ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការរាជធានីភ្នំពេញ នឹងសម្រេចថាត្រូវទទួលឬមិនទទួលយកភស្តុតាងថ្មីដែលស្នើដោយតំណាងអយ្យការ នៅថ្ងៃពុធសប្ដាហ៍ក្រោយនេះ បន្ទាប់ពីតំណាងអយ្យការរូបនោះបន្តដាក់ភស្តុតាងថ្មីបន្ថែមទៅកាន់តុលាការ និងបើកឱ្យមានការសួរដេញដោលគ្នាពេញមួយព្រឹកនៅថ្ងៃទី១៧ ខែសីហានេះ។
លោក កូយ សៅ ប្រធានចៅក្រមជំនុំជម្រះ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌនៃរឿងក្តីលោក កឹម សុខា នេះ បានលើកពេលទៅថ្ងៃពុធសប្តាហ៍បន្ទាប់ទៀតនេះ មុននឹងត្រូវសម្រេចថាតើភស្តុតាងថ្មីដែលដាក់ដោយតំណាងអយ្យការនៅពេលនេះ ត្រូវយល់ព្រមឬបដិសេធ។
បើទោះបែបណា គេសង្កេតឃើញថា ពេញមួយព្រឹកនៅថ្ងៃពុធនេះ តុលាការបើកផ្លូវឱ្យមានការកត់សម្គាល់ពីគ្រប់ភាគីក្នុងរឿងក្ដី រួមទាំងតំណាងអយ្យការដែលជាម្ចាស់ភស្តុតាង បានបកស្រាយ និងការពារចំពោះភស្តុតាងថ្មីដែលដាក់ដោយតំណាងអយ្យការនេះបន្ថែមទៀត។
ភស្តុតាងថ្មីនេះ តំណាងអយ្យការ លោក ប្លង់ សុផល បានជម្រាបអង្គជំនុំជម្រះថា គឺបានមកពីសំណុំរឿងមួយផ្សេងទៀតដោយចៅក្រមស៊ើបសួរ។ ភស្តុតាងនេះគឺជាសំឡេងខ្សែអាត់លោក ហូរ វ៉ាន់ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ ក្នុងសំណុំរឿងមួយផ្សេងដាច់ដោយឡែកទៀត ដែលមានរយៈពេលជាង១នាទី។ តាមរយៈសំឡេងខ្សែអាត់នោះ គឺថតបានពីការសន្ទនាដោយនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា គឺលោក ហូរ វ៉ាន់ បានលើកឡើងពីសកម្មភាពនៃការធ្វើបាតុកម្មនៅផ្លូវជាតិលេខ៣ និងនៅមុខរោងចក្រ យ៉ាក់ជីន។
បើតាមលោក ប្លង់ សុផល ការស្នើបញ្ចូលភស្តុតាងថ្មីបន្ថែមទៀតនេះ គឺចង់បង្ហាញពីការទទួលខុសត្រូវរបស់គណបក្សសង្រ្គោះជាតិកាលណោះ មិនមែនដូចការឆ្លើយដោះបន្ទុករបស់ជនជាប់ចោទ លោក កឹម សុខា ថាមិនមានជាប់ពាក់ព័ន្ធណាមួយនឹងអំពើបាតុកម្មនៅទីតាំងផ្សេងក្រៅពីទីលានប្រជាធិបតេយ្យនោះទេ។
យ៉ាងនេះក្តី សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ គឺលោក អាង ឧត្តម បានផ្តល់បទសម្ភាសន៍នៅខាងមុខតុលាការថា អ្វីដែលព្រះរាជអាជ្ញារងបន្តដាក់ភស្តុតាងចូលបន្ថែមទៀតនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពមិនរឹងមាំនៃបទចោទរួចទៅហើយ។ លោកបន្តថា សម្រាប់សំណុំរឿងលោក កឹម សុខា នេះ នៅក្នុងដីកាដំណោះស្រាយរបស់ចៅក្រម និងទទួលស្គាល់ដោយព្រះរាជអាជ្ញារង ដែលទទួលបន្ទុករឿងក្តីនេះ មុននឹងបញ្ជូនមកចៅក្រមជំនុំជម្រះ សុទ្ធតែបានទទួលស្គាល់រួចទៅហើយថា គឺមានភស្តុតាងគ្រប់គ្រាន់ក្នុងការបើកផ្លូវឱ្យមានសវនាការនេះឡើង។
បើតាមលោក អាង ឧត្តម ការដែលតំណាងអយ្យការព្យាយាមរកភស្តុតាងថ្មីមកបញ្ចូលបន្ថែមទៀតនេះ គឺបង្ហាញពីភាពគ្មានតម្លៃនៃភស្តុតាងចាស់ ហើយបើខ្វះភាពគ្រប់គ្រាន់បែបនេះ តំណាងអយ្យការគួរធ្វើសេចក្តីសន្និដ្ឋានទម្លាក់បទចោទនេះ ហើយផ្តល់សម្បទាឱ្យកូនក្តីរបស់ខ្លួនមានសេរីភាពឡើងវិញ។
លោកបន្តថា៖ «វាសាបរលាប វាអន់ថយ វាថយគុណភាព វាថយតម្លៃ និងថយទម្ងន់ បានន័យថាភស្តុតាងហ្នឹង វាលែងមានទម្ងន់ក្នុងការដាក់បន្ទុកហើយអាចសុំឱ្យតុលាការលើកលែងចោទ មិនមែនផ្អែកលើមាត្រា៣២១ហ្នឹងនៃក្រមនីតិវិធីព្រហ្មទណ្ឌហ្នឹង វាទៅជាអត់គ្រប់ ស្វែងរកទៀត មកដាក់បញ្ចូលទៀតទេ។ យើងបានតតាំង ក្រោយអយ្យការគាត់ថាគាត់នឹងដាក់រហូត រហូតដល់មុនសេចក្តីសន្និដ្ឋាន ដរាបណាគាត់នៅតែមានភស្តុតាង គាត់នៅតែដាក់រហូត»។
លោក ប្លង់ សុផល ដែលជាព្រះរាជអាជ្ញារងនៃតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងអង្គសវនាការថា លោកនឹងបន្តដាក់ភស្តុតាងទៀត រហូតដល់បញ្ចប់នីតិវិធីនៃការសួរដេញដោល ប្រសិនបើមានភស្តុតាងថ្មី។ ការបញ្ជាក់នៅពេលនេះរបស់លោក ប្លង់ សុផល ធ្វើឱ្យលោក កឹម សុខា ប្រតិកម្មដោយហៅការព្យាយាមរកភស្តុតាងទៀតនេះថា ជាការប៉ុនប៉ងធ្វើបាបរូបលោកជាជនជាប់ចោទ។ ប៉ុន្តែយ៉ាងណា លោកថា បើធ្វើបាប គួរធ្វើឱ្យបានសមរម្យជាងនេះបន្តិច។
លោកបន្តថា៖ «បើចង់ធ្វើបាបខ្ញុំ ធ្វើឱ្យមានហេតុផលជាងនេះបន្តិចមក។ តើតុលាការណាធ្លាប់ដាក់ភស្តុតាងចូលកណ្តាលទីបែបនេះ? មើលទៅដូចជាខំណាស់ ធ្វើឱ្យសមរម្យជាងនេះបន្តិចបានដែរទេ? បើពូកែភ្ជាប់បទចោទបែបនេះ ចុះក្រុមបាតដៃទី៣ ដែលមានចងកន្សែងក្រហមដែរ ម៉េចមិនថាក្រុម កឹម សុខា ផងទៅ »។
គេសង្កេតឃើញថា សម្រាប់សវនាការលើកនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានព្យាយាមប្រើប្រាស់សិទ្ធិរបស់លោកក្នុងនាមជាចៅក្រម ពន្យល់ពីនិតិវិធីផ្លូវច្បាប់ច្រើនជាងសព្វមួយដងទៅគ្រប់ភាគីពាក់ព័ន្ធនៅក្នុងសំណុំរឿង។
នៅមុនបិទការជំនុំជម្រះ ភាគីនៅក្នុងរឿងក្តី និងតំណាងអយ្យការ បានប្រកែករកត្រូវរៀងខ្លួនអំពីមាត្រាច្បាប់ និងភាពខុសគ្នានៃវិធានមួយចំនួននៅក្នុងអង្គបុរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម និងតុលាការជាតិ។
បើទោះបែបណា សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទម្នាក់ទៀត គឺលោកមេធាវី ផែង ហេង ដែលព្យាយាមលើកដៃសុំឡើងកត់សម្គាល់ ប៉ុន្តែត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះបដិសេធ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងមុខតុលាការថា អ្វីដែលលោកចង់និយាយនៅក្នុងអង្គជំនុំជម្រះនោះ គឺបង្ហាញថា រឿងក្តីលោក កឹម សុខា នេះមិនទាក់ទងនឹងបច្ចេកទេសផ្លូវច្បាប់ទេ ហេតុដូច្នេះ តុលាការគួរបញ្ចប់ការសួរដេញដោល ហើយទុកឱ្យមានការសម្របសម្រួលខាងនយោបាយវិញ។
លោកបន្តថា៖ «យើងចង់ធ្វើការសន្និដ្ឋានមួយថា បើសិនជាតុលាការរកមិនឃើញចំណុចណាមួយ ហើយចេះតែថែមភស្តុតាង វាធ្វើឱ្យរំលោភទៅលើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដែលជាកតិកាសញ្ញាមួយដែលរដ្ឋធម្មនុញ្ញបានទទួលស្គាល់ហើយយកមកអនុវត្ត។ ហើយបើយើងមិនអនុវត្ត មានន័យថា យើងរំលោភទៅលើរដ្ឋធម្មនុញ្ញ »។
សំណុំរឿងលោក កឹម សុខា នេះត្រូវបានតុលាការបើកការជំនុំជម្រះតាំងពីឆ្នាំ២០២០ ក្រោយលោកត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧ ខណៈដែលលោកនៅមានអភ័យឯកសិទ្ធិសភានៅឡើយ។
លោក យី សុខសាន្ត មន្រ្តីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក ដែលតាមឃ្លាំមើលសវនាការដោយផ្ទាល់ យល់ឃើញថា ការសួរដេញដោលគ្នាពេញមួយព្រឹកនេះ ហាក់ដូចមិនមានភាពជឿនលឿនទេ ព្រោះភាគីខាងម្ខាងៗហាក់យករឿងផ្ទាល់ខ្លួនច្រើនជាងនីតិវិធី និងបច្ចេកទេសផ្លូវច្បាប់។ លោកបន្តថា ជាជម្រើសល្អនិងទទួលបានផលប្រយោជន៍ទាំងសងខាង តុលាការគួរទម្លាក់ចោលបទប្រឆាំងប្រធានគណបក្សប្រឆាំងដ៏ធំរូបនេះចេញ។
បើតាមលោក យី សុខសាន្ត ការចេះតែបន្តរឿងក្តីនេះទៀត នាំឱ្យមានជះឥទ្ធិពលទៅដល់សិទ្ធិទទួលបានការជំនុំជម្រះដោយឆាប់រហ័ស ដែលធានាដោយច្បាប់ចំពោះជនជាប់ចោទ។
លោកបន្តថា៖ «ខ្ញុំយល់ថា ករណីរឿងក្តីរបស់លោក កឹម សុខា នេះ តុលាការគួរតែពិចារណាបញ្ចប់ទៅ កុំឱ្យអូសបន្លាយវែងពេក វាធ្វើឱ្យមតិជាតិ និងអន្តរជាតិមើលឃើញថា ជាតុលាការមួយចេះតែអូសបន្លាយ វាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល »។
លោក កឹម សុខា ត្រូវរងការចោទប្រកាន់ពីបទ សន្ទិដិ្ឋភាព ត្រូវរ៉ូវដោយសម្ងាត់ជាមួយរដ្ឋបរទេសឬភ្នាក់ងារបរទេស ចង់ផ្តួលរំលំរដ្ឋាភិបាល។ ទាក់ទិនសំណុំរឿងនេះ ក្រុមសហមេធាវីការពារសិទ្ធិជនជាប់ចោទ លោក កឹម សុខា យល់ឃើញថា ការដែលតំណាងអយ្យការដាក់ភស្តុតាងចូលបន្ថែមទៀតនេះ មានន័យថា វាស្ថិតនៅក្នុងវិមតិសង្ស័យរួចទៅហើយ ហើយភស្តុតាងចាស់មុនៗ គឺប្រាកដណាស់រកមិនឃើញពីពិរុទ្ធភាពលើរូបលោកនោះទេ ទើបបង្ខំចិត្តឱ្យតំណាងអយ្យការរកភស្តុតាងថ្មីបញ្ចូលបន្តបន្ទាប់ទៀតនេះ។
ដោយឡែក រដ្ឋធម្មនុញ្ញ មាត្រា៣៨ ចែងថា វិមតិសង្ស័យនឹងបានជាប្រយោជន៍ទៅដល់ជនជាប់ចោទ។ បើទោះជាបែបណា ទាំងតំណាងអយ្យការ និងមេធាវីការពារក្តីរបស់រដ្ឋាភិបាល សុទ្ធតែយល់ឃើញថា ការដាក់ភស្តុតាងថ្មីនេះស្របទៅតាមបញ្ញត្តិនៃច្បាប់ ហើយជារឿងត្រឹមត្រូវ៕