ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយថាកម្ពុជានឹងបន្តមានភ្លៀងធ្លាក់ស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស ដែលធ្វើឱ្យបណ្ដាតំបន់ផ្ទៃរងទឹកភ្លៀង និងខេត្តមួយចំនួនអាចប្រឈមជំនន់ទឹកភ្លៀងសាជាថ្មីទៀត។
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះ ឱ្យដឹងថា កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងសភាពជាលក្ខណៈឡូកាល់ឬតំបន់ ស្ទើរគ្រប់ទីកន្លែងជាបន្តបន្ទាប់ ក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើនដោយអន្លើ ដោយគិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។
សេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្ដាតំបន់ផ្ទៃរងទឹកភ្លៀង និងបណ្ដាខេត្តមួយចំនួន ដែលកន្លងមកធ្លាប់ទទួលបាននូវបរិមាណទឹកភ្លៀងបង្គួរនិងច្រើនរួចមកហើយ អាចនឹងប្រឈមបញ្ហាជំនន់ទឹកភ្លៀងសាជាថ្មី។ បណ្តាខេត្តគោលដៅមួយចំនួនដូចជា ខេត្តកំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តឧត្តរមានជ័យ។
ក្រសួងឱ្យដឹងទៀតថា កត្តាដែលបណ្ដាលឱ្យមានភ្លៀងធ្លាក់នៅស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជានេះ ដោយសារជ្រលងសម្ពាធទាបឥណ្ឌានឹងរំកិលធ្លាក់ចុះជាមួយប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយសម្ពាធទាប ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ៕