បទ​យកការណ៍​៖​ ​ពលរដ្ឋ​ខេត្ត​កណ្តាល​មួយ​ចំនួន​កាន់​តែ​ប្រឈម​​បញ្ហា​ជីវភាព​​បន្ទាប់​ពី​ដី​ផ្ទះ​បាក់​ស្រុត​ចូល​ក្នុង​ព្រែក​​

ផ្ទះប្រជាពលរដ្ឋភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដែលបានបាក់ស្រុតចូលព្រែកថី កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។ (ប៉ា តុងចិន)

​«សូមឱ្យគាត់ជួយកូនចៅផង ជួយមើលកូនចៅដែលផ្ទះបាក់បែកហ្នឹងផង។ សុំតែដីដោតជើងសសរនៅបានមួយរស់នៅទៅអត់មានថារកដំណោះស្រាយអីទៀតទេ»។

នេះជាសំដីស្រ្តីម្នាក់ដែលរស់នៅក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដែលបាន​លើកដៃទទូចស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយសម្រួលដល់បញ្ហាជីវភាព និងកន្លែងស្នាក់នៅសម្រាប់គ្រួសារគាត់ និងអ្នកជិតខាងផ្សេងទៀត ខណៈដីផ្ទះសម្បែងរបស់ពួកគាត់ជិត១០គ្រួសារ​ ​ត្រូវបានបាក់ស្រុតចូលព្រែក​ជាបន្តបន្ទាប់ចាប់តាំងពីចុងខែកក្កដាមក។  

ទិដ្ឋភាពការបាក់ស្រុតដីផ្ទះសម្បែងរបស់ពលរដ្ឋនៅភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ចូលក្នុងព្រែកថី កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។ (ប៉ា តុងចិន)

កំពុងឈរនៅក្បែរគ្រែមួយដោយសម្លៀកបំពាក់សំពត់ពណ៌ត្នោត និងអាវវាលក្លៀកពណ៌ស ក្រោមដំបូលតង់ពណ៌សដែលមានសភាពរហែកធ្លុះជាដុំៗ ស្របនៅលើផ្លូវបេតុងមួយខ្សែ ស្ត្រីវ័យ៦៥ឆ្នាំ ​អ្នកស្រី​ ខឹម ទូច ​ជាពលរដ្ឋរស់នៅភូមិព្រែកថី ឃុំរកាខ្ពស់ ក្បែរនឹងមាត់ព្រែកថីនេះ រយៈពេល៣០ឆ្នាំមកហើយ។

ប៉ុន្តែពេលនេះ​ កន្លែងដែលអ្នកស្រីស្នាក់នៅបច្ចុប្បន្នមិនមែនជាផ្ទះនោះទៀតឡើយ ដោយត្រូវប្តូរមករស់នៅក្រោមតង់កៅស៊ូធ្លុះធ្លាយមួយនៅលើចិញ្ចើមថ្នល់បេតុង ដែលបាំងថ្ងៃ និងភ្លៀងស្ទើរតែមិនជាប់។ ដោយឡែក កន្លែងដែលធ្លាប់ជាទីតាំងផ្ទះរបស់អ្នកស្រី ក៏ប្រែមកជាផ្ទៃទឹកវិញ ដោយសារតែដី និងផ្ទះដែលអ្នកស្រីធ្លាប់រស់នៅពីមុននោះត្រូវបានបាក់ស្រុតទាំងស្រុងចូលទៅក្នុងទឹកព្រែកថី។

រៀបរាប់ទាំងទឹកមុខក្រៀមក្រំ អ្នកស្រី ខឹម ទូច បានឱ្យរម្លឹកថា ផ្ទះអ្នកស្រីចាប់ផ្ដើមបាក់ស្រុតម្ដងបន្តិចៗចូលទៅក្នុងទឹកនាពេលយប់ ថ្ងៃទី២៩ និងបាក់ទាំងស្រុងនៅថ្ងៃទី៣០ ខែកក្កដា។  ពេលនោះ អ្នកស្រីថា ដំបូងគ្រាន់តែប្រេះដីបន្តិចម្តងៗ ដោយមិននឹកស្មានថាអាចបាក់ចូលទឹកទាំងស្រុងបែបនេះនោះទេ។

អ្នកស្រីថា៖«ទឹកហ្នឹងវាបោកសសរកញ្ជ្រោលឡើងលើ បាក់ជើងសសរ។ ពេលព្រឹកខ្ញុំរើអីវ៉ាន់ទាន់ ដល់ពេលថ្ងៃវាទៅម្ដងបន្តិចៗ ហើយម៉ោង៧យប់ហ្នឹងបាក់ទៅតែម្ដង»។

ក្រៅតែពីចានឆ្នាំង និងសម្លៀកបំពាក់បន្តិចបន្តួច ស្ត្រីវ័យ៦៥ឆ្នាំរូបនេះ បានឱ្យដឹងទៀតថា មិនអាចយកផ្នែកខ្លះនៃតួផ្ទះសម្រាប់សាង់សង់ផ្ទះថ្មីបាននោះទេ ដោយសារកម្លាំងទឹកហូរកួចយកទៅអស់ ម្យ៉ាងអ្នកស្រីខ្លាចមានគ្រោះថ្នាក់ផង​។

សំឡេងវាយដែកគោលតូងតាំងបន្លឺឡើងនៅជុំវិញរោងរបស់អ្នកស្រីស្នាក់នៅ ប៉ុន្តែនៅក្នុងរោងទំហំប្រមាណ៣ម៉ែត ៤ជ្រុងរបស់អ្នកស្រី បែរជាស្ងាត់ជ្រងំ។ នេះដោយសារតែអ្នកស្រី ខឹម ទូច រៀបរាប់ថា គ្មានសម្ភារ ឬទ្រព្យសម្បត្តិអ្វីផ្សេងដើម្បីសង់កន្លែងស្នាក់នៅដូចគេនោះទេ ក្រៅតែពីដីផ្ទះឈើដែលសាងសង់យូរឆ្នាំ និងត្រូវបានបាក់ចូលទៅក្នុងទឹកព្រែកថីនេះ ព្រោះដី និងផ្ទះដែលមានទាំងប៉ុន្មានត្រូវបាន​បាក់ស្រុតអស់ទៅហើយ។  

អ្នកស្រីថា៖ «ពីមុនស្រួលនៅផ្ទះរកស៊ីបានលុយចាយ ដល់ពេលបាក់អស់អ៊ីចឹងមិនដឹងទៅរកឯណាទេ នៅផ្ទះហ្នឹងសិនទៅ ចាំធ្វើផ្ទះធ្វើរោងអីនៅសិនទៅ»។

អ្នកស្រី ខឹម ទូច ពលរដ្ឋភូមិព្រែកថី កំពុងពចៅសម្លឹងមើលទៅផ្ទះដែលបានបាត់ស្រុតចូលក្នុងព្រែកថី កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។ (ប៉ា តុងចិន) ​

រៀបរាប់ទាំងសម្រក់ទឹកភ្នែកអួលដើមក អ្នកស្រីថា ក្រោយបាត់បង់ដីផ្ទះមួយខ្នងនេះ ក្រុមគ្រួសារអ្នកស្រីរស់នៅបែកខ្ញែកគ្នា ដោយកូននិងចៅៗទៅសុំផ្ទះអ្នកជិតខាងជ្រកកោន ព្រោះតែមិនមានកន្លែងស្នាក់នៅសមរម្យ និងសម្ភារប្រើប្រាស់គ្រប់គ្រាន់ដូចជាបន្ទប់ទឹកជាដើម។ ណាមួយការស្នាក់នៅក្រោមតង់មានអាកាសធាតុក្តៅខ្លាំង។ អ្នកស្រីបន្តថា អ្នកស្រីគ្មានសេសសល់អ្វីនោះទេ គឺសូម្បីតែដំបូលតង់ដែលប្រក់រោងគឺបានមកពីអ្នកជិតខាងផ្ដល់ឱ្យ ហើយគ្រែសម្រាប់សម្រាកពេលយប់នោះក៏ជាគ្រែខ្ចីពីមេភូមិដែរ។

អ្នកស្រីថា៖ « កាលមុនមានផ្ទះមានសម្បែងគ្រាន់នៅស្រួលបួល ចេះតែធ្វើការធ្វើងារទៅ ទៅលាងចានឱ្យគេតាមរោងបុណ្យរោងការ។ ពេលឥឡូវចៅតូចៗទៅនៅឯណេះបន្តិចឯណោះបន្តិច តាមផ្ទះគេ​អង្គុយនៅផ្ទះគេទៅ វាក្ដៅពេក (តង់ក្ដៅ) »។

នៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិព្រែកថីនេះ មិនមែនមានតែគ្រួសារអ្នកសី្រ ខឹម ទូច មួយទេ ដែលបានសង់រោងស្នាក់នៅលើចិញ្ចើមផ្លូវ។ ប៉ុន្តែគេសង្កេតឃើញមានរោងតូចៗ ជិត១០ឯណោះ ដែលបានសង់លយមកលើផ្លូវបេតុងនោះ ដោយខ្លះប្រង់តង់កៅស៊ូធ្វើជាដំបូល និងខ្លះមានស័ង្កសីធ្លុះធ្លាយខ្លះៗធ្វើជាជញ្ជាំង​។

ការសង់រោងទំហំ២ទៅ៣ម៉ែត្រ៤ជ្រុងបែបនេះ ត្រូវបានប្រជាពលរដ្ឋទាំងនោះអះអាងថា គ្រាន់រស់នៅបណ្តោះអាសន្ន ដោយសារតែមិនមានកន្លែងត្រូវរស់នៅផ្សេងទៀត ខណៈមេភូមិ និងមេឃុំ គឺជាអ្នកសម្រេចឱ្យពួកគាត់រស់នៅរហូតដល់ផុតរដូវភ្លៀង ដើម្បីសម្រួលដល់ការរស់នៅ ឬអាចឈានដល់ការរកកន្លែងសមរម្យថ្មីមួយសម្រាប់ពួកគាត់។

អ្នកស្រី ខឹម ទូច និងចាស់ៗ នៅភូមិព្រែកថី កំពុងឈរ និងអង្គុយនៅលើគ្រែកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ក្នុងតង់ដែលធ្វើសម្រាប់រស់នៅបណ្តោះអាសន្ន​ ក្រោយផ្ទះពួកគាត់បានបាក់ស្រុតចូលក្នុងព្រែកកាលពីពេលថ្មីៗនេះ។ (ប៉ា តុងចិន)

មិនមែនមានតែផ្ទះរបស់អ្នកស្រី ខឹម ទូច នោះទេ ដែលត្រូវបានខូចខាតដោយសារតែការបាក់ស្រុតដីផ្ទះចូលក្នុងទឹកព្រែកថីនេះ ពោលគឺមានផ្ទះប្រជាពលរដ្ឋប្រមាណ ៧ខ្នងផ្ទះ ត្រូវបានបាក់ស្រុតចូលក្នុងទឹក ដោយខ្លះបានបាក់ចូលស្ទើរតែទាំងស្រុង និងខ្លះទៀត​បាក់ចូលព្រែកទាំងស្រុង កាលពីអំឡុងចុងខែកក្កដា ឆ្នាំ២០២២ ដូចផ្ទះអ្នកស្រី ខឹម ទូច ដែរ។

មិនខុសពីអ្នកស្រី ខឹម ទូច នោះទេ ពលរដ្ឋម្នាក់ទៀតគឺអ្នកស្រី ផន ចាន់នី ក៏រងការខូចខាតដែរ ដោយនៅសល់តែតួផ្ទះ ខណៈសសរចំនួន៣ដើមបានបាក់ស្រុតធ្លាក់ចូលទឹកទៅហើយ។ ក្នុងស្ថានភាពផ្ទះឈើលើ ថ្មក្រោម ផ្ទះអ្នកស្រី ចាន់នី បានរុះរើអស់ខ្លះៗទៅហើយ ដើម្បីការពារការខូចខាតកាន់តែខ្លាំង និងដើម្បីយកក្ដារឈើមកសង់ខ្ទមនៅលើផ្លូវបណ្ដោះអាសន្ន។

អង្គុយលើខឿនជណ្ដើរផ្ទះ និយាយទាំងទឹកមុខស្រងូតស្រងាត់ អ្នកស្រីឱ្យដឹងថា ការបាក់ស្រុតនេះបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ប្រាក់កាស និងមុខរបរកាត់ដេររបស់អ្នកស្រីផងដែរ។ ស្ត្រីវ័យ ៥២ឆ្នាំរូបនេះ រៀបរាប់ថានៅអំឡុងពេលបាក់ស្រុតនោះ អ្នកស្រីបានបាត់បង់ប្រាក់អស់ចំនួន២០០ដុល្លារអាមេរិក ដែលទុកសម្រាប់បើកឱ្យបុគ្គលិកកាត់ដេរតាមផ្ទះ ខណៈមុខរបរជាជាងកាត់ដេររបស់អ្នកស្រីត្រូវបានផ្អាក ដោយសារគ្មានទីតាំងសម្រាប់ដាក់ម៉ាស៊ីនដេរ។

ទន្ទឹមគ្នានេះ ហេតុការណ៍បាក់ស្រុតផ្ទះនៅវេលាម៉ោង៨យប់​នោះ បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកស្រីរហូតគ្មានកម្លាំងកំហែងក្នុងការរស់នៅប្រចាំថ្ងៃបន្តទៅទៀត ស្របពេលអ្នកស្រីក៏ត្រូវប្រឈមមុខនឹងការសងបំណុលធនាគារជារៀងរាល់ខែផងនោះ។

អ្នកស្រី ផន ចាន់នី ពលរដ្ឋភូមិព្រែកថី ដែលរងគ្រោះដោយសារការបាក់ស្រុតដីផ្ទះចូលព្រែកថី កំពុងអង្គុយលេីខឿនកាំជណ្តេីរផ្ទះដែលកំពុងខូចខាតកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។ (ប៉ា តុងចិន)

អ្នកស្រីរៀបរាប់ថា៖ «ខ្ញុំជញ្ជូនអីវ៉ាន់ចេញផង ស្រែកយំផ្អើលគេ[អ្នកជិតខាង] មកជួយជញ្ជូនអីវ៉ាន់។ ខ្ញុំមានផលលំបាកខ្លាំងមែនទែន។ ខ្ញុំអត់មានភាពកក់ក្ដៅ អត់មានទីជម្រកពិតប្រាកដ។ ខ្ញុំអស់ទឹកចិត្ត អត់មានកម្លាំងចិត្តធ្វើការទេរាល់ថ្ងៃនេះ។ ពិបាកចិត្តពេក គិតវែងគិតឆ្ងាយ មិនដឹងថ្ងៃណា ខែណា រដ្ឋាភិបាលជួយរកដំណោះស្រាយឱ្យមានកន្លែងស្នាក់នៅពិតប្រាកដ»។

ជាមួយគ្នានេះ ការរស់នៅលើផ្លូវបេតុងបណ្ដោះអាសន្ន បានបង្កជាការព្រួយបារម្ភពីសុវត្ថិភាពរបស់អ្នកស្រី និងក្រុមគ្រួសារផងដែរ។ អ្នកស្រីថា ការរស់នៅ​ត្រូវប្រឈមជាមួយការធ្វើចរាចរណ៍របស់អ្នកដំណើរ និងការលួចរបស់របរផ្សេងៗ បើទោះបីជាផ្លូវនោះត្រូវបានហាមលែងឱ្យរថយន្តឆ្លងកាត់បណ្តោះអាសន្នក៏ដោយ។ ដោយឡែក អ្នកស្រីក៏កាន់តែបារម្ភថែមទៀតពីការបាក់ស្រុតដីចូលទៅក្នុងព្រែក ថាអាចរាលដាលកាន់តែធំមកកាន់កន្លែងដែលកំពុងស្នាក់នៅ ខណៈទឹកនៅតែបន្តហូរមកខ្មួលខ្មាញ់។

អ្នកស្រីថា៖ «បារម្ភខ្លាចរាល់ថ្ងៃតែបាក់ទៅទៀតហ្នឹង។ បើថាមិនបាក់ទៀតទេ គឺគ្រាន់តែបានកន្លែងនៅសល់នេះចូលបន្ទប់ទឹក ហើយបើបាក់ទៀតហ្នឹង បាក់ទាំងបន្ទប់ទឹកទៀត គឺរឹតតែយ៉ាប់ហើយ» ។

អ្នកស្រីឱ្យដឹងដែរថា បានរស់នៅទីនេះអស់រយៈពេល១៥ឆ្នាំមកហើយ នេះក៏មិនមែនជាលើកទីមួយដែរ ដែលរងផលប៉ះពាល់ដោយសារតែការបាក់ស្រុតនេះ។ ​ពលរដ្ឋដដែលបន្តថា ផ្ទះរបស់គាត់ធ្លាប់រងការខូចខាតផ្នែកក្រោយផ្ទះ​ម្ដងរួចមកហើយកាលពីឆ្នាំ២០២០ ដោយខូចខាតផ្ទះបាយ និងបន្ទប់ទឹកទាំងស្រុង គិតជាទឹកប្រាក់ ១ ៥០០ដុល្លារអាមេរិក។ ការបន្តរងការខូចខាតជាបន្តបន្ទាប់បែបនេះ អ្នកស្រីបានអំពាវនាវឱ្យរដ្ឋាភិបាលជួយដោះស្រាយរកកន្លែងនៅសមរម្យមួយ ដើម្បីអ្នកស្រីអាចចាប់ផ្ដើមប្រកបមុខរបរឡើងវិញ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃនិងសងបំណុលធនាគារ។

ចំណែកពលរដ្ឋម្នាក់ទៀត គឺ លោក ប៊ុន សុធី ក៏ទទួលរងនូវការប៉ះពាល់ដូចពលរដ្ឋដទៃដែរ។ ទោះបីទំហំនៃការប៉ះពាល់ផ្ទះរបស់លោកតិចជាងអ្នកស្រី ផន ចាន់នី និងអ្នកស្រី ខឹម ទូច ក្ដី ប៉ុន្តែលោកត្រូវសម្រេចចិត្តបង្ខិតផ្ទះមកលើផ្លូវ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ ដោយសារការបាក់ស្រុតដីមាត់ព្រែកដែរ ព្រោះ​ទឹកនៅតែមានកម្រិតឡើងខ្លាំងនៅឡើយ។

បុរសវ័យ៤៦ ឆ្នាំ ដែលជាបុគ្គលិកនិយោជិតក្នុងរោងចក្ររូបនេះរៀបរាប់ថា ទោះបីផ្ទះរបស់លោកបាក់ស្រុតត្រឹមផ្នែកផ្ទះបាយ និងបន្ទប់ទឹកក៏ពិតមែន ប៉ុន្តែវាបានបង្កការលំបាកជាខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃ។ លោកបន្តថា លោកត្រូវក្រោកពីព្រឹកដើម្បីទៅប្រើប្រាស់បន្ទប់ទឹកនៅរោងចក្រ ខណៈប្រពន្ធកូនត្រូវធ្វើដំណើរទៅប្រើប្រាស់បន្ទប់ទឹកនៅផ្ទះសាច់ញាតិដែលនៅឆ្ងាយដែរនោះ។

លោក ប៊ុន សុធី ពលរដ្ឋភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដែលរងគ្រោះដោយសារការបាក់ស្រុតដីផ្ទះចូលព្រែក កំពុងអង្គុយលេីគ្រែដែលបានលេីកចេញពីទីតាំងផ្ទះចាស់មកដាក់លេីផ្លូវបេតុងកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។ (ប៉ា តុងចិន)

លោក ប៊ុន សុធី៖ «អាហ្នឹងពិបាកមែនទែនតែម្ដង មិនមែនពិបាកលេងៗទេ ពិបាកមែនទែនហ្មង។ អត់មានបង្គន់ ព្រឹកឡើងអ៊ីចឹងខ្ញុំទៅធ្វើការ យើងចេញពីព្រឹកអ៊ីចឹងទៅ។ យើងបត់ដៃបត់ជើងទៅឱ្យដល់រោងចក្រតែម្ដង ហើយបើថ្ងៃណាអត់ធ្វើការ គឺទៅផ្ទះមីង​[ដើម្បីប្រើប្រាស់បន្ទប់ទឹក]»។ 

លោក ប៊ុន សុធី ស្នើសុំឱ្យរដ្ឋាភិបាលប្រញាប់គិតគូរផ្ដល់ដីដល់រូបលោក ក៏ដូចជាពលរដ្ឋរងគ្រោះទាំងអស់សម្រាប់សង់ផ្ទះឱ្យមានឆាប់រហ័ស ត្បិតលោកបារម្ភថា ប្រសិនបើកម្លាំងទឹកនៅតែបន្តហូរកួចខ្លាំងបែបនេះទៀត នោះវាសនាផ្ទះរបស់លោកក៏​មិនខុសពី អ្នកស្រី ផន ចាន់នី និងអ្នកស្រី ខឹម ទូច  នោះដែរ។

ចំពោះពលរដ្ឋដែលរងគ្រោះផ្សេងទៀត ក៏មិនខុសគ្នាដែរ បានសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាល ឱ្យជួយសម្រួលកន្លែងស្នាក់នៅថ្មីមួយ ដើម្បីបានកន្លែងរស់នៅសមរម្យ អាចបញ្ជូនកូនចៅទៅរៀន និងអាចទៅបំពេញការងារបាន ស្របពេលដែលបច្ចុប្បន្នត្រូវបង្ខំចិត្តស្នាក់នៅក្នុងរោង និងតង់ដែលសង់នៅលើផ្លូវ ដែលអាចប្រឈមនឹងបញ្ហាជាច្រើន ប៉ុន្តែពួកគេអះអាងថា ដោយសារតែមិនមានជម្រើសផ្សេង។

សមាជិកក្រុមប្រឹក្សាឃុំរកាខ្ពស់ ស្រុកស្អាង លោក សុន សុខន បានឱ្យដឹងថា នៅតាមបណ្តោយព្រែកថី មានប្រជាពលរដ្ឋរស់នៅចំនួន៦៤គ្រួសារ។ ក្នុងនោះផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការបាក់ផ្ទះនិងដីចូលព្រែកថីនេះ មានចំនួន១៦ខ្នងផ្ទះ ក្នុងចំណោមនោះមានផ្ទះ ​៦ខ្នង ត្រូវបានបាក់ចូលទឹកព្រែកទាំងស្រុង។ ជាមួយគ្នា លោកថា អាជ្ញាធរបានប្រជុំពិភាក្សាគ្នា ដោយសម្រេចឱ្យពលរដ្ឋរងគ្រោះទាំងនោះ សង់រោង ឬតង់ស្នាក់នៅលើផ្លូវបេតុងបណ្តោះអាសន្នជាមុនសិន។

លោកថា៖«ក្រុមប្រឹក្សារៀបចំឱ្យគាត់រស់នៅលើផ្លូវបេតុងហ្នឹង ព្រោះកាលណាបើសិនមិនរៀបចំឱ្យគាត់រស់នៅទេ គាត់មិនដឹងថាទៅនៅណា? ព្រោះទីតាំងដែលត្រូវឱ្យគាត់នៅឱ្យជាក់លាក់ពិតប្រាដកវាអត់ទាន់មាន។ អ៊ីចឹងមានតែឱ្យគាត់រស់នៅតាមលើផ្លូវបេតុងហ្នឹងបណ្តោះអាសន្ន»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ​ ពលរដ្ឋដែលរស់នៅតាមដងទន្លេ ឬព្រែកជាដើមនោះ គឺងាយនឹងរងផលប៉ះពាល់ដោយសារបញ្ហាជាច្រើន ព្រោះពលរដ្ឋខ្លះធ្វើសសរផ្ទះជាប់នឹងច្រាំងទន្លេឬព្រែកតែម្តង ដែល​អាច​ប្រឈមផលប៉ះពាល់ខ្ពស់។ ដូច្នេះលោកថា អាជ្ញាធរពាក់ព័ន្ធគួរតែយកចិត្តទុកដាក់រៀបចំទីតាំងស្នាក់នៅសមរម្យសម្រាប់ពួកគេ ដែលជាជនរងគ្រោះ ដោយការបាក់ច្រាំង ឬរលំផ្ទះចូលទឹកជា ត្បិតពួកគេនឹងកាន់តែរងផលប៉ះពាល់​ ប្រសិនបើមិនមានការយកចិត្តទុកដាក់។

លោកថា៖«អាជ្ញាធរមិនអាចព្រងើយកន្តើយបានទេ ព្រោះអីប្រជាពលរដ្ឋគាត់ពឹងលើអាជ្ញាធរ បើកាលណាគ្នាមានជួបបញ្ហាត្រូវតែជួយដោះស្រាយ មិនអាចឱ្យគាត់រស់ពឹងអាស្រ័យលើខ្លួនឯងបានទេ ព្រោះអ្នកខ្លះមិនអាចពឹងអាស្រ័យលើខ្លួនឯងបានដោយសារតែកត្តាជីវភាព»។

យ៉ាងណា លោកសុន សុខន បានអះអាងថា លោកនឹងមិនទុកប្រជាពលរដ្ឋខ្លួនឯងចោលនោះទេ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាឃុំ។ ប៉ុន្តែចំពោះការស្វែងរកទីតាំងថ្មីសម្រាប់ពួកគាត់ លោកមិនទាន់ដឹងនៅឡើយទេ ព្រោះជាគម្រោងរបស់ថ្នាក់ខេត្ត។

សមាជិកក្រុមប្រឹក្សាឃុំរកាខ្ពស់រូបនេះបានឱ្យដឹងដែរថា ការបាក់ស្រុតដីនិងផ្ទះប្រជាពលរដ្ឋតាមបណ្តោយព្រែកថីនេះ មិនមែនជាលើកទី១នោះទេ ដោយកាលពីឆ្នាំ២០២០ និង២០២១ក៏រងផលប៉ះពាល់ដល់ប្រជាពលរដ្ឋដូច្នេះដែរ។ លោកបានរៀបរាប់ថា ការបាក់ស្រុតនេះបណ្តាលមកពីការស្តារព្រែកឱ្យជ្រៅ ដើម្បីបញ្ជៀសទឹកពីទីក្រុង ខណៈមុខទឹកនៅខាងក្រោមតូច ប៉ុន្តែទឹកមកពីខាងលើហូរខ្លាំង ទើបធ្វើឱ្យហូរមិនទាន់ និងបង្កការខូចខាតដល់ប្រជាពលរដ្ឋដូច្នេះ។

លោកថា៖«បើមុនពេលគាត់អភិវឌ្ឍន៍នឹងគាត់មានសំណងជាមួយប្រជាពលរដ្ឋពីផលប៉ះពាល់ ឬក៏គាត់អាចរកទីតាំងឱ្យប្រជាពលរដ្ឋរស់នៅឱ្យផុតហើយចាំគាត់អភិវឌ្ឍន៍។ អាហ្នឹងខ្ញុំគិតថា វាមិនអាចមានផលប៉ះពាល់ ហើយក៏មិនមានប្រតិកម្មពីប្រជាពលរដ្ឋដែរ»។

បើតាមលោក យង់ គិមអេង បានអះអាងថា ប្រសិនបញ្ហាបាក់ច្រាំងស្រុតផ្ទះទាំងនោះ បង្កហេតុដោយសារតែកត្តាក្រុមហ៊ុនអភិវឌ្ឍន៍ណាមួយនោះ អាជ្ញាធរពាក់ព័ន្ធគួរតែពិភាក្សារកដំណោះស្រាយ ដើម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋទាំងនោះឡើងវិញ។ 

ងាកមកអ្នកស្រី ខឹម ទូច វិញ បាននិយាយថា ទោះបីជាអាជ្ញាធរភូមិ និងឃុំ អនុញ្ញាតឱ្យសង់រោងនៅលើផ្លូវបេតុង ដើម្បីជាមធ្យោបាយស្នាក់នៅបណ្ដោះអាសន្នក៏ពិតមែន ប៉ុន្តែអ្នកស្រីនៅតែស្នើរកដំណោះស្រាយមួយដែលល្អជាងនេះ សម្រាប់គ្រួសារអ្នកស្រី និងពលរដ្ឋរងគ្រោះផ្សេងទៀត។

អ្នកស្រីនៅ​​តែបារម្ភចំពោះអនាគតរស់នៅរបស់កូនៗ និងចៅតូចៗរបស់អ្នកស្រី ស្របពេលដែលដីផ្ទះដែលធ្លាប់រស់នៅ ប្រែក្លាយជាព្រែកដែល​មានទឹកហូរកាត់ជំនួសទៅវិញ។

អ្នកស្រីនិយាយ​ថា៖« ខ្ញុំដល់ពេលអ៊ីចឹងអស់ទឹកចិត្តនឹងការរស់នៅតែម្ដង មិនដឹងនៅកន្លែងណាកន្លែងណីទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ