ជនជាតិពូនង​នៅ​ខេត្តមណ្ឌលគិរី​ស្នើ​មន្រ្តី​ជួយ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​សហគមន៍

បុរសម្នាក់ជិះម៉ូតូដឹកកំណាត់ឈើចេញពីព្រៃសហគមន៍តំបន់ការពារធនធានធម្មជាតិ​ឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។ (មេង គ្រុយពន្លក)

ប្រជាសហគមន៍ជនជាតិពូនងនៅខេត្តមណ្ឌលគិរី បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីបរិស្ថាន ឱ្យចូលរួមការពារព្រៃសហគមន៍មួយកន្លែងរបស់ពួកគេដែលកំពុងរងការកាប់បំផ្លាញជារៀងរាល់ថ្ងៃ និងចាត់វិធានការលើជនល្មើស​ឱ្យមានប្រសិទ្ធភាព។

ប្រជាសហគមន៍ជនជាតិពូនង ស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី អ្នកស្រី ខ្វើង ទុំ បានអះអាងថា ព្រៃសហគមន៍តំបន់ការពារធនធានធម្មជាតិ​ឡៅកា មានទំហំ៣ ២២០ហិកតា​ នៅបន្តរងការកាប់បំផ្លាញ បើទោះបីជាពួកគេចុះល្បាតជាប្រចាំក្ដី។ អ្នកស្រីបន្តថា ​មានតែការចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ពីសំណាក់អាជ្ញាធរនោះទេ ទើបអាចការពារព្រៃសហគមន៍របស់ពួកគេបាន។

ប្រជាសហគមន៍ជនជាតិពូនងមានអាយុ៤៨ឆ្នាំរូបនេះ បានលើកឡើងថា ​ព្រៃឈើសហគមន៍មួយនេះបានរងការកាប់បំផ្លាញជិត១០០ហិកតាមកហើយ ប៉ុន្តែនៅមិនទាន់មានការចូលរួមពីអាជ្ញាធរ​នោះទេ ក្រោមហេតុផលថា ​ព្រៃសហគមន៍នេះអាជ្ញាធរបានប្រគល់ឱ្យ​ប្រជាពលរដ្ឋកាន់កាប់ ដូច្នេះមិនពាក់ព័ន្ធ​អាជ្ញាធរទៀតនោះឡើយ។

អ្នកស្រីថា​៖ «ពេលយើងចេញមកវិញ លួចកាប់ពីក្រោយ​។ អ៊ីចឹងបានខ្ញុំស្នើឱ្យភូមិឃុំជួយអន្តរាគមន៍ បើតាមប្រជាសហគមន៍ ទៅមិនរួចទេ!​ តែមេភូមិមេឃុំថា ដីសហគមន៍ហ្នឹងគេប្រគល់ឱ្យហើយ​ គេ[អាជ្ញាធរមូលដ្ឋាន]ថាគេចាត់ចែងយ៉ាងម៉េចៗស្រេចតែលើសហគមន៍។ គេ[អាជ្ញាធរមូលដ្ឋាន]ថាអ៊ីចឹងណា»។

​ចំណែកប្រជាសហគមន៍ជាជនជាតិពូនងម្នាក់ទៀត អ្នកស្រី ខ្មូល ចាក់ បានអះអាងថា​ ព្រៃសហគមន៍តំបន់ការពារធនធានធម្មជាតិ​ឡៅកា ពិតជាមានសារៈសំខាន់សម្រាប់ពលរដ្ឋរកចំណូលប្រចាំថ្ងៃពីផលអនុផលព្រៃឈើ។ អ្នកស្រីថា ​ព្រៃសហគមន៍នេះមានព្រៃឈើប្រណិតដូចជា ​បេង នាងនួន សុក្រំ ព្រមទាំងឈើទាល ដែលជាប្រភេទដើមច្បោះជ័ររបស់ពួកគាត់ផងដែរ។ ​

អ្នកស្រីថា៖ «នៅពេលមានបញ្ហាអ៊ីចឹង យើងស្នើមេភូមិមេឃុំជួយអន្តរាគមន៍ជាមួយយើង​។ យើងទៅហាមឃាត់រហូត​តើ! គេអត់ស្ដាប់យើង!​ ពេលយើងមកវិញ គេកាប់ទៀត»។

ប្រធាន​សហគមន៍តំបន់ការពារធនធានធម្មជាតិ​ឡៅកា លោក គិ ង៉េវ បានឱ្យដឹងថា ​បើទោះបីជា​ប្រជាសហគមន៍ចុះល្បាត៣ដងក្នុងមួយខែក្ដី ប៉ុន្តែបានត្រឹមទប់ស្កាត់ប្រមាណ៧០ភាគរយប៉ុណ្ណោះ។ លោកបន្តថា កន្លងមក សហគមន៍តែងតែរាយការណ៍ទៅមន្រ្តីបរិស្ថានខេត្ត ប៉ុន្តែនៅមិនទាន់​មានវិធានការឱ្យមានប្រសិទ្ធភាពនៅឡើយទេ។

លោកថា៖ «បើជួបនឹងជនល្មើសហ្នឹង ពួកខ្ញុំអាចនឹងឃាត់​ យកគាត់មក។​ បើគ្នាយើងត្រឹមតែម្ដងអី ​ពិន័យគាត់ឬណែនាំគាត់​។ បើគាត់មិនស្ដាប់ទេ​ នឹងចាត់វិធានការនៅមន្ទីរបរិស្ថាន ហើយគាត់ប្ដឹងទៅតុលាការឬយ៉ាងណាជា​រឿងរបស់គាត់»។

​​​​​​​​វីអូឌី មិនអាចទាក់ទងមេភូមិឡៅកា លោក គឹម ស៊ីម និងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ បានទេ នៅថ្ងៃចន្ទនេះ។

មន្ត្រីជាន់ខ្ពស់ប្រព័ន្ធផ្សព្វផ្សាយនៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ម៉ា ចិត្រា មានប្រសាសន៍ថា ការដែលអាជ្ញាធរមិនបាន​សហការ​ចូលរួមការពារព្រៃឈើក្នុងសហគមន៍ ជាការមិនទទួលខុសត្រូវលើ​ភារកិច្ចរបស់ខ្លួន។ យ៉ាងណា លោកស្នើឱ្យ​អាជ្ញាធរស្វែងរក​អ្នកនៅក្រោយនៃការកាប់បំផ្លាញព្រៃសហគមន៍ពិតប្រាកដ។​

លោកថា៖ «ចំណុចនេះ ខ្ញុំគិតថាជាការមិនទទួលខុសត្រូវ​ក្នុងនាមអាជ្ញាធរដែនដី។​ បើទោះបីជាតំបន់នេះត្រូវបានដាក់ចូលជាតំបន់សហគមន៍ពិតមែន​ ការចូលរួមរបស់អាជ្ញាធរដែនដី​​ ពិតជាសំខាន់ណាស់ក្នុងការការពារ»។

​អំឡុងពេលសម្ភាសន៍ជាមួយប្រជាសហគមន៍ អ្នករាយការណ៍ព័ត៌មានវីអូឌីបានឃើញបុរស៣នាក់កំពុងជិះម៉ូតូដឹកឈើចេញពីដីព្រៃសហគមន៍ និងបន្ថែមល្បឿននៅពេលឃើញប្រជាពលរដ្ឋសម្លឹងមើលពួកគេ។

បើយោងតាម​អង្គការ​ទិន្នន័យ​ដើម្បីការអភិវឌ្ឍកម្ពុជាកាលពីឆ្នាំ២០១៦ ឱ្យដឹងថា ​​សហគមន៍​ព្រៃឈើ​នៅកម្ពុជាចំនួន​៣៣៧​ ដែល​មាន​ទំហំ​ចាប់ពី​១០​ ហិ​កតា​ ទៅ​៥ ០០០​ហិ​កតា។ ប្រភពដដែលបន្តថា សហគមន៍​ជនបទ​ជា​ច្រើន​រស់ពឹងផ្អែក​ទៅលើផលអនុផល​ព្រៃឈើ​ យ៉ាង​ហោច​ណាស់​ជា​ផ្នែក​មួយ​សម្រាប់​ជីវភាព​រស់នៅ​របស់​ពួក​គេ​ រួម​មាន ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ខេត្តរតនគិរី​ មណ្ឌលគិរី​ និង​ខេត្ត​ផ្សេង​ទៀតផងដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ