លោក សុន ឆ័យ ថា​សកម្មជន​បក្ស CNRP ជាង​២០នាក់​ស្នើ​រដ្ឋាភិបាល​ដោះលែង​ពួកគេ​នៅ​ក្រៅឃុំ​បណ្ដោះ​អាសន្ន

លោក សុន ឆ័យ ថ្លែងប្រាប់អ្នកសារព័ត៌មានអំឡុងពេលចុះជួបសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការ​រំលាយ ​​ចំនួន២៣នាក់ នៅពន្ធនាគារព្រៃស​ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ (កាយ ណារ៉ា)

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ លោក សុន ឆ័យ ថ្លែង​​​ថា សកម្មជន​ជាង​២០​នាក់ដែលគាំទ្រគណបក្សសង្គ្រោះជាតិដែលតុលាការ​រំលាយ ​(CNRP) បាន​​ស្នើទៅរដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ឱ្យ​មាន​ការ​​ដោះលែងពួកគេ​បាននៅ​ក្រៅឃុំបណ្ដោះអាសន្ន ដោយអះអាងថា ពួកគេជាប់ពន្ធនាគារដោយសារ​រឿងនយោបាយ។

ការ​​ថ្លែងបែ​បនេះបានធ្វើឡើង​​បន្ទាប់​ពី​លោក សុន ឆ័យ បានចុះជួបសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការ​រំលាយ ​​ចំនួន២៣នាក់ នៅពន្ធនាគារព្រៃស​ នាព្រឹកថ្ងៃពុធនេះ។ សកម្ម​ជន​ទាំងនោះត្រូវបាន​រងនូវការ​ចោទ ​ពាក់ព័ន្ធ​នឹង​ផែនការ​វិល​ត្រលប់​ចូលកម្ពុជារបស់លោក សម រង្ស៊ី កាលពី​ថ្ងៃទី៩ ខែ​​វិច្ឆិកា​ ឆ្នាំ២០១៩។

អំឡុងពេល​ជួបសួរ​សុខ​ទុក្ខ​​អ្នកជាប់ឃុំទាំងនោះ លោក​ សុន ឆ័យ បញ្ជាក់ថា ពួកគេ​បាន​ផ្ដាដល់រូបលោកឱ្យ​ជួយនាំសារ​ប្រាប់​ទៅ​រដ្ឋាភិបាល​ជួយអន្តរាគមន៍ឱ្យ​​មានការ​ដោះលែងពួកគាត់ទាំង២៣នាក់បាន​នៅ​ក្រៅ​ឃុំបណ្ដោះ​អាសន្ន ខណៈ​ពួកគាត់ជាប់ឃុំដោយសាររឿងនយោបាយ។

លោកបន្ត​ថា៖ «ខ្ញុំឃើញ​ម្នាក់ៗដែលខ្ញុំបានជួប សុខភាព​គាត់​អត់ស្រួ​ល​ទេ យើងមិនចង់ឱ្យគាត់ស្លាប់​នៅក្នុងមន្ទីរឃុំឃាំង ហើយទី១ គាត់សុខភាពមិនល្អ ទី២ គាត់អត់មានអ្វីគ្រោះថ្នាក់ដល់សង្គម ទី៣ គាត់បានបំពេញទោសដែលគាត់ខុសឆ្គងមួយចំនួនដែលវាសមហេតុ​សមផលហើយ ដែលមិនគួរឱ្យគាត់នៅ[ក្នុងឃុំ]។ ដូច្នេះ សរុប​មក​ បំណង២ គឺបំណង​មកសួរសុខ​ទុក្ខ​ផង និងបំណងរកវិធីយ៉ាងម៉េចដើម្បីឱ្យគាត់បានចេញពីការឃុំឃាំង​នេះ»។

អនុប្រធានគណបក្សភ្លើងទៀនរូបនេះ​បន្ថែមទៀត​ថា​ បើក្នុងករណី​រដ្ឋាភិបាលមិនអនុញ្ញាត​ឱ្យពួកគាត់​បាន​​នៅ​ក្រៅ​ឃុំ​ទេ សកម្មជន​ដែលជាប់ឃុំទាំងនោះ ក៏បានស្នើឱ្យ​​​​​​ផ្លាស់​ប្ដូរពួក​គាត់​ទៅបន្ទប់​អ្នក​ជាប់​ឃុំ​រឿងនយោ​បាយ​វិញ ដោយ​​កុំឱ្យដាក់ពួកគាត់នៅចម្រុះជាមួយ​អ្នកទោស​គ្រឿង​ញៀន លួច ឆក់ និងប្លន់ជាដើម ដោយ​សារនៅក្នុង​ពន្ធនាគារ​នោះ​មានទាំង​អ្នកជក់បារី និង​មិនសូវ​មានអ​នាម័យ​នាំ​ឱ្យ​ប៉ះ​ពាល់​សុខភាព​ពួក​គេ​ ជាដើម។

អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃ​ក្រសួងមហាផ្ទៃ លោក នុត សវនា មាន​ប្រសាសន៍​ថា ការស្នើសុំឱ្យដោះលែងនៅក្រៅឃុំបណ្តោះអាសន្ននោះ ខាងពន្ធនាគារមិនអាចសម្រេចអនុញ្ញាត​ឱ្យ​បាន​ទេ ខណៈ​ករណី​នេះស្ថិត​ក្នុងដៃ​​តុលាការដែល​ជាអ្នកមានសិទ្ធិសម្រេច។

ចំពោះការ​ស្នើ​សុំប្ដូរ​បន្ទប់​ឃុំឃាំងរបស់​សកម្មជន​ដែលគាំទ្របក្សប្រឆាំងនោះវិញ​ លោកថា ពួកគាត់ត្រូវ​ដាក់លិខិត​ទៅក្រសួង​មហា​ផ្ទៃ ដើម្បី​ក្រសួង​ចាត់​មន្ត្រី​ជំនាញ​សិក្សានិង​សម្រេច​តាម​ទិដ្ឋ​ភាព​ជាក់​ស្តែង។

លោកមាន​ប្រសាសន៍​ថា៖ «យើង​ធ្លាប់​ដាក់​គាត់​នៅ​ជុំ​គ្នា ប៉ុន្តែ​មាន​បញ្ហា​នៅពេល​ដែល​ពួក​គាត់​នៅជុំគ្នា ​ពួកគាត់បង្ក​​បញ្ហាពេក ដល់អ៊ីចឹង​​ពួក​យើង​បំបែក​ពួកគាត់ ប៉ុន្តែបើជនជាប់ឃុំ គាត់ចង់ស្នើសុំអ្វីមួយ គាត់អាចដាក់លិខិតមកក្រសួងមហាផ្ទៃមក ក្រសួងគេនឹងឱ្យអ្នកជំនាញសិក្សាលើបញ្ហាហ្នឹង»។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា សំណុំរឿងរបស់សកម្មជនបក្សប្រឆាំងទាំងនោះកើតចេញពីរឿងនយោបាយ។ ករណីនេះ លោកថា បើមិនមានការចរចាផ្នែកនយោបាយណាមួយ​រវាងបក្សប្រឆាំងនិងគណបក្សកាន់អំណាចទេ នោះមិនអាចជួយឱ្យសកម្មជនទាំងនោះបាន​នៅក្រៅឃុំបណ្តោះអាសន្ននោះទេ។

លោកថា៖ «បើយើងពិនិត្យមើលដូចស្ថានភាពបច្ចុប្បន្ននេះ យើងអត់ទាន់ឃើញពន្លឺនៃលំហស្ថានភាពនយោ​បាយ​ហ្នឹងមានការបើកឱ្យប្រសើរឡើងនៅឡើយទេ។ អីចឹង​បើ​ជា​ស្ថាន​ភាព​នយោបាយ​នៅ​តែ​បែប​នេះ យើងពិបាក​ជឿជាក់ណាស់ថាសំណើរបស់ខាងគណបក្សជំទាស់ត្រូវបានរដ្ឋាភិបាល ឬក៏តុលាការ​ពិចារណា ដើម្បីឱ្យ​ពួកគេមានសេរីភាពក្នុងការជួបជុំក្នុងគ្រួសារ ហើយ​បាន​បំពេញ​នូ​វ​សកម្មភាពនយោបាយតាមនិន្នាការនយោ​បាយដែលពួកគេចង់ធ្វើបន្តទៀត»។

លោក ស៊ឹង សែនករុណា បន្ថែមថា បើសិនជារដ្ឋាភិបាលមិនជួយអន្តរាគមន៍ដោះលែងសកម្មជនបក្សប្រឆាំងឱ្យនៅក្រៅឃុំទេ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអនុគ្រោះពន្ធ និងមុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិមួយកម្រិតថែមទៀតផង។

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២២ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានប្រកាសសាលក្រមផ្ដន្ទាទោសថ្នាក់ដឹកនាំគណ​បក្សសង្គ្រោះជាតិ ចំនួន៧នាក់ រួមមាន លោក សម រង្សី, លោកស្រី ជូឡុង សូមូរ៉ា, លោកស្រី មូរ សុខហួរ, លោក តុប វណ្ណចាន់, លោក នុត រំដួល, លោក ហូរ វ៉ាន់, លោក អេង ឆៃអ៊ាង ក្នុងម្នាក់ៗ១០ឆ្នាំ ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យយោធិនមិនស្ដាប់បញ្ជា និង​រួមគំនិតក្បត់»។

ចំណែកសកម្មជនគណបក្សនេះជាច្រើននាក់ទៀតត្រូវបា​នតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ៥ឆ្នាំ ក្រោម​បទ​ចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង​រួមគំនិតក្បត់»។ ប៉ុន្តែទោស៥ឆ្នាំនេះត្រូវអនុវត្តទោសក្នុងពន្ធនាគារចំនួន៣ឆ្នាំ៨ខែ ហើយទោសនៅសល់ត្រូវបានព្យួរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ