល​បានជាង៥ ម៉ឺនរៀលក្នុងមួយថ្ងៃ។

កសិករដដែលបន្ថែមថា៖«អ៊ំខ្ញុំសព្វថ្ងៃនេះ លក់សន្សំៗបានសងធនាគារគេរួច(ធនាគារABAសាខាកំពង់ចាម) ២ម៉ឺន[ដុល្លារ] ថ្លៃទិញដីអត់បានដាំម្រេច។ ទិញដីផង ថាដាំថែមទៀតណា កាលនោះមួយគីឡូ៤ម៉ឺន[រៀល តម្លៃម្រេចក្នុងមួយគីឡូ]។ យើងយកលុយគេទៅទិញដីបី បួនហិកតាទៀត។ ដល់ពេលចឹងទៅមិនទាន់បានដាំផងម្រេចចុះនៅ១ម៉ឺន២ពាន់[រៀល]។ ពួកយើងមានលុយណាដាំទៀត?ជន្លង់២ម៉ឺន៧ពាន់រៀលក្នុងមួយដើម ដល់យើងដាក់ដាំទៀត យើងអត់មានលុយ។»

ចំណែកកសិកររស់នៅភូមិបេងមា្នក់ទៀត លោក អៀច ណាង​ ​ បានរៀបរាប់ស្រដៀងគ្នាថា ម្រេចរបស់លោក បានងាប់ជាបន្តបន្ទាប់​ អស់រយៈពេលជាង៤ឆ្នាំមកហើយ ស្របពេលក្នុងឆ្នាំនេះម្រេចរបស់លោក បានងាប់អស់ជាង ១ ០០០ជន្លង់បន្ថែមទៀត។​ ប៉ុន្តែលោកនៅតែថែទាំនិងទិញកូនម្រេចថ្មីយកមកដាំជួស ដោយហេតុថា លោកមិនទាន់ដឹងថា ត្រូវដាំដំណាំអ្វីជំនួសម្រេចនេះនៅឡើយទេ។

លោកថា៖«ដំបូងថាប្រុងផ្លាស់ប្ដូរមុខរបរដែរ ប្រុងថាដាំស្អីៗផ្សេងពីហ្នឹងទៀត ប៉ុន្តែដល់ពេលហើយមិនដឹងជាដាំអី។ ឥឡូវនៅសល់ខ្លះហ្នឹងថែទាំទៅជួសបណ្ដើរបេះបណ្ដើរទៅ។ រួចឥឡូវដាំពូជថ្មីទៀត ផ្សងព្រេងសាកមើលទៀតទៅក្រែងលោថ្ងៃមុខទៅក្រែងលោវាកើត បើមិនកើតមិនដឹងយ៉ាងម៉េចទៀតទេ បាទ! ចាំគិតទៀតទៅ។»

បុរសវ័យ៥២ឆ្នាំរូបនេះ បានបញ្ជាក់​ថា លោកបានលក់ដីចម្ការ​​ជិត ១ហិកតា ដើម្បីយកប្រាក់មកសងធនាគារ ដែលលោកបានជំពាក់គេក្នុង​ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារយកដើមទុនមកថែទាំចម្ការម្រេចរបស់លោក។​

លោកបន្ថែមថា៖«ខាតពេលវេលា ខាតការងារ​តែធ្វើម៉េចចេះតែទ្រាំទៅ។ បើយើងមានជន្លង់មានអីហើយ។ តិចទៀតទៅពុកបាក់អស់ទៀតហើយ ជន្លង់នោះណា៎។»

កសិករដាំម្រេចរូបនេះបន្ថែមទៀតថា តម្លៃម្រេចសព្វថ្ងៃក្នុងមួយគីឡូក្រាម ​តម្លៃ ១​២ ០០០រៀល ​ មិនអាចទប់ទល់នឹងថ្លៃចំណាយបានឡើយ ត្បិតត្រូវជួលគេមកបេះ ដោយកម្មករបេះម្រេច គិតជាគីឡូ ក្នុងមួយគីឡូចាប់តម្លៃ ៦០០រៀលឡើងទៅ។ បន្ថែមពីនេះ  ការថែទាំផ្សេងៗដូចជាជីនិងថ្នាំជាដើម។ លោកថា តម្លៃដែលអាចឱ្យកសិករចំណេញបានខ្លះនោះគឺទាល់តែម្រេចមានតម្លៃពី ២ ៥០០០​រៀលឡើងទៅ។

លោកបន្ថែមថា៖«ទីមួយយើងចំណាយសោហ៊ុយទិញជី ថ្នាំបាញ់ ខែប្រាំងបាញ់ទឹក​ភ្លើងគីឡូ ប្រេងសព្វបែបយ៉ាង ដល់ពេលប្រមូលផលយើងជួលគេបេះទៀតបានទាន់ ហើយដល់ពេលអ៊ីចឹងសរុបមកទូទាត់ទៅវាអត់រួចតម្លៃប៉ុណ្ណឹងទៅទៀត។»

កាលពីអំឡុងឆ្នាំ២០១៩ កសិករដាំម្រេចនៅខេត្តត្បូងឃ្មុំ ធ្លាប់បានអំពានាវសុំជំនួយបច្ចេកទេសក្នុងការថែទាំដំណាំម្រេចនេះពីរាជរដ្ឋាភិបាលនិងមន្ត្រីជំនាញ ដោយសារម្រេចងាប់ច្រើនជាងឆ្នាំមុនៗ។ ​ករណីនេះប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហេង ពិសិដ្ឋ ធ្លាប់បានឆ្លើយតបវិញថា កន្លងមក ខាងមន្ត្រីកសិកម្មខេត្តក៏ធ្លាប់បានចុះណែនាំដល់កសិករអំពីបច្ចេកទេសដាំដុះ និងថែទាំ ជាដើម។

មានវ័យ ៣១ឆ្នាំ ជាកសិករដាំម្រេចមួយរូបទៀត ​ អ្នកស្រី ញ៉ែម មករា ​ ​ បានរៀបរាប់​ថា ដំណាំម្រេចនៅលើដីជាង ៣ហិកតារបស់អ្នកស្រី មិនសូវមានងាប់នោះទេ គឺក្នុងមួយឆ្នាំងាប់អស់​ជាង១០០ជន្លង់តែប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺបញ្ហាតម្លៃម្រេចចុះថោកតែម្តង។ អ្នកស្រីចង់ឱ្យតម្លៃម្រេចបានថ្លៃខ្ពស់ជាងបច្ចុប្បន្ន ត្បិតតម្លៃបច្ចុប្បន្នអាចធ្វើឱ្យកសិករប្រឈមការខាតបង់តែម្តង។​

ឆ្លើយតប​បញ្ហានេះប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ លោក ហេង​ ពិសិដ្ឋ មានប្រសាសន៍ថា បញ្ហាមេ្រចដែលចេះតែងាប់ជាបន្តបន្ទាប់នេះ ​ដោយសារតែមានកសិករមួយចំនួនមិនបានថែទាំដំណាំរបស់ពួកគេឱ្យបានដិតដល់។

លោកថា៖«អត់ទេ! គាត់អត់ថែ បាទ!បើអត់ថែ បើគេថែគេរស់គេរស់គ្រប់គ្នា មកពីយើងសួរចំអ្នកដាំម្រេចងាប់ អ្នកអត់ថែម្រេចណា៎។ បើយើងសួរចំអ្នកថែមើល គេលក់បានលុយរាល់ខែ រាល់រដូវហ្នឹង»។

លោកបញ្ជាក់ថា៖«ហ្នឹងហើយ អ្នកអត់ដាំ គឺអ្នកអត់ថែហ្នឹងហើយ បើនិយាយទៅទីមួយគឺថាបាក់ទឹកចិត្ត ទីពីរ គឺធ្លាប់លក់មួយគីឡូចំណេញ១ម៉ឺន ដល់ពេលល​ក់១គីឡូចំណេញ១ពាន់[រៀល]គាត់អត់ថែ។ ចឹងអ្នកដែលគេថែ គេប្រឹង ចុះអ្នកដែលគេប្រឹង​ គេចេះមានទៅ អ្នកណាដែលមិនប្រឹង ចេះតែ គេហៅថា បណ្ដោយខ្លួនណា៎។ គិតតែបណ្ដោយខ្លួនហើយមិនប្រឹង ចេះតែថាចេះថាចុះ មិនព្រមធ្វើ! ហ្នឹងធ្វើម៉េចបានលុយ?»

យ៉ាងណា លោកក៏បានបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២២នេះ ផ្ទៃដៅដាំម្រេចបានធ្លាក់ចុះប្រហែលជា៤០% ដោយពីមុនមាន​ជាង ២ ០០០ហិកតានៅទូទាំងខេត្តត្បូងឃ្មុំ ប៉ុន្តែបច្ចុប្បន្នមានជាង ១ ០០០ហិកតាប៉ុណ្ណោះ។ លោកបន្ថែមថា កត្តាដែលធ្វើឱ្យមានការថយចុះចំនួនផ្ទៃដីដាំដុះម្រេចនេះ ​​​ ដោយសារតែម្រេចចុះថោក ហើយកសិករមួយចំនួនបានប្ដូរពី​ការដាំម្រេចទៅដាំដំណាំផ្សេងៗជំនួសវិញ។

មន្ត្រីកសិកម្មរូបនេះ ក៏បានអំពាវនាវឱ្យកសិករដែលមានដំណាំម្រេចស្រាប់ គួរថែទាំបន្តទៀត កុំបោះបង់ចោលរបរនេះ និងចុះបញ្ជីជាមួយអាជ្ញាធរខេត្ត ក៏ដូចជាចាប់ផ្ដើមចងក្រងគ្នាជាបណ្ដុំសហគមន៍ ដើម្បីមានភាពងាយស្រួលក្នុងការផ្សព្វផ្សាយឱ្យទីផ្សារអន្តរជាតិបានដឹងកាន់តែងាយស្រួល។​

​​ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ហៅកាត់ថាCCFC  លោក ថេង សាវឿន យល់ឃើញថា អាជ្ញាធរមានសមត្ថកិច្ចគួរតែមានទំនួលខុសត្រូវជាងនេះ ជាជាងការស្ដីបន្ទោសពលរដ្ឋថា មិនចេះមើលថែទាំដំណាំម្រេចរបស់ពួកគេបែបនេះ។ លោកមើលឃើញថា ដោយសារតែកសិករភាគច្រើនគឺប្រើប្រាស់បច្ចេកទេសដាំដុះដែលចេះតៗគ្នា និងមិនទទួលបានការពិភាក្សាជាមួយមន្ត្រីជំនាញនោះទេ។

លោកថា៖«សម្រាប់ខ្ញុំ កាលណាដែលក្រសួងឬមន្ទីរឆ្លើយថា ងាប់[ម្រេច]ដោយសារពលរដ្ឋមិនថែហ្នឹង ​អាហ្នឹងគឺជាចំណុចមួយដែលគាត់ទម្លាក់កំហុសទៅលើបញ្ហា។ អ្វីដែលយើងចង់បាននោះគឺ តើខាងមន្ទីរកសិកម្ម ឬអាជ្ញាធរហ្នឹងត្រូវផ្ដល់ជំនាញអ្វីខ្លះដល់គាត់ ពិសេសហ្នឹងដូចជាជំនាញក្នុងការថែទាំ ជំនាញក្នុងការត្រួតពិតនិត្យ។ ប្រសិនបើថា ម្រេចងាប់ ម្រេចក្រិនឬក៏ជំងឺរាតត្បាតអីផ្សេងៗតើត្រូវដោះស្រាយរបៀបម៉េច។»

លោក ថេង សាវឿន ក៏បានជំរុញឱ្យមន្ត្រីជំនាញផ្នែកកសិកម្មគួររៀបចំផែនការចុះទៅអប់រំផ្សព្វផ្សាយអំពីបច្ចេកទេសដាំដុះ ថែទាំ ការ​ព្យាបាលជំងឺ និងវិចខ្ចប់ឱ្យបានត្រឹមត្រូវដល់​កសិករដាំម្រេច ដើម្បីជៀសវាងធ្វើឱ្យពលរដ្ឋ​ទាំងនោះបោះបង់ចោលមុខរបរនេះបន្ថែមទៀត។

លោកយល់ឃើញថា ប្រសិនបើកសិករបោះបង់មុខរបរនេះកាន់តែច្រើន ​អាចនឹងឈានដល់ការខ្វះម្រេចសម្រាប់ផ្គត់ផ្គង់លើទីផ្សារជាតិ និងអន្តរជាតិ​ ទោះបីជាបច្ចុប្បន្នកម្ពុជាមានការនាំចេញខ្ពស់ទៅកាន់ទីផ្សារអន្តរជាតិក៏ដោយ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងអំឡុងពេល ៤ខែដើមឆ្នាំ២០២២នេះ គឺចាប់ពី​ខែមករា ​ដល់​មេសា ​ ការនាំចេញ​ម្រេច​សម្រេច​បានជិត ៤ ០០០តោន(៣ ៨៣៤.៦៧)។ ចំនួននេះ មានការកើនជិត ៨០ភាគរយ(៧៩,០៣) ​​​បើ​ធៀប​​​រយៈពេល​ដូចគ្នាកាលពី​ឆ្នាំ​ ២០២១​។

ក្នុងនោះ​ការនាំ​ចេញទៅ​វៀតណាម​មាន​បរិមាណ​ច្រើន​ជាងគេ គឺ ៣ ៥៤០.០១ ​តោន​ អាល្លឺម៉ង់ ២៥៥.៦០តោន​ ម៉ាឡេស៊ី ១៣.៦៤តោន​ បែលហ្ស៊ិក ៨.៨០តោន​ បារាំង ៨.៦១តោន​ សាធារណរដ្ឋ​ឆេក ២.៣០តោន​ និង​ជប៉ុន ២.០១​ តោន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ