អ្នកជំនាញ​បារម្ភ​ពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ខណៈ​មេដឹកនាំ​យោធា​២រូប​បង្ហាញ​វត្តមាន​ក្នុង​ប្រទេស​កុម្មុយនីស្ត

លោក ហ៊ុន ម៉ាណែត ជួប​សម្ដែងការគួរសមជាមួយ (កណ្ដាល)លោក​ ង្វៀន ស៊ុន ហ្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ Hun Manet)

ក្រុមអ្នកជំនាញផ្នែកគោលនយោបាយ និងគណបក្សដែលនៅក្រៅរដ្ឋាភិបាល ដាក់ការព្រួយបារម្ភពីទំនាក់​​ទំ​​​នង​​ការ​​​ទូត​ផ្នែកយោធាជាមួយបណ្ដាប្រទេសដែលប្រកាន់គោលការណ៍កុម្មុយនីស្តនៅក្នុងតំបន់​​ ដែលពួកគេ​​មើល​​ឃើញថា វា​​​​នឹង​​​ជំរុញឱ្យបន្ទាត់នយោបាយដែលកម្ពុជាធ្លាប់ទទួលបានផលចំណេញច្រើនពីកិច្ចព្រមព្រៀង​​នយោ​​បា​​យនៃ​​សន្តិ​​ភាពទីក្រុងប៉ារីស អាចនឹងត្រូវរអិលបាត់បង់ ខណៈមេដឹកនាំយោធាជាន់ខ្ពស់២រូប ត្រូវគេមើលឃើញថា កំ​​ពុង​​​​ទាញ​​ឱ្យ​​​​​កម្ពុជាដើរចេញឆ្ងាយពីក្រុមប្រទេសលោកសេរី ដែលតម្រូវឱ្យមានលក្ខខណ្ឌគោរពសិទ្ធិមនុស្ស និងធានាឱ្យ​​មា​​​ន​​​​កា​​​​រ​​អ​​នុ​​​​វត្តពេញលេញផ្នែកប្រជាធិបតេយ្យ។

សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ឃើញថា តាមពិតទៅ វាមិនទាស់ខុសអ្វីនោះទេ ក្នុង​​ពេល​​ដែលកម្ពុជាមានសម្ព័ន្ធមិត្តនយោបាយជាមួយប្រទេសជាមិត្ត ទោះប្រទេសទាំងនោះ​​ស្ថិតនៅ​​ក្នុងប្លុក​​​មួយ​​ណា​​ក៏​ដោយ។ ប៉ុន្តែអ្វីដែលជាកង្វល់នៅត្រង់ថា កម្ពុជានៅពេលនេះ ហាក់ដើរចេញពីគោល​​ការណ៍ដូច​​មាន​​កំ​​ណត់​​នៅ​​​​ក្នុងបន្ទាត់នយោបាយ គឺអព្យាក្រឹតភាពរបស់ខ្លួន ជាពិសេសងាកកាន់តែខ្លាំងទៅរក​​​ប្រទេសដែលនិយម​​គោល​​កា​​រ​​ណ៍​​​​កុម្មុយនីស្ត។ ស្ថិតក្រោមស្ថានភាពនេះហើយដែលនាំឱ្យមានការប្រទាញប្រទង់គ្នាកាន់តែខ្លាំងទៅលើភូមិ​​សា​​ស្រ្ត​​នយោបាយ និងការឃ្លាំមើលកាន់តែដិតដល់ពីប្រទេសលោកសេរី។

លោកបន្តថា៖ «អ្វីជាការព្រួយបារម្ភហ្នឹង មានកត្តាមួយចំនួននៃការស្តែងចេញរបស់​​កម្ពុជាហ្នឹង អត់ដូចទៅនឹងខ្លឹម​​សារន​​យោបាយនិងគោលនយោបាយដែលខ្លួនដាក់ថារដ្ឋអធិបតេយ្យនិងអព្យាក្រឹត ដែលយើងខ្វះជំហរ​​ហ្នឹង។ គោល​​ន​យោបាយ​​យើងមាន ក៏ប៉ុន្តែឥរិយាបថនយោបាយ ឬអាកប្បកិរិយានយោបាយ​​របស់យើង នឹងធ្វើឱ្យ​​គេមើលឃើញ​​ថា​​យើង​ហាក់ដូចលម្អៀងទៅរកចិន ហើយលម្អៀងទៅរករដ្ឋដែលកុម្មុយនីស្តច្រើនជាងរដ្ឋបែបប្រជាធិបតេយ្យ»។

មិនខុសគ្នាដែរ អ្នកជំនាញផ្នែកគោលនយោបាយ លោក វណ្ណ ប៊ុនណា មើលឃើញថា ការបំពេញទស្សនកិច្ចរបស់​​មេ​​ដឹក​​នាំយោធាទាំងពីររូបរបស់កម្ពុជានៅប្រទេសកុម្មុយនីស្តលើក​​នេះ វាគឺជាការបង្ហាញសាច់​​ដុំទៅកាន់​ប្រទេស​​លោ​​ក​​​​សេ​​រី អំពីសម្ពន្ធភាពកាន់តែស៊ីជម្រៅ ទាំងផ្នែកសេដ្ឋកិច្ច និងវិស័យយោធា។

លោកបន្តថា ការដើរចេញមួយជំហាន​​នៅ​​ពេលនេះរបស់កម្ពុជា ទំនងមើលឃើញកាន់តែច្បាស់ពីការស្ដារ​​ប្រជាធិ​​​បតេ​យ្យ និងផ្នែកសេដ្ឋកិច្ច ជាមួយប្រ​​ទេស​លោក​​ខាងលិច ទៅមិនរួច ទើបសម្រេចចិត្តចាប់យកប្រទេសដែល​​ធ្លាប់​​ពឹង​ពាក់ពី​​អតីតកាលវិញម្តង។​​ លើសពី​​នេះ​​ទៅទៀត នៅ​​ចំ​​​​ពោះមុខនេះ កម្ពុជាកំពុងតែរងនូវការរិះគន់ច្រើន​​ទៅ​​ហើ​​យ អំពីការធ្លាក់ចុះនៃលំហប្រជាធិបតេយ្យនិង​​សិទ្ធិ​​មនុ​​ស្ស​​នេះ ហើយបើ​​កម្ពុជា​​នៅប្រកាន់ឥរិយាបថ​​ដូច​​ពេល​​នេះ​​ទៀត ចង់ឬមិនចង់ ចៀសមិន​​ផុតពី​​ការ​​ប្រ​​ឈ​​ម​​​​មុខដាក់គ្នាទៅលើភូមិសាស្រ្តនយោបាយ ដូចដែលកម្ពុជាធ្លាប់​​មា​​ន​​ពិសោធន៍​​រួចមកហើយក្នុងអតីត​​កាល។

លោកបន្តថា៖ «យើងអាចឆ្លុះបញ្ចាំងពីដំណើរទស្សនកិច្ចចុងក្រោយថ្មីៗនេះ ទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងឧបនា​​យក​រដ្ឋមន្រ្តី ទៀ បាញ់ ទៅវៀតណាម និងចិន សបញ្ជាក់ឱ្យឃើញថា កម្ពុជាត្រូវការវៀតណាម និងចិន ជា​​ខ្នង​​បង្អែក​​ ជាជាងការស្ដារលទ្ធិប្រជាធិបតេយ្យ។ នៅក្នុងគំនិតរបស់រដ្ឋាភិបាលអាចគិតថា ប្រទេសលោកសេរីនឹងបន្តដាក់ទណ្ឌកម្មទៅលើលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ អ៊ីចឹងទេ! កម្ពុជាត្រូវតែពង្រឹងនិងពង្រីកទំនាក់ទំនង​​របស់​​ខ្លួន​​​​ជាមួយបណ្តាប្រទេសវៀតណាម និងចិនឱ្យកាន់តែខ្លាំង»។

ការបញ្ជាក់ជំហរនៅពេលនេះ ពីក្រុមអ្នកជំនាញផ្នែកគោលនយោបាយ ខណៈដែលមេដឹកនាំជាន់ខ្ពស់​​ផ្នែកយោធា​​កម្ពុ​ជា​​​​ ចំនួន២រូប កំពុងបង្កើនចំណងសម្ពន្ធភាពជាមួយប្រទេសជាមិត្ត គឺប្រទេសចិន និងវៀតណាម​​។ សេចក្ដីប្រ​​កាសព័ត៌​​មានរបស់ក្រសួង​​ការ​​​​ពារជាតិ បង្ហាញថា លោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ត្រូវ​​បំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ និងគ្រោងបញ្ចប់នៅថ្ងៃទី១៦ ខែសី​​ហា​។ ដោយឡែក លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី ក៏បានបំពេញទស្សនកិច្ចដែរ ក្នុងពេល​​ប្រហាក់ប្រហែល​គ្នា ទៅប្រទេសវៀតណាម។ ជាអគ្គមេបញ្ជារងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង​​ទ័ព​​ជើង​​គោក លោក ហ៊ុន ម៉ាណែត ត្រូវបានកាសែតក្នុងស្រុកចុះផ្សាយថា លោកត្រូវភាគីវៀតណាមគាំទ្រសម្រាប់​​បេក្ខ​​​​ភាពជានាយករដ្ឋមន្រ្តី បន្តវេនពីឪពុកខ្លួន គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

បើទោះបែបណា សម្រាប់ក្រុមអ្នកជំនាញផ្នែកគោលនយោបាយ មើលឃើញថា ការប្រើប្រាស់បន្ទាត់នយោបាយ​​ជា​​មួ​យ​​​​​សម្ពន្ធមិត្ត​​ប្រទេសក្នុងប្លុកកុម្មុយនីស្តនេះ វានឹងមិនធ្វើឱ្យកម្ពុជាទទួលបាននូវផលចំណេញច្រើនដូចបណ្ដាប្រ​​ទេ​​ស​​​​​​លោកសេរីប៉ុន្មានទេ។ មិនចំណេញនៅត្រង់ថា លំហសេរីភាពផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ វានឹងកាន់​​តែ​​រួម​​តូច​​ទៅ​ៗ។ លើសពីនេះទៅទៀត អ្វីដែលកម្ពុជាបានកសាងមូលដ្ឋាននៃគោលការណ៍និងបទដ្ឋានគតិយុត្តដទៃទៀតក្នុងក្របខណ្ឌប្រជាធិបតេយ្យ ត្រូវដើរថយក្រោយមួយជំហានទៅវិញ។ មិនខុសគ្នាទេ គណបក្សដែលនៅក្រៅ​​រដ្ឋាភិ​បាលក៏មើលឃើញពីភាពប្រឈមមុខទៅថ្ងៃក្រោយ សម្រាប់ជោគវាសនារបស់កម្ពុជាដែរ ក្នុងពេលរដ្ឋអធិប​​​តេយ្យ​មួយ​​នេះបានងាកចេញពីបណ្ដាប្រទេសលោកខាងលិច ហើយទៅចាប់ដៃជាមួយរដ្ឋកុម្មុយនីស្ត​​ ទាំងក្នុងកម្រិតយោ​​ធា​ និងផ្នែកសេដ្ឋកិច្ច។

លោក យ៉ង់ សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន យល់ឃើញថា សម្រាប់សម្ពន្ធ​​មិត្ត​​​​យោធា​​នៅក្នុងបរិបថជំនាន់ថ្មីនេះ វាផ្ទុយពីគ្នាពីក្នុងអតីតកាល ដែលកម្ពុជាធ្លាប់មានជាមួយចិន និងវៀតណាម។​​ លោក​​បន្តថា អ្វីដែលកម្ពុជានៅតែល្អ ដោយសារនីតិវិធី និងបទដ្ឋានគតិយុត្ត ដែលកំពុងតែមានក្នុងពេល​​បច្ចុប្បន្ននេះ គឺកម្ពុជាឈរលើគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស រួមទាំងអនុសញ្ញាដទៃទៀត ដែលកម្ពុជាកំពុង​​ជាប់​កា​​ត​​​​​ព្វកិច្ច​​​​ជា​​អន្តរជាតិ។ បើទោះបែបណា សម្រាប់លោក យ៉ង់ សាំងកុមារ នៅតែចាត់ទុកថា ថ្វីត្បិតកម្ពុជាប្រើឧបករណ៍​​ច្បា​​ប់​​​ទាំងនេះដើម្បីការពារខ្លួនមែន ប៉ុន្តែនៅចំពោះមុខនេះ រដ្ឋាភិបាលក៏ត្រូវប្រុងប្រយ័ត្នដែរពីបន្ទាត់នយោបាយ​​ដែល​​ខ្លួន​ត្រូវបត់។

លោកបន្តថា៖ «កម្ពុជាយើងត្រូវតែប្រកាន់នូវជំហរអព្យាក្រឹតភាព មិនចូលបក្សសម្ពន្ធ។ អ៊ីចឹងសម្ពន្ធ​​មិត្តយោ​​ធា​​​​រវាងកម្ពុជានិងអាមេរិក រួមទាំងកម្ពុជានិងចិន យើងត្រូវប្រយ័ត្នប្រយែង»។

កម្ពុជាធ្លាប់ផុងខ្លួនដោយសង្រ្គាមស៊ីវិលជាង២ទសវត្សរ៍ ដោយសារជំហរអព្យាក្រឹត និងមិនចូលបក្សសម្ពន្ធនេះ នៅ​​ក្នុង​​​​អតីតកាលដ៏ជូរចត់។ ​ក្រោ​​​យ​​របបសាធារណរដ្ឋ ដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ត្រូវបានខ្មែរ​ក្រ​​ហមផ្ដួលរំលំនៅឆ្នាំ១៩​​៧​​៥ កម្ពុជានៅពេលនោះត្រូវបាត់បង់ទាំងធនធានមនុស្ស និងទ្រព្យសម្បត្តិ ដល់ចំណុច​​សូ​ន្យ​​​​។ ​​​គេសង្កេតឃើញ​​​ថា សង្រ្គាម​​ស៊ីវិល​នេះនៅតែបន្ត​​ញាំញីកម្ពុជា រហូតដល់មានកិច្ចព្រមព្រៀង​​នយោបាយ​​ត្រីភាគី ក្រោម​​ឆ័ត្រសហគមន៍​​អន្តរជាតិ នៅថ្ងៃ «២៣ តុលា ឆ្នាំ១៩៩១» និងបន្តរហូតដល់មានសមាហរណកម្មយោធាក្រោយ​​ឆ្នាំ១៩៩៨។

លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ដាក់ការព្រួយបារម្ភថា ប្រសិនបើជំហរ​​កម្ពុជានៅ​​តែ​​បែប​​នេះទៀត នឹងរុញច្រានឱ្យរលកចាស់ ដែលកម្ពុជាធ្លាប់ឆ្លងកាត់ដ៏សោកសៅ អាចនឹងនៅតែបន្តតាមលងរហូត មិន​​​ចប់​ទេ។ លោកបន្តថា ក្រោយមានកិច្ចព្រមព្រៀងនយោបាយក្រោមការគាំទ្រពីសហគមន៍អន្តរជាតិ ដែលទាមទារឱ្យ​​គោ​រ​ព​សិទ្ធិ​​មនុស្សនិងប្រជាធិបតេយ្យជាចម្បងនេះ នាំឱ្យកម្ពុជាចំណេញលើផ្នែកសេដ្ឋកិច្ចរាប់ពាន់លានដុល្លារក្នុង​​មួយ​​ឆ្នាំៗ។

បើតាមលោក អ៊ូ ច័ន្ទរ័ត្ន ចំពោះការសេពគប់ក្រុមប្រទេសដែលអនុវត្តគោលនយោបាយកុម្មុយនីស្ត មិនបានជួយ​​អ្វី​​ច្រើន ក្រៅពីជំពាក់បំណុល និងជួយការពារអ្នកកាន់កិច្ចការរដ្ឋប៉ុណ្ណោះ។ បន្ថែមពីលើនេះ លោកថា បើពិនិត្យទៅ​​លើ​​ផល​​ប្រយោជន៍រួម ក្នុងសម្ពន្ធមិត្តជាមួយប្លុកកុម្មុយនីស្តនេះ គឺគេសម្លឹងឃើញតែពី​​ផលប្រយោជន៍ត្រ​​លប់ទៅ​​វិញ​​ប៉ុ​​ណ្ណោះ។

លោកបន្តថា៖ «ក្រៅពីខ្ចីលុយចិន យើងពឹងទៅលើការនាំចេញទៅអាមេរិក ទៅអឺរ៉ុបច្រើនមែនទែន។ បើនាំចេញទៅចិន ទៅយួន យើងដឹងហើយ មិនមានប៉ុន្មានទេ។ មានតែកម្ចី និងត្រូវសងគេវិញហ្នឹង។ ដូច្នេះ ការដែលងាកទៅរកចិន និងវៀ​​ត​ណាម​​ខ្លាំងនេះ ខ្ញុំជឿថា វាជារឿងមួយយើងគួរព្រួយបារម្ភ ហើយខ្ញុំយល់ថាការរិះគន់របស់គេនេះ ក៏មើលឃើញ​​ដូច្នេះ​​​​ដែរ មើលឃើញថាវាប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យហ្នឹងច្រើន»។ ​

វីអូឌី មិនអាចទាក់ទងបានទេពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួង​​ការ​​ពារ​​ជាតិ នៅថ្ងៃចន្ទនេះ។

រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រងការរិះគន់ពីសហគមន៍អន្តរជាតិកាន់តែខ្លាំង ក្រោយពីរំ​​លាយ​​គណបក្សសង្រ្គោះជាតិ កាលពីចុងឆ្នាំ២០១៧។ ពួកគេចាត់ទុកថា ការបិទទ្វារក្រុមអង្គការមិនមែន​​រដ្ឋាភិ​​បា​ល បណ្តាញអង្គភាពព័ត៌មានសេរី និងការផ្តាច់ជំនួយពីសហគមន៍អន្តរជាតិមួយចំនួន គឺជាការព្រមានពីការ​​ធ្វើទុក្ខ​​​បុក​​​​ម្នេញរបស់រដ្ឋាភិបាល ប្រឆាំងស្ថាប័នទាំងនោះ។ គេសង្កេតឃើញថា ក្រោយពីរដ្ឋាភិបាលបើកយុទ្ធនាការ កម្ចាត់​​ក្រុម​​ប្រឆាំង ចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារ រាប់ទាំងតួអង្គពាក់ព័ន្ធដទៃទៀតដែលតស៊ូមតិដើម្បីឱ្យមាន​​យុត្តិ​​ធម៌​​សង្គម សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានព្រមានកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធផ្នែកសេដ្ឋកិច្ច EBA និង GSP ក្នុងឋានៈ​​ដែ​ល​​​​​កម្ពុជា​​​​ធ្លាប់​​​​ទទួលបានអត្ថប្រយោជន៍ពីគោលការណ៍នេះក្រោមលក្ខខណ្ឌគោរពសិទ្ធិមនុស្ស និង​​ធានាឱ្យមាន​​ប្រ​​ជា​​​ធិបតេយ្យដោយពេញលេញ។

បើទោះបែបណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ប្រកាសជំហរជាញឹកញាប់ថា កម្ពុជានឹងមិនដោះដូរ ឬរណប​​ប​រ​ទេស ដោយ​​សារតែគំនាបផ្នែកសេដ្ឋកិច្ចនិងជំនួយនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ