លោក ហ៊ុន សែន ថា​កម្លាំង​កង​អង្គរក្ស​ជាង​១០០០​នាក់​ដែល​ដាក់​នៅ​តំបន់​ភ្នំតាម៉ៅ​ដើម្បី​ជួយ​ការងារ​ដាំកូនឈើ​ឡើងវិញ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ការដាក់​កម្លាំង​នៃបញ្ជាការដ្ឋានកងអង្គរក្សចំនួនជាង១ ០០០នាក់នៅតំបន់ភ្នំតាម៉ៅនោះ គឺដើម្បីឱ្យកងកម្លាំងទាំងនោះជួយសម្អាតដីដែលត្រូវបានឈូសឆាយហើយ និងដាំកូនឈើឡើងវិញ ក្រោយពីមានភាពចម្រូងចម្រាសនៃការឈូសឆាយដីព្រៃតំបន់នេះ ទើបជំរុញឱ្យរដ្ឋាភិបាលលុបគម្រោងអភិវឌ្ឍន៍ទាំងអស់វិញ​។

ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃពុធនេះ លោក ហ៊ុន សែន បានថ្លែងថា ការដាក់កម្លាំងកងអង្គរក្សចំនួន១ ០០០នាក់ និងគ្រឿងចក្រជាង១០០គ្រឿង ដែលដាក់ប្រចាំការនៅតំបន់ភ្នំតាម៉ៅនោះ លោកថា ដើម្បីឱ្យជួយសម្អាតដីដែលក្រុមហ៊ុនបានឈូសឆាយឱ្យបានល្អមុននឹងដាំកូនឈើឡើងវិញ។

លោកថា៖ «បញ្ហាការដាំ វាមិនពិបាកទេ! កូនឈើវាមានជាង១០ម៉ឺនដើមរួចស្រេចទៅហើយ។ បញ្ហាដែលដាំបាន ត្រូវធ្វើដីឱ្យវាស្រួល ឱ្យវាស្អាត​ ទៅដកអាគល់ចេញ ទៅដឹកអាមែកឈើចេញ ត្រូវសម្អាតដីហ្នឹងឱ្យស្អាត ទើបអាចដាំបាន។ ត្រូវប្រើគ្រឿងចក្រ១១៣គ្រឿង និងប្រើកម្លាំងកងអង្គរក្សជាង១ ០០០នាក់ បញ្ជាការផ្ទាល់ដោយនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ទៅធ្វើការនៅតំបន់នោះ។ យើងមិនមែនយកទៅដាំបង្ហោះហ្វេសប៊ុកណា៎! សុទ្ធតែបេង ធ្នង់ នាងនួន សុទ្ធតែឈើប្រណិត។ អ៊ីចឹងមិនមែនគ្រាន់តែដាំហើយបង្ហោះហ្វេសប៊ុកលេងណា៎! ត្រូវដាំឱ្យត្រូវខ្នាតរបស់វា រួចហើយត្រូវតាមមើលការថែទាំទៀត ​ដែលក្រុមហ៊ុនឈូសឆាយនឹងត្រូវទទួលខុសត្រូវនៅពេលខាងមុខ»។

ករណីនេះ លោកក៏បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ឱ្យរៀបចំព្រះរាជក្រឹត្យដើម្បីដាក់តំបន់ភ្នំតាម៉ៅ ជាតំបន់អភិរក្ស និងព្រៃការពារ ជារៀងរហូតផងដែរ។

ក្នុងសារសំឡេងពិសេសកាលពីយប់មិញ លោក ហ៊ុន សែន ក៏បានបកស្រាយថា មជ្ឈដ្ឋានមួយចំនួនមានការសង្ស័យ ក្រោយពីឃើញមានកងទ័ពចុះទៅតំបន់ភ្នំតាម៉ៅ ដោយលោកថា ពួកគេយល់មិនដល់នូវបញ្ហា ហើយធ្វើការវិនិច្ឆយដោយឆាប់រហ័សថាដីនេះនឹងត្រូវក្លាយទៅជាដីរបស់ឯកជន។

បើតាមសារពិសេសលោក ហ៊ុន សែន កាលពីយប់ថ្ងៃទី១៦ ខែសីហា ថា៖« ខ្ញុំព្រះករុណាខ្ញុំ បានចេញបទបញ្ជាឱ្យមេបញ្ជាការកងអង្គរក្ស ឱ្យបញ្ជាអ្នកដែលទទួលខុសត្រូវលើការងារដាំដុះនៅទីនោះ ប្រែក្លាយដីដែលបានឈូសឆាយនេះទៅជាសួនព្រៃ សួនដាំដើមឈើ ឬចម្ការដាំដើមឈើ ដែលសុទ្ធតែជាឈើប្រណិត។ ហើយមិនយូរប៉ុន្មាន បងប្អូននឹងឃើញលទ្ធផលដ៏ល្អប្រសើរ។ ប៉ុន្តែដើម្បីចៀសវាងនូវការភ័ន្តច្រឡំ និងការមួលបង្កាច់ដោយពួកអគតិមួយចំនួន ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់សាជាថ្មីឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ ត្រៀមព្រះរាជក្រឹត្យកំណត់និយាមកាតំបន់ការពារភ្នំតាម៉ៅនេះ ចេញជាព្រះរាជក្រឹត្យដើម្បីដាក់ជាតំបន់អភិរក្ស និងតំបន់ត្រូវការពារតែម្តង»។

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ​ នៃ​សមាគមបណ្ដាញ​យុវជនកម្ពុជា (CYN) លោក ហេង គឹមហុង យល់ឃើញថា ការចេញមុខបកស្រាយរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញមន្ទិលសង្ស័យរបស់មហាជនពាក់ព័ន្ធតំបន់ភ្នំតាម៉ៅនេះ ជារឿងល្អ។ យ៉ាងណា លោកចង់ឱ្យរដ្ឋាភិបាលបំពេញការងារដោយតម្លាភាពនិងគណនេយ្យភាពទាក់ទងគម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា។

ក្រៅពីនេះ ​លោក គឹមហុង ចង់ឱ្យរដ្ឋាភិបាលបង្ហាញតម្លាភាពពីចំណូលបានពីការលក់ឈើនិង​កូនឈើប្រណិតដែលគាស់ចេញពីតំបន់ភ្នំតាម៉ៅកន្លងមក ក៏ជារឿងសំខាន់​ដែរ។

ទាក់ទិនការដាក់កម្លាំងកងអង្គរក្សនៅតំបន់ការពារភ្នំតាម៉ៅវិញ លោកយល់ថាជារឿងមិនទាស់ខុសអ្វីនោះទេ ត្បិតកងកម្លាំងគឺមានភារកិច្ចចូលរួមការពារគ្រប់សម្បត្តិសាធារណៈរបស់រដ្ឋ​។ ​ប៉ុន្តែលោកថា ប្រសិនបើមានការហាមឃាត់ពលរដ្ឋមិនឱ្យចេញចូលតំបន់នោះវិញ ហាក់ផ្ទុយពីបំណងពិតរបស់នាយករដ្ឋមន្ត្រី។

លោក ហេង គឹមហុង បន្តថា៖ «បើយោងតាមខ្លឹមសាររបស់លោកនាយករដ្ឋមន្ត្រី វា[តំបន់ភ្នំតាម៉ៅ]មិនមែនជាតំបន់ហាមឃាត់ទេ គឺជាតំបន់អភិរក្សដើមឈើ មានគោលបំណងក្នុងការជំរុញឱ្យមានការចូលរួមការពារទាំងអស់គ្នា។ ខ្ញុំយល់ថាជារឿងល្អទៅវិញទេ វាមិនមែនជាការហាមឃាត់ទេ។ ប្រសិនបើចាត់ទុកជាតំបន់ហាមឃាត់ ប្រហែលជាខុសពីអ្វីដែលលោកនាយករដ្ឋមន្ត្រីលើកឡើងដែរ»។

ការចេញបកស្រាយពាក់ព័ន្ធភាពចម្រូងចម្រាសនៅតំបន់ភ្នំតាម៉ៅរបស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នាពេលនេះ ក្រោយអ្នកសារព័ត៌មានវីអូឌី ៥នាក់ និងក្រុមយុវជន៤នាក់ ត្រូវបានកម្លាំងបញ្ជាការអង្គរក្សឃាត់ខ្លួន អំឡុងពេលចុះទៅយកព័ត៌មាននិងថតរូបនៅបរិវេណភ្នំតាម៉ៅ កាលពីថ្ងៃទី១៦ ខែសីហា។

ក្នុងចំណោមមនុស្ស៩នាក់ដែលឃាត់ខ្លួន មានអ្នកសារព័ត៌មានវីអូឌីម្នាក់ជាបុរស និងយុវជនខ្មែរថាវរៈម្នាក់ រងអំពើហិង្សាពីកម្លាំងបញ្ជាការដ្ឋានកងអង្គរក្ស ក្នុងពេលឃាត់ខ្លួននោះផងដែរ។

សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធសេរីភាពសារព័ត៌មាននិងសិទ្ធិមនុស្ស ចាត់ទុកការឃាត់ខ្លួនអ្នកសារព័ត៌មាន វីអូឌី ដែលចុះថតរូបនៅបរិវេណភ្នំតាម៉ៅ ថានាំឱ្យមានមន្ទិលសង្ស័យថាតើមានអ្វីលាក់លៀមនៅពីក្រោយនៅទីនោះ។ សង្គមស៊ីវិលថា ការថតរូបជាសាធារណៈគឺជាសេរីភាពរបស់ពលរដ្ឋនិងអ្នកសារព័ត៌មាន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៤១។

យ៉ាងណា អ្នកសារព័ត៌មាន និងក្រុមខ្មែរថាវរៈ ទាំង៩នាក់ ត្រូវបានដោះលែងនិងប្រគល់សម្ភារឱ្យវិញនៅម៉ោងជាង៦ល្ងាចថ្ងៃដដែល ដែលបានធ្វើកិច្ចសន្យារួមមួយ ជុំវិញការផ្សព្វផ្សាយនិងការចុះយកព័ត៌មានតំបន់ភ្នំតាម៉ៅ ដោយចៀងសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ