លោក ពូទីន ថា​រុស្ស៊ី​និង​កូរ៉េខាងជើង​នឹង​ពង្រីក​ទំនាក់​ទំនង​ទ្វេភាគី​បន្ថែម​ទៀត

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (ស្តាំ) ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី ថ្ងៃទី25 ខែមេសា ឆ្នាំ2019។ (Reuters)

ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន បានថ្លែងប្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថាប្រទេសទាំងពីរនឹងពង្រីកទំនាក់ទំនងទ្វេភាគីដ៏ទូលំទូលាយបន្ថែមទៀត រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងឡាយផងដែរ។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរបស់កូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះ ដែលត្រូវបានយកមកចុះផ្សាយបន្តដោយដោយសារព័ត៌មាន Reuters

តាមរយៈលិខិតផ្ញើជូនលោក គីម ជុងអ៊ុន ក្នុងឱកាសទិវា​រំដោះ​ប្រទេស​ជាតិ ប្រធានាធិបតីរុស្ស៊ីរូបនេះបន្តថា ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរនឹងផ្ដល់ជាផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាជួយពង្រឹងសន្តិសុខ និងស្ថិរភាពនៃឧបទ្វីបកូរ៉េ និងតំបន់អាស៊ីភាគឦសានផងដែរ។

ជាការឆ្លើយតប មេដឹកនាំកូរ៉េខាងជើងក៏បានផ្ញើលិខិតត្រលប់ទៅកាន់លោក ពូទីន វិញ ដោយលើកឡើងថា មិត្តភាពរុស្ស៊ី-កូរ៉េខាងជើង គឺត្រូវបានបង្កើតឡើងតាំងពីសង្គ្រាមលោកលើកទី២មកម្ល៉េះ។

លោកបន្ថែមថា កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ការគាំទ្រ និងសាមគ្គីភាពរវាងប្រទេសទាំងពីរចាប់តាំងពីពេលនោះមក ក៏បានឈានដល់កម្រិតថ្មីមួយ ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការទប់ស្កាត់ការគំរាមកំហែង និងការបង្កហេតុពីកងកម្លាំងយោធាអរិភាព [ដែលអាច​សំដៅ​ទៅ​លើ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន]។

ជាមួយគ្នានេះ លោក គីម ជុងអ៊ុន ក៏បានព្យាករថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងកូរ៉េខាងជើង នឹងរីកចម្រើន ដោយផ្អែកលើកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៩ នៅពេលដែលលោកបានជួបជាមួយលោក ពូទីន។

គួររម្លឹកថា រុស្ស៊ី​បច្ចុប្បន្នកំពុងតែ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំលើអ៊ុយក្រែន​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ ដោយគិតរហូតមកដល់ពេលនេះ បានឈានចូលមកដល់សប្ដាហ៍ទី២៤ហើយ។

ទាក់ទិននឹងករណីនេះ ប្រទេសកូរ៉េខាងជើងដែលមានចំនួនយោធាច្រើនជាងគេលំដាប់ទី៤នៅលើពិភពលោក កាលពីសប្ដាហ៍កន្លងទៅ ក៏បានលើកឡើងពីគម្រោងក្នុងការរៀបចំផ្ដល់កងទ័ពស្ម័គ្រចិត្តចំនួន១០ម៉ឺននាក់ទៅជួយរុស្ស៊ី ដើម្បីឱ្យប្រទេសនេះឈ្នះសង្រ្គាមលើអ៊ុយក្រែនផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ