មន្រ្តី​​បក្ស​ភ្លើង​ទៀន​ដែល​រង​អំពើ​ហិង្សា​​មិន​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​ ​ខណៈ​សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​ជន​ដៃ​ដល់

អនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ខណ្ឌពោធិ៍សែនជ័យ លោក នល់ ពង្សធិរិទ្ធ នៅមុខច្រកចូលទៅស្នាក់ការគណបក្សភ្លើងទៀន អំឡុងពេលគណបក្សនេះធ្វើសមាជកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក នល់ ពង្សធារិទ្ធ – កំហែង ជ័យ)

អនុប្រធានគណបក្សភ្លើងទៀន ប្រចាំខណ្ឌពោធិ៍សែនជ័យ បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនដោយមិនហ៊ានចេញក្រៅផ្ទះ ក្រោយ​រងអំពើហិង្សាពីសំណាក់ជនមិនស្គាល់មុខជាច្រើននាក់ ប៉ុន្តែរយៈពេលប្រមាណ១ខែមកហើយ សមត្ថកិច្ច​នៅតែមិនទាន់ចាប់បានជនដៃដល់យកមកផ្តន្ទាទោសនៅឡើយ។

អនុ​ប្រធាន​​គណបក្ស​ភ្លើងទៀន​ ប្រចាំ​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោក លន់ ពង្សធិរិទ្ធ កាលពីព្រឹកថ្ងៃទី​១៧ ខែ​ក​ក្កដា ​ឆ្នាំ២០២២ ត្រូវបាន​ក្រុម​ជនដៃដល់​​ចំនួន ​​៦នាក់ និង​គូកន​ចាំបិទ​ផ្លូវជាច្រើន​​នាក់​ទៀត បាន​នាំគ្នា​ជិះម៉ូតូ​តាម​​វាយ​លោកបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរផ្នែកក្បាល កញ្ចឹងក និងខ្លួន ​ស្ថិតនៅ​ភូមិព្រៃជីសាក់ សង្កាត់​ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សំណុំរឿង​លោក លន់ ពង្សធិរិទ្ធ អនុ​ប្រធាន​​គណបក្ស​ភ្លើងទៀន​ ប្រចាំ​ខណ្ឌពោធិ៍សែនជ័យ និងជា​អតីតមន្ត្រីសន្តិសុខ​អន្តរាគមន៍​​ពិសេស​​របស់​​លោក សម រង្ស៊ី ត្រូវ​បាននា​យ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ចោមចៅទី៣ បញ្ជូន​មក​ដល់​អធិការដ្ឋាននគរបាល​​ខណ្ឌ​ពោធិ៍សែន​ជ័យ កាល​ពីចុងខែកក្កដា ហើយមកដល់ពេលនេះស្ថិតក្នុងការស្រាវជ្រាវនៅឡើយ។

លោក លន់ ពង្សធិរិទ្ធ បានប្រាប់វីអូឌីឱ្យបានដឹងថា មកទល់ពេលនេះលោកពុំមានដំណឹងនិងទទួលតម្រុយអ្វីពីសមត្ថកិច្ច ជុំវិញជនដៃដល់ដែលវាយលោកនោះទេ។  ​

លោកថា៖«មកទល់ម៉ោងនេះគឺខ្ញុំអត់ទាន់បានទទួលការអី[គំរាមកំហែងឬតាមដាន]ពីនរណាទេ ដោយសារតែខ្ញុំមិនចេញពីក្នុងផ្ទះសោះតែម្តង។ អ៊ីចឹងហើយក៏ខ្ញុំអត់បានដឹងថា នរណានៅឃ្លាំមើលអីក៏អត់ឃើញមានដែរ ដោយសារតែខ្ញុំមិនចេញពីក្នុងផ្ទះ»។

លោកបានបន្តថា ​ក្រោយកើតហេតុមានអំពើហិង្សាលើរូបលោកមក លោកមិនបានចេញក្រៅផ្ទះដូចមុននោះឡើយ ដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន​ ខ្លាចជួបហេតុការណ៍បែបនេះម្តងទៀត ដែលអាចធ្វើឱ្យគ្រោះថ្នាក់ដល់ជីវិត ស្របពេលសមត្ថកិច្ចពុំទាន់ស្វែងរកនិងចាប់ខ្លួនជនល្មើសបាននៅឡើយ។

លោកថា៖«ខាងសមត្ថកិច្ចមិនទាន់ស្វែងរកជនដៃដល់ឃើញផងខ្ញុំម៉េចហ៊ានចេញក្រៅផ្ទះ។ ចុះបើខ្ញុំចេញទៅស្រាប់តែគេដាក់ផឹងៗខ្ញុំងាប់បាត់ អ្នកណាទទួលខុសត្រូវ?»។

លោកបានឱ្យដឹងទៀតថា លោកបានប្រគល់កិច្ចការនេះដល់ចៅសង្កាត់រងទី២ ដើម្បីធ្វើការជាមួយសមត្ថកិច្ច ហើយប្រសិនបើខាងសមត្ថកិច្ចតម្រូវឱ្យលោកទៅជួបឬទំនាក់ទំនងអ្វីនោះលោកនឹងទៅជួប ប៉ុន្តែមកទល់ពេលនេះ​ លោកមិនទាន់បានទទួលព័ត៌មានអ្វីបន្ថែមនោះទេ។អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មាន​ប្រសាសន៍កាលពីម្សិលមិញ​ថា ខាងសមត្ថកិច្ចនៅពុំទាន់អាចបញ្ជាក់ពីលទ្ធផលបាននៅឡើយទេ ដោយពេលនេះសមត្ថកិច្ច​កំពុងបន្តយកចិត្តទុកដាក់​ស៊ើបអង្កេត​លើករណីនេះ។

លោកថា៖«ទាក់ទងនឹងបញ្ហាហ្នឹង! ជាដំបូងក្នុងនាមជាសមត្ថកិច្ចអនុវត្តច្បាប់ យើងមិនគិតថាបុគ្គលហ្នឹងជាស្អី រឺក៏ជាអ្វីនោះទេតែសំខាន់គឺកើតឡើងក្នុងរាជធានីភ្នំពេញ។ អ៊ីចឹងគាត់គឺជាប្រជាពលរដ្ឋខ្មែរ នៅពេលដែលទទួលបានព័ត៌មានភ្លាមៗក៏យើងបានចុះដល់គោលដៅភ្លាមៗ ហើយបានទទួលបានពាក្យបណ្ដឹង ហើយយើងក៏បានកំពុងធ្វើការស្រាវជ្រាវលើករណីហ្នឹងយ៉ាងយកចិត្តទុកដាក់ផងដែរ»។

ជាមួយគ្នានេះ លោក សាន សុខសីហា បានបន្ថែមថា ការស៊ើបអង្កេត​គឺអាស្រ័យទៅលើសំណុំរឿងនោះដែរ ដោយករណីខ្លះត្រូវការពេលវេលាក្នុងការស្រាវជ្រាវយូរ ករណីខ្លះក៏មានតម្រុយច្រើន ដូច្នេះការស្រាវជ្រាវក៏ត្រូវការរយៈពេលខ្លី។ លោកថា នេះគឺជាវិធានការដែលត្រូវបានគេអនុវត្តនៅគ្រប់ប្រទេស។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការបង្ហាញនូវការព្រួយបារម្ភអំពីសុវត្ថិភាពរបស់មន្ត្រីគណបក្សប្រឆាំងរូបនេះវាជារឿងត្រឹមត្រូវ។ លោកបន្តថា នេះជាក្ដីកង្វល់​ទាក់ទងនឹងសន្តិសុខសុវត្ថិភាពផ្ទាល់ខ្លួនក៏ដូចជាក្រុមគ្រួសាររបស់​លោក លន់ ពង្សធិរិទ្ធ។ ​

មន្ត្រីសង្គមស៊ីវិលរូបនេះ នៅតែបន្តទទូចដល់ក្រុមសមត្ថកិច្ចឱ្យធ្វើការងារប្រកបដោយតម្លាភាពនិងយុត្តធម៌ ដោយ​ថា ប្រសិនបើករណីនេះមិនត្រូវបានផ្តល់យុត្តិធម៌ជូនជនរងគ្រោះ សាធារណមតិជាតិនិងអន្តរជាតិនឹងបន្តរិះគន់ចំពោះរដ្ឋាភិបាលថាអនុវត្តច្បាប់មិនមានតម្លាភាព និងមានការរើសអើងនយោបាយជាដើម។

លោកថា៖អ៊ីចឹងហើយបានជាសាធារណមតិជាតិ និងអន្តរជាតិ គេតែងតែរិះគន់ថា ដោយសារតែអ្នកដែលរងគ្រោះហ្នឹង ជាសកម្មជនអតីតគណបក្សប្រឆាំង។ អ៊ីចឹង បានជាការស៊ើបអង្កេត ក្នុងការស្វែងរកជនបង្កហ្នឹងមិនដែលឃើញ អី​ចឹងទៅ»។

​យ៉ាងណា លោក អំ សំអាត បានលើកឡើងថា ដើម្បីចៀសវាងនូវការរិះគន់អំពីការរើសអើងនិន្នាការនយោបាយ ​សមត្ថកិច្ចត្រូវចាប់ខ្លួនជនល្មើស ឬអ្នកពាក់ព័ន្ធករណីអំពើហិង្សា​លើមន្ត្រីបក្សប្រឆាំងមកអនុវត្តទោសតាមផ្លូវច្បាប់ដើម្បីធានានូវយុត្តិធម៌ ក៏ដូចជាសុវត្ថិភាពរបស់ជនរងគ្រោះទាំងនោះ។ លោកជឿជាក់ថា សមត្ថកិច្ចកម្ពុជាមិនមែនអសមត្ថភាពក្នុងការស៊ើបអង្កេតនោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺស្ថិតនៅលើឆន្ទៈតែប៉ុណ្ណោះ។

លោកបន្ថែមថា៖« អ៊ីចឹងដើម្បីចៀសវាងនូវការរិះគន់ អំពីការរើសអើងនិន្នាការនយោបាយ សមត្ថកិច្ចត្រូវតែខិតខំក្នុងការស្វែងរកជនដែលពាក់ព័ន្ធមកអនុវត្តទៅតាមផ្លូវច្បាប់ដើម្បីធានានូវយុត្តិធម៌ក៏ដូចជាសុវត្ថិភាពរបស់ជនរងគ្រោះនោះបាទ!»។

កាលពី​​​​ខែកក្កដា ឆ្នាំ២០២២ លោកមេធាវី សំ សុគង់ ធ្លាប់អះអាងថា ក្រោយគណបក្ស​សង្គ្រោះជាតិត្រូវបានតុលាការ​​រំលាយចុងឆ្នាំ២០១៧មក មានសកម្មជនបក្សនេះ​​​​មិន​​តិ​​ចជាង ៣០នាក់​ទេ ដែល​​ត្រូវ​បាន​គេ​លប​វាយ​ប្រហារ។

លោកថា ក្នុងចំណោមការប្រើប្រាស់ហិង្សាលើសកម្មជនបក្សប្រឆាំងទាំងនោះ មានប្រមាណ១០សំណុំរឿង គឺជាហិង្សាក្នុងកម្រិតធ្ងន់ធ្ងរបំផុត រហូតបណ្តាល​​ឱ្យ​​ជន​​រង​​គ្រោះត្រូវពិការអស់មួយជីវិត និងខ្លះទៀតស្លាប់ក៏មាន។

ជាមួយគ្នានេះ លោកថា ជនរងគ្រោះ​ទាំងនោះ​​បានដាក់បណ្តឹង​​​ជា​​​ហូរហែ​ទាំង​ក្នុង​​ដំណាក់​​កាល​​​នគរ​បាល​យុត្តិធម៌ និង​តុលាការ ប៉ុន្តែស្ទើរគ្រប់ករណីទាំងអស់ជនរងគ្រោះមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ