នាយករដ្ឋមន្រ្តី​ប្រាប់​ទៅ​មេខ្លោង​ទន្ទ្រាន​ដីរដ្ឋ​នៅ​ខេត្តព្រះសីហនុ​ចូល​សារភាព ខណៈ​ពលរដ្ឋ​៤នាក់​ត្រូវ​បាន​ឃាត់ខ្លួន​រឿង​ទន្ទ្រាន​ដី​ក្រុមហ៊ុន​មួយ

នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋមួយចំនួនប្រដាប់ទៅដោយកាំបិត ចម្ពាមកៅស៊ូ ដុំថ្ម និងដបប្រេងសាំង បានចេញមុខតវ៉ារហូតដល់ប្រើអំពើហិង្សាលើក្រុមការងារចម្រុះខេត្តព្រះសីហនុដែលបានចុះទៅអប់រំណែនាំឱ្យប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់សង់លើទីតាំងដីកម្មសិទ្ធិឯកជនរបស់ក្រុមហ៊ុន នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SIHANOUK VILLE SEZ)។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

លោក​​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់ទៅ​​មេខ្លោងម្នាក់ដែលបាន​ទន្ទ្រានដីរដ្ឋនៅខេត្តព្រះសីហនុ ដែលកំពុងរត់គេចខ្លួន ឱ្យចូលខ្លួនទៅសារភាពកំហុស ស្របពេលសមត្ថកិច្ច​ខេត្ត​ព្រះសីហនុបាន​ចាប់​ខ្លួន​ពលរដ្ឋ៤នាក់ ក្នុងករណីទន្ទ្រានដីក្រុមហ៊ុនឯកជនមួយដែលបានទទួល​សិទ្ធិវិនិយោគពីរដ្ឋាភិបាល។

ក្នុងពិធីប្រគល់សញ្ញាបត្រ​ជូននិស្សិត​សាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅព្រឹកថ្ងៃពុធនេះ​​​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ មា​នប្រសាសន៍ថា លោក​បាន​ឃើញ​សារព័ត៌មាន​មួយចុះផ្សាយ​ពីជន​មួយ​រូប​ដែល​ពាក់អាវគណបក្សប្រជាជនកម្ពុជា បានស្នើសុំឱ្យ​លោក​ជួយអន្តរាគមន៍​ដោះស្រាយ​​រឿង​ដី​ធ្លី ប៉ុន្តែ​​បើតាមការទទួលបាន​ព័ត៌មានពីអភិបាលខេត្តព្រះសីហនុ​ គឺ​​ជន​នោះ​ជាមេខ្លោង​ដែល​ដឹកនាំ​ចលនា​​ប្រជាពលរដ្ឋឱ្យ​​ទៅទន្ទ្រានដីរដ្ឋ​ក្នុងខេត្តព្រះសីហនុ។

ករណីនេះ លោកបានប្រាប់ទៅមេខ្លោងដែលកំពុងរត់គេចខ្លួន​​រូប​នោះត្រូវ​ប្រញាប់​ចូល​ខ្លួន​​​ទៅសារភាព​កំហុស​​​នៅចំពោះមុខ​សមត្ថកិច្ច ដោយលោកអះអាងថានឹង​ពុំមានការឃុំខ្លួននោះទេ។  

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ថា៖ «មេខ្លោងម្នាក់នេះត្រូវ​ទៅបង្ហាញខ្លួនយ៉ាងឆាប់នៅនៅឯខេត្ត[ព្រះសីហនុ​] រួចហើយចាំនិយាយគ្នាតាមក្រោយ។ ត្រូវទៅទទួលខុសត្រូវ! អ្នកឯងទៅប្រមូលប្រជាជនទៅកាប់ទន្ទ្រានដីរបស់រដ្ឋ អ៊ីចឹង​បានប្រជាជនគេឱ្យ​ទៅផ្ទះ​ ប៉ុន្តែមេខ្លោងមេចលនាគឺត្រូវតែទទួលខុស​ត្រូវ​។ អ៊ីចឹងបានជាខ្ញុំចង្អុលបង្ហាញឱ្យ គួច ចំរើន ថាឱ្យ​​តាមរក»។

ស្របពេលគ្នានេះដែរ រដ្ឋបាលខេត្តព្រះសីហនុ ​កាលពីថ្ងៃអង្គារម្សិលមិញ ក៏បានប្រកាស​ពីការ​ឃាត់​ខ្លួន​ប្រជាពលរដ្ឋចំនួន៤នាក់ ដើម្បីនាំទៅសួរចម្លើយនៅមូលដ្ឋានកងរាជអាវុធហត្ថ​ស្រុក​ស្ទឹងហាវ ក្នុង​ករណីដែលអាជ្ញាធរអះអាងថា ពួកគេបាន​ប្រើហិង្សាលើក្រុមការងារចម្រុះខេត្តដែល​​ចុះទៅ​អប់រំពលរដ្ឋ​ឱ្យ​រុះ​រើ​ខ្ទមខុសច្បាប់នៅលើទីតាំងដីកម្មសិទ្ធិឯកជន​របស់​ក្រុម​ហ៊ុនមួយ​ នៅតំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ (SIHANOUK VILLE SEZ)។

យោងតាមការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ ពលរដ្ឋទាំង៤នាក់ដែលត្រូវបានឃាត់ខ្លួននោះ រួមមាន ទេព សារ៉ា, ឈិន បូនី, សេង មករា និង ឃួន តារ៉ា។ ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការ​ចុះអប់រំពលរដ្ឋឱ្យរុះរើខ្ទមដែលសង់ខុសច្បាប់នៅលើដីក្រុម​ហ៊ុននោះ គឺមានពលរដ្ឋមួយចំនួនបានស្ម័គ្រចិត្ត​ប្រគល់ដីជូនម្ចាស់កម្មសិទ្ធិវិញ ប៉ុន្តែ​មានពលរដ្ឋមួយចំនួនទៀតប្រដាប់ដោយ​កាំបិត ចម្ពាមកៅស៊ូ ដុំថ្ម និងដបប្រេងសាំង បានចេញ​មុខ​តវ៉ា រហូតដល់ប្រើអំពើហិង្សា​លើក្រុមការងារចម្រុះ ទើបមានការឃាត់ខ្លួនអ្នកទាំង៤នាក់នោះយកទៅសួរនាំ។​

រដ្ឋបាលខេត្តព្រះសីហនុ​បញ្ជាក់​ថា «ជនសង្ស័យទាំង៤នាក់បាន​ទទួល​ស្គាល់​កំហុស​របស់ខ្លួន និង​បានអំពាវនាវឱ្យប្រជាពលរដ្ឋផ្សេងទៀតដែលបានចាញ់​បោក​ការ​ញុះញង់របស់មេខ្យល់ សូមឱ្យរុះរើខ្ទមរបស់ខ្លួនដោយស្ម័គ្រចិត្ត និងចាកចេញពីទីតាំងដី​កម្មសិទ្ធិឯកជនតាមការ​ណែនាំរបស់អាជ្ញាធរខេត្ត ដើម្បីបញ្ចៀសការប្រឈមមុខចំពោះផ្លូវច្បាប់»។

បើតាមរដ្ឋបាលខេត្ត សំណង់មិនរៀបរយទាំងនោះគឺភាគច្រើនចាប់ផ្ដើមសាង​សង់​នៅដើមឆ្នាំ២០២២ និងមានការកើនឡើង​ក្នុងអំឡុងពេលយុទ្ធនាការ​ឃោសនា​បោះឆ្នោតក្រុមប្រឹក្សា​ឃុំសង្កាត់​នាពេលកន្លងមក ខណៈរដ្ឋបាលខេត្តក៏ធ្លាប់បាន​ចុះអប់រំពលរដ្ឋទាំងនោះឱ្យរុះរើ​ខ្ទម​របស់ពួកគេ​ចេញម្តងរួចមកហើយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

ទោះយ៉ាងណា វីអូឌី មិនអាចស្វែងរកការបញ្ជាក់ជុំវិញករណីនេះពីប្រជាពលរដ្ឋដែលអាជ្ញាធរ​អះអាងថាបានទៅទន្ទ្រានដីរបស់ក្រុមហ៊ុននោះបានទេ​ នៅថ្ងៃពុធនេះ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក ហេង ប៊ុនទី និងអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី សុំមិនអត្ថាធិប្បាយ ដោយ​បង្វែរឱ្យសួរទៅកាន់អ្នកនាំពាក្យសាលា​ដំបូង​ខេត្តព្រះសីហនុ លោក ហួត វិចិត្រ វិញ។

តែយ៉ាងណា លោក ហួត វិចិត្រ នៅពុំអាចបញ្ជាក់ជុំវិញករណីនេះបាននៅឡើយ។

មន្ត្រីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ស៊ុន សុផាត សង្កេតឃើញថា មានពលរដ្ឋមួយចំនួន​បានចូល​ទៅរស់នៅនិងអាស្រ័យផលលើដីគម្របព្រៃឈើឆ្នាំ២០០២ នៅតំបន់ដីក្រុមហ៊ុន «សីហនុវិល ស្ពេសលអ៊ីខននើមី ហ្សូន» នោះដែរ ប៉ុន្តែលោកមិនដឹងច្បាស់ថាបានជាន់លើដីក្រុមហ៊ុនឬយ៉ាងណានោះទេ។

យ៉ាងណា លោក​បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ​ត្រូវចុះស្រាវ​ជ្រាវ​ឱ្យ​បាន​ច្បាស់​លាស់ និង​ដោះស្រាយបញ្ហានេះ​ឱ្យ​មាន​តម្លាភាព យុត្តិធម៌ ជាជាងប្រើប្រាស់កម្លាំងចុះរុះរើ និងបណ្ដេញពលរដ្ឋចេញទាំងបង្ខំ ដើម្បីកុំឱ្យប៉ះពាល់ដល់សិទ្ធិពលរដ្ឋក្នុងការទទួលបានសិទ្ធិដីធ្លី។

លោកបន្ថែមថា៖ «ខ្ញុំសុំឱ្យអាជ្ញាធរនិងក្រុមហ៊ុនត្រូវមានការយោគយល់និងអនុគ្រោះដល់ប្រជាពលរដ្ឋដែលគាត់បានចូលទៅរស់នៅនិងអាស្រ័យ មានដំណាំផ្សេងៗនោះនៅតំបន់នោះផង។ ហើយមុនរុះរើផ្ទះពលរដ្ឋ ត្រូវបង្ហាញឯកសារជូនពលរដ្ឋឱ្យដឹងផងដែរ»។

កាលពីឆ្នាំ​២០០៨ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាត់​ដី​ទំហំ២ ០១៧,១៤ហិកតា ពីគម្របព្រៃឈើឆ្នាំ២០០២ ធ្វើអនុ​បយោគ និងប្រគល់សិទ្ធិកាន់កាប់ទៅឱ្យក្រុមហ៊ុន «សីហនុវិល ស្ពេសលអ៊ីខននើមី ហ្សូន» ដើម្បីអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស «SIHANOUK VILLE SEZ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ