ចិន​បង្កើន​ការ​ធ្វើ​សមយុទ្ធ​នៅ​ក្បែរតៃវ៉ាន់ ស្របពេល​សមាជិក​សភា​អាមេរិក​មួយក្រុម​ទៀត​មក​កាន់​កោះ​នេះ

កងទ័ពរំដោះប្រជាជនចិន (PLA) ក្នុងសមយុទ្ធហ្វឹកហ្វឺនបង្កើតការវាយប្រហារនៅទីក្រុង Zhangzhou ខេត្ត Fujian ប្រទេសចិន ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២។ (Reuters)

យោធាចិន នៅថ្ងៃចន្ទនេះ បានបង្កើនការធ្វើសមយុទ្ធរបស់ខ្លួនបន្ថែមទៀតនៅជិតកោះតៃវ៉ាន់ ស្របពេលដែលគណប្រតិភូអាមេរិកជាន់ខ្ពស់មួយក្រុមទៀត​​ធ្វើដំណើរមកដល់កោះមួយនេះ ដើម្បីជួបជាមួយលោកស្រីប្រធានាធិបតី សៃ អ៊ីងវេន (Tsai Ing-wen)។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌​មាន Reuters

គួរបញ្ជាក់ថា សមាជិកព្រឹទ្ធសភាអាមេរិកចំនួន៥រូប ដែលដឹកនាំដោយលោក Ed Markey បានធ្វើដំណើរមកដល់ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីល្ងាចថ្ងៃអាទិត្យ ក្នុងដំណើរទស្សនកិច្ចមួយដែលមិនត្រូវបានប្រកាសឱ្យដឹងជាមុន។

ការមកដល់របស់មន្រ្តីខាងលើនេះ ក៏ជាដំណើរទស្សនកិច្ចទីពីរដែលត្រូវបានធ្វើឡើងដោយគណប្រតិភូអាមេរិកជាន់ខ្ពស់ផងដែរ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធាន​​សភា​​​​អាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ទើបតែបញ្ចប់កាលពីដើមខែសីហាកន្លងទៅ។

ជាការឆ្លើយតប អង្គភាពយោធាចិនដែលទទួលខុសត្រូវក្នុងតំបន់ជាប់កោះតៃវ៉ាន់ (PLA’s Eastern Theater Command) ក៏បានរៀបចំសមយុទ្ធបន្ថែមទៀតនៅដែនសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់ផងដែរ នៅថ្ងៃចន្ទនេះ ដោយចាត់ទុកសមយុទ្ធ​​នេះថាជាការបង្ហាញឱ្យឃើញពីការមិនគាំទ្រ​យ៉ាងពេញទំហឹងចំពោះ​សហរដ្ឋអាមេរិក និង​តៃវ៉ាន់ ​ដែល​បន្ត​ធ្វើសកម្មភាព​នយោបាយបំផ្លាញ​សន្តិភាពនិង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់។

ថ្លែងក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយផ្សេងទៀត ក្រសួងការពារជាតិចិនក៏បានឱ្យដឹងផងដែរថា ដំណើររបស់សមាជិកព្រឹទ្ធសភាទាំងនេះបានរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ហើយក៏លាតត្រដាងយ៉ាងច្បាស់នូវមុខមាត់ពិតរបស់សហរដ្ឋអាមេរិកដែលដើរតួជាអ្នកបំផ្លិចបំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ផងដែរ។

ប្រភពដដែលបន្តថា៖ «កងទ័ពរំដោះប្រជាជន គឺនឹងបន្តហ្វឹកហ្វឺន និងត្រៀមរួចជាស្រេចក្នុងការធ្វើសង្រ្គាម ក៏ដូចជាការពារឱ្យបានខ្ជាប់ខ្ជួននូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ខណៈខ្លួននឹងវាយកម្ទេចរាល់គ្រប់ទម្រង់នៃការបំបែកខ្លួនរបស់តៃវ៉ាន់និងការជ្រៀតជ្រែកពីបរទេស»។

គួររម្លឹកថា ដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់ កាលពីដើមខែសីហាកន្លងទៅ បាន​បង្កឱ្យមានជា​ការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ប្រទេសចិនម្ដងរួចមកហើយ ដែលក្នុងនោះក៏បានធ្វើឱ្យប្រទេសមួយនេះ​ឈានដល់​ការឆ្លើយតបតាមរយៈ​ការធ្វើ​សម​យុទ្ធយោធា​​​ការដាក់​ពង្រាយយន្តហោះចម្បាំង​ ការបាញ់មីស៊ីលផ្លោងនៅលើដែនទឹក និងដែនអាកាស ជុំវិញ​កោះតៃវ៉ាន់ផងដែរ។

ទោះជាយ៉ាងណា សហរដ្ឋអាមេរិក​ធ្លាប់បាន​ជំរុញប្រទេសចិនកុំឱ្យមានប្រតិកម្មខ្លាំង​លើសលុបចំពោះដំណើរ​ទស្សនកិច្ចមួយនេះ ដោយថា វាអាច​នឹងធ្វើឱ្យ​ស្ថានការណ៍​កាន់តែ​តានតឹង​បន្ថែ​ម​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ