ក្រសួងអប់រំ​ថា​ការ​បង្កើត​ដេប៉ាតឺម៉ង់​សិក្សា​ភាសាវៀតណាម ជា​កិច្ច​សហការ​វិស័យ​អប់រំ​រវាង​ប្រទេស​ទាំងពីរ

ពលរដ្ឋជិះម៉ូតូធ្វើដំណើរពីមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា កម្មវិធីសិក្សាភាសាវៀតណាមដែលគ្រោងនឹងបញ្ចូលនៅផ្នែកសិក្សាមួយនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាកិច្ចសហប្រតិបត្តិការរវាងប្រទេសជាមិត្តលើវិស័យអប់រំតែប៉ុណ្ណោះ។

ការអះអាងនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

នាឱកាសនោះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត រស់ សុវាចា ​បានឱ្យដឹងថា ការបញ្ចូលកម្មវិធីសិក្សាភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអប់រំរវាងប្រទេសជាមិត្ត​ តាមរយៈការលើកកម្ពស់ការរៀននិងបង្រៀននៅកម្រិតឧត្ដមសិក្សា និងទិដ្ឋភាពពាក់ព័ន្ធនានា។

លោក​​បញ្ជាក់ទៀត​ថា កម្ពុជានិងវៀតណាមបានធ្វើកិច្ចសហប្រតិបត្តិការពង្រឹងលើវិស័យអប់រំកម្រិតឧត្តមសិក្សា ក៏ដូចជាកិច្ចសហប្រតិបត្តិការដែលក្រសួងអប់រំបានធ្វើជាមួយបណ្ដាប្រទេសជាមិត្តផ្សេងទៀត​។

លោកថា៖ «គោលបំណងនៃកិច្ចសហប្រតិបត្តិការនេះ គឺដូចខ្ញុំជម្រាបជូនអ៊ីចឹង គឺថាដើម្បីបន្តពង្រឹងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវិស័យអប់រំឧត្ដមសិក្សានៅប្រទេសកម្ពុជា និងវៀតណាម ដែលទាក់ទងទៅនឹងកិច្ចព្រមព្រៀងមានតាំងពីឆ្នាំ២០០១ ដល់ឆ្នាំ២០២៥ គឺជាកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជា-វៀតណាម វិស័យអប់រំឧត្តមសិក្សាដែលមានជាធរមាន»។

អ្នកនាំពាក្យក្រសួងអប់រំបន្ត​ទៀតថា បច្ចុប្បន្ន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺមានកម្មវិធីបរិញ្ញាបត្រភាសាបរទេស ដូចជា បរិញ្ញាបត្រភាសាអង់គ្លេស បារាំង ចិន ជប៉ុន កូរ៉េ និងថៃ ដែលមានស្រាប់រួចមកហើយ។

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកបណ្ឌិត ជេត ជាលី បានឱ្យដឹងថា ការបង្កើតកម្មវិធីសិក្សានេះ គឺដើម្បីបង្រៀនឱ្យនិស្សិតដែលទទួលបានអាហារូបករណ៍ មានឱកាសបានរៀនសូត្រភាសាវៀតណាម មុននឹងចេញទៅរៀននៅប្រទេសវៀតណាម។ លើសពីនេះ​ ​ដើម្បីបំពេញការងារតាមតម្រូវការក្នុងវិស័យនានា ទាំងស្ថាប័នឯកជន និងស្ថាប័នរដ្ឋ តាមរយៈដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាមទាំង៣ជំនាញ។

លោកបន្ត​ថា ចំពោះការបើកដំណើរការកម្មវិធីសិក្សាភាសាវៀតណាមនេះ ​នឹងបើកឱ្យបានឆាប់តាមដែលអាចធ្វើបាន ដោយឈរលើស្តង់ដារគុណភាពអប់រំ ដោយមិនប្រញាប់ពេកនោះទេ។

នៅលើបណ្តាញសង្គមហ្វេសប៊ុកកន្លងមក មហាជនមួយចំនួនហាក់មិនសប្បាយចិត្តចំពោះការបើកឱ្យមានកម្មវិធីសិក្សាភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះទេ ដោយថា ការអនុញ្ញាតឱ្យមានដេប៉ាតឺម៉ង់ភាសាវៀតណាមនៅកម្ពុជា កម្ពុជាក៏គួរតែស្នើវៀតណាមឱ្យបើកការបង្រៀនភាសាខ្មែរដល់ពលរដ្ឋខ្មែរកម្ពុជាក្រោមឱ្យបានទូលំទូលាយ ត្បិតការរៀនភាសាខ្មែរនៅទីនោះបច្ចុប្បន្នមានការរឹតត្បិត ដោយកន្លែងដែលអាចរៀនភាសាខ្មែរបាន គឺមានតែវត្តអារាមតែប៉ុណ្ណោះ។

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកបណ្ឌិត ជេត ជាលី បានឱ្យដឹងថា ចំពោះបញ្ហាបញ្ចេញមតិរបស់មហាជននោះ គឺមិនអាចតម្រូវចិត្តបានទាំងអស់ទេ តែអ្វីដែលធ្វើគឺដើម្បីប្រយោជន៍ជាតិ។

លោកថា៖ «យើងមិនអាចតម្រូវចិត្តមនុស្សបានទាំងអស់គ្នាទេ តែអ្វីដែលយើងធ្វើ គឺដើម្បីប្រយោជន៍របស់ជាតិយើង ប្រទេសយើង និងដើម្បីយុវជនយើងមានចំណេះដឹង»។

​កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា លោក ពិន ចំណាន បានបើកកិច្ចប្រជុំទ្វេភាគីជាមួយលោក ងឿន វ៉ាន់ហ្វុក អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។ កិច្ចពិភាក្សានោះធ្វើឡើងដើម្បីពង្រឹងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវិស័យអប់រំឧត្តមសិក្សានៃប្រទេសទាំងពីរ​៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ