ពលរដ្ឋ​នៅ​ជុំវិញ​បឹងធំ​ក្នុង​ខេត្តកំពង់ចាម បារម្ភ​ពី​ការ​បាត់បង់​ត្រី​ទាំងស្រុង​ដោយសារ​តែ​បទល្មើស​នេសាទ

ប្រជានេសាទម្នាក់រៀបចំការងារនៅចំណតទូកនេសាទរបស់ខ្លួន នៅបឹងធំ ស្ថិត​នៅ​ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។ (មេង គ្រុយពន្លក)

ប្រជាពលរដ្ឋ​​​ដែលរស់នៅជុំវិញបឹងធំ​ ដែល​ស្ថិត​នៅ​ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ស្នើ​​មន្ត្រី​រដ្ឋបាល​ជល​ផលចុះបង្ក្រាប​បទល្មើស​នេសាទនៅបឹងធម្មជាតិមួយនេះ ខណៈ​ពួកគាត់​បារម្ភពី​​ការ​​បាត់​​បង់​ត្រីទាំងស្រុង​ ​ដែលធ្វើឱ្យប៉ះពាល់មុខរបររកទទួលទាន​ប្រចាំថ្ងៃរបស់ពួកគាត់។

ប្រជាពលរដ្ឋដែលធ្លាប់​អាស្រ័យ​ផលនេសាទ​នៅ​បឹង​ធំ លោក ស៊ំ សៀម អាយុ៤២ឆ្នាំ​​ បានលើកឡើងនៅ​ថ្ងៃទី១៦ ខែសីហានេះ​ថា បច្ចុប្បន្ន ​ត្រីនៅក្នុងបឹងធំនៅសល់តិចតួចប៉ុណ្ណោះ ដោយសារតែមាន​ការ​នេសាទដោយ​​ខុសច្បាប់ និងពុំមានការ​ទប់ស្កាត់។ លោកបន្តថា ពលរដ្ឋមួយចំនួនដែលប្រកបរបរនេសាទ​នៅក្នុងបឹងនេះ បាន​​ងាកមករកខ្ចៅខ្យងជំនួសវិញ ដែលករណីនេះបានធ្វើឱ្យជីវភាពរបស់ពលរដ្ឋ​បានធ្លាក់ចុះយ៉ាងខ្លាំង។  

លោកថា៖ «គេរក​ប្រសេច​ប្រសាច [បទល្មើសនេសាទ]​ ខ្លាំងជាងគេខាង[ភូមិ]កំពង់​សំណាញ់!​ នៅនេះដាក់តែពីរបីនាក់ទេ! បើនៅគេ ដាក់ទាំងអស់ហ្មង​​»។​

លោក រិន ពៅ ប្រជាពលរដ្ឋម្នាក់ទៀតដែលបានប្រកបរបរនេសាទត្រី និង​រក​ខ្ចៅខ្យង ក្នុងបឹងធំ ជាង២០ឆ្នាំមកហើយ បាន​បង្ហាញក្ដី​បារម្ភ​ពីការបាត់បង់មុខរបរប្រចាំថ្ងៃ បន្ទាប់ពីលោក​សង្កេត​ឃើញ​​ផល​ពី​ការនេសាទ​កាន់តែធ្លាក់ចុះពីមួយឆ្នាំទៅមួយ​ឆ្នាំ​។​

​លោកថា៖ «​​​មិនរកអីទេ​! បើមិនដឹងរកអីបានផង!​ ទាល់យើងមានការងារលើទៅធ្វើសំណង់ធ្វើអីទៅ​ បើយើងរកនៅនេះអត់​បាន​ហើយ។​ មួយថ្ងៃរកបាន៦ទៅ​៧​ម៉ឺន[រៀល]អីដែរ​ ដកសាំងដកអីទៅសល់៣ម៉ឺនរៀល»។

លោកបន្តថា បទល្មើសនេសាទនៅបឹងធំនេះនៅតែបន្តកើតមាន​ ​ដោយសារ​ជនល្មើសមួយចំនួនបាន​សូកលុយទៅអាជ្ញាធរ ដើម្បី​បន្តនេសាទខុសច្បាប់។

លោកថា៖ «[ខាងរដ្ឋបាលជលផល] គេចុះមក តែ[ជនប្រព្រឹត្ត​]​ដាក់​​លុយ ដាក់អីទៅ គេបិទភ្នែកទៅ​»។​

វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះពី​ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម លោក ស៊ឹម ថាវិរៈ និងមន្ត្រីរដ្ឋបាលជលផលខេត្ត​ បានទេ នៅថ្ងៃអង្គារនេះ។

ចំណែកអ្នកសម្របសម្រួលសមាគម​អាដហុកប្រចាំខេត្តកំពង់ចាម​ លោក ឡេង សេងហន លើក​ឡើងថា ​ប្រសិ​នបើ​មានអំពើពុករលួយ​ក្នុងបទល្មើសនេសាទ ដូចអ្វីដែលប្រជាពលរដ្ឋលើកឡើងមែន នោះជាកម្សោយ​នៃការអនុ​វត្ត​ច្បាប់របស់អាជ្ញាធរពាក់ព័ន្ធ ខណៈ​​ការធ្លាក់ចុះ​នៃទិន្នផល​ត្រីបាន​ធ្វើឱ្យប៉ះពាល់ខ្លាំង​ដល់ជីវភាពរបស់​ប្រជាពលរដ្ឋដែលពឹងអាស្រ័យផលក្នុង​បឹង​នេះ។

លោកថា៖ «បើដូចអ្វីដែលប្រជាពលរដ្ឋលើកឡើងមែន ​ថា​មានបទល្មើសនេសាទកើតឡើង​ ហើយពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរហើយ ហើយអាជ្ញាធរ​មិនបានអើពើឬទប់ស្កាត់​​បទល្មើសនេសាទហ្នឹង​ អាហ្នឹងវាបង្ហាញពីកម្សោយរបស់អាជ្ញាធរ​ដែលបង្រ្កាបលើបទល្មើសនេសាទ​​ដែលច្បាប់បានកំណត់»។​

បើតាមក្រុមប្រជាពលរដ្ឋ «បឹងធំ» ដែលជាបឹងធម្មជាតិ​ធំមួយក្នុងឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាមនេះ មានប្រជាពលរដ្ឋ​អាស្រ័យផលប្រមាណ១០០គ្រួសារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ