ក្រសួងរៀបចំដែនដី​បើក​យុទ្ធនាការ​ចុះវាស់វែង​កំណត់​និយាមកា​ក្បាលដី​ក្នុង​តំបន់​អង្គរ

លោក ជា សុផារ៉ា ចុះពិនិត្យមើលសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា​ ក្នុងក្រុងសៀមរាប​ ខេត្តសៀមរាប។ (ហ្វេសប៊ុក៖ ជា សុផារ៉ា)

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បាន​បើក​យុទ្ធនាការ​ចុះ​វាស់​វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃ​ទៀតស្ថិត​ក្រោម​ការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ​២០២២នេះ ឱ្យដឹងថា យុទ្ធនាការ​ចុះវាស់វែង​កំណត់​និយាមកាក្បាលដីនេះ មានគោលដៅការពារតំបន់រមណីយដ្ឋានអង្គរដែលបានចុះបញ្ជីក្នុងសម្បត្តិ​បេតិកភណ្ឌ​ពិភព​លោកឆ្នាំ​១៩៩២ ដែល​មានទំហំ៤០១គីឡូម៉ែត្រការ៉េ និង​ជាតំបន់ដែលចាត់ទុកជាសម្បត្តិសាធារណៈ​របស់​រដ្ឋដែល​ត្រូវ​រក្សាការពារដាច់ខាត។

សេចក្ដីប្រកាសដដែលនេះបន្ត​ថា កម្ពុជា​ក្នុង​នាម​រដ្ឋ​សមា​ជិក មាន​ភារ​កិច្ច​រក្សាការ​ពារ​តំបន់រមណីយ​ដ្ឋាន​អង្គរដែល​ជា​មរតក​កេរដូនតា ជាអត្តសញ្ញាណ និងដួងព្រលឹងរបស់ជាតិ ក៏​ដូចជា​តម្លៃ​ជា​សកល​នៃសម្បត្តិបេតិកភណ្ឌពិភពលោកសម្រាប់មនុស្សជាតិទាំងមូល។

ប្រភព​ដដែលបន្ត​ទៀត​​ថា នាដើមឆ្នាំ២០២២ មានអ្នកឆ្លៀតឱកាស​មួយចំនួន​បាន​​សាង​​សង់សំណង់​​ខុស​​ច្បាប់​​រាប់​​រយ​​ករណី បន្ថែម​​ពី​លើករណី​សំណង់​ខុស​ច្បាប់​ជា​ច្រើន​ទៀត​ដែល​បានរំលោភ​បំពាននាពេលកន្លងមក ក្នុងតំបន់ការពារ​នៃរមណីយដ្ឋានអង្គរ។

ជាមួយគ្នានេះ ក្រសួង​ថា៖ «សំណង់ខុសច្បាប់អស់​ទាំង​នេះត្រូវធ្វើការរុះរើចេញជាបន្ទាន់ដោយផ្ទាល់ខ្លួន។ ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បន្តចាត់វិធានការទប់ស្កាត់ការសាងសង់ រុះរើសំណង់ខុសច្បាប់ ហាមឃាត់ការទិញលក់ដីនិងផ្ទះគ្រប់ប្រភេទ និងមិនផ្ដល់លិខិតគតិយុត្តផ្សេងៗនៅក្នុងតំបន់រមណីយដ្ឋានអង្គរជាដាច់ខាត»។

ក្រសួងរៀបចំដែនដី បន្ថែមថា ក្រុ​មការងារតម្រង់​ទិស​​នឹង​​ពិនិត្យ​លទ្ធ​ភាព​ផ្តល់​ដី​នៅ​តំបន់អភិ​វឌ្ឍន៍​រុន​តាឯក សម្រាប់​​ដោះ​ស្រាយ​​ជាយថាហេតុជូនប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌក្នុងការទទួលបានដីនៅទីតាំងលំនៅថ្មី ចំពោះអ្នកបន្តទន្ទ្រានដីក្នុងតំបន់នេះ និងអ្នកមិនរុះរើសំណង់ខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ