គ្រូបង្វឹកគុនខ្មែរម្នាក់ស្ថិតក្នុងចំណោមជនជាតិខ្មែរ និងជនជាតិចិនមួយក្រុម បានប្រឈមមុខនឹងការចោទប្រកាន់តាមផ្លូវច្បាប់ពាក់ព័ន្ធនឹងករណីឃុំឃាំងនិងបង្ខាំងមនុស្សខុសច្បាប់ បន្ទាប់ពីមានការឆ្មក់ចូលឆែកឆេរកាស៊ីណូ Jin Gang នៅខេត្តព្រះសីហនុ កាលពីខែមេសា ដែលក្នុងប្រតិបត្តិការនោះមានជនជាតិវៀតណាមជាង២០០នាក់ត្រូវបានរំដោះ។
លោក ជិន ភារៀង អតីតអ្នកប្រដាល់គុនខ្មែរ ហៅ ជិន រ៉ា ស្ថិតក្នុងចំណោមមនុស្ស៥នាក់ដែលត្រូវបានចាប់ខ្លួន ហើយនឹងត្រូវប្រឈមនឹងការផ្ដន្ទាទោសឆាប់ៗនេះ ក្នុងប្រតិបត្តិការចាប់ខ្លួន និងជួយសង្គ្រោះជនរងគ្រោះនៅកាស៊ីណូ Jin Gang ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីខែមេសា។
វីដេអូពីអ្នកប្រើប្រាស់បណ្ដាញសង្គម TikTok បានបង្ហាញថា ការឆ្មក់ចូលកាលពីខែមេសា គឺជាប្រតិបត្តិការជួយសង្គ្រោះមួយនៅទីតាំងប្រព្រឹត្តអំពើឆបោកតាមអ៊ីនធឺណិត ដែលជនបរទេសត្រូវបានបង្ខាំង និងបង្ខំឱ្យធ្វើការច្រើនម៉ោង ហើយជួនកាលដាក់ទណ្ឌកម្ម និងធ្វើទារុណកម្មរាងកាយថែមទៀតផង។
អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ លោក លី ចាន់តារា បានប្រាប់ វីអូឌី នៅថ្ងៃទី១៥ ខែសីហា ថាអ្នកទាំង៥នាក់ត្រូវបានចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ និងឃុំខ្លួន និងបង្ខាំងដោយខុសច្បាប់ ហើយពួកគេនឹងត្រូវផ្ដន្ទាទោសក្នុងពេលឆាប់ៗនេះ។ តែយ៉ាងណា លោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៅឡើយ។
លោកបន្តថា៖ «កាលវិភាគគឺស្ថិតនៅក្នុងដៃរបស់ចៅក្រម។ អ្វីដែលខ្ញុំបានដឹង គឺថា [ចៅក្រម] នឹងកំណត់អំពីកាលបរិច្ឆេទឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
សាលាដំបូងខេត្តព្រះសីហនុ បានចេញលិខិតកាលពីថ្ងៃទី១០ ខែសីហា ដែលជាការឆ្លើយតបនឹងវីដេអូអំពីលោក ជិន ភារៀង ដែលបានបង្ហោះក្នុងទំព័រ YouTube ផ្លូវការរបស់កញ្ញា ពេជ្រ ចរណៃ ដែលជាអ្នកប្រដាល់ល្បុក្កតោ តារាសម្ដែង និងជាអ្នកសរសេរមាតិកា។
តុលាការបានស្វែងរកការបំភ្លឺថា លោក ភារៀង ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទបង្ខាំងមនុស្សទុកក្នុងសណ្ឋាគារ ដែលគាត់មានតួនាទីជាសន្តិសុខ និងមិនពាក់ព័ន្ធនឹងការបង្ហាត់ក្បាច់គុនខ្មែរនោះទេ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា អាជ្ញាធរបានឆែកឆេរកាស៊ីណូ Jin Gang នៅថ្ងៃទី២១ ខែមេសា វេលាម៉ោង១០ព្រឹក និងបានរកឃើញអាវុធនៅក្នុងបន្ទប់ជាន់ទី២ ក្នុងនោះ ជនរងគ្រោះ២នាក់ដែលត្រូវបានបង្ខាំងក្នុងបន្ទប់នោះ ក៏ត្រូវបានរំដោះផងដែរ។
ក្នុងប្រតិបត្តិការបង្ក្រាបនោះដែរ អាជ្ញាធររឹបអូសបានកាំភ្លើងខ្លីម៉ាក Sig Sauer មួយដើមនៅក្នុងទូដែក គ្រាប់កាំភ្លើងចំនួន១៦គ្រាប់ ដំបងឆក់ ខ្នោះដៃ និងកៅអីមួយដែលភ្ជាប់ដោយច្រវាក់។
យោងតាមឯកសារបានបង្ហាញថា បើទោះជាទូដែកនោះជារបស់ជនសង្ស័យជាជនជាតិចិនឈ្មោះ វ៉េង ហ្គៅ យ៉ាង (Weng Gao Yang) ក៏ដោយ ប៉ុន្តែលោក Weng បានអះអាងប្រាប់សមត្ថកិច្ចថា កាំភ្លើងខ្លីនោះជារបស់ឈ្មោះ ភារៀង ដែលប្រើសម្រាប់គំរាមមនុស្សមិនឱ្យរត់ចេញពីទីតាំងកាស៊ីណូនោះ។
មន្ត្រីតុលាការបាននិយាយថា ខ្លួនបើកការស៊ើបអង្កេតលើសំណុំរឿងនេះនៅថ្ងៃទី២៤ ខែមេសា ដោយចាប់ខ្លួនជនសង្ស័យទាំង៥នាក់ រួមទាំងលោក ភារៀង ដោយមិនអនុញ្ញាតឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នឡើយ។
លិខិតក៏បានបញ្ជាក់ថា លោក ភារៀង ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលឆ្មក់ចូលឆែកឆេរនោះផងដែរ។
លិខិតនោះបានលើកឡើងទៀតថា៖ «នោះជាបទល្មើសព្រហ្មទណ្ឌ ហើយករណីនេះមិនពាក់ព័ន្ធនឹងការបង្រៀនក្បាច់គុនខ្មែរដោយបុគ្គលម្នាក់នេះ ដូចការចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ និង Youtube មួយចំនួននោះទេ»។
កញ្ញា ចរណៃ ជាអ្នកប្រដាល់គុនខ្មែរ និងជាអ្នកសរសេរមាតិកាព័ត៌មាននោះ បានបង្ហោះអំពីករណីនេះនៅលើទំព័រហ្វេសប៊ុករបស់កញ្ញាចំនួន២ដង ដោយថា លោក ភារៀង ត្រូវបានស្តីបន្ទោសដោយមេធាវីរបស់ជនសង្ស័យជនជាតិចិន ហើយឥលូវនេះ លោកគឺជាមនុស្សតែម្នាក់គត់ដែលជាប់ពន្ធនាគារពីការចោទប្រកាន់នោះ។ កញ្ញាអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយរកយុត្តិធម៌ជូនលោក ភារៀង។
កញ្ញាបន្តថា៖ «លោក ភារៀង ជាប់ពន្ធនាគារដោយរងកំហុសរបស់ជនសង្ស័យជនជាតិចិន ដែលគាត់ជាគ្រូបង្ហាត់ក្បាច់គុនខ្មែរ[ដល់ជនជាតិចិន]»។
កញ្ញាបន្ថែមថា គាត់ជាប់ពន្ធនាគារ៤ខែមកហើយ។
កាលពីថ្ងៃសុក្រ កញ្ញាបានបង្ហោះវីដេអូទី២ ដោយកញ្ញាបានថតដោយខ្លួនឯង (selfie) នៅក្នុងឡាន ដោយនិយាយថា កញ្ញាបានទៅសួរសុខទុក្ខ លោក ភារៀង ដើម្បីឈ្វេងយល់បន្ថែមអំពីករណីនេះ។
កញ្ញាបាននិយាយនៅក្នុងវីដេអូនោះថា៖ «និយាយដោយត្រង់ទៅ ដោយសារខ្ញុំបានទទួលដំណឹងពីលោក ជិន រ៉ា [លោក ភារៀង] ហើយខ្ញុំបានទៅជួបគាត់ផ្ទាល់ ហើយគាត់បានប្រាប់ខ្ញុំអំពីពេលវេលាដែលពួកគេបានទាក់ទងគាត់ឱ្យទៅធ្វើការ រហូតដល់ចាប់ខ្លួនគាត់។ ខ្ញុំមិនចោទប្រកាន់ភាគីណាមួយឡើយ។ ខ្ញុំគ្រាន់តែចង់មកស្ដាប់សម្ដី ជិន រ៉ា ប៉ុណ្ណោះ»។
កញ្ញាបាននិយាយថា កីឡាករប្រដាល់រូបនេះត្រូវបានជួលនៅដើមខែមេសា ឱ្យមកបង្រៀនក្បាច់គុនខ្មែររយៈពេល២ម៉ោង ដល់ជនជាតិចិន និងចាំមើលកាមេរ៉ាសុវត្ថិភាពចាប់ពីម៉ោង៨យប់ដល់ម៉ោង១ទៀបភ្លឺ ដើម្បីធានាថាមិនមានជម្លោះ ឬចោរកម្មនៅក្នុងកាស៊ីណូ។
បើតាមស្ត្រីរូបនេះ លោក ភារៀង ត្រូវបានគេសុំឱ្យស្នាក់នៅក្នុងកាស៊ីណូនោះ ប៉ុន្តែគាត់មិនមានឯកសណ្ឋានសន្តិសុខទេ ហើយក៏មិនបានយាមទ្វារខាងក្រៅដែរ។
កញ្ញាបន្តថា៖ «តាមការយល់ឃើញរបស់ខ្ញុំ គាត់ក៏ជាជនរងគ្រោះដែលចាញ់បោកគេឱ្យទៅធ្វើការនៅទីនោះ»។
កញ្ញាបាននិយាយថា គាត់ទើបតែបានមកធ្វើការនៅទីនេះជិត២០ថ្ងៃប៉ុណ្ណោះ មុនពេលគាត់ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការចុះបង្ក្រាប។
កញ្ញាបាននិយាយថា៖ «ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ខ្ញុំមិនអាចអង្គុយស្ងៀមបានឡើយ ទោះបីករណីនេះមិនពាក់ព័ន្ធជាមួយខ្ញុំក៏ដោយ នៅពេលណាដែលពលរដ្ឋកម្ពុជារងភាពអយុត្តិធម៌។ គាត់បានប្រាប់ខ្ញុំថា អ្វីដែលពិបាកសម្រាប់គាត់ គឺនៅពេលដែលគាត់ទៅធ្វើការនៅទីនោះ គាត់ត្រូវបានរឹតត្បិតសិទ្ធិសេរីភាព សូម្បីតែគាត់គ្រាន់តែចង់ឆ្លងផ្លូវពីកន្លែងធ្វើការរបស់គាត់ទៅកន្លែងផ្សេងទៀតក៏មិនបានដែរ។ ពួកគេមិនអនុញ្ញាតឱ្យគាត់ទៅណាក្រៅពីកន្លែងធ្វើការរបស់គាត់ឡើយ»។
អ្នកប្រដាល់គុនខ្មែរម្នាក់ទៀត គឺលោក វង្ស ណយ បានបង្ហោះសារកាលពីថ្ងៃទី៤ ខែសីហា ស្វែងរកការគាំទ្រពីបណ្ដាញសង្គមឱ្យជួយចែកចាយការបង្ហោះរបស់លោក អំពីករណីលោក ភារៀង ឱ្យបានទៅដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងបុគ្គលមានអំណាចផ្សេងទៀត។
លោកបានលើកឡើងក្នុងសារបង្ហោះលើបណ្ដាញសង្គមនោះថា៖ «បើបងប្អូនមិនជួយចែកចាយដើម្បីឱ្យព័ត៌មាននេះទៅដល់អ្នកមានអំណាចនោះទេ បងប្រុស ជិន រ៉ា នឹងជាប់ពន្ធនាគារច្រើនឆ្នាំ។ ដូច្នេះ ខ្ញុំសូមអង្វរបងប្អូនឱ្យជួយចែកចាយ។ ខ្ញុំឮគាត់យំរាល់យប់នៅក្នុងពន្ធនាគារ»។
លោកបន្ថែមថា អ្នកប្រដាល់គុនខ្មែរដែលកំពុងជាប់ឃុំរូបនេះ បានលាឈប់ពីការងារផ្សេង និងបានទៅធ្វើការនៅកាស៊ីណូ Jin Gang ដោយទទួលបានចំណូលបន្ថែមបន្តិចបន្តួច។ លោកបន្ថែមថា លោក ភារៀង រងការចោទប្រកាន់ដោយសារកំហុសរបស់ជនជាតិចិន ហើយគាត់បានសុំឱ្យបុគ្គលដែលមានអំណាចជួយអន្តរាគមន៍។
លោកបន្ថែមថា៖ «ខ្ញុំមិនដឹងថាត្រូវរកនរណាឱ្យជួយទេ ព្រោះយើងជារាស្រ្តតូចតាច។ ពេលអ្នកធំចង់ជួបរាស្រ្តតូចតាច ជាការងាយស្រួលណាស់ ប៉ុន្តែពេលរាស្រ្តតូចតូចចង់ជួបអ្នកធំ ជាការពិបាក។ ដូច្នេះ ខ្ញុំត្រូវលើកម្រាមដៃ១០សុំជំនួយ»។
លោក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមេបញ្ជាការកងទ័ពជើងគោក បានចូលរួមបើកការដ្ឋានសាងសង់កាស៊ីណូ Jin Gang កាលពីខែមីនា ឆ្នាំ២០១៨៕
បកប្រែ និងសម្រួលដោយលោក លី សេងហន ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Former Kun Khmer Boxer Faces Charges in Sihanoukville Compound Raid