រុស្ស៊ី​ថា​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ គឺ​មិន​ចាំបាច់​ឡើយ​សម្រាប់​សង្រ្គាម​នៅ​អ៊ុយក្រែន

លោក វ្ល៉ាឌីមៀ ពូទីន ស្បថពេលចូលធ្វើជាប្រធានាធិបតីរុស្ស៊ី អំឡុងពេលពិធីសម្ពោធនៅវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។ (REUTERS)

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានឱ្យដឹងនៅថ្ងៃអង្គារនេះថា រុស្សីមិនចាំបាច់ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ​សម្រាប់សង្រ្គាមនៅអ៊ុយក្រែនឡើយ ខណៈ​ខ្លួន​ក៏​បានចាត់ទុកការទស្សន៍ទាយ​របស់​ប្រព័ន្ធផ្សព្វ​ផ្សាយ​ ដែល​ថារុស្ស៊ីអាចនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ឬអាវុធគីមីនៅក្នុងជម្លោះនេះ ថាជាការភូតកុហក​ទាំង​ស្រុង​ផង​ដែរ។

ថ្លែងក្នុងសន្និសីទមួយក្នុងទីក្រុងម៉ូស្គូ រដ្ឋមន្ត្រី​ការពារ​ជាតិរុស្ស៊ី​ លោក Sergei Shoigu ត្រូវបាន​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន Reuters ស្រង់សម្តីមកចុះផ្សាយថា៖ «តាមទស្សនៈយោធា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងប្រទេសអ៊ុយក្រែន ដើម្បីសម្រេចបាននូវគោលដៅដែលខ្លួនបាន​កំណត់ គឺជារឿងមិនចាំបាច់នោះទេ»។

លោកបន្ថែមថា៖ «គោលបំណងសំខាន់នៃអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី គឺនឹងត្រូវប្រើប្រាស់សម្រាប់តែការទប់​ស្កាត់ការ​វាយប្រហារ​នុយ​ក្លេអ៊ែរ​ប៉ុណ្ណោះ»។

រដ្ឋមន្ត្រី​ការពារ​ជាតិរុស្ស៊ីដដែល​បន្តថា៖ «ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនកំពុងតែធ្វើការផ្សព្វផ្សាយការទស្សន៍ទាយ​ដែលថារុស្ស៊ីអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងដំណើរការប្រតិបត្តិការយោធាពិសេស ឬការត្រៀមខ្លួនប្រើប្រាស់អាវុធគីមីជាដើម។ ព័ត៌មានទាំងអស់នេះគឺជាការកុហកទាំងស្រុង»។

គួរបញ្ជាក់ថា​ ភាពតានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ ​បាន​ចាប់ផ្ដើមកើនឡើង​ខ្លាំង បន្ទាប់ពីរុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំទៅ​លើប្រទេសក្បែរខាងរបស់ខ្លួន​មួយនេះ ដែលធ្វើឡើងបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដោយប្រធានាធិបតី លោក ​វ្លាឌីមៀរ ពូទីន​។

ករណីនេះក៏បានបង្កឱ្យមានជាការព្រួយបារម្ភពីបណ្ដាប្រទេសលោកខាងលិចផងដែរ ដែល​ថាការប៉ះទង្គិចរវាងប្រទេសទាំង២ អាចនឹងវិវត្តទៅជាសង្រ្គាមដោយប្រើប្រាស់​អាវុធនុយក្លេអ៊ែរ គីមី និង​ជីវសាស្ត្រ ជាដើម។

ទោះជាយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំងមួយរូបធ្លាប់បានបញ្ជាក់​កាលពីពេលកន្លងទៅថា គោលនយោ​បាយសន្តិសុខរបស់រុស្ស៊ីកំណត់ថា ប្រទេសរបស់ខ្លួននឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរសម្រាប់តែករណីដែលអត្ថិភាពរបស់ខ្លួនត្រូវបានគំរាមកំហែងប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ