សហគមន៍ពូនង​នៅ​ខេត្តមណ្ឌលគិរី​បារម្ភ​បាត់ដី​ដោយសារ​ភាព​មិន​ច្បាស់លាស់​នៃ​ការ​កំណត់​តំបន់​ការពារ

អ្នកស្រី ដូន ច្រុន ចង្អុលទៅដីដែលនាង និងគ្រួសារផ្សេងទៀតធ្លាប់ធ្វើស្រែចម្ការ មុនពេលដំណាំរបស់ពួកគេត្រូវបានបំផ្លាញ ក្នុងខែសីហា ឆ្នាំ២០២១។ (Fiona Kelliher)

លោក គីម យ៉ាងហៀប បានសម្រាន្តនៅលើជ្រុងស្រែរបស់គាត់ ក្នុងខេត្តមណ្ឌលគិរី នៅពេលល្ងាចមួយកាលពីខែកុម្ភៈ ស្រាប់តែគាត់ភ្ញាក់ដោយសារពន្លឺភ្លើងពិល។ នៅពេលនោះគឺម៉ោង១១យប់ ហើយ​គាត់​ចង់សម្រាក​ពីរបី​ម៉ោង​នៅឯ​ស្រែ ជាជាង​បើកបរចម្ងាយ៥គីឡូម៉ែត្រ​ទៅ​ផ្ទះ​វិញ។

ភ្លើង​ពិល​នោះគឺជាភ្លើងពិល​របស់​មន្ត្រី​ក្រសួង​បរិស្ថាន​មួយ​ក្រុម ហើយពួកគេបានវាយខ្នោះ​គាត់។ ពួកគេ​បាន​រឹបអូសយក​ទូរសព្ទដៃ​របស់គាត់ និង​យក​គាត់​ទៅ​កាន់​ការិយាល័យ​ក្រសួង​ក្នុងតំបន់ ដោយ​និយាយ​ថា ​គាត់​បាន​ធ្វើស្រែដោយខុសច្បាប់នៅលើដីនោះ។

ជាផ្នែកមួយនៃសហគមន៍ជនជាតិដើមភាគតិចពូនង ដែលរស់នៅចន្លោះដែនជម្រកសត្វព្រៃកែវសីមា និងដែនជម្រកសត្វព្រៃភ្នំព្រិច ដីដែលគាត់កំពុងកាន់កាប់អាស្រ័យផលជួយផ្គត់ផ្គង់ជីវភាពគ្រួសារគាត់ និងជាកម្មសិទ្ធិរបស់គ្រួសារគាត់ជាច្រើនជំនាន់មកហើយ។ គ្រួសារគាត់មិនដែលរងការព្រមានអំពីដីនោះទេពីមុនមក។

អ្នកស្រី ព្យើញ មិត ជាភរិយា​របស់លោក យ៉ាង បាន​និយាយ​ថា៖ ​«យើង​នៅ​តែ​ឆ្ងល់​ថា​យើង​បាន​ធ្វើ​អ្វី​ខុស? ដីនេះ​ជា​ដី​ដូនតា​របស់​យើង។ គេ​វាយ​ខ្នោះគាត់​ [លោក គីម យ៉ាងហៀប] ដូច​ជា​ឃាតក»។

ការចាប់ខ្លួនលោក យ៉ាង គឺជាឧប្បត្តិហេតុមួយក្នុងចំណោមឧប្បត្តិហេតុជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដែលធ្វើឱ្យមានការខកចិត្តជាថ្មីនៅក្នុងសហគមន៍ពូនងដាច់ស្រយាល រួមមាន ឃុំចុងផ្លាស់ និងឃុំមេម៉ង់។ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដីព្រៃការពារ និយាយថា ជម្លោះអំពីដីនេះមានរយៈពេល៥ឆ្នាំមកហើយ ជាមួយក្រសួងបរិស្ថាន ដែលពួកគាត់ត្រូវបានអនុញ្ញាតឱ្យដាំដំណាំ ខណៈមន្ត្រីបានបំផ្លាញដំណាំ ចាប់ខ្លួនប្រជាពលរដ្ឋ និងទាមទារឱ្យកសិករបង់ថ្លៃខ្ពស់ដើម្បីអាចបន្តដាំដំណាំនៅលើដីនេះបាន។

កាលពីខែមិថុនា ប្រធានសហគមន៍បាននិយាយថា ប្រជាពលរដ្ឋជនជាតិពូនងប្រហែល៥០គ្រួសារ នៅភូមិពូញ៉ាវ ឃុំមេម៉ង់ បានចុះហត្ថលេខាលើលិខិតសុំជំនួយពីមន្ត្រីថ្នាក់ស្រុក ក្នុងការពិចារណាឡើងវិញនូវការកំណត់ព្រំប្រទល់ដី ប៉ុន្តែមិនបានទទួលការឆ្លើយតបឡើយ។ ក្នុង​កិច្ច​ប្រជុំ​ឃុំ​នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ២០២២ អ្នក​ភូមិ​បាន​ស្នើ​សុំ​មន្ត្រី​មូលដ្ឋាន​ម្តង​ទៀត​ឱ្យ​ជួយ​អន្តរាគមន៍។

ក្រុម​គ្រួសារ​បាន​និយាយ​ថា បន្ទាប់​ពី​ការ​ចាប់​ខ្លួន​លោក យ៉ាង មន្ត្រី​ក្រសួង​បរិស្ថាន​បាន​ទារ​ប្រាក់ចំនួន១០លាន​រៀល ឬ​ប្រហែល២ ៥០០ដុល្លារ​ សម្រាប់​ការ​ដោះលែង​គាត់។ ពួកគេ​បាន​ចរចា​បញ្ចុះតម្លៃមក​ត្រឹម១ ០០០ដុល្លារ ខណៈ​អ្នកស្រី មិត បាន​អង្វរខ្ចីប្រាក់ពី​អ្នកជិតខាង និង​មេភូមិ​​។

ប្រាំមួយខែក្រោយមក ដោយជំពាក់បំណុលអ្នកជិតខាង គ្រួសារលោក យ៉ាង នៅតែធ្វើស្រែចម្ការនៅលើដីនោះដដែល។

អ្នកស្រី មិត បន្ត​ថា​៖ «​បើ​យើង​មិន​ធ្វើ​ស្រែ​ចម្ការ​ទេ យើង​គ្មាន​អ្វី​ហូប​ឡើយ»

ខ្ញុំ​មិន​យល់​ថា​ច្បាប់​ជា​អ្វីឡើយ

ប្រធានសហគមន៍ពូនងឈ្មោះ មីវ ខែម អាយុ២៩ឆ្នាំ នៅឃុំមេម៉ង់ រស់នៅពឹងផ្អែកលើការធ្វើស្រែដើម្បីចិញ្ចឹមជីវិត ចាប់តាំងពីមានជម្លោះដីនេះតាំងពីឆ្នាំ២០១៧ នៅពេលដែលការគ្រប់គ្រងទាំងដែនជម្រកសត្វព្រៃកែវសីមា និងភ្នំព្រិច ត្រូវបានផ្ទេរទៅឱ្យក្រសួងបរិស្ថាន។

តំបន់ការពារនេះត្រូវបានបែងចែកទៅជា៤តំបន់គឺ «តំបន់សហគមន៍» មានការរឹតត្បិតតិចតួច ដែលអនុញ្ញាតឱ្យធ្វើកសិកម្ម និង «តំបន់ប្រើប្រាស់ប្រកបដោយនិរន្តរភាព» ដែលមានការរឹតត្បិតខ្លាំង អនុញ្ញាតឱ្យមានការប្រមូលផលខ្នាតតូច ដូចជា ការប្រមូលជ័រ ជាដើម។ នៅឃុំចុងផ្លាស់ ឃុំមេម៉ង់ ស្ថិតនៅភ្នំព្រិច ជាតំបន់សហគមន៍ចម្រុះ និងជា «តំបន់ប្រើប្រាស់ប្រកបដោយនិរន្តរភាព»។ នេះបើយោងតាមផែនទីដែលតម្កល់នៅសាលាឃុំមេម៉ង់។

អ្នកនាំពាក្យមូលនិធិសត្វព្រៃពិភពលោក ដែលផ្តល់មូលនិធិសម្រាប់ការគ្រប់គ្រងភ្នំព្រិច មានប្រសាសន៍ថា ការកំណត់តំបន់ត្រូវបានអនុម័តនៅឆ្នាំ២០១៧។ ការកំណត់តំបន់នៅខាងកែវសីមា មិនទាន់បញ្ចប់នៅឡើយទេ ដោយសេចក្តីព្រាងសម្រាប់ការកំណត់តំបន់នៅជិតឃុំចុងផ្លាស់ និងឃុំមេម៉ង់ ក៏មានសម្រាប់ទាំងតំបន់សហគមន៍ និងតំបន់ប្រើប្រាស់ប្រកបដោយនិរន្តរភាព។ នេះបើយោងតាមអ្នកនាំពាក្យរបស់សមាគមអភិរក្សសត្វព្រៃ។

ផ្ទាំងប៉ាណូ​បង្ហាញ​ផែនទី​តំបន់​ក្នុង​តំបន់​ការពារ​ភ្នំ​ព្រិច និង​ស្រែ​ពក។
ផ្ទាំងប៉ាណូ​បង្ហាញ​ផែនទី​តំបន់​ក្នុង​តំបន់​ការពារ​ភ្នំ​ព្រិច និង​ស្រែ​ពក។ (Fiona Kelliher)

ទោះ​ជា​យ៉ាង​ណា ប្រជាពលរដ្ឋ​និយាយ​ថា ព្រំ​ដែន​តំបន់​នេះ​ត្រូវ​បាន​ផ្លាស់​ប្តូរ និង​អនុវត្ត​តាម​ការ​ចង់​បាន​របស់​មន្រ្តី​ក្រសួង។ ប្រជាពលរដ្ឋផ្សេងទៀតទទួលស្គាល់ថា ដីរបស់ពួកគាត់ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ប្រកបដោយនិរន្តរភាព ដែលមានការរឹតត្បិត។ ទោះជាយ៉ាងណា ពួកគាត់និយាយថា ដីនោះជាមធ្យោបាយតែមួយគត់សម្រាប់ពួកគាត់ចិញ្ចឹមជីវិត។

អ្នកស្រី ស៊ុន លីជឿន អាយុ៤៨ឆ្នាំ រស់នៅភូមិពូចា បាននិយាយថា៖ «ខ្ញុំមិនយល់ថាច្បាប់ជាអ្វីឡើយ»។

អ្នកស្រីបន្តថា កាលពីពីរឆ្នាំមុន មានមន្ត្រីប្រដាប់អាវុធដើរសំដៅមករកអ្នកស្រី នៅលើដីរបស់អ្នកស្រី និងបានគំរាមចាប់ខ្លួនអ្នកស្រី មុនពេលពួកគេប្រាប់អ្នកស្រីថា អ្នកស្រីអាចធ្វើស្រែលើដីនោះបាន។

អ្នកស្រីបន្តថា៖ «មិនមានការបែងចែកច្បាស់លាស់អំពីកន្លែងដែលយើងអាចធ្វើកសិកម្មបាន ឬតំបន់ការពារសត្វព្រៃនោះទេ»។

ការិ​យាល័យរបស់ក្រសួងបរិស្ថានមួយនៅក្នុងឃុំចុងផ្លាស់ មិនមានបុគ្គលិកធ្វើការឡើយ នៅពេលអ្នករាយការណ៍ព័ត៌មានចុះទៅមើល កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងបរិស្ថាន និងប្រធានមន្ទីរបរិស្ថានខេត្ត លោក កែវ សុភគ៌ មិនឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយឡើយ។

ប្រជាពលរដ្ឋបាននិយាយថា មានការភ័ន្តច្រឡំ និងការភ័យខ្លាចកាន់តែខ្លាំងឡើងចាប់តាំងពីរដូវក្តៅមុន នៅពេលដែលមន្រ្តីក្រសួងបានចាប់ផ្តើមដើរល្បាតតាមឃុំនានាជារៀងរាល់ថ្ងៃ និងអះអាងថាតំបន់មួយចំនួនជាតំបន់ការពារ។ អ្នកស្រី ដូន ច្រុន អាយុ៤៧ឆ្នាំ មានកូន៣នាក់ រងការព្រមានជាមួយនឹងគ្រួសារពូនងចំនួន៧ផ្សេងទៀត ឱ្យឈប់ប្រើប្រាស់ដីរួមដែលពួកគាត់ដាំចេក ស្រូវ និងស្វាយ សម្រាប់ជាអាហារប្រចាំថ្ងៃ។

អ្នកស្រី​បន្ត​ថា៖ «ដោយ​គ្មាន​ដី​ផ្សេង យើង​គ្មាន​ជម្រើសទេ ក្រៅ​ពី​ធ្វើ​ស្រែ​ចម្ការ»។

នៅថ្ងៃមួយ កាលពីខែសីហា ឆ្នាំមុន ក្រុមគ្រួសារទាំងនោះបានឃើញដានម៉ូតូថ្មីៗនៅក្នុងស្រែដែលក្រសួងធ្លាប់ប្រើពីមុនដើម្បីជិះទៅកាន់ដីរបស់ពួកគាត់។ ពួក​គាត់ដើរតាមដានម៉ូតូនោះ និងបានឃើញថាដំណាំ​របស់​ពួក​គាត់​ត្រូវ​បាន​បំផ្លាញ។

ចាប់ពីពេលនោះមក អ្នកស្រី ច្រុន បានដើរប្រមូលជ័រ និងលក់នៅផ្សារ ដោយថ្ងៃខ្លះលក់បាន១៥ ០០០រៀល។ ​ភាគច្រើន គ្រួសារអ្នកស្រី​បរិភោគ​ក្ដួចជាអាហារ។

អ្នកស្រីបន្តថា៖ «យើងគ្រាន់តែអាណិតកូនៗរបស់យើង។ យើង​មើល​ទៅពួកគេ ទឹកភ្នែកក៏ហូរ»។

ពួកគេរកតែលុយប៉ុណ្ណោះ

ថ្វីត្បិតតែឃុំចុងផ្លាស់ និងឃុំមេម៉ង់ មានជនជាតិពូនងភាគច្រើន ដែលបានតាំងទីលំនៅថ្មីលើដីរបស់ពួកគាត់តាំងពីដូនតាបន្ទាប់ពីរបបខ្មែរក្រហមក៏ដោយ ក៏អ្នកភូមិខ្មែរ និងចាមដែលមកតាំងទីលំនៅថ្មី បាននិយាយថា ពួកគាត់បានជួបប្រទះបញ្ហាស្រដៀងគ្នានេះ។ លោក កុយ ឡី អាយុ៥២ឆ្នាំ ​ដាំក្រូចឆ្មា ស្វាយចន្ទី និង​ល្ហុង ​សម្រាប់​លក់ ​នៅលើដីមួយកន្លែងក្នុង​ភូមិ​ពូញ៉ាវ តាំង​ពី​ឆ្នាំ២០០៧ ពេល​គាត់​ទិញ​ពី​អ្នក​ជិត​ខាងជា​ជនជាតិ​ពូនង។

លោក​បន្ត​ថា គ្មាន​សញ្ញា​ណាមួយ​ដែលបង្ហាញថា​ដី​របស់គាត់​មានវិវាទឡើយ រហូត​ដល់​រដូវ​ផ្ការីក ​ឆ្នាំ​២០២១ នៅ​ពេល​ដែល​មន្ត្រី​សុរិយោដី​ចុះ​មក​វាស់វែង​។ បីខែក្រោយមក មន្ត្រីក្រសួងបរិស្ថានបានបំផ្លាញដំណាំរបស់គាត់ ដោយជំរុញឱ្យគាត់ដាក់ពាក្យបណ្តឹងទៅស្រុក និងចូលរួមកិច្ចប្រជុំជាមួយក្រសួង ដោយគាត់ទទួលបានដំណឹងជាលើកដំបូងថា ដីរបស់គាត់ជាផ្នែកនៃតំបន់ប្រើប្រាស់ប្រកបដោយនិរន្តរភាព។

លោកបន្ថែមថា៖ «ខ្ញុំមិនដឹងថាហេតុអ្វីបានជាពួកគេផ្លាស់ប្តូរ»។

ដើម្បីដោះស្រាយបញ្ហានេះ គាត់​បានខ្ចីប្រាក់ពី​ធនាគារ​ចំនួន៥លាន​រៀល ឬ១ ២៥០ដុល្លារ និងលក់ចាប់ហួយបន្តិចបន្តួចនៅ​មុខ​ផ្ទះ។

លោក កុយ ឡី អង្គុយ​នៅ​ផ្ទះ​របស់​គាត់​នៅ​ភូមិ​ពូញ៉ាវ ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២២។
លោក កុយ ឡី អង្គុយ​នៅ​ផ្ទះ​របស់​គាត់​នៅ​ភូមិ​ពូញ៉ាវ ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២២។ (Fiona Kelliher)
លោក កុយ ឡី បង្ហាញរូបថតមន្ត្រីសុរិយោដីដែលបានមកវាស់វែងដីរបស់គាត់នៅដើមឆ្នាំ២០២១។
លោក កុយ ឡី បង្ហាញរូបថតមន្ត្រីសុរិយោដីដែលបានមកវាស់វែងដីរបស់គាត់នៅដើមឆ្នាំ២០២១។ (Fiona Kelliher)

លោកបាន​និយាយ​ថា៖ ​«​ខ្ញុំ​គ្មានប្រាក់ចំណូលទេ។ ប្រសិន​បើ​ពួក​គេ​មិន​អនុញ្ញាត​ឱ្យ​ខ្ញុំ​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​នោះ​ទេ ខ្ញុំ​គ្មាន​អ្វី​ធ្វើ​ទេ»។

មេឃុំមេម៉ង់ លោក ចាន់ សាម៉េន មានប្រសាសន៍ថា លោកបានស្នើសុំអាជ្ញាធរស្រុកឱ្យជួយក្នុងសំណុំរឿងជាច្រើន រួមទាំងលោក ឡី ផងដែរ ប៉ុន្តែមិនមានអ្វីផ្លាស់ប្តូរឡើយ។ នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ អាជ្ញាធរបានប្រាប់គាត់ឱ្យធ្វើស្រែចម្ការដោយលួចលាក់។

លោកបន្តថា៖ «​ប្រសិន​បើ​យើង​មិន​មាន​ដី និង​ដំណាំ តើ​យើង​អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​ដោយ​របៀប​ណា? ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ណា​ទេ»។

លោក សាន់ សារី ដែលជាជនជាតិចាម និងជាប្រធានក្រុមល្បាតព្រៃសហគមន៍ឃុំចុងផ្លាស់ បាននិយាយថា បងប្រុសរបស់គាត់ស្ថិតក្នុងចំណោមមនុស្សជាច្រើននាក់ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន ខណៈកំពុងធ្វើការស៊ីឈ្នួលគេនៅស្រែតូចមួយក្បែរភូមិពូតុង។

លោក សារី បាននិយាយថា ជាថ្នូរនឹងការដោះលែងរូបគាត់ និងដើម្បីឱ្យគាត់អាចបន្តធ្វើស្រែចម្ការនៅលើដីនោះ គេទាមទារប្រាក់៤លានរៀល ឬ១ ០០០ដុល្លារ បន្ទាប់ពីចរចាគ្នាបញ្ចុះតម្លៃ។ នៅទីបំផុត ម្ចាស់ដីបានបង់ថ្លៃទាមទារនោះនៅថ្ងៃបន្ទាប់។

យ៉ាងហោចណាស់ មនុស្សពីរនាក់ទៀតត្រូវបានចាប់ខ្លួនក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ និងត្រូវបានតម្រូវឱ្យបង់ប្រាក់ចំនួន២ ០០០ដុល្លារសម្រាប់ការដោះលែង។ នេះបើយោងតាមសម្តីរបស់អ្នកភូមិម្នាក់ដែលត្រូវបានចាប់ខ្លួន។

លោក​បន្ថែម​ថា៖ «អ្នក​ទាំង​នេះ​ដែល​ចោទ​យើង​ថា​បាន​ប្រព្រឹត្ត​បទ​ល្មើស [ដូចជា] ឈូស​ឆាយ​ដី​ស្រែ​ចម្ការ​របស់​យើង ​រក​តែ​លុយ​ប៉ុណ្ណោះ»។

លោកបន្ថែមថា៖ «​ហេតុ​អ្វី​បានជាមនុស្សដែលប្រើគ្រឿងចក្រឈូសឆាយ​មិន​ត្រូវបាន​ចាប់​ខ្លួន? មកចាប់តែអ្នកប្រើតែពូថៅដើម្បីកាប់ឆ្ការព្រៃ?»

វាលស្រែក្នុងឃុំមេម៉ង់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។
វាលស្រែក្នុងឃុំមេម៉ង់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។ (Fiona Kelliher)

ការស្វែងរកអន្តរាគមន៍

បន្ទាប់ពីចាប់ខ្លួនគាត់ដោយទារប្រាក់ចំនួន១ ០០០ដុល្លារ ជាថ្នូរនឹងការដោះលែង កាលពីខែកុម្ភៈ លោក យ៉ាង និងសាច់ញាតិពីរនាក់របស់គាត់បានផ្តិតមេដៃលើឯកសារមួយ ដោយមិនដឹងថាឯកសារនោះនិយាយអំពីអ្វីឡើយ។ ប៉ុន្មានខែក្រោយមក មន្ត្រីក្រសួងបរិស្ថានបានទៅជួបគាត់ម្តងទៀតនៅលើដីគាត់។

ដោយ​មនុស្សគ្រប់​គ្នា​ភ័យ​ខ្លាច​ចំពោះ​ការ​ចាប់​ខ្លួន​នៅក្នុង​ឃុំ​ទាំង​ពីរ អ្នកស្រី មិត ជាភរិយា​របស់​លោក យ៉ាង បាន​បង្ហាញពីអារម្មណ៍របស់អ្នកស្រី​ទៅ​កាន់​មន្ត្រី​ក្រសួង​បរិស្ថាន ​ក្នុង​កិច្ច​ប្រជុំ​សហគមន៍​កាលពីខែ​មីនា ដោយ​ហៅ​ពួក​គេ​ថា​ជា «ចោរ»។ អ្នកស្រីនិយាយថា «ពួក​គេ​សើច»។

សូម្បី​តែ​ផែនការ​បម្រុង​ទុក​របស់​អ្នក​ស្រុក​ក្នុង​ការ​ប្រមូល​ជ័រ​ ក៏​មាន​ហានិភ័យ​ដែរ។ ស្ត្រីម្នាក់នៅឃុំចុងផ្លាស់ដែល​សុំមិនបញ្ចេញ​ឈ្មោះ ​ដោយ​ខ្លាច​គេ​ចាប់​ខ្លួន​ បាន​និយាយ​ថា មីង​របស់​នាង​ត្រូវ​បានពិន័យចំនួន១២៥ដុល្លារ​ ពី​ការ​ប្រមូល​ជ័រ​ក្បែរ​ផ្ទះ​ ដែល​ស្មើនឹងប្រាក់ចំណូលជាង១០ថ្ងៃរបស់គាត់។ បន្ទាប់ពី​មីងរបស់នាងមានបទពិសោធន៍ដូច្នេះ ស្ត្រី​រូប​នោះ​បាន​និយាយ​ថា នាង​ប្រមូល​ជ័រ «ដោយ​លួចលាក់»។

លោក មីវ ខែម ប្រធាន​សហគមន៍​ជនជាតិ​ពូនង នៅ​តែ​សង្ឃឹម​ថា​នឹង​មានអន្តរាគមន៍។ កាល​ពី​ខែ​មិថុនា ប្ដី​ប្រពន្ធ​ជនជាតិ​ពូនង​ប្រមាណ​៥០​គូ​ ទើប​រៀប​ការ​ បាន​បញ្ជូន​តំណាង​ឱ្យ​ប្រគល់លិខិត​មួយ​ច្បាប់​ទៅ​មន្ត្រីថ្នាក់ស្រុក ដោយ​សុំ​ឱ្យ​បែងចែក និង​បញ្ជាក់ពី​ភាព​ច្បាស់លាស់​ជុំវិញ​តំបន់​សហគមន៍។ នៅក្នុងវេទិកាសហគមន៍មួយទៀត នៅថ្ងៃទី២ ខែសីហា លោក ខែម បាននិយាយថា មន្ត្រីមូលដ្ឋានបាននិយាយថា ពួកគេនឹងពិចារណាលើកយកបញ្ហានេះទៅថ្នាក់លើ។

លោក ខែម បាន​មាន​ប្រសាសន៍​ថា៖ «បញ្ហា​របស់សហគមន៍​ គឺ​ពឹង​ផ្អែក​លើ​អ្នក​មាន​អំណាច​ដើម្បីដោះស្រាយ​បញ្ហា​នេះ​»៕


បកប្រែ និងសម្រួលដោយលោក លី សេងហន ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Fear, Frustration for Community Stuck in Protected-Zone Confusion

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ