លោក ហ៊ុន សែន ប្រាប់​អ្នក​រាយការណ៍​ពិសេស UN ថា​កម្ពុជា​ផ្ដល់​អាទិភាព​លើ​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ខណៈ​កម្ពុជា​កំពុង​រង​ការ​រិះគន់​ច្រើន​ពី​ការ​រំលោភ​សិទ្ធិមនុស្ស

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោក វិទិត មុនតាប៊ន (Vitit MUNTARBHORN) អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា​ ជួបសម្តែងការគួសម​ និងពិភាក្សាការងារ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ប្រាប់ទៅ​អ្នករាយការណ៍ពិសេស​​ផ្នែក​​សិទ្ធិមនុស្ស​​​​នៃអង្គការសហប្រជាជាតិ ​ថាកម្ពុជាបាន​ផ្ដល់​ជាអាទិភាពលើសិទ្ធិរស់រានមានជីវិត និង​សិទ្ធិទទួលបាន​ព័ត៌មាន ខណៈរាល់ច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលបានអនុម័តទាំងអស់ គឺធ្វើ​ឡើង​​ដើម្បី​ការ​​​​ពារ​​ពលរដ្ឋ និងទ​ប់ស្កា​ត់​អំពើ​ល្មើស​ច្បាប់​ដែល​បង្ក​អស្ថិរភាព​សង្គម។

ការបញ្ជាក់នេះបានធ្វើឡើងនៅក្នុងជំនួ​បពិភាក្សាការងារ​រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយ​ការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់អង្គ​ការសហប្រជាជាតិប្រចាំកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃអង្គារនេះ​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនៅលើទំព័រហ្វេស​ប៊ុក​របស់លោកថា ក្នុងជំនួប​​​​នោះ លោក វិទិត មុនតាប៊ន បានស្នើសុំ​​ឈ្វេងយល់​ពីកម្ពុជាលើ​​ចំណុច​មួយ​ចំនួន ដូចជា តួនាទីរបស់កម្ពុជាក្នុង​​កា​រ​​ជំរុញសិទ្ធិ​មនុស្ស​ក្នុង​នាមជាប្រធានអាស៊ាន ស្ថានភាពសេដ្ឋកិច្ច និងវឌ្ឍនភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុង​បរិការណ៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លំហសង្គម​​ស៊ីវិល លំហ​ប្រជាធិបតេយ្យ និងការបោះឆ្នោត និង​អាទិភាព​សម្រាប់ជំនួយ​បច្ចេកទេស និងកិច្ចសហប្រតិបត្តិការទៅអនាគត រវាងអ្នកកាន់អាណត្តិពិសេស និង​រដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង​ថា កម្ពុជាកំពុង​ជំរុ​ញ​អនុវត្តគោល​នយោបាយ​គាំពារ​សង្គម ការដាក់ចេញវិធានការ​នានាក្នុងការទប់ស្កាត់ការឆ្លងរាលដាល​ជំងឺកូវីដ-១៩ និងវិធានការបន្ទាន់នានា​ក្នុងការគាំទ្រវិស័យសេដ្ឋកិច្ច និងគាំពារសង្គម ជាដើម ខណៈ​​សិទ្ធិ​​​រស់​រាន​​មាន​​ជីវិត ត្រូវ​បាន​ផ្ដល់​ជា​អាទិ​ភាព និងសិទ្ធិទទួលបានព័ត៌មាន តាមរយៈនៃការផ្សព្វផ្សាយយ៉ាងទូលំទូលាយជូនដល់ប្រជាពលរដ្ឋ។

លោក​បន្តថា ចំពោះ​ការចោទប្រកាន់ថា បទប្បញ្ញតិ្តជាច្រើនត្រូវបានអនុម័តដើម្បីរឹតបន្តឹងលំហ​សង្គម​ស៊ីវិល គឺពុំផ្អែកលើមូលដ្ឋានត្រឹមត្រូវការពិតឡើយ។

លោកបានគូសបញ្ជាក់ក្នុងទំព័រហ្វេស​ប៊ុករបស់លោកទៀតថា៖ «រាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងអស់ ដែលបានអនុម័ត រួមទាំងក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ គឺប្រកាន់ខ្ជាប់នូវគោលការណ៍នេះ និត្យានុកូលភាព ភាពចាំបាច់ និងសមាមាត្រ ដោយមានគោលបំណងតែមួយគត់ គឺដើម្បីសង្គ្រោះអាយុជីវិត ការពារពលរដ្ឋដែលគោរពច្បាប់ និងទប់ស្កាត់អំពើល្មើសច្បាប់នានាដែលបង្កអំពើអស្ថិរភាពសង្គម ប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងសណ្ដាប់ធ្នាប់សាធារណៈ»។

ពាក់ព័ន្ធនឹងលំហសង្គមស៊ីវិល លំហប្រជាធិបតេយ្យ និងការបោះឆ្នោតវិញ លោកនាយករដ្ឋមន្ត្រី​បានលើកឡើងថា ក្នុងនិយាមនៃការអនុវត្តជាសកលលទ្ធិប្រជាធិបតេយ្យត្រូវដើរតួទន្ទឹមនឹងនីតិរដ្ឋ ហើយ​​ការអនុវត្តលទ្ធិប្រជាធិបតេយ្យដោយគ្មាននីតិរដ្ឋនឹងនាំទៅជាអនាធិបតេយ្យ។ ក្នុងន័យនេះ លោកថា កម្ពុជាចង់ឱ្យ​តួអង្គទាំងអស់នៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យ មានការ​ទទួល​ខុស​ត្រូវ ធ្វើការរិះគន់ដោយស្ថាបនា មិនអុចអាល មិន​បង្កើតការស្អប់ខ្ពើម​រវាងពូជសាសន៍ ដែលអាចនាំឱ្យមាន​សង្រ្គាមស៊ីវិល។

លោកគូសបញ្ជាក់ទៀតថា៖ «ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងការរក្សាសន្តិភាព ស្ថិរភាព មានការអាស្រ័យគ្នាទៅវិញទៅមក មិនអាចខ្វះណាមួយបាន»។

គួរបញ្ជាក់ថា ​លោក វិទិត មុនតាប៊ន (Vitit MUNTARBHORN) អ្នករាយ​ការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់អង្គ​ការសហប្រជាជាតិប្រចាំកម្ពុជា កំពុងធ្វើ​​ទស្សនកិច្ចការងារ​ជា​លើកដំបូងនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ​។ ក្រៅពីការ​ជួបជាមួយប្រមុខរដ្ឋាភិបាល​កម្ពុជានេះ លោក វិទិត មុនតាប៊ន ក៏​គ្រោង​នឹងជួប​​ជាមួយអ្នកពាក់ព័ន្ធផ្សេង​ទៀត ក្នុងនោះមាន​ទាំងមន្ត្រី​រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ