សកម្មជន​បក្ស​សង្គ្រោះជាតិ​ដែល​តុលាការ​រំលាយ​ជាង​១០នាក់ ស្នើ​សាលាឧទ្ធរណ៍​បដិសេធ​សាលក្រម​តុលាការ​ថ្នាក់ក្រោម

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបើកសវនាការជំនុជម្រះលើបណ្ដឹងឧទ្ធរណ៍របស់សកម្មជនបក្សសង្រ្គោះជាតិត្រូវបានតុលាការរំលាយ ដែលបានប្ដឹងប្រឆាំងទៅនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសឱ្យពួកគេជាប់ពន្ធនាគារម្នាក់ៗ ៥ឆ្នាំ​ ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដែលត្រូវតុលាការរំលាយ ចំនួន ១០ឆ្នាំ ក្រោមបទចោទប្រកាន់ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យយោធិនមិនស្ដាប់បញ្ជា និង​រួមគំនិតក្បត់»

ចំណែកសកម្មជនបក្សប្រឆាំងចំនួន១២នាក់ និងអតីតមន្ត្រីក្រសួងមហាផ្ទៃម្នាក់ ដាក់ពន្ធនាគារម្នាក់ៗ ៥ឆ្នាំ ក្រោមបទ «រួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប៉ុន្តែអនុវត្តទោសក្នុងពន្ធនាគារ ចំនួន៣ឆ្នាំ៨ខែ។

ឈរនៅរង្វង់ក្រចកសេះ ក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំ សកម្មជនគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ លោក ឡុង ផារី រៀបរាប់ប្រាប់ប្រធានក្រុមប្រឹក្សាជំនុំជម្រះថា មូលហេតុដែលគាត់ប្ដឹងឧទ្ធរណ៍ ដោយសារមិនសុខចិត្តចំពោះសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសឱ្យពួកគាត់ជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ ។

លោកហៅការកាត់ទោសនោះថាជារឿងអយុត្តិធម៌ ដោយថា ចាប់តាំងពីបក្សសង្គ្រោះជាតិរំលាយមក រូបលោកបានឈប់ធ្វើសកម្មភាពទាំងអស់ ហើយចំពោះការបង្កើតចលនា និងការរៀបចំផែនការរបស់ថ្នាក់ដឹកនាំនៅក្រៅប្រទេសនោះ រូបលោកមិនបានដឹងនិងជាប់ពាក់ព័ន្ធដែរ។

សកម្មជនម្នាក់ទៀត គឺលោក ញ៉ែម វៀន ក៏បានលើកឡើងដែរថា រូបលោកមិនបានដឹងពីការបង្កើតចលនាគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសហើយក៏មិនបានដឹងពីផែនការនៃចលនានោះដែរ។ ចំពោះដំណើរមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា រូបលោកធ្លាប់ផ្ដល់បទសម្ភាស៍ជាមួយសារព័ត៌មានថា លោកនឹងទៅទទួលលោក សម រង្ស៊ី ប៉ុន្តែមិនបានកៀរគរអ្នកផ្សេងទៅជាមួយទេ។​

លោក ញ៉ែម វៀន ​ថាក្រោយពីរូបលោកនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយមក សមត្ថកិច្ចក៏បានតាមចាប់ខ្លួន។ ករណីនេះបានធ្វើឱ្យលោកភៀសខ្លួនមួយរយៈ ប៉ុន្តែក្រោយលោក ហ៊ុន សែន ប្រកាសមិនយកទោសមក រូបលោកក៏មកកម្ពុជាវិញ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង។

ចំណែកលោក សុខ ចន្ថា ក៏បានបដិសេធចំពោះការចោទប្រកាន់តុលាការថ្នាក់ក្រោមដែរ ដោយថា ចាប់តាំងពីបក្សសង្គ្រោះជាតិត្រូវបានតុលាការរំលាយមក រូបលោកគិតតែរកស៊ី ដើម្បីដោះបំណុល និងដោះស្រាយបញ្ហាជីវភាពគ្រួសារ មិនបានធ្វើសកម្មភាពអ្វីទៀតឡើយ។

ការលើកឡើងរបស់សកម្មជនបក្សប្រឆាំងនេះ ឆ្លើយតបនឹងសំណួរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍។ ក្រៅពីលោក ញ៉ែម វៀន និង លោក សុខ ចន្ថា ប្រធានក្រុមប្រឹក្សាសាលាឧទ្ធរណ៍រាជធានីភ្នំពេញក៏បានសួរសំណួរនេះទៅសកម្មជន និងអតីតមន្ត្រីក្រសួងមហាផ្ទៃ បែបនេះដែរ។

សកម្មជនបក្សប្រឆាំង និងអតីតមន្ត្រីក្រសួងមហាផ្ទៃ ស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ឱ្យបដិសេធសាលក្រមសាលាដំបូងរាជធានីភ្នំពេញ និងដោះលែងឱ្យពួកគេមានសេរីភាព ដោយថា ពួកគេមិនបានប្រព្រឹត្តដូចតុលាការថ្នាក់ក្រោមចោទប្រកាន់ឡើយ។

មេធាវីការពារក្ដីឱ្យសកម្មជនគណបក្សប្រឆាំងទាំង១២នាក់ គឺលោក ឡោ ជុនធី បង្ហាញក្ដីសង្ឃឹមថា សាលាឧទ្ធរណ៍នឹងផ្ដល់យុត្តិធម៌ឱ្យកូនក្ដីរបស់លោក។

ក្រោយពីបើកសវនាការជំនុំជម្រះពេញមួយថ្ងៃនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានីភ្នំពេញ សម្រេចប្រកាសសាលដីកា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២២ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានប្រកាសសាលក្រមផ្តន្ទាទោសថ្នាក់ដឹកនាំគណ​បក្សសង្គ្រោះជាតិ ចំនួន៧នាក់ រួមមាន លោក សម រង្សី, លោកស្រី ជូឡុង សូមូរ៉ា, លោកស្រី មូរ សុខហួរ, លោក តុប វណ្ណចាន់, លោក នុត រំដួល, លោក ហូរ វ៉ាន់, លោក អេង ឆៃអ៊ាង ក្នុងម្នាក់ៗ១០ឆ្នាំ ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យយោធិនមិនស្ដាប់បញ្ជា និង​រួមគំនិតក្បត់»។

ចំណែកសកម្មជនចំនួន១៣នាក់ផ្សេងទៀត រួមមាន លោក ថៃ សុគន្ធា ហៅតឹង, ឡុង ផារី, ឃឹម ភាណា, សុខ ចន្ថា, កែវ  ថៃ, ជុំ ចាន់, ស៊ុន ធន់, ហ៊ិន ឆាន, យឹម សារ៉េត, ពាប ម៉ាប់, ឃុត ច្រឹក, ងិន ឃាន និងអតីតមន្ត្រីក្រសួងមហាផ្ទៃ លោក ឈុន ប៊ុនឆាត ត្រូវបា​នតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ៥ឆ្នាំ ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង​រួមគំនិតក្បត់»។ ប៉ុន្តែទោស៥ឆ្នាំនេះត្រូវអនុវត្តទោសក្នុងពន្ធនាគារចំនួន៣ឆ្នាំ៨ខែ ហើយទោសនៅសល់ត្រូវបានព្យួរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ